ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​នៅ​ទ្វីប​អាហ្រិ្វក​សន្យា​បញ្ឈប់​ការ​សម្លាប់​សត្វ​ដំរី​​


រូបភាពឯកសារ៖ សេវាសត្វព្រៃប្រទេសកេនយ៉ាកំពុងយកភ្លុកដំរីទៅដុតចោលនៅការិយាល័យកណ្តាល KWS ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ាកាលពីថ្ងៃទី ២០ មេសា ២០១៦។

អនាគត​របស់​សត្វ​ដំរី​នៅ​ទ្វីប​អាហ្វ្រិក និង​ជម្រក​របស់​វា​ គឺ​ជា​របៀបវារៈ​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ដែល​មាន​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​កេនយ៉ា។​ ការ​ប្រមាញ់​បាន​កើន​ឡើង​រឹត​តែ​ខ្លាំង​រហូត​ដល់​កម្រិត​គួរ​ឲ្យ​ភ៏យ​ខ្លាច​មួយ ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​សត្វ​ដំរី​នៅ​ទី្វប​អាហ្វ្រិក​ត្រូវ​បាន​សម្លាប់​ក្នុង​ឆ្នាំ​២០១០ និង​២០១២។

មនុស្ស​ជាង​២០០នាក់​មក​ពីវិស័យ​ធុរកិច្ច អ្នក​កាទូត អ្នក​អភិរក្ស ការ​កម្សាន្ត​ សហគមន៏​ទេសចរ​ និងសហគមន៍​សប្បុរសធម៌ បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​មួយ​ដែល​មាន​ឈ្មោះ Giants Club Summit នៅ​ក្បែរ​ភ្នំ​កេនយ៉ា​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែមេសា​ដល់​ថ្ងៃ​ទី​១ ខែឧសភា។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ឈប់​ការ​សម្លាប់​សត្វ​ដំរី​នៅ​ទ្វីប​អាហ្រ្វិក។

ហើយ​សំខាន់​ជាង​នេះ​ទៅទៀត គឺ​អាច​ដើម្បី​ឲ្យ​ថ្នាក់ដឹក​នាំ​រដ្ឋាភិបាល​តម្លើង​សាច់​ដុំ​របស់​ខ្លួន​ក្នុង​ការ​ជួយ​គាំទ្រ​ករណី​នេះ។​

ប្រធានាធិបតី​ប្រទេស​កេនយ៉ា លោក Kenyatta បាន​បើកកិច្ច​ប្រជុំ​នេះ​ដោយ​ថ្លែងថា «ការ​ការពារ​សត្វ​ដំរី​ធំៗរបស់​យើង​ទាមទារ​ឲ្យ​មាន​ការ​រួម​បញ្ជូល​នៃ​គំនិត​របស់​ចាស់​ព្រឹទ្ធាចារ្យ​ ក៏​ដូច​ជា​ក្តីសង្ឃឹម​នៃ​យុវជន​យើង។​ យើងមិន​បាន​បោះ​បង់​កេរ្តិ៍តំណែល​របស់​យើង​ទៅ​ឲ្យ​ទី​ផ្សារ​នោះ​ទេ​ ប៉ុន្តែ​ថ្ងៃ​នេះ​យើង​នឹង​ចាប់​ផ្តើម​ឈាន​ជំហាន​ដ៏​ធំ​មួយ។ ជំហាន​ទាំង​នេះ​នឹង​លើក​តម្កើង​បុព្វបុរស​របស់​យើង​ និង​ជំរុញ​ឲ្យ​យុវជន​ស្គាល់​អំពី​តម្លៃ​ចាំបាច់នៃ​កេរ្តិ៏​ដំណែល​ជាតិ​របស់​យើង»។

វត្តមាន​របស់លោក​ប្រធានាធិបតី Kenyatta ក្នុង​កិច្ច​ប្រជុំ​កំពូល​រួម​ជាមួយ​នឹង​ប្រធានាធិបតី​ប្រទេស​អ៊ូហ្គង់ដា​ លោក Yoweri Museveni និង​ប្រធានាធិបតី​ប្រទេស​ហ្គាបុង លោក Ali Bongo Ondimba បាន​ធ្វើ​ឲ្យ​កម្មវិធី​នេះ​ឈាន​ដល់​កម្រិត​កំពូល។

វាគ្មិន​បាន​ផ្តោត​លើ​បញ្ហា​ដូច​ជា​សារៈសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​ត្រឹមត្រូវ ​និង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​អ្នក​ការពារ​សត្វព្រៃ ស្ថាបនា​ប្រព័ន្ធ​តុលាការ​ដ៏​រឹង​មាំ​មួយ​ និង​ស្វាគមន៍​ដល់សហគមន៏​ដែល​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស។

ប៉ុន្តែ​លោក Richard Leakey ​ ប្រធាន​អង្គការ​សេវា​សត្វព្រៃ​នៅ​ប្រទេស​កេនយ៉ាបាន​សង្កត់​ធ្ងន់​ថា​ ទី​ផ្សារ​គឺជា​ដំណោះ​ស្រាយ​នៃ​បញ្ហា។ តម្លៃ​នៃ​ភ្លុក​ដំរី​គឺ​ប្រហែល​៥០០ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ហើយ​អាច​នឹង​ថ្លៃ​ជាង​នេះ​នៅពេល​ដែល​វា​ទៅ​ដល់​គោលដៅ។

លោក​បាន​និយាយ​ថា «ដូច្នេះ​ការ​អំពាវនាវ​របស់​ខ្ញុំ​គឺ​ ការ​បិទ​ទីផ្សារ​ដំរី​ចោល​ទាំង​អស់។ មិន​ត្រូវ​ឲ្យ​មាន​ការ​ជួញ​ដូរ​ភ្លុក​ដំរី​ឆ្លង​កាត់​ព្រំដែន​អន្តរជាតិ​តែ​ទៅ​ទៀត​នោះ​ទេ»។

គាត់​បាន​ជំរុញ​បណ្តា​ប្រទេស​អាហ្រ្វិក​ទាំង​អស់​ដែល​មាន​ស្តុក​ភ្លុក​ដំរី​ទុក​បំផ្លាញ​វា​ចោល។

​អ្នក​អភិរក្ស​ជា​ច្រើន​បាន​ព្រមាន​ថា​ សត្វដំរី​អាច​នឹង​ផុត​ពូជ​ប្រសិន​បើ​យើង​មិន​បញ្ឈប់​ទេ។ មាន​ដំរី​ជា​ច្រើន​បាន​ស្លាប់​ដោយ​សារ​ធម្មជាតិ​ ឬ​ការ​សម្លាប់​ខុស​ច្បាប់​នៅ​ទ្វីប​អាហ្រ្វិក​ជាង​ចំនួន​ដែល​វា​កើត។​ ហើយ​ការ​បាត់​បង់​ដំរី​ព្រៃ​គឺ​ធ្ងន់​ធ្ងរ​ជាង​ការ​បាត់បង់​ដំរី​តំបន់​វាល​ស្មៅ​ទៅ​ទៀត​ ដោយ​តាម​ការ​ប៉ាន់​ស្មាន​ ៧០ភាគ​រយ​នៃ​សត្វ​ទាំងនេះ​ត្រូវ​បាន​បាត់​បង់​ក្នុង​រយៈពេល​១០ឆ្នាំ​មក​នេះ។​

សរុប​មក​សត្វ​ដំរី​នៅ​ទ្វីប​អាហ្វ្រិក​សល់​ប្រហែល​៤០០.០០០ក្បាល​ប៉ុណ្ណោះ។

ក្រុម​មន្រ្តី​បាន​ដាក់​បង្ហាញ​គំនិត​ផ្តួច​ផ្តើម​ការពារ​ដំរី​សម្រាប់​ប្រទេស​កេនយ៉ា ប្រទេស​អ៊ូហ្គង់ដា ប្រទេស​ហ្គាបុង និងប្រទេស​បុតស្វាណា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលដែល​រួម​មាន​ ការ​បង្កើន​មូលនិធិ​សម្រាប់​ការ​ការពារ​ជួរមុខ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ច្បាប់​ បច្ចេកវិទ្យា ការ​ស៊ើបការណ៍​សម្ងាត់ កសាង​របង​អគ្គិសនី និង​បង្កើត​មូលនិធិ​ទាយជ្ជទាន​សម្រាប់​តំបន់​ការពារ​ក៏​ដូចជា​ការ​វិនិយោគ​ផ្សេងៗ៕

ប្រែសម្រួល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG