ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ថ្មី​របស់​អាហ្រ្វិក​មួយ​នេះ​នាំ​មក​ជូន​លោក​អ្នក​ដោយ ​លោក ​Mark Zuckerberg


លោក Mark Zuckerberg កំពុងនៅលើឆាកមួយក្នុងអំឡុងការជួបជុំនៅទីស្នាក់ការ Facebook ក្នុងរដ្ឋ California។
លោក Mark Zuckerberg កំពុងនៅលើឆាកមួយក្នុងអំឡុងការជួបជុំនៅទីស្នាក់ការ Facebook ក្នុងរដ្ឋ California។

ជំនួញ​ផ្នែក​បច្ចេក​វិទ្យា​​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ឈ្មោះ​ថា​ Andela​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ដើម្បី​ស្វែង​រក​អ្នក​មាន​ទេពកោសល្យ​ខ្លាំង​ខាង​បច្ចេកវិទ្យា​នៅទូទាំង​ទ្វីប​អាហ្រ្វិក​ ហើយ​បណ្តុះ​បណ្តាល​ឲ្យ​ពួកគេ​​ធ្វើការ​លើ​គម្រោង​សម្រាប់​ក្រុមហ៊ុន​ធំៗ​​មួយ​ចំនួន​ក្នុង​ពិភព​លោក។ បេសកកម្ម​នោះ​​បាន​ទទួល​ការ​ជំរុញ​ទឹក​ចិត្ត​កាល​ពី​ខែ​មុន​ នៅ​ពេល​ដែល​ជំនួញ ​Andela​ នេះ​ត្រូវ​បាន​ជ្រើស​រើស​ជា​ការវិនិយោគ​ដំបូង​ដោយ​មូលនិធិ​ដែល​ទើប​តែ​ចាប់​ផ្តើម​ថ្មីៗ​នេះ​របស់​សហស្ថាបនិក​ហ្វេស​ប៊ុក​ គឺ​លោក ​Mark Zuckerberg។ ក្រុម​អ្នកវិភាគ​និយាយ​ថា​ ការវិនិ​យោគ​នេះ ​គឺ​ជា​ការ​បង្ហាញ​ពី​​ការ​គាំទ្រ​ដល់​ការ​ចាប់​ផ្តើម​ជំនួញ​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ ដែល​យក​​វិស័យ​អប់រំ​​ជា​អាទិភាព។ ​

ទីស្នាក់​ការកណ្តាល​កំពស់​៣​ជាន់​ នៅ​ទីក្រុង​ឡាកូស (Lagos)​ របស់​ក្រុមហ៊ុន ​Andela ​មើល​ទៅ​ដូច​ជា​មិន​ធំ​ដុំ​ប៉ុន្មាន​ទេ ប៉ុន្តែ​វាជា​កន្លែង​មួយ​ដែល​បុគ្គលិក​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ការសម្រិត​សម្រាំង​បំផុត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​ហើយ​ពួក​គេ​ធ្វើការ​លើ​គម្រោង​បច្ចេកវិទ្យា​ខ្នាត​យក្ស​ ដូចជា​ក្រុមហ៊ុន​ IBM និង​ក្រុមហ៊ុន ​Microsoft។

ក្រុមហ៊ុន​នេះ​អាច​នឹង​ត្រូវ​ការ​អគារ​ការិយាល័យ​ថ្មី​ឆាប់ៗ​នេះ។ ក្រុមហ៊ុន​នេះ​ទើប​តែ​ប្រមូល​ថវិកា​បាន​ ២៤​លាន​ដុល្លារ​ ដោយ​មាន​ការវិនិយោគ​ធំ​បំផុត​ពី​គំនិត​ផ្តួចផ្តើម​ឈ្មោះ​ Chan Zuckerberg​ ដែលផ្តួច​ផ្តើមឡើង​ដោយ​សហស្ថាបនិក​ក្រុមហ៊ុន​ហ្វេសប៊ុក ​និង​ភរិយា​របស់​លោក​គឺ​អ្នក​ស្រី Priscilla Chan។

