មនុស្សជាង១សែន៣ម៉ឺននាក់នៅក្នុងតំបន់ Los Angeles ត្រូវបានបញ្ជាឱ្យជម្លៀសចេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅពេលដែលពួកអ្នកពន្លត់អគ្គិភ័យបានប្រយុទ្ធភ្លើងឆេះព្រៃដ៏ធំមួយចំនួនដែលបានបណ្ដាលឱ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់ និងបានបំផ្លាញរចនាសម្ព័ន្ធជាង១ពាន់រួចទៅហើយ។
អគ្គិភ័យថ្មីនិងរាលដាលដ៏រហ័សមួយបានឆេះឡើងកាលពីយប់ថ្ងៃពុធនៅក្នុងតំបន់ Hollywood Hills ដែលបានបណ្តាលឱ្យមានបទបញ្ជាថ្មីៗបំផុតដើម្បីឱ្យមនុស្សចាកចេញទៅកន្លែងដែលមានសុវត្ថិភាព។
ពួកអ្នកឧតុនិយមបាននិយាយថា ស្ថានភាពរាំងស្ងួតនិងខ្យល់ខ្លាំង បានធ្វើឱ្យមានការ ឆាបឆេះនិងការរាលដាលអគ្គិភ័យដែលត្រូវគេរំពឹងនឹងស្ថិតនៅរហូតដល់ថ្ងៃសុក្រស្អែកនេះ។
ខ្យល់យ៉ាងខ្លាំងបានបង្ខំឱ្យយន្តហោះដែលត្រូវបានគេប្រើប្រាស់ដើម្បីជួយពន្លត់អគ្គិភ័យនេះចុះចត ប៉ុន្តែពួកមន្ត្រីបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ខ្យល់បានចុះថមថយដែលល្មមគ្រប់គ្រាន់ឱ្យពួកអ្នកពន្លត់អគ្គីភ័យទាំងនោះបន្តការងាររបស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអនុញ្ញាតឱ្យប្រកាសស្ថានភាពអាសន្នសម្រាប់រដ្ឋ California ដើម្បីបញ្ចេញប្រាក់និងធនធានសហព័ន្ធដើម្បីជួយពន្លត់ភ្លើងឆេះព្រៃនេះ៕