ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ប្រាប់​អគ្គលេខា​ធិការ​ UN​ ​អំពី​គ្រាប់​បែក​គីមី


រូបឯកសារ៖ បុគ្គលិកនៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីនកម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ២០១៦​ បង្ហាញ​ពីទីតាំង​ដែលគ្រាប់​បែក​ចង្កោម​ត្រូវបាន​កម្ទេច​ នៅ​ឃុំ​ជីរោពីរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូង​ឃ្មុំ។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ បុគ្គលិកនៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីនកម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ២០១៦​ បង្ហាញ​ពីទីតាំង​ដែលគ្រាប់​បែក​ចង្កោម​ត្រូវបាន​កម្ទេច​ នៅ​ឃុំ​ជីរោពីរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូង​ឃ្មុំ។​ (ហ៊ុល រស្មី/VOA)

ខណៈ​ប្រទេស​ចិន​បាន​ប្រកាស​ថា​ជួយ​កម្ពុជា​ក្នុង​ការ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​លោក​ ​ហ៊ុន សែន​ ​បាន​រាយការណ៍​ដល់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោកអាន់ តូញ៉ូ ហ្គុយ​តេរេស ​(Antonio Guterres)​ ​ថា​ ​ប្រទេសកម្ពុជា​ ​បាន​រក​ឃើញ​គ្រាប់​បែក​គីមី​ ដែល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់ក្នុង​ចុង​ទសវត្សរ៍​១៩៦០​ និង​ដើម​ទសវត្សរ៍​១៩៧០។​ ​នេះ​បើយោង​តាម​សារ​ជូន​ដំណឹង​មួយ​ដែល​បង្ហោះលើ​ទំព័រហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​ កាល​ពីថ្ងៃ​អង្គារ។​

សារ​ជូនដំណឹង​លើ​ទំព័រ​ហ្វេសប៊ុក​លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ឲ្យដឹង​ក្នុង​ន័យដើម​ថា៖ «​ថ្មីៗ​នេះ​កម្ពុជា​បាន​រក​ឃើញ​នូវ​គ្រាប់​បែក​គីមី​ក្នុង​ទឹកដី​កម្ពុជា ដែល​អាមេរិក​ទម្លាក់​ចុង​ទស្សវត្ស​ទី៦០ និង​ដើម​ទស្សវត្ស៧០ ដែល​រយៈពេល​ប្រមាណ​៤០ឆ្នាំ​នេះ ពលរដ្ឋ​កម្ពុជា​បាន និង​កំពុង​រង​គ្រោះ​ដោយ​ឥទ្ធិពល​របស់វា»។

លោក​ ហ៊ុន សែន​ ​បាន​លើក​ឡើង​ថា ​កម្ពុជា​ក៏​បាន​ធ្វើ​លិខិត​ផ្លូវ​ការ​បញ្ជូន​ទៅ​កាន់​អង្គការ​អន្តរជាតិ​ផ្នែក​អាវុធ​គីមី ​ហើយ​ដើម្បី​ជួយ​កម្ពុជា។​

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក អាន់តូញ៉ូ ហ្គុយតេរេស​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នៃ​ការ​រក​ឃើញ​អាវុធគីមី​របស់​អាមេរិក​នោះ​ទេ ប៉ុន្តែ​បាន​ឆ្លើយ​តប​នឹង​ការ​ដោះគ្រាប់មីន ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ទូទៅ។ នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យលោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