លោក ​Seni Sulyman​ នាយក​ប្រតិបត្ដិ​របស់​ក្រុមហ៊ុន ​Andela​ បាន​និយាយ​ថា ​ក្រុមហ៊ុន​នេះ​សង្ឃឹម​ថា​នឹង​បញ្ជូន​លុយ​នោះ​ចូល​ទៅ​ក្នុង​ការពង្រីក​លើ​ដំណើរ​ការ​ជ្រើស​រើស​បុគ្គលិក ​ការ​ស្វែង​រក​អតិថិជន​បន្ថែម​ ​និង​ជា​ពិសេស​នោះ​គឺ​ការ​បើក​សាខា​នៅ​ក្នុង​ប្រទេស​ទីបី​ក្នុង​ទ្វីប​អាហ្វ្រិក​ បន្ទាប់​ពី​ប្រទេស​នីហ្សេរីយ៉ា ​និង​ប្រទេស​កេនយ៉ា។

«វា​មើល​ទៅ​ហាក់​ដូចជា​ចំនួន​ទឹកប្រាក់​ច្រើន​ណាស់​ ប៉ុន្តែ​មាន​រឿង​ជា​ច្រើន​ដែល​យើង​ចង់ធ្វើ​ ហើយ​ខ្ញុំ​ប្រាកដ​ណស់​ថា​ យើង​នឹង​រក​វិធី​ចំណាយ​ប្រាក់​ទាំង​នេះ»។

ក្រុមហ៊ុន​ Andela ​ជួល​អ្នក​បង្កើត​កម្មវិធី​ដែល​មាន​បំណង​ប្រាថ្នា​ខ្ពស់​សម្រាប់​កម្មវិធី​មួយ​មាន​រយៈ​ពេល​បួន​ឆ្នាំ​ ដែល​នៅ​ទី​នេះ​ពួក​គេ​រៀន​ពី​ភាសារ​សម្រាប់​បង្កើត​កម្មវិធី​កុំព្យូទ័រ ​និង​ជំនាញ​កុំព្យូទ័រ​ ហើយ​បន្ទាប់​មក​ពួក​គេ​អាច​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ​ពី​ចម្ងាយ​ គឺ​ពី​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​ Lagos ​ឬ ​Nairobi។

ក្រុមហ៊ុននេះ​មាន​ការ​សម្រិត​សម្រាំង​យ៉ាង​ខ្លាំង និង​ទទួល​បាន​ការ​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​ចន្លោះ​ពី​៣០០០ ទៅ ​៥០០០​ពាក្យ​ស្នើ​សុំ​ សម្រាប់​ការ​ជ្រើសរើស​រៀង​រាល់​បី​ខែ​ម្តង។ តែ​ជា​ធម្មតា​ ពួក​គេ​ជ្រើស​រើស​យក​តែ​១២​នាក់​ប៉ុណ្ណោះ ​ក្នុង​មួយ​លើក។

"គោល​ដៅ​របស់​យើង​គឺ​បណ្តុះ​បណ្តា​អ្នក​បង្កើត​កម្មវិធីលំដាប់​ថ្នាក់​ពិភព​លោក​ឲ្យ​បាន​១០​ម៉ឺន​នាក់​ក្នុង​រយៈ​ពេល​១០​ឆ្នាំ ​នៅ​ទ្វីប​អាហ្វ្រិក»។

ជាមួយ​នឹង​បទ​ពិសោធន៍​ដែល​ពួក​គេ​ទទួល​បាន​ពី​ក្រុមហ៊ុន​ Andela ​លោក ​Suleyman​ និយាយ​ថា លោក​រំពឹង​ថា​ អ្នក​បង្កើត​កម្មវិធី​ជាច្រើន​ នឹង​ចាក​ចេញហើយ​បង្កើត​ស្នាដៃ​របស់​ពួក​គេ​លើ​វិស័យ​បច្ចេកវិទ្យា​ក្នុង​ទ្វីប​អាហ្វ្រិក។

«ពួកគេ​ម្នាក់ៗ​មាន​ការបង្ហាញ​ជាក់​លាក់ ​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា ​នៅ​ដំណាក់​កាល​ណា​មួយ​នៃ​ជីវិត​របស់​ពួក​គេ​ មាន​កន្លែង​មួយ​ដែល​ពួក​គេ​ចង់​ទៅ​ ក្រោយ​ពេលបាន​នូវ​បទ​ពិសោធន៍​ទាំង​អស់​នេះ​ហើយ។ ហើយ​ខ្ញុំ​គិត​ថា នោះ​គឺ​ជា​ចំណង់​ចំណូល​ចិត្ត និង​កម្លាំង​ជំរុញ​ដែល​អាច​ផ្លាស់​ប្តូរ​ទ្វីប​នេះ​បាន»។

ទស្សនៈ​គំនិត​របស់​ក្រុមហ៊ុន​នេះ​ បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​លោក​ Zuckerberg ​និង​អ្នក​ស្រី​Chan។​ គូ​ស្វាមី​ភរិយា​នេះ​បាន​ចាប់​ផ្តើម​គំនិត​ផ្តួច​ផ្តើម​នេះ​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​កំណើត​នៃ​កូន​ដំបូង​របស់​ពួក​គេ​ ដោយ​មាន​គោល​ដៅ «ជំរុញសក្តានុពល​របស់​មនុស្ស​ និង​លើក​កម្ពស់​សមភាព»។

ទឹក​ប្រាក់​២៤​លាន​ដុល្លារ​ ​សព្វ​ថ្ងៃនេះ​មិន​មែន​ជាតួ​លេខ​ចម្លែក​ពេក​ទេ​នៅ​ក្នុង​ការ​ចាប់​ផ្តើម​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នៅទ្វីប​អាហ្រ្វិក។ ក្រុម​ហ៊ុន​មួយ​ឈ្មោះ​ Africa Internet Group​ ដែល​ដំណើរ​ការ​គេហ​ទំព័រ​ជំនួញ​តាម​អនឡាញ​នាំ​មុខ​គេ​មួយ​ឈ្មោះ​ថា​ Jumia​ ​បាន​បន្ថែម​ប្រាក់​មូលនិធិ ៣០០​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ។ គេហទំព័រ​ iROKOtv សម្រាប់​ផ្សាយ​ខ្សែ​ភាព​យន្ត​ក៏​ទទួល​មូលនិធិ​១៩លាន​ដុល្លារ​ ដើម្បី​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ទូទាំង​ទ្វីប​អាហ្រ្វិក​ដែរ​នៅ​ឆ្នាំ​នេះ។

ប៉ុន្តែ​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ទាំង​នោះ​ផ្តោត​គោល​ដៅ​ទៅ​លើ​តែ​ពាណិជ្ជកម្ម​និង​ការកម្សាន្ដ​ លោក​ Bankole​ Oluwafemi ​និពន្ធ​នាយក​នៃ​គេហ​ទំព័រ​ព័ត៌មាន​បច្ចេក​វិទ្យា​ឈ្មោះ​ TechCabal​ បាន​និយាយ​ថា ​ការផ្តោត​គោល​ដៅរបស់លើការអប់រំ​របស់​ក្រុមហ៊ុន​ Andela ​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​លេច​ធ្លោរ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗដែល​កំពុង​តែរះ​ឡើង​នៅ​ទ្វីប​អាហ្វ្រិក។

«ក្រុមហ៊ុន​ Andela វាយ​លុក​លើ​បញ្ហា​នេះ​ ហើយ​វា​មាន​ចំណុច​សំខាន់​ខុស​ពី​ក្រុមហ៊ុន​ផ្សេង​ទៀត ត្រង់​ថា ​វា​ជា​ក្រុមហ៊ុន​ចាប់​ផ្តើម​ថ្មី​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដំបូងៗ ដែល​វាយ​លុក​លើ​បញ្ហា​នេះ​តាម​ភាព​ជាក់​ស្តែង​ នោះ​គឺបញ្ហា​ក្នុង​ការ​អប់រំ»។

គំនិត​ផ្តួចផ្តើម​របស់ Chan Zuckerberg ​បាន​ទទួល​ស្គាល់​ថា​ក្រុមហ៊ុន​នេះ​ផ្តោត​លើ​ការ​អប់​រំ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ គំនិត​ផ្តួច​ផ្តើម​នេះបាន​លើក​ឡើង​ពី​ «គំរូ​ច្នៃ​ប្រឌិត​ថ្មី​នៃ​ការ​រៀន​សូត្រ» ​របស់ ក្រុមហ៊ុន​ Andela ​ថា​ជា​ហេតុ​ផល​មួយ​ដែល​ពួក​គេសម្រេច​ចិត្ត​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ៕

ប្រែ​សម្រួល​ដោយ ឆាយ គីមហ៊ង

XS
SM
MD
LG