សេចក្តីសម្រេចមួយដោយប្រទេសឥណ្ឌាក្នុងការផ្អាកការប្រើប្រដាប់ធ្វើតេស្ត របស់ចិនអំពីជំងឺកូវីដ១៩ ដែល «ផ្តល់លទ្ធផលមិនត្រឹមត្រូវ» បានត្រូវស្ថានទូតចិននៅក្នុងក្រុងញូវដែលីរិះគន់យ៉ាងខ្លាំងថា «មិនយុត្តិធ៌មនិងគ្មានការទទួលខុសត្រូវ»។
ទីភ្នាក់ងារខាងការស្រាវជ្រាវវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលឥណ្ឌាដែលទាក់ទិននឹងការរាលដាលវីរុសកូរ៉ូណាបាននិយាយថា ខ្លួនគ្រោងនឹងបញ្ជូនប្រដាប់ធ្វើតេស្តទាំងនេះទៅឱ្យក្រុមហ៊ុនចិនពីរដែលឥណ្ឌាបានបញ្ជាទិញ។ ទីភ្នាក់ងារនេះក៏បានសុំដល់អាជ្ញាធរសុខាភិបាលនៅទូទាំងប្រទេសឱ្យឈប់ប្រើប្រដាប់ទាំងនេះដោយសារលទ្ធផលតេស្តមាន«ការខុសគ្នាច្រើន»។
ប្រទេសឥណ្ឌាបានទិញប្រដាប់ធ្វើតេស្តខាងអង្គបដិប្រាណ៥សែនគ្រឿងកាលពីដើមខែមេសាពីប្រទេសចិនដើម្បីបង្កើនការធ្វើតេស្ត អំពីជំងឺ កូវីដ១៩ នៅក្នុងការប្រឹងប្រែងបង្កើនការធ្វើតេស្តនៅពេលមានកង្វល់ថា ការប្រយុទ្ធរបស់ខ្លួនដើម្បីពន្យឺតការរាត្បាតជាសាកលនៃជំងឺនេះកំពុងត្រូវរារាំងដោយសារលទ្ធផលនៃការធ្វើតេស្តមានកម្រិតទាប។ ការធ្វើតេស្តទាំងនេះគឺដើម្បីរកអង្គបដិប្រាណនៅក្នុងរាងកាយមនុស្សដែលអាចមានផ្ទុកមេរោគជំងឺនេះហើយនឹងប្រើជាឧបករណ៍ឃ្លាំមើលនៅក្នុងកន្លែងមានការរាលដាលជំងឺនេះ។
ប្រដាប់ធ្វើតេស្តទាំងនេះដែលផ្តល់លទ្ធផលក្នុងពេលប្រមាណ៣០នាទីបានត្រូវធ្វើការពិសោធន៍ដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រនៃប្រទេសឥណ្ឌាហៅកាត់ថា ICMR នៅក្រោយអាជ្ញាធរសុខាភិបាលនៅក្នុងរដ្ឋខ្លះបានត្អូញត្អែរថា លទ្ធផលពីប្រដាប់ទាំងនេះផ្តល់អត្រាត្រឹមត្រូវកម្រិតទាបណាស់។ ពួកមន្ត្រីសុខាភិបាលទាំងនេះបាននិយាយថា ប្រដាប់ធ្វើតេស្តទាំងនេះបានត្រូវប្រើលើពួកអ្នកជំងឺដែលពួកគេដឹងស្រេចហើយថា មានជំងឺកូវីដ១៩ ក៏ប៉ុន្តែតេស្តទាំងនេះបង្ហាញលទ្ធផល«អវិជ្ជមាន»សម្រាប់អង្គបដិប្រាណទៅវិញ។ កូវីដ១៩ជាជំងឺបណ្តាលមកពីវីរុសកូរ៉ូណា។
ក្រុមប្រឹក្សាក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រនៃប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃចន្ទទី២៧ខែមេសាថា៖ «លទ្ធផលប្រែប្រួលខ្លាំងនៅក្នុងការធ្វើតេស្ត»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកស្រី Ji Rong អ្នកនាំពាក្យនៃស្ថានទូតចិននៅក្នុងក្រុង New Delhi ប្រទេសឥណ្ឌាបានថ្លែងថា៖ «វាមិនយុត្តិធ៌មនិងគ្មានការទទួលខុសត្រូវសម្រាប់ពួកបុគ្គលខ្លះដែលនិយាយថា ផលិតផលរបស់ចិនផ្តល់លទ្ធផល «មិនត្រឹមត្រូវ» ហើយពិនិត្យមើលបញ្ហាដោយមានបុរេនិច្ឆ័យ»។
សេចក្តីថ្លែងការណ៍នេះនិយាយថា ប្រទេសចិនបានជួយប្រទេសឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាដោយធ្វើសកម្មភាពជាក់ស្តែងហើយបានធ្វើឱ្យប្រាកដប្រជាថា គុណភាពនៃផលិតផលខាងវេជ្ជសាស្ត្រដែលត្រូវដឹកជញ្ជូនទៅលក់ឯប្រទេសក្រៅគឺជាអាទិភាពរបស់ក្រុមហ៊ុនផលិតប្រដាប់ទាំងនេះ។
ប្រទេសចិនបាននិយាយថា ប្រដាប់ធ្វើតេស្តទាំងនេះជាផលិតផលខាងវេជ្ជសាស្ត្រមានគុណភាពដែលតម្រូវឲ្យមានការប្រើប្រាស់ ការរក្សាទុកនិងការដឹកជញ្ជូនជាក់លាក់។អ្នកស្រី Ji និយាយថា៖ «ការប្រើប្រាស់ដែលមិនធ្វើដោយអ្នកមានវិជ្ជាជីវៈ មិនធ្វើតាមការណែនាំជាក់លាក់អំពីរបៀបប្រើផលិតផលនេះនឹងនាំឱ្យការធ្វើតេស្តមិនផ្តល់លទ្ធផលត្រឹមត្រូវ»។
អ្នកស្រី Ji បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងបន្តគាំទ្រការប្រយុទ្ធរបស់ប្រទេសឥណ្ឌាប្រឆាំងនឹងការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា។
ប្រទេសចិនបានក្លាយទៅជាប្រទេសផលិតដឹកជញ្ជូននិងលក់ឧបករណ៍វេជ្ជសាស្ត្រនិងប្រដាប់ពាក់ការពារវីរុសកូរ៉ូណានៅឯប្រទេសក្រៅច្រើនជាងគេនៅពេលដែលជំងឺនេះបានរាតត្បាតនៅទូទាំងពិភពលោក។ ប្រទេសចិនក៏បានប្រឈមនឹងការត្អូញត្អែរពីប្រទេសមួយចំនួនដែរអំពីម៉ាស់និងប្រដាប់ការពារវីរុសមិនមានប្រសិទ្ធភាពហើយលក់ដោយក្រុមហ៊ុនចិន។
សាកលវិទ្យាល័យ Johns Hopkins ដែលតាមដានជំងឺនេះនៅទូទាំងពិភពលោកឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាមានករណីអ្នកជំងឺកូវីដ១៩ចំនួន២៩.៤៥១នាក់ហើយមានមនុស្ស៩៣៩នាក់បានស្លាប់ដោយសារជំងឺនេះ៕
ប្រែសម្រួលដោយឈឹម សុមេធ