ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះនិយាយថា រដ្ឋាភិបាលឥណ្ឌាគ្រោងនឹងអនុញ្ញាតឲ្យឧស្សាហកម្មមួយចំនួន ដែលបានបិទដោយសារវិធានការបិទសកម្មភាពទូទាំងប្រទេសដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ អាចបើកសកម្មភាពផលិតកម្មរបស់ខ្លួនឡើងវិញនៅក្នុងសប្តាហ៍នេះ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានមួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រភពព័ត៌មានទាំងនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បន្ថែមទៀតថា ចំណាត់ការនេះធ្វើឡើងដើម្បីទប់ទល់នឹងផលប៉ះពាល់នៃវិធានការបិទប្រទេសទៅលើសេដ្ឋកិច្ចឥណ្ឌា។
វិធានការបិទប្រទេសរយៈពេល២១ថ្ងៃរបស់ឥណ្ឌា ដែលនឹងផុតកំណត់នៅក្នុងថ្ងៃអង្គារទី ១៤ ខែមេសានេះ ត្រូវគេរំពឹងថានឹងត្រូវរដ្ឋាភិបាលពន្យារបន្តទៀត។
ទីភ្នាក់ងារព័ត៌មាន Reuters និយាយថា ខ្លួនបានឃើញសំបុត្រមួយរបស់រដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌាដែលបានស្នើឲ្យមានដំណើរការផលិតកម្មឡើងវិញសម្រាប់វិស័យផលិតរថយន្ត រោងចក្រកាត់ដេរ ផលិតកម្មសម្ភារៈយោធា គ្រឿងអេឡិកត្រូនិកនិងវិស័យផ្សេងទៀត។
រដ្ឋាភិបាលឥណ្ឌាត្រូវគេរំពឹងថានឹងធ្វើសចក្តីសម្រេចនៅក្នុងសប្តាហ៍នេះ។
ប្រទេសឥណ្ឌាដែលមានប្រជាជនជាង១ពាន់លាននាក់ មានការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីចំនួន៩.២៤០ករណី និងការស្លាប់ពីជំងឺកូវីដ១៩ចំនួន៣៣១នាក់ មកត្រឹមថ្ងៃចន្ទនេះ នេះបើតាមទិន្នន័យសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក៕