ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ប្រកាស​កញ្ចប់​ថវិកា​២៦៥ពាន់លាន​ដុល្លារ​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ


រូបឯកសារ៖ មនុស្សពីរនាក់ពីការថ្លែងសុន្ទរកថាតាមទូរទស្សន៍របស់លោកនាយករដ្ឋមន្រ្តី Narendra Modi ពាក់ព័ន្ធនឹងផែនការជំរុញសេដ្ឋកិច្ច នៅក្រុង Hyderabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ប្រកាស​ពី​កញ្ចប់​ថវិកា​យ៉ាង​ច្រើន​ដែល​មាន​តម្លៃ​ជាង​២៦៥ពាន់លាន​ដុល្លារ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ បន្ទាប់​ពី​បាន​ផ្អាក​សកម្មភាព​នៅ​ក្នុង​ប្រទេស​អស់​រយៈ​ពេល​៧សប្តាហ៍​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩។

កញ្ចប់​ថវិកា​ជំនួយ​ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​នេះ​ស្មើ​នឹង​ប្រមាណ​១០ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុករបស់​ឥណ្ឌា។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​តាម​ទូរទស្សន៍​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ឥណ្ឌា​ត្រូវ​ប្រែក្លាយ​វិបត្តិ​ឲ្យទៅ​ជាឱកាស​ ហើយ​លោក​បាន​បញ្ជាក់​ថា​ គោល​បំណង​សំខាន់​នៃ​កញ្ចប់​ថវិកា​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​កាន់​តែ​មាន​ភាព​ម្ចាស់ការឡើង។

លោក Modi ក៏​បាន​បញ្ជាក់​បង្ហាញ​ថា ឥណ្ឌា​នឹង​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែល​ក្រុម​សេដ្ឋវិទូ​និង​មេដឹកនាំ​ពាណិជ្ជកម្មចង់​ឃើញ​ជា​យូរ​ណាស់​មក​ហើយ​ ដើម្បីទាក់ទាញ​ការ​វិនិយោគ​និង​ដើម្បី​បង្កើន​ការ​លូតលាស់​ដល់​ឧស្សាហកម្ម។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ ក្នុង​ខណៈ​ពេល​ដែល​មាន​កើន​ឡើង​នូវ​ការ​អំពាវនាវ​ឲ្យ​មាន​កញ្ចប់​ថវិកា​ជំនួយ​ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​ការ​បិទ​សេដ្ឋកិច្ច​ដែល​កំពុង​មាន​បញ្ហាតាំង​ពី​មុនពេល​មាន​ជំងឺ​រាតត្បាត​នេះ​មក​ម្ល៉េះ។

ក្រុម​សេដ្ឋវិទូ​ថ្លែងថា បញ្ហា​អត់​ការងារ​ធ្វើ​បាន​កើន​ដល់​២៤,៧ភាគរយ​ ខណៈ​ដែល​ការងារ​រាប់​លាន​ត្រូវ​បាន​បាត់​បង់​នៅ​ក្នុង​វិស័យ​ជាច្រើន ចាប់តាំង​ពី​មានការ​បិទសកម្មភាព​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​អនុវត្ត​ចាប់តាំង​ពីថ្ងៃទី២៥ ខែ​មីនា។

ពលករ​ចំណាកស្រុក​រាប់​ម៉ឺននាក់​បាន​ភៀសខ្លួន​ចេញ​ពី​ទីក្រុង​ដែល​លែង​មាន​សកម្មភាព ពេល​ពួក​គេ​បាត់​បង់​ការងារ​ធ្វើ​ដោយសារ​តែ​ជំងឺ​រាតត្បាត​នេះ។

ទោះ​បី​ជា​ការ​ដាក់​កំហិត​មួយ​ចំនួន​ទៅ​លើ​ការ​ផលិត​នានា​ត្រូវ​បាន​ដក​ចេញ​ក៏​ដោយ​ ក៏​ឧស្សាហកម្ម​ភាគច្រើន​មិន​ទាន់មានដំណើរ​ការ​ឡើងវិញ​នៅ​ឡើយ​ទេ ដោយសារ​តែ​ខ្វះ​បុគ្គលិក​ហើយ​និង​ដោយសារតែ​ច្បាប់​តឹងរ៉ឹង​ថ្មី​ដែល​មាន​គោល​បំណង​ចង់​គ្រប់គ្រង​ស្ថានភាពការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩។

លោក​នាយករដ្ឋមន្ត្រី​ថ្លែងថា៖«ពលករ​ចំណាកស្រុក​បាន​រងគ្រោះ​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល​នេះ។ វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​ពេល​ឥឡូវ​នេះ​ក្នុងការ​ធ្វើ​អ្វី​មួយ​សម្រាប់​ពួកគេ»។

លោក Modi ក៏​បាន​ឲ្យ​សញ្ញា​ថា​ ប្រទេស​ឥណ្ឌា​នឹង​ចាប់​ផ្តើម​បន្ធូរបន្ថយ​ ការ​ដាក់​កំហិតសកម្មភាព​ក្នុងប្រទេស ​ដែល​ត្រូវបញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ ដោយថ្លែងថា គេនៅ​តែ​អាចប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នេះ​ ក្នុង​ពេល​បើក​សកម្មភាព​ប្រទេស​ឡើង​វិញ។

លោក​បាន​ប្រាប់​ប្រជាជាតិ​ថា៖«ខណៈ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ថ្លែងថា ជំងឺ​កូវីដ១៩​នឹង​នៅ​ជាមួយ​យើង​រយៈពេល​យូរ យើង​មិនអាចឲ្យ​ជំងឺ​នេះជា​អ្នក​កំណត់​ជីវីត​យើង​បាន​ទេ។ យើង​ត្រូវ​ពាក់​ម៉ាស​ ហើយ​ត្រូវ​បន្ត​រក្សា​គម្លាត​ពី​គ្នា ហើយ​ត្រូវ​បន្ត​គោលដៅ​របស់​យើង​ទៅ​មុខ។ ជំហាន​បន្ទាប់​នឹង​មាន​លក្ខណៈ​ខុស​គ្នា​ត​ទៅ​ទៀត»។

សញ្ញាមួយ​ដែល​ថា ឥណ្ឌា​មាន​គោល​បំណង​ចង់​ចាប់​ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​កើតឡើង​កាលពីថ្ងៃ​អង្គារ​ នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ចាប់​ផ្តើម​ឡើង​វិញ​ប្រតិបត្តិការ​សេវាកម្ម​រថភ្លើង​ក្នុង​រដ្ឋ​មួយ​ចំនួន។ វា​ជា​ការ​ចាប់​ផ្តើម​តូច​មួយ។ រថភ្លើង​៣០​ដែល​ចេញ​ពី​ទីក្រុង​ធំៗ​ដូច​ជា New Delhi និង​ទីក្រុងMumbai បាន​ដឹក​អ្នកដំណើរ​៥ម៉ឺននាក់​ ដែលនេះ​ជា​ចំណែក​តូច​មួយ​នៃ​ចំនួនអ្នកដំណើរ​សរុប​២៣លាន​នាក់​នៅ​មុន​វិបត្តិ​កូវីដ១៩។ រថភ្លើង​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​បណ្តាញ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ច្រើន​ជាង​គេ​បំផុត​មួយ​ក្នុង​ពិភពលោក។

ហើយសញ្ញាមួយ​ដែល​ថា​ ការ​ធ្វើ​ដំណើរ​លែង​ដូច​មុន​ទៀត​ហើយ​ ក្រុម​អ្នកដំណើរ​អាច​ទិញសំបុត្រ​តែ​តាម​អ៊ីនធឺណិត​តែ​ប៉ុណ្ណោះ។ ពួកគេ​ត្រូវ​ពាក់​ម៉ាស់​ហើយ​ត្រូវ​ទៅ​មុន​ម៉ោង​ចេញ​ដំណើរ​១ម៉ោង​កន្លះ​ដើម្បី​ពិនិត្យ​សុខភាព​មុន​អនុញ្ញាត​ឲ្យ​ឡើង​ជិះ​រថភ្លើង។ ពួកគេ​ត្រូវ​បាន​ស្នើ​ឲ្យ​យក​ម្ហូប​អាហារ​និង​ទឹក​ខ្លួន​ឯង​ ហើយ​ត្រូវ​រក្សា​គម្លាត​ពី​អ្នកដទៃ​ក្នុង​សង្គម។

សេវា​រថភ្លើង រថយន្ត​ក្រុង​និង​យន្តហោះ​ទាំង​អស់​ត្រូវ​បាន​ផ្អាក​ដំណើរការ​ ចាប់​តាំង​ពី​ការ​បិទ​សកម្មភាព​ក្នុង​ប្រទេស ប៉ុន្តែ​រដ្ឋាភិបាល​សហព័ន្ធ​បាន​បញ្ជាក់​ថា មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​នឹង​បន្ត​ដំណើរ​នៅ​ក្នុង​ទីក្រុង​នានា។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បង្ហាញដែរថា វា​អាស្រ័យ​ទៅ​លើ​រដ្ឋ​នីមួយៗ​ក្នុង​ការ​បញ្ជាក់​ថា​ខ្លួន​ចង់​ចាត់​វិធានការ​យ៉ាង​ដូចម្តេច។ តំបន់​ជាច្រើន​ដែល​មាន​ផល​ប៉ះពាល់​តិចតួច​នៅ​ក្នុង​ប្រទេស​ចង់​បន្ត​សកម្មភាព​ពាណិជ្ជកម្ម​ឡើងវិញ ខណៈ​តំបន់​ដែល​មាន​អត្រា​នៃ​ការ​ឆ្លងខ្ពស់​ចង់​បន្តការ​ដាក់​កំហិត​។​

ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដបាន​កើនឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ដែល​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ដល់​ប្រមាណ៨ម៉ឺននាក់ ហើយ​មនុស្ស​ជាង​២.៥០០នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ គិតត្រឹម​ថ្ងៃ​ទី១៤ ខែ​ឧសភា។

ការ​បិទ​សកម្មភាព​ប្រទេស​បាន​ជួយ​ឲ្យ​ការ​ឆ្លង​យឺត នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​ទី២​ក្នុង​ពិភពលោក។ ក្រុម​មន្ត្រី​ថ្លែងថា ទោះបី​ជា​ចំនួន​នៃ​អ្នកឆ្លង​បន្ត​កើនឡើង ការ​បិទ​សកម្មភាព​ប្រទេស​បានរារាំង​ការ​ផ្ទុះរាតត្បាតយ៉ាង​ខ្លាំងនៃ​ជំងឺ​នេះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​សុខាភិបាល​របស់​ឥណ្ឌា​ដែល​មិនបាន​ត្រៀម​លក្ខណៈ​ជា​មុន៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG