ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រារព្ធ​បុណ្យ​ឯករាជ្យជាតិ​ ចំ​ពេល​មានការ​តានតឹង​ខាង​នយោបាយ​ធ្ងន់ធ្ងរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រះ​មហាក្សត្រ​ខ្មែរ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​ នរោត្តម​ សីហមុនី​នៅ​ថ្ងៃ​សៅរ៍​នេះ​ បាន​ធ្វើ​ជា​អធិបតី​ ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៦​ឆ្នាំ​ ខណៈ​ដែល​មាន​ភាព​រកាំរកូស​ខាង​នយោបាយ​ ដោយ​សារ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​រារាំង​មិន​ឲ្យ​វិល​ចូលប្រទេស។

ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ​នៅ​ឆ្នាំ​នេះ ធ្វើឡើង​ដោយ​មិន​សូវ​មាន​ភាព​អ៊ឹកធឹក​ដូច​ឆ្នាំ​មុន​នោះ​ទេ។ ក៏ប៉ុន្តែ​ក្រុម​មេដឹកនាំ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​រួមមាន​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន​ ប្រធាន​រដ្ឋសភា​លោក​ហេង សំរិន​ ប្រធាន​ព្រឹទ្ធសភា​លោក​សាយ​ ឈុំ​ ​លោក​នាយ​ឧត្ដមសេនីយ៍​ទៀ បាញ់​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិសេន​ អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ បាន​បង្ហាញ​វត្តមាន​ក្នុង​ទិវា​ដ៏​សំខាន់​នៅ​ថ្ងៃ​នេះ។

នៅ​ពេល​ដែល​ក្រុម​មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាលប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិជា​មួយ​ក្រុម​មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ សិស្សសាលា​ និង​គ្រូបង្រៀន​ ក្រោម​ការ​ពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​នោះ​ មាន​សេចក្តី​រាយ​ការណ៍​ជាបន្តបន្ទាប់​ពី​ដំណើរ​របស់​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​មក​កម្ពុជា។​ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​រឹង​បន្តឹង​សន្តិសុខ​កាន់​តែ​ខ្លាំង​នៅ​ច្រក​ព្រំ​ដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

នាយ​ឧត្ដមសេនីយ៍​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ មានប្រសាសន៍​ បន្ទាប់ពី​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ដែល​មាន​លម្អ​ទៅ​ដោយ​កម្រង​ផ្កា​និង​ការ​បង្ហោះ​ប៉េងប៉ោង​ចម្រុះ​ពណ៌​ថា​ ការ​បង្កើន​កម្លាំង​យាម​កាម​នេះ មានបំណង​រក្សា​សន្តិសុខ​ពេញ​លេញ​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ពិធីបុណ្យ​ជាតិ​នានា។

«គាប់​ជួន​ជាមួយ​នឹងពេល​វេលា​នេះ​ យើង​ក៏​កំពុង​មាន​ពិធី​បុណ្យ​សំខាន់ៗ​ ដូច្នេះ​ត្រូវ​ការពារ​ភាព​សុខ​សាន្ត​ដល់​ប្រជាជន​ដែល​គេ​សប្បាយ​រីករាយ​ ជាពិសេស​គឺ​ក្នុង​ពិធី​អុំ​ទូក​ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ»។

ទោះ​យ៉ាង​ណា​ នៅ​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​នេះ​ ក្រុម​អង្គការ​សិទ្ធិមនុស្សអន្តរជាតិ​ជា​ច្រើន និង​អង្គការ​សហប្រជាជាតិ​ បាន​អំពាវនាវ​ជាបន្តបន្ទាប់​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន ឈប់​ធ្វើ​ទុក្ខបុកម្នេញក្រុម​មេដឹកនាំ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧​ ទៅតាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា។

អ្នកស្រី ​រ៉ូណា ស្មីត​ (Rhona Smith) អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជានេះ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន ទាក់ទង​នឹង​ការ​ធានា​នូវ​ការ​គោរព​សិទ្ធិ​បញ្ចេញ​មតិ យោបល់​និង​ការ​ប្រមូល​ផ្ដុំ​របស់​ពលរដ្ឋ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក អង់តូនីញូ ហ្គុយតេរេស អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិបាន​កំពុង​តាមដាន​ស្ថានភាព​វិវឌ្ឍ​នៅ​កម្ពុជា​យ៉ាង​ដិត​ដល់​ទាក់ទង​នឹង​ការ​ប្រកាស​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី និង​មេដឹកនាំ​ផ្សេង​ទៀត​នៃ​គណបក្ស​ប្រឆាំង។

លោក​មាន​ក្តី​បារម្ភ​ចំពោះ​ «វិធានការ​រឹតត្បិត​របស់​អាជ្ញាធរ​ទៅលើ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​ជួប​ប្រជុំ​ហើយ​និង​ចំពោះ​សេចក្ដីរាយការណ៍​ថា​មានការ​ដាក់​ពង្រាយ​កម្លាំង​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​ជាប់​ជា​មួយ​ប្រទេស​ថៃ»។

ដោយឡែក​ លោក​ ​Michael Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចូលរួម​អបអរ​សាទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ថ្ងៃបុណ្យ​ឯក​រាជ្យជាតិ​៩ វិច្ឆិកា​នេះ។​ ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​កម្ពុជា​ «ផ្ដោត​ការ​យកចិត្ត​ទុក​ដាក់​លើ​ការផ្សះផ្សា​ជាតិ កិច្ច​សន្ទនា​ដោយ​សន្តិវិធី ការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ»។

ក្រុម​សិស្សសាលា​ថ្នាក់​វិទ្យាល័យ​មួយ​ចំនួនដែល​បាន​ចូលរួម​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំនេះ​ ប្រាប់ VOA ​ថា​ ពួក​គេ​មិន​បាន​ដឹង​ពី​ជម្លោះ​នយោបាយ​ដែល​បាន​អូស​បន្លាយ​មក​ជាង​ពីរ​ឆ្នាំ​នោះ​ទេ។ ពួក​គេ​និយាយ​ថា​ ប្រទេស​របស់​ពួកគេ​កំពុង​ជួប​ភាព​សុខសាន្ត​ និង​មាន​ការ​រីកចម្រើន​ច្រើន​ជាង​មុន។

ប្រទេស​កម្ពុជា​បាន​រួច​ផុត​ពី​អាណា​និគម​និយម​បារាំង​និង​បាន​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ពេញ​បរិបូរណ៍​ថ្ងៃ​ទី០៩​ ​វិច្ឆិកា​ ​ឆ្នាំ​១៩៥៣​ ​បន្ទាប់​ពី​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋព្រះ​បាទ​នរោត្តម​ ​សីហនុ​ ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​សាធារណរដ្ឋ​បារាំង​ ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ប្រមាណ​៩០​ឆ្នាំ ​ចាប់​តាំង​ពី​ឆ្នាំ​១៨៦៣។ អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ សម្ដេច​ព្រះ​បរម​រតន​កោដ្ឋព្រះ​បាទ​នរោត្តម​ ​សីហនុ​ ​ជា​ព្រះបិតា​របស់​អង្គ​មហាក្សត្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ៕

XS
SM
MD
LG