កិច្ច​សន្ទនា​គ្នា​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ ​កើត​មាន​ឡើង​មួយថ្ងៃ​ក្រោយ​ជំនួប​ទេ្វភាគីរបស់​លោក​ ​ហ៊ុន សែន​ ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​ លោក​ ​លី ខឺ​ឈាង​ ​(Li Keqiang)​ ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ដែល​បាន​ធ្វើ​ជាម្ចាស់​ផ្ទះនៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០១៧នេះ។ ​លោក​ ​លី​ ​បានថ្លែង​ថា​ការ​ដោះមីន​ ​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​សកម្ម​ភាព​អាទិភាព​ដ៏​សំខាន់មួយ​របស់​រដ្ឋាភិបាល​ចិន​ ​ក្នុង​ការ​ជួយ​ប្រទេស​នា​នា​ ​ដែល​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​នេះ។​ នេះ​បើ​យោង​តាម​សារ​ជូនដំណឹង​ដែល​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​លោក​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា ឆ្នាំ​២០១៧។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​អំពី​ជំហរ​ចិន​ក្នុង​បញ្ហា​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ តាម​ន័យ​ដើម​ថា៖ «​មិត្ត​ចិន​សន្យា​ថា​ នឹង​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​បោស​សម្អាត​មីន​និង​យុទ្ធភ័ណ្ឌ មិនទាន់​ផ្ទុះ​ឱ្យ​បាន​ឆាប់រហ័ស​ និងស្នើឱ្យស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរធ្វើ​ការ​ពិភាក្សា​លើ​ទិដ្ឋភាព​ជាក់ស្តែង ​ហើយ​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ទាំងពីរ​ពិនិត្យ​និង​សម្រេច​ឱ្យ​បាន​មុន​ពេល​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយក​រដ្ឋ​មន្រ្តី​ចិន​នៅ​កម្ពុជា​នាពេល​ខាងមុខ​នេះ»។

VOA ព្យាយាម​សុំការ​អធិប្បាយ​ពី​អ្នក​នាំពាក្យ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​មក​ដល់​រសៀល​ថ្ងៃ​ពុធនេះ។

​នៅ​ដើម​ខែ​នេះ​ ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ ​សហរដ្ឋ​អាមេរិក​នឹង​បញ្ចប់​ជំនួយ​សម្រាប់​ប្រតិបត្តិការដោះ​មីន​នៅ​កម្ពុជា​ទៅ​ឱ្យ​មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ​(CMAC)​ ​ត្រឹម​ឆ្នាំ​២០១៧​ ក៏​ប៉ុន្តែ​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា​តាម​មូលដ្ឋាន​ប្រកួត​ប្រជែង​ ​ដើម្បី​បោសសម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ។

លោក​ ​D​avid Josar​ ​អ្នក​នាំពាក្យ​របស់​ស្ថានទូតអាមេរិក ​បាន​បញ្ជាក់ VOA ឲ្យ​ដឹង​តាម​សារអេឡិច​ត្រូនិក​ ឬ​ Email កាលពី​ដើម​ខែ​នេះថា​ ​សហ​រដ្ឋ​អាមេរិក​នៅ​បន្ត​ប្តេជ្ញា​យ៉ាង​ខ្លាំងក្លា​ចំពោះ​ភាព​ជា​ដៃ​គូ​របស់​អាមេរិក​ជាមួយ​ប្រជាជន​កម្ពុជា​ ​នៅ​ក្នុង​ការ​គាំទ្រ​គោលដៅ​របស់​ប្រជាជន​កម្ពុជា​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ពួក​គេ​ ​រួចផុត​ពី​ផល​ប៉ះពាល់​នៃ​គ្រាប់​មីន​នៅ​ត្រឹម​ ​២០២៥​ ​ក៏​ដូច​ជា​សម្រេច​ឲ្យ​បាន​គោលដៅ​រួម​គ្នា​របស់​អាមេរិក​នៃ​ការ​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​មាន​ប្រភព​ចេញ​ពី​សហរដ្ឋ​អាមេរិក។​

​VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ហេង រតនា​ ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​ស៊ីម៉ាក់​ (CMAC) តែ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

ទាក់​ទិន​នឹង​ការ​រាយការណ៍​របស់​កម្ពុជា​អំពី​វត្តមាន​នៃ​គ្រាប់​បែក​គីមី​នៅ​កម្ពុជា​ទៅ​កាន់​អង្គការ​សហប្រជាជាតិ លោក​ ​David Josar អ្នកនាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា​ ស្ថាន​ទូត​បាន​ដឹង​អំពី​លិខិត​របស់​រដ្ឋាភិបាល​កម្ពុជា​ ផ្ញើ​ទៅកាន់​អង្គការ​ហាម​ឃាត់​អាវុធ​គីមី ហៅកាត់​ថា OPCW។ លោក David​ ​បាន​ថ្លែងបញ្ជាក់​ក្នុង​ន័យ​ដើម​តាម​សារ​អេឡិចត្រូនិក​ថា៖​

​«យើង​ស្វាគមន៍​អ្នក​ជំនាញ​បច្ចេកទេស​របស់​ពួកគេ។​ ​ស្ថានទូត​នៅ​រក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមបេសកកម្ម​អាមេរិក​នៅ​អង្គការ​ហាម​ឃាត់​អាវុធ​គីមី ស្ថិត​ក្នុង​ទីក្រុង​ឡាអេ​ ​(The Hague)​ និង​នៅ​រដ្ឋធានី​ Washington ​សម្រាប់​ជំហាន​បន្ត​បន្ទាប់​ទៀត​ ក្នុង​ដំណើរការ​របស់អង្គការ​ហាម​ឃាត់​អាវុធ​គីមីនេះ»។

ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ គឺ​លោក​ ​William Heidt​ ​ធ្លាប់​បាន​បញ្ជាក់កន្លង​ទៅ​ថា​ ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ជាង​១៦០​លាន​ដុល្លារ​ ​ក្នុង​រយៈ​ពេលជាង​២០​ឆ្នាំ​កន្លង​ទៅ​នេះ​ ​សម្រាប់​គម្រោង​បោស​សម្អាត​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ​ ​រដ្ឋា​ភិបាល​អាមេរិក​ក៏​បាន​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ដល់​កម្ពុជា​ ​ដោយ​ផ្តោត​លើ​វិស័យ​យោធា​ ​ពាណិជ្ជ​កម្ម​ ​កសិកម្ម​ ​សេដ្ឋកិច្ច​ ​និង​អប់រំ​ជាដើម។​

ប្រទេស​ចិន​ ក៏ត្រូវ​គេដឹងថា​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​កម្ពុជា​ខាង​សេដ្ឋកិច្ច​ និង​យោធា។

ក្នុង​ជំនួបថ្មីៗ​រវាង​លោក​ ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​ចិន​ លោក​ ​លី ខឺ​ឈាង (Li Keqiang)​ នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូលអាស៊ាន​ ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ភាគី​ចិន​បាន​សន្យា​ថា​នឹង​ខិតខំប្រឹង​ប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​មាន​ការកសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សីហនុ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា។​ ភាគីចិន​សន្យា​ថា​ ខ្លួននឹងធ្វើ​ឲ្យ​ការ​កសាង​ផ្លូវនេះ​ បាន​សម្រច​ឆាប់​រហ័ស​ ដើម្បី​ចូលរួម​វិភាគទាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​លើក​តម្កើង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា។​ នេះ​បើយោង​តាម​សារ​ជូនដំណឹង​ដែល​បង្ហោះ​លើ​ទំព័រហ្វេស​ប៊ុក​លោក​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃច័ន្ទ​កន្លងទៅ។​

អ្នក​វិភាគ​បានសង្ស័យ​ថា​ ការ​សើរើ​បញ្ហា​គ្រាប់​បែក​ ​ឬ​អាវុធគីមី​នៅពេល​នេះ​ ​គឺ​មាន​ការ​ជាប់​ទាក់​ទិនបញ្ហា​នយោបាយ​នៅ​កម្ពុជា​ ​និង​បញ្ហារកាំ​រកូស​នៃ​ចំណង​ការ​ទូត​កម្ពុជា ​អាមេរិក ដែល​មិន​ព្រម​ទម្លាក់​ចោល​បំណុល​រាប់​រយលាន​ដុល្លារ​អាមេរិក​ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​ខ្លួន​ក្នុង​របប​សាធារណ​រដ្ឋដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ​ លន់ នល់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG