ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិកបញ្ជូន​សារ​ច្របូក​ច្របល់​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo និង​រដ្ឋ​មន្ត្រី​ការបរទេស​​ចិន និង​សមាគម​អាស៊ាន​​ក្នុង​ជំនួប​កំពូល​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ២០១៩។

នៅ​ពេល​ដែល​ប្រធានា​ធិបតី​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ខក​ខាន​មិន​បាន​ចូល​រួម​សន្និសីទ​កំពូល​ក្នុង​តំបន់​របស់​សមាគម​អាស៊ាន​ម្តង​ទៀត ​ប្រ​ទេស​នានា​ព្យាយាម​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់។​

នៅ​សប្តាហ៍​តែមួយ​ដែលរដ្ឋ​បាល​របស់​លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​សង្កត់​ពី​ការ​ទាក់​ទិន​របស់​ខ្លួនក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ហើយ​និង​ការ​តាំងចិត្ត​ដល់​វិបុលភាព​ក្នុង​តំបន់​នោះ ​លោក​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ​មិន​បាន​ចូល​រួម​សន្និសីទ​កំពូល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​ហើយ​បាន​បញ្ជូន​គណៈ​ប្រតិភូ​ជាន់​ទាប​មួយ​ទៅ​ចូលរួម​សន្និសីទ​កំពូល​នោះ​ជំនួស​វិញ។

របាយការណ៍​នោះ ​បាន​បញ្ជាក់​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ធ្វើ​ការ​ទាក់​ទង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ «ជា​អាទិភាព​កំពូល​របស់​រដ្ឋ​ បាល​លោក»។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​ត្រាំ ​មិន​ទាំង​បញ្ជូន​រដ្ឋមន្រ្តី​ការបរទេស​លោក Mike Pompeo​ ទៅ​កាន់​សន្និសីទ​កំពូល​អាស៊ាន​និង​អាស៊ី​ខាង​កើត​នៅ​សប្តាហ៍​នេះនៅ​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​ផង។

កាលពី​ឆ្នាំ​ទៅ ​លោក​ប្រធានា​ធិបតី​ ត្រាំ បាន​បញ្ជូន​លោក ​Mike Pence​ អនុ​ប្រធា​នាធិប តី​ទៅ​ចូលរួម​សន្និសីទ​កំពូល​អាស៊ាន​និង​តំបន់​អាស៊ី​ខាង​កើត​នៅ​ក្នុង​ប្រ​ទេស​សិង្ហបូរី។​នៅ​ឆ្នាំ​នេះ លោក​ប្រធានា​ធិបតី ​បាន​តែងតាំង​លោក​ Robert O’Brien ​ទីប្រឹក្សា​សន្តិ សុខ​ជាតិ​ជា​បេសកជន​ពិសេស​សម្រាប់​សន្និសីទ​កំពូល​នេះ។

អ្នក​រិះគន់ ​និយាយ​ថា អវត្តមាន​របស់​មន្រ្តី​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​ ត្រាំ មាន​ន័យ​ថា មហា​អំណាចផ្សេង​ទៀត​ក្នុង​តំបន់ ​មានឱ​កាស​កាន់​តែ​ច្រើន​ឡើង​ដើម្បី​បញ្ចេញ​ឥទ្ធិ ពល​របស់​ខ្លួន។

លោក​ Zack Cooper​ ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ស្តីពី​ការប្រកួត​ប្រជែង​ដ៏​សំខាន់​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នៅឯ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង​ឬ​ American Enterprise Institute​ បាន​និយាយ​ថា​ «ប្រសិន​បើ រដ្ឋបាល​របស់​ប្រធានាធិបតី​ត្រាំ មាន​ការយក​ចិត្ត​ទុកដាក់​ចំពោះ​ការផ្លាស់ប្តូរការយកចិត្ត​ទុកដាក់​របស់​ខ្លួន​ទៅ​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក​នោះ ​ចំណុច​មុន​ដំបូងដែល​រដ្ឋបាលនោះ ត្រូវ​ធ្វើគឺ​ការ​បង្ហាញ​ខ្លួន»។

លោក​ Cooper​ បាន​និយាយ​ទៀត​ថា ​«ភាព​ធ្ងន់​ធ្ង​នៃ​ការ​ប្រកួតប្រជែង​ជាមួយ​ចិន​គឺ​ការរួបរួម​បណ្តា​រដ្ឋ​នៅ​ក្នុង​តំបន់។យើង ​ត្រូវ​តែ​បញ្ឈប់​ការ​ធ្វើ​ឲ្យ​ខូចខាត​ផលប្រយោជន៍​ខ្លួន​ឯង»។

នាយក​រដ្ឋមន្រ្តី​ចិន​លោក​ Li Keqiang ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោកស៊ីន​ហ្សូ ​អាបេ ​និងនាយករដ្ឋ​មន្រ្តី​ឥណ្ឌា​លោក​ Narendra Modi ​ស្ថិត​ក្នុង​ចំណោម​ពួក​មេដឹកនាំ​ដែល​បាន​ជួប​ជាមួយ​សមភាគី​អាស៊ាន​ក្នុង​អំឡុង​នៃ​សន្និសីទ​កំពូល​នោះ។

ដោយ​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ពិធីការ​ការទូត ​ពួក​មេដឹកនាំ​អាស៊ី​អាគ្នេយ៍ ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ជំនួប​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​ទេ ​ហើយ​បាន​បញ្ជូន​រដ្ឋ​មន្រ្តី​ការ​បរទេស​របស់​ខ្លួនជួប​ជាមួយ​លោក​ O’Brien​ ដែល​បាន​ច្រានចោល​ការនិយាយ​ថា ​ពួក​មេដឹក​នាំ​អាស៊ី​អាគ្នេយ៍ ​មិន​ចូលរួម​ជំនួប​នោះ ដោយ​មិនអើពើដល់​សហរដ្ឋ​អាមេរិក។

លោក O’Brienនិយាយ​ទៀត​ថា ​«ខ្ញុំ​មាន​ជំនួប​ល្អៗ​ជា​ច្រើន​ហើយមិនមាន​អារម្មណ៍ថា ជា​ការមិន​សមរម្យ​ទាល់​តែ​សោះនោះ​ទេ»។

លោក ​O’Brien​ បាន​ផ្តល់​សេចក្តី​អញ្ជើញ​របស់​ប្រធានា​ធិបតី​ត្រាំ​ដល់ពួក​មេដឹក​នាំ​អាស៊ី​អាគ្នេយ៍​ចូលរួម​សន្និសីទ​កំពូល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ដើមឆ្នាំក្រោយ ​ហើយ​បាន​បញ្ជាក់​ឡើង​វិញ​ «ពីការតាំង​ចិត្ត​ដ៏​ខ្លាំង​ក្លា​របស់​អាមេរិក»​ដល់​មិត្តភ័ក្រ្ត​ ​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​របស់​យើង​នៅ​ក្នុង​សមាគម​អាស៊ាន។

លោក ​Cooper ​បាននិយាយ​ថា​ «ភាព​ខុសគ្នា​រវាង​សេចក្តី​ថ្លែងការណ៍​សាធារណៈ​របស់​សហរដ្ឋ​អាមេរិកនិងការ​ពិត​នៃ​ការទាក់​ទិន​របស់​ខ្លួន ​នឹង​ធ្វើ​ឲ្យ​មានការ​លំ​ បាក​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ទាក់​ទង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ត្រូវការ​ឲ្យ​មានការ​បញ្ជាក់ថា ​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ក្នុង​តំបន់​នោះ»។

លោក ​Brian Harding ​នាយក​រង​និង​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​កម្មវិធី​អាស៊ី​អា​គ្នេយ៍​នៅឯ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ និយាយ​ថា លោក​ប្រធា នា​ធិបតី​ត្រាំ​ដែល​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​របស់​មេដឹកនាំ​តំបន់​អា​ស៊ី​អាគ្នេយ៍ ​អាច​ក្លាយ​ជាការ​ជឿនលឿន​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​សហរដ្ឋ​និង​អាស៊ាន។

លោក ​Harding​ និយាយ​ថា «ខ្ញុំ​ប្រាកដ​ថា ពួកគេ ​នឹង​ពិចារណា​សេចក្តី​អញ្ជើញ​នោះ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុកដាក់។មាន​ផល​ប្រយោជន៍​ដែល​សហរដ្ឋ​អា​មេរិក​ត្រូវ​ធ្វើការ​ទាក់​ទងកាន់​តែ​ខ្លាំង​ឡើង​ទៀត ​ហើយពួកគេ ​នឹង​ធ្វើ​ដំណើរ​រួម​គ្នា​ទៅកាន់​សហ រដ្ឋ​អាមេរិក»។

កាលពី​ឆ្នាំ​២០១៦ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​បារ៉ាក់ ​អូបាម៉ា ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​កំពូល​អាមេរិក​លើកដំបូង​ជាមួយ​ពួក​មេដឹកនាំ​អាស៊ី​អា​គ្នេយ៍ ​នៅ​ក្នុង​រមណីយដ្ឋាន​ Sunnyland ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​នៃការ​ឆ្ពោះ​ទៅកាន់​តំបន់​អាស៊ី​របស់​លោក។

ជំនួប​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ទំនាក់​ទំនង​របស់​រដ្ឋាភិ បាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​តំបន់​ដែល​ស្ថិត​នៅ​ក្រោយ​ផ្ទះ​របស់​ចិន​ដែល​ជាគូ​ប្រជែង​ដ៏ធំ​បំផុត​របស់​ខ្លួន។លោកHardingនិយាយ​ទៀត​ថា «សន្និសីទ​កំពូល​រមណីយដ្ឋាន​ Sunnyland នៅ​លាន់​ខ្ទខ្ទា​នៅឡើយ​នៅក្នុង​ការចងចាំ​របស់​ពួក​មេដឹក​នាំ​នយោបាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»។

រហូត​មក​ទល់​ពេល​នេះ លោក Hardingនិង​ពួក​អ្នក​រិះគន់​ផ្សេង​ទៀត បាន​និយាយ​ថា ​ទស្សនៈ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ខកខាន​មិន​បាន​ចូលរួម​ការចរចា​នៅ​ក្នុង​តំបន់ ​រួមទាំង​ពាណិជ្ជកម្ម​សេរីដែល​ចិន កំពុង​ត្រួតត្រា។

ដោយ​មិនមាន​សហរដ្ឋ​អាមេរិក​ ការចរចា​ក្នុង​តំបន់ នៅបន្ត​ធ្វើ ​រួមទាំង​ការពិភាក្សាកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី ​ដែលផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ដែល​កំពុង​ធ្វើ​ឡើង​នៅឯសន្និសីទ​កំពូល​ហើយ​អាច​រួម​បញ្ចូល​ប្រទេស​យ៉ាង​ហោចណាស់​ក៏​ចំនួន​១៥ដែរ។

ទោះ​ជាមាន​ការដក​ខ្លួន​របស់​ឥណ្ឌា​ដែល​មានការ​ព្រួយ​កង្វល់​អំពី​ទំនិញ​ថោកៗ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ចិន​ធ្វើ​ឲ្យ​ប៉ះពាល់​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​តូច​ៗ​របស់ខ្លួន​ក៏ដោយ ក៏​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ដ៏​ធំ​ទូលាយ​ក្នុង​តំបន់ឬ (RCEP) ត្រូវ​គេ​រំពឹង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយ។

​នៅពេល​ប្រតិបត្តិការ កិច្ចព្រមព្រៀង​នោះ នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ដ៏ធំ​បង្អស់​របស់​ពិភពលោក​ ​រួមមាន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​សាកល​លោក GDPចំនួន​៣០ ភាគរយ ​ហើយ​និង​មនុស្ស​ចំនួន​ពាក់​កណ្តាល​របស់​ពិភពលោក។

លោក Le Yucheng អនុ​រដ្ឋមន្រ្តី​ការបរទេស​ចិន បាន​និយាយ​នៅឯ​ខាងក្រៅ​សន្និសីទ​កំពូល​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​ថា«តាមការពិត កិច្ចព្រមព្រៀង​នោះ ​នឹង​ដើរ​តួនាទី​ដ៏សំខាន់​មួយ​នៅ​ក្នុង​លើកស្ទួយ​សមាហរ័ណ​កម្ម​សេដ្ឋ​កិច្ចក្នុង​តំបន់​និង​កិច្ច​សហ​ប្រតិបត្តិការ​ទូទៅ ជាពិសេស​ ពាណិជ្ជកម្មនិងការ​វិនិយោគទុន»។

កិច្ចព្រមព្រៀង​ពហុ​ភាគី​មួយ​ទៀត​គឺ កិច្ចព្រមព្រៀង​ធំ​ទូលាយ​និង​ជឿនលឿន​សម្រាប់​ភាព​ជាដៃគូឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកឬ(CPTPP)ក៏​កំពុង​មាន​ការ​ជឿន​លឿ​ន​ដោយ​គ្មាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែរ។

បន្ទាប់ពី​លោក​ប្រធានាធិបតី​ត្រាំ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ភាព​ជាដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ជាកត្តា​សំខាន់​មួយ​នៃ​យុទ្ធសាស្រ្ត​ឆ្ពោះ​ទៅ​កាន់​តំបន់​អាស៊ី​របស់​រដ្ឋបាល​លោក​អូបាម៉ាមក លោក​ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្រ្តី​ជប៉ុន ​បាន​ប្រមូលសមាជិក​១១​ប្រទេស​ឲ្យប្តូរ​ឈ្មោះថ្មី​ទៅជា​កិច្ចព្រមព្រៀងធំ​ទូលាយ​និង​ជឿន លឿន​សម្រាប់​ភាព​ជាដៃគូឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក។កិច្ចព្រមព្រៀង​ធំ​ទូលាយ​និង​ជឿនលឿន​សម្រាប់​ភាព​ជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​ឬ(CPTPP)បាន​ត្រូវ​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មិនា ​ឆ្នាំ​២០១៨ ​ហើយ​បាន​ត្រូវ​អនុ​វត្ត​ដោយ​ហត្ថលេខី​ចំនួន​៧​នៃ​ហត្ថលេខី​ទាំងអស់​ចំនួន១១។

លោក Harding និយាយ​ថា រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ ​ចូល​ចិត្ត​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​ទ្វេភាគី​ជាង ​ក៏ប៉ុន្តែ ​មិន​ទាន់​បាន​ធ្វើ​កិច្ចព្រមព្រៀង​នោះជាមួយ​ប្រទេស​ណា​ទេ​នៅ​ក្នុង​តំបន់។

លោក Harding និយាយ​បន្ត​ទៀត​ថា «ជប៉ុន ពន្យា​ការចរចា​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​យឺតយ៉ាវ​បំផុត​ទៅតាម​ដែល​គេ​អាច​ធ្វើ​បាន។វៀតណាម ហាក់​ដូចជា​មិន​សូវ​ចាប់​អារម្មណ៍​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នោះ​ទេ។ហ្វីលីពីន មិន​ចាប់​អារម្មណ៍​ទេ។ពួកគេ ​មើលឃើញ​ពី​របៀប​ដែល​សហរដ្ឋ​អាមេរិក បាន​ចាត់ទុក​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​ខ្លួនដូចជា​ប្រទេស​កាណាដា ម៉ិចសិច អឺរ៉ុប កូរ៉េហើយ​ពួកគេ ​មិន​ចង់​បានកិច្ចព្រមព្រៀង​របៀប​នោះ​ទេ។

នៅពេល​ទន្ទឹម​គ្នា​នេះ ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ​បន្ត​ធ្វើ​ឲ្យ​ពួក​មេដឹកនាំ​អាស៊ាន មាន​ការព្រួយ​បារម្ភ ​ដោយ​មាន​មេដឹកនាំ​ខ្លះ បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ជាង​មេដឹកនាំ​ផ្សេង​ទៀត។

លោក Mahathir Mohamad នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី និយាយ​ថា «អាមេរិក ​អនុញ្ញាតិ​ឲ្យ​ប្រធានាធិបតី​និមួយ​ៗ​កាន់​តំណែង​តែ​២​អាណត្តិ​ទេ។ដូច្នេះ ប្រសិន​បើ ប្រធានា​ធិបតី​ត្រាំ​ ​ឈ្នះ​មួយ​អាណត្តិ​ទៀត ​យើង​ត្រូវតែ​រង់​ចាំ​៥​ឆ្នាំ​ទៀត»៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG