ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​បរទេស​សរសើរ​កេរដំណែល​របស់​លោក Jimmy Carter


រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter ក្នុង​អំឡុង​ពេល​មហោស្រព​ភាពយន្ត​អន្តរជាតិ Toronto International Film Festival ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០០៧ នៅ​ទីក្រុងToronto។
រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter ក្នុង​អំឡុង​ពេល​មហោស្រព​ភាពយន្ត​អន្តរជាតិ Toronto International Film Festival ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០០៧ នៅ​ទីក្រុងToronto។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​បណ្ដា​អតីត​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​បាន​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Jimmy Carter ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​អាទិត្យ​ក្នុង​អាយុ ១០០ ឆ្នាំ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Biden បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​សេតវិមាន​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា៖ «អាមេរិក​និង​ពិភពលោក​បាន​បាត់បង់​មេដឹកនាំ​ដ៏​អស្ចារ្យ​មួយ​រូប​ដែល​