ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងការបរទេស​អាមេរិក​នៅ​តែ​ខ្វល់​អំពី​ការធ្វើបាប​របស់​ចិន​ទៅ​លើ​ជនជាតិអ៊ុយហ្គ័រ​និង​អ្នក​កាន់​សាសនា​ឥស្លាម​ផ្សេងទៀត


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងអំឡុងពេលប្រគល់ពានរង្វាន់ Herman Kahn Award កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅក្រុងញូវយ៉ក។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ថ្លែងអំឡុងពេលប្រគល់ពានរង្វាន់ Herman Kahn Award កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅក្រុងញូវយ៉ក។

អ្នកការទូត​កំពូល​សហរដ្ឋអាមេរិក​រូបនេះ​បាន​ថ្លែង​ថា ​ការរំលោភបំពាន​មួយ​ចំនួន​បានកើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ជំនួប​ជាមួយ​នឹង​ក្រុមមន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស។ 

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo កាល​ពី​ថ្ងៃអង្គារ​បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​នៅ​តែ​មាន​ក្តី​កង្វល់​អំពី​របាយការណ៍​នៃ​ការធ្វើបាប​របស់​អាជ្ញាធរចិនទៅ​លើ​សាច់ញាតិ​របស់​សកម្មជន​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​កាន់​សាសនា​ឥស្លាម​ និងជន​នៅ​រស់រាន​មាន​ជីវិត​ពី​ជំរំ​ឃុំឃាំង​របស់​ចិន។

នៅក្នុង​សេចក្តីថ្លែងការ​ណ៍មួយ​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ លោក Pompeo​ បាន​ថ្លែង​ថា ​សហរដ្ឋអាមេរិក​នៅតែ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​ដែល​រក​ឃើញ​ថា​រដ្ឋាភិបាល​ចិន​បាន​ធ្វើ​បាប​ ចាប់ឃុំឃាំង​ ឬចាប់ខ្លួនសាច់ញាតិ​របស់​សកម្មជន​ជនជាតិ​អ៊ុយហ្គ័រ​កាន់​សាសនា​ឥស្លាម​តាម​តែ​អំពើ​ចិត្ត​ និង​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​រឿងរ៉ាវ​ដែល​ពួកគេ​ជួប​ប្រទះ​នៅក្នុង​ជំរំ​ឃុំ​ខ្លួន​នៅ​ខេត្តស៊ិនជាំង។

អ្នកការទូត​កំពូល​សហរដ្ឋអាមេរិក​រូបនេះ​បាន​ថ្លែង​ថា ​ការរំលោភបំពាន​មួយ​ចំនួន​បានកើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ជំនួប​ជាមួយ​នឹង​ក្រុមមន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស។

ជាង​ពីរបីឆ្នាំ​មក​នេះ​ ប្រទេសចិន​បាន​ផ្សព្វផ្សាយ​អំពី​ជំរំ​ដែល​មាន​ទីតាំង​នៅក្នុង​ខេត្តស៊ិនជាំង​ ដែល​ចិន​នៅ​តែ​អះអាង​ថា​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ភេរវកម្ម​ និង​ជ្រុលនិយម​ និង​បង្រៀន​អំពី​ជំនាញ​ថ្មីៗ​ផងដែរ។

រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​បដិសេធ​រាល់​ការ​ធ្វើបាប​ទៅ​លើ​ជនជាតិ​អ៊ុយហ្គ័រ​ដូចដែរ​បាន​រាយការណ៍​ និង​នៅ​តែ​អះអាង​ថា​អ្នកជាប់​ឃុំ​ទាំងនោះ​ស័្មគ្រចិត្ត​ទៅ​នៅក្នុង​ជំរំ​នេះ។ ក្រុមមេដឹកនាំ​ពិភពលោក​ជាច្រើន​បាន​រិះគន់​ប្រទេសចិន​ចំពោះ​ការបង្កើត​ជំរំ​នេះ​ឡើង ជា​ទីកន្លែង​ដែល​អង្គការ​សហប្រជាជាតិ​បាន​អះអាង​ថា​យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​អ៊ុយហ្គ័រ​ និង​អ្នក​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត១លាននាក់​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ក្នុង​ជំរំ​នោះ។

ក្រសួងការបរទេស​សហរដ្ឋអាមេរិក​និង​ក្រុមអង្គការ​សិទ្ធិមនុស្ស​បាន​ប៉ាន់ស្មាន​ថា ​១០ភាគរយ​នៃ​ចំនួន​ជនជាតិ​អ៊ុយហ្គ័រ​ត្រូវ​បាន​ជាប់ឃុំ​នៅក្នុង​ជំរំ​នេះ៕

XS
SM
MD
LG