របៀបធ្វើការបែបថ្មីនេះ អាចធ្វើឲ្យអ្នកស្រី មិនចាំបាច់ធ្វើដំណើរទៅមកពីផ្ទះទៅការិយាល័យនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា ដែលត្រូវចំណាយពេលពីរម៉ោងជារៀងរាល់ថ្ងៃ។
ពីរខែក្រោយមក អ្នកកែសំរួលផ្នែកឌីជីថលនៃគ្រឹះស្ថានបោះពុម្ភផ្សាយរូបនេះ មានការនឹកនាដល់ការធ្វើដំណើរទៅមកពីផ្ទះទៅការិយាល័យ។ អ្នកស្រី Shweta Andrews បានថ្លែងក្នុងសម្តីដើមថា៖ «ខ្ញុំនឹកមិត្តរួមការងាររបស់ខ្ញុំ ហើយនិយាយមែនទែនទៅ ខ្ញុំនឹកដល់ការធ្វើដំណើរតាមរថភ្លើងទៅធ្វើការ។ ខ្ញុំ នឹកដល់ការប្រញាប់រូតរះទៅធ្វើការ។ ខ្ញុំ នឹកដល់ហ្វូងមនុស្ស»។
បទពិសោធន៍ធ្វើការពីផ្ទះ ដែលមិនធ្លាប់មានពីមុនមកដែលបានចាប់ផ្តើមបន្ទាប់ពីមានការរាតត្បាតដោយវីរុសកូរ៉ូណានេះ បានជំរុញឲ្យក្រុមហ៊ុនឥណ្ឌាមួយចំនួន ស្វែងរកលទ្ធភាពនៃការធ្វើឲ្យការធ្វើការពីផ្ទះមានភាពប្រសើរឡើង គ្រាដែលពួកគេមើលឃើញពីអត្ថប្រយោជន៍យូរអង្វែង ដូចជាការមានការិយាល័យតូចជាងមុន និងថ្លៃជួលការិយាល័យតិចជាងមុន។
ក៏ប៉ុន្តែ នៅពេលដែលវិធានការបិទដំណើរការសកម្មភាពដ៏តឹងរ៉ឹង បានធ្វើឲ្យមានភាពឯកោនៅក្នុងសង្គមកាន់តែខ្លាំងឡើងនោះ មនុស្សជាច្រើនយល់ឃើញថា ការធ្វើការពីផ្ទះ មិនអាចជំនួសបរិយាកាសដែលមានការប្រាស្រ័យទាក់ទងគ្នានៅឯការិយាល័យបានទេ។
អ្នកស្រី Apoorva Bapna អ្នកជំនាញជាន់ខ្ពស់មួយរូបក្នុងក្រុមហ៊ុនសាកលមួយដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី បានច្រានចោលទស្សនៈដែលថា ការធ្វើការពីផ្ទះជា«រឿងធម្មតាថ្មីមួយ» ហើយអ្នកស្រីបានលើកឡើងថា ខណៈពេលដែលមនុស្សចូលចិត្តភាពបត់បែននៃម៉ោងធ្វើការ និងការទាក់ទងគ្នាតាមអនឡាញនោះ វាមិនអាចជំនួសថាមពលដែលមនុស្សបានទទួលពីកន្លែងធ្វើការបានទេ។
អ្នកស្រី Apoorva Bapna បានថ្លែងបន្តក្នុងសម្តីដើមថា៖ «ការប្រាស្រ័យទាក់ទងគ្នាតាមទូរស័ព្ទ ឬ តាមការហៅជាវីដេអូ មិនអាចផ្តល់គំនិត ឬ ការច្នៃប្រឌិត ដូចដែលយើងបានអង្គុយទល់មុខគ្នា ដោយជជែកដេញដោល ឬ សន្ទនាដ៏ក្តៅគគុកនោះទេ»។
វិស័យបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា ហាក់ដូចជាកំពុងត្រួសត្រាយផ្លូវសម្រាប់ការធ្វើការពីផ្ទះ ដោយឧស្សាហកម្មនេះ មានអ្នកធ្វើការផ្នែកបច្ចេកវិទ្យាព័ត៌មានជិតពាក់កណ្តាលនៃអ្នកធ្វើការផ្នែកបច្ចេកវិទ្យាព័ត៌មានទាំងអស់ជិត ៤ លាននាក់នៃប្រទេសនេះ កំពុងធ្វើការពីផ្ទះ។ ចំនួននេះ កើនឡើងពីចំនួនជាមធ្យម ២០ ភាគរយ នៅមុនខែមីនា។ ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសឥណ្ឌា ដែលមានឈ្មោះថា Tata Consultancy Services និយាយថា ខ្លួននឹងមានអ្នកធ្វើការចំនួន ៧៥ ភាគរយ ដែលនឹងធ្វើការពីផ្ទះ នៅឆ្នាំ ២០២៥។
ក្រុមហ៊ុនមួយចំនួនដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើការធ្វើការងារតាមអនឡាញនោះ អាចផ្លាស់ប្តូរទៅធ្វើការនៅផ្ទះបានលឿន ពីព្រោះពួកគេយល់ថា វាជាគំរូនៃការធ្វើការដែលមានប្រសិទ្ធភាពក្នុងរយៈពេលពីរខែចុងក្រោយនេះ។
លោក Raghav Gupta ជានាយកគ្រប់គ្រងនៃវេទិកា India and Asia Pacific with Coursera ដែលជាវេទិកាសិក្សាតាមអនឡាញមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ លោកGupta បានថ្លែងក្នុងសម្តីដើមថា៖ «បើគិតតែពីសាច់ការសុទ្ធសាធ យើងបានឃើញថា ការផ្លាស់ប្តូរទៅធ្វើការពីផ្ទះនេះប្រព្រឹត្តទៅដោយរលូន»។
លោកបានលើកឧទាហរណ៍មួយថា៖ «ប្រសិនបើខ្ញុំទៅទីក្រុង Bangalore សម្រាប់កិច្ចប្រជុំពីរក្នុងមួយថ្ងៃនោះ ខ្ញុំអាចធ្វើការប្រជុំចំនួន ៥ នៅថ្ងៃនេះ ដោយអង្គុយនៅក្នុងផ្ទះ»។
នៅពេលដែលប្រទេសឥណ្ឌា បន្ធូរបន្ថយការដាក់កំហិតនៃការបិទដំណើរការសកម្មភាព ហើយការិយាល័យនានា ចាប់ផ្តើមបើកដំណើរការឡើងវិញដោយមានបុគ្គលិកមកធ្វើការនៅការិយាល័យតិចជាងមុននោះ ការជជែកដេញដោលអំពីរឿងនេះ បានចាប់ផ្តើមកើនឡើង។
អ្នកខ្លះបានលើកឡើងថា បរិយាកាសនៅក្នុងការិយាល័យដែលមនុស្សអាចប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នោះ គឺមិនអាចមើលរំលងបានទេ សូម្បីតែនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានក៏ដោយ។ លោក Abhimanyu Mukherji ជាប្រធានផ្នែកផ្តល់សេវាកម្មនៅទីក្រុងញូវដេលីជាមួយក្រុមហ៊ុនដៃគូ SAPដែលជាក្រុមហ៊ុនរៀបចំបង្កើតកម្មវិធីសូហ្វវ៉ែរ(software)។
លោក Mukherji បានថ្លែងក្នុងសម្តីដើមថា៖ «អ្នកត្រៀមខ្លួនសម្រាប់ថ្ងៃនេះ ហើយវាគឺជាការផ្លាស់ប្តូរផ្នែកផ្លូវចិត្តមួយ។ គ្រាន់តែការដើរទៅរកនរណាម្នាក់ ហើយនិយាយជាមួយសមាជិកនៅក្នុងក្រុមខ្ញុំ វាផ្តល់នូវភាពខុសគ្នាមួយ។ ឥឡូវនេះ យើងមិនអាចប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់បានទេ ហើយទំនាក់ទំនងនៅក្នុងសង្គមដែលយើងទាំងអស់គ្នាធ្លាប់មានក្នុងពេលកន្លងមក ក៏លែងមានដែរក្នុងពេលឥឡូវនេះ»។
ខណៈពេលដែលលោក និងក្រុមរបស់លោកផ្តល់សេវាកម្មជាទីគាប់ចិត្តដល់អតិថិជនរបស់ខ្លួនក្នុងអំឡុងពេលនៃការបិទដំណើរការសកម្មភាពក្នុងសង្គមនេះ លោក Mukherji បានចង្អុលបង្ហាញថា ការធ្វើការនៅផ្ទះពីបន្ទប់ទទួលភ្ញៀវ និងតុបាយ អាចជាបញ្ហាប្រឈមសម្រាប់សមាជិកក្រុមរបស់លោកដែលមានកូនតូចៗ។
លោក Mukherji បានថ្លែងក្នុងសម្តីដើមថា៖ «នៅពេលក្មេងៗនៅផ្ទះ ពួកគេរំពឹងថា នឹងមានការយកចិត្តទុកដាក់ច្រើនពីឪពុកម្តាយ ហេតុដូច្នេះហើយ ឪពុកម្តាយ មានការលំបាកក្នុងការផ្តោតអារម្មណ៍លើការងារ។ កុមារគិតថា ឪពុកម្តាយកំពុងឈប់សម្រាកវិសមកាល ដូច្នេះពួកគេគួរតែយកចិត្តទុកដាក់ដល់ខ្លួន»។
បញ្ហាមួយដែលមនុស្សជាច្រើនប្រឈមដែរនោះ គឺការរស់នៅក្នុងផ្ទះល្វែងតូចៗ ឬ គ្រួសារដែលមានសមាជិកច្រើន ជាពិសេសអ្នកនៅទីក្រុងដែលការជួលផ្ទះមានតម្លៃថ្លៃ។
អ្នកស្រី Apoorva Bapna បានចង្អុលបង្ហាញថា៖ «វាមិនងាយស្រួលទេ សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុង Bombay។ អ្នកខ្លះ មានសមាជិកគ្រួសារពី ៦ ទៅ ៨ នាក់ រស់នៅក្នុងផ្ទះតូច ចង្អៀត ដែលមានបន្ទប់គេងតែពីរប៉ុណ្ណោះ»។
ការធ្វើការពីផ្ទះនេះ អាចជាបន្ទុកកាន់តែធ្ងន់ថែមទៀតសម្រាប់ស្ត្រី។ អ្នកស្រី Apoorva Bapna បានទៅលេងឪពុកម្តាយរបស់អ្នកស្រីនៅក្នុងទីក្រុង Jaipur ហើយបានជាប់នៅទីនោះ ដោយសារការហាមមិនឲ្យធ្វើដំណើរ។
អ្នកស្រី បានថ្លែងក្នុងសម្តីដើមថា៖ «យើងធ្វើកិច្ចការផ្ទះគ្រប់យ៉ាងហើយយើងក៏ត្រូវធ្វើការងារវិជ្ជាជីៈរបស់យើងដែរ ដូច្នេះ យើងមមាញឹកខ្លាំងណាស់»។
នៅចំពេលការបិទដំណើរការសកម្មភាពក្នុងសង្គមនេះ មិនមានការស្ទង់មតិដ៏ទូលំទូលាយណាមួយ ដើម្បីបង្ហាញថា តើរបៀបធ្វើការមួយណាដែលប្រជាពលរដ្ឋឥណ្ឌាចូលចិត្តជាងនោះ។ ក៏ប៉ុន្តែ ការស្ទង់មតិកាលពីពេលថ្មីៗនេះ ដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវឈ្មោះថា Feedback Insights ដែលមានមូលដ្ឋាននៅទីក្រុង Bengaluru បានរកឃើញថា និយោជិក ២ ភាគ ៣ មានការព្រួយបារម្ភអំពីសុខុមាលភាពផ្ទាល់ខ្លួន កង្វះទំនាក់ទំនងជាមួយក្រុមការងារ និងការថប់អារម្មណ៍អំពីបរិយាកាសការងារ។ ពួកគេ ក៏បានលើកឡើងផងដែរថា ការរំខានជាញឹកញាប់នៅពេលពួកគេធ្វើការពីផ្ទះ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយផងដែរ។
ទោះជាយ៉ាងនេះក្តី អត្ថប្រយោជន៍ដែលក្រុមហ៊ុននានាទទួលបានពីការណ៍ដែលបុគ្គលិកធ្វើការពីផ្ទះនោះ មានដូចជាចរាចរណ៍នៅលើដងផ្លូវ ការបំពុលបរិស្ថាន និងការចំណាយលើប្រេងឥន្ធនៈ គឺតិចជាងមុន ហើយនឹងការយកកូនតូចទៅដាក់កន្លែងមើលថែនៅពេលឪពុកម្តាយធ្វើការនោះ នឹងក្លាយជាកត្តាជម្រុញកាន់តែខ្លាំងក្នុងការឲ្យមានការធ្វើការពីផ្ទះ ក្រោយពីជំងឺកូវីដ១៩ បានបញ្ចប់ទៅ។
លោក Gupta នៃវេទិកា India and Asia Pacific with Coursera បានថ្លែងបន្តក្នុងសម្តីដើមថា៖ «តាមជំរើស និងតាមផែនការ យើងថា លោកអ្នកទៅធ្វើការនៅរិយាល័យពីរថ្ងៃក្នុងមួយសប្តាហ៍ លោកអ្នកប្រហែលជាមាន ឬ គ្មានតុធ្វើការផ្ទាល់ខ្លួនទេ ហើយបី ឬ បួនថ្ងៃទៀត លោកអ្នក អាចធ្វើការពីផ្ទះជាប្រចាំបាន»។
ក៏ប៉ុន្តែ ការបង្រួមទំហំការិយាល័យឲ្យតូចដោយសារបច្ចេកវិទ្យា និងការផ្តោតថ្មីមួយទៅលើការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នាក្នុងសង្គម គឺជាអ្វីដែលមនុស្សជាច្រើនមានការភ័យខ្លាច។ អ្នកស្រី Shweta Andrews បានធ្វើការប្រៀបធៀបការធ្វើការពីផ្ទះនេះ ទៅនឹងការអានសៀវភៅអេឡិចត្រូនិច Kindle ដែលអ្នកស្រីថា គឺមិនដូចយើងកាន់សៀវភៅក្រដាសអាននោះទេ។
អ្នកស្រីបានថ្លែងក្នុងសម្តីដើមយ៉ាងដូច្នេះថា៖ «អារម្មណ៍នៃការកាន់សៀវភៅនៅក្នុងដៃរបស់លោកអ្នក ការប៉ះ ក្លិនសៀវភៅ អារម្មណ៍ជាក់ស្តែងដែលលោកអ្នកបានទទួលនោះ ក៏ដូចគ្នានឹងទំនាក់ទំនងផ្ទាល់ខ្លួន ដែលយើងបានទទួលនៅក្នុងការិយាល័យដូច្នោះដែរ។ ដូច្នេះហើយ បច្ចេកវិទ្យា ម៉ាស៊ីនកុំព្យូទ័រ ការឃើញមុខគ្នាតាម Zoom និងការអានតាមឧបករណ៍ Kindle មិនល្អដូចការជួបមុខមនុស្សផ្ទាល់នោះទេ»។
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់