ប្រទេសឥណ្ឌា បារាំង និងនីហ្សេរីយ៉ាស្ថិតក្នុងចំណោមប្រទេសជាច្រើនដែលមេដឹកនាំរបស់ពួកគេកំពុងបន្តការបិទប្រទេសដែលមានគោលបំណងបញ្ឈប់ការរាលដាលមេរោគកូរ៉ូណា នៅពេលដែលករណីឆ្លងមេរោគកូរ៉ូណានៅទូទាំងពិភពលោកឡើងទៅដល់ចំនួន២លាន។
ដោយការឆ្លងនៅក្នុងប្រទេសរបស់លោកមានជាង១ម៉ឺ៣រយករណី នាយករដ្ឋ មន្រ្តីឥណ្ឌាលោក Narendra Modi បានប្រកាសនៅថ្ងៃអង្គារនេះថា ការបិទប្រទេសនៅទូទាំងប្រទេសនឹងធ្វើឡើងរហូតដល់ថ្ងៃទី៣ ខែឧសភា។
ប្រធានាធិបតីបារាំងលោក ម៉ានុយអែល ម៉ាក្រុង បានធ្វើសុន្ទរកថាតាមទូរទស្សន៍ កាលពីយប់ថ្ងៃចន្ទដោយនិយាយថា ការបិទប្រទេសបារាំង នឹងមានរហូតដល់ថ្ងៃទី១១ ខែឧសភា នៅពេលនោះ អាជ្ញាធរនឹងបើកសាលារៀនឡើងវិញ។
លោកប្រធានាធិបតីម៉ាក្រុងបានមានប្រសាសន៍ថា «នៅតំបន់ដីគោក និងដែនដីនៅឯនាយសមុទ្ររបស់បារាំង ការរាលដាលជាសាកលនូវមេរោគកូរ៉ូណាមិនទាន់គ្រប់គ្រងបាននៅឡើយទេ។ ដូច្នេះ យើងត្រូវតែបន្តការខំប្រឹងប្រែងរបស់យើង និងបន្តអនុវត្តច្បាប់នេះ។ ពលរដ្ឋគោរពច្បាប់នេះកាន់តែខ្លាំង អាយុជីវិត ពលរដ្ឋកាន់តែច្រើនត្រូវបានជួយសង្គ្រោះ»។
ប្រទេសនីហ្សេរីយ៉ាក៏កំពុងបន្ថែមបទបញ្ជាបិទប្រទេសមួយសប្តាហ៍ទៀតនៅក្នុងរដ្ឋចំនួន៣គឺរដ្ឋ Lagos រដ្ឋ Abuja និងរដ្ឋ Ogun ខណៈដែលប្រធានាធិបតីតួកគី និយាយថា ការបិទប្រទេសរយៈពេល៤៨ម៉ោងនៅចុងសប្តាហ៍ នឹងធ្វើឡើងម្តងទៀតនៅសប្តាហ៍នេះ។
រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិក បានរកឃើញការឆ្លង៦សែនករណី ដោយរដ្ឋញូវយ៉កមានករណីឆ្លងខ្លាំងជាងគេបំផុត។
មានប្រហែល១សែន៦ពាន់ករណីនៅក្នុងទីក្រុងញូវយ៉ក និង១សែន៩ម៉ឺន៥ពាន់ករណីនៅក្នុងរដ្ឋញូវយ៉កទាំងមូលដែលមានចំនួនច្រើនជាងប្រទេសអេស្ប៉ាញ ឬ អ៊ីតាលី៕