ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ប្រទេស​អេត្យូពី​ចង់​ក្លាយ​ជា​អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភព​លោក​​សញ្ជាតិ​អាហ្រ្វិក​ដំបូង​​បង្អស់


លោក​ Tedros Adhanom រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ប្រទេស​អេត្យូពីនិង​ជា​អតីត​មន្រ្តី​សុខាភិបាល​បាន​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯទីស្នាក់​ការ​កណ្តាល​របស់​អ.ស.ប. ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​​ កាល​ពី​ថ្ងៃទី​២៤ ឧសភា​ ២០១៦។
លោក​ Tedros Adhanom រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ប្រទេស​អេត្យូពីនិង​ជា​អតីត​មន្រ្តី​សុខាភិបាល​បាន​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯទីស្នាក់​ការ​កណ្តាល​របស់​អ.ស.ប. ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​​ កាល​ពី​ថ្ងៃទី​២៤ ឧសភា​ ២០១៦។

លោក Tedros Adhanom ដែល​បច្ចុប្បន្ន​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ និង​ជា​អតី​ត​​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​អេត្យូពី​​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​រូប​គាត់នឹ​ង​ចូល​រួម​ប្រ​កួត​ប្រជែង​ក្នុង​នាម​ជា​បេក្ខជន​សញ្ជាតិ​អាហ្រ្វិក​ទី១​ តែ​ម្នាក់​គត់​សម្រាប់​តំណែង​អគ្គលេខាធិការ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO)។

អង្គការ​សុខភាព​ពិភពលោក​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​ភ្នាក់​ងារ​ពិសេស​របស់​អង្គការ​សហប្រជាជាតិអស់​រយៈពេល​ជិត​៧០ឆ្នាំ​មក​ហើយ​ មិន​ដែល​ធ្លាប់​មាន​អគ្គលេខាធិការ​ពី​ទ្វីប​អាហ្រ្វិក​នោះ​ទេ។​ លោក​ Tedros Adhanom សង្ឃឹម​ថា​នឹង​បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត​នេះ​ ហើយ​សន្យា​ថា​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​ដ៏​ខ្លាំង​ក្លា​មួយ​ដើម្បី​សម្រេច​គោលដៅ​មួយ​នេះ។​

លោក​មិន​រិះគន់​ការងារ​ និង​សមិទ្ធិផល​របស់​អតីត​អគ្គលេខាធិការ​ទេ ប៉ុន្តែ​លោក​យល់​ថា​ទិដ្ឋភាព​នៃ​សុខភាព​សាកល​កន្លង​មក​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ក្នុង​បែប​ចង្អៀត​របស់ប្រទេស​អភិវឌ្ឍន៍​ភាគ​ច្រើន​តែ​ប៉ុណ្ណោះ។​

«ផ្ទុយ​ទៅ​វិញ​ ដូច​លោក​អ្នក​បាន​ដឹង​ស្រាប់​ហើយ​ ទ្វីប​អាហ្វ្រិក​និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន។​ ​យើង​ទាំង​អស់​គ្នាមិន​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ទ្វីប​អាហ្រ្វិក​ឬ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ណា​មួយ​ដើម្បី​បង្ហាញ​គំនិត​ផ្នែក​សុខភាព​សាកល​តាមរយៈ​ការ​យល់​ឃើញ​របស់​ពួកគេ​ និង​របស់​បណ្តា​ប្រទេស​ទាំងអស់​ដែល​ជា​ប្រទេស​អាច​យល់​ដឹង​ពី​ឬស​គល់​នៃ​បញ្ហា​ដែល​ប្រទេស​គេ​ជួប​ប្រទះ»។

លោក​ Tedros បាន​បដិសេធ​ការ​អះ​អាង​ដែល​ថា​លោក​គួរ​តែ​ត្រូវ​បាន​ជ្រើស​តាំង​ដើម្បី​ដឹកនាំ​ អង្គការ​សុខភាព​ពិភពលោក ដោយសារ​តែ​វា​ដល់​ពេលដែល​ជនជាតិ​អាហ្រ្វិក​ត្រូវ​ទទួល​តំណែង​នេះ។​ លោក​បាន​ប្រាប់ VOA ថា​លោក​មាន​បទ​ពិសោធន៍​ការងារ​និង​ការ​ទូត​ដែល​ត្រូវ​ការ​សម្រាប់​ការងារ​ទាំង​ថ្នាក់​ជាតិ ​និង​អន្តរជាតិ។ ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា​ដោយសារ​តែ​គុណ​សម្បត្តិ​ពិសេស​របស់​លោក​ គឺ​ជា​ជនជាតិ​អាហ្រ្វិកលោក​អាច​បង្ហាញ​ទស្សនៈ​វិស័យថ្មី​ស្រឡាង​ចំពោះ​បញ្ហា​សុខភាព​សាកល។​

«ខ្ញុំ​សុំ​បញ្ជាក់​ថា ​ខ្ញុំ​កំពុង​ប្រកួត​ប្រជែង​ផ្អែក​លើ​គុណ​សម្បត្តិ​និង​ភាព​ខ្លាំង​របស់ខ្ញុំ។ ប្រសិន​បើ​អ្នក​ជ្រើស​រើស​បុគ្គលដែល​មាន​បទ​ពិសោធន៍​ពី​ទ្វីបអាហ្រ្វិក បុគ្គល​នោះ​នឹង​អាច​មាន​ទស្សនៈ​ថ្មី​មួយ​ទៀត។​ ដូច្នេះ​ ការ​ធ្វើ​បែប​នេះ​ជា​គំនិត​មួយ​ដ៏ល្អ។​ យើង​កំពុង​និយាយ​ថា​ យើង​អាច​បន្ថែម​តម្លៃ​របស់​វា។ ធ្វើ​ដូច្នេះ ​យើង​ទាំងអស់​គ្នា​អាច​មើល​ឃើញ​ទិដ្ឋភាព​សុខភាព​សាកល​ពី​ជ្រុង​មួយ​ផ្សេងទៀត​ និង​បទ​ពិសោធន៍ផ្សេង​ ជា​ពិសេស​ពី​តំបន់​ដែល​មាន​បញ្ហាសុខា​ភិបាល​ខ្លាំង​បំផុត»។

បេក្ខជន​តែ​ម្នាក់​គត់​ពី​ទ្វីបអាហ្រិ្វក​សម្រាប់​តំណែង​អគ្គលេខាធិការ​ គឺ​មាន​ប្រវត្តិរូប​គួរ​ឲ្យ​ចាប់​អារម្មណ៏។​ លោក​ គឺ​ជា​អ្នក​ស្រាវជ្រាវ​ជំងឺ​គ្រុន​ចាញ់​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ ហើយ​លោក​ក៏​ជារដ្ឋ​មន្រ្តី​ក្រសួង​សុខាភិ​បាល​ពី​ឆ្នាំ​២០០៥​ ដល់​២០១២​ មុន​ពេល​ដែល​លោក​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​នៃ​ប្រទេស​អេត្យូពី​ក្នុង​ឆ្នាំ​២០១២។

លោក​ក៏​ធ្លាប់​បម្រើ​ការងារ​ជា​ប្រធាន​មូលនិធិ​សាកល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ជំងឺ​របេង និង ជំងឺ​គ្រុនចាញ់​ផង​ដែរ៕​

ប្រែ​សម្រួល​ដោយ​ ទុំ ម្លិះ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG