នៅក្នុងសប្តាហ៍ដែលរដ្ឋបាល Trump បោះពុម្ពផ្សាយរបាយការណ៍មួយផ្តល់ចំណុចសំខាន់ៗអំពីការទាក់ទងរបស់ខ្លួនក្នុងភូមិភាគមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិក និង«ការប្តេជ្ញាដល់ភាពសំបូររុងរឿងក្នុងពេលអនាគតរបស់តំបន់នេះ»។ លោកប្រធានាធិបតី Donald Trump មិនបានចូលរួមក្នុងសន្និសិទកំពូលសំខាន់ៗក្នុងតំបន់នោះទេហើយលោកបានបញ្ជូនគណៈប្រតិភូកម្រិតទាបមួយឱ្យទៅចូលរួមវិញ។
សេចក្តីរាយការណ៍នេះគូសបញ្ជាក់ថា លោក Trump «បានធ្វើការទាក់ទងរបស់សហរដ្ឋអាមេរិកជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាអាទិភាពកំពូលរបស់រដ្ឋបាលលោក»។
ក៏ប៉ុន្តែលោក Trump មិនបានបញ្ជូនលោករដ្ឋមន្ត្រីការបរទេស Mike Pompeo ឱ្យទៅចូលរួមក្នុងសន្និសិទកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន និងសន្និសីទកំពូលអាស៊ីខាងកើតក្នុងសប្តាហ៍នេះក្នុងក្រុងបាងកក ប្រទេសថៃទេ។
ក្រុមអ្នករិះគន់និយាយថា អវត្តមានរបស់ពួកមន្ត្រីជាន់ខ្ពស់របស់លោក Trump មានន័យថា ប្រទេសមហាអំណាចឯទៀតៗក្នុងតំបន់មានឱកាសធំជាងមុនក្នុងការប្រើឥទ្ធិពលរបស់ពួកគេ។
នាយករដ្ឋមន្ត្រីចិន Li Keqiang លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងលោក Narendra Modi នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាឋិតក្នុងចំណោមពួកមេដឹកនាំដែលបានជួបជាមួយពួកសមភាគី ASEAN នៅក្នុងសន្និសិទកំពូលនេះ៕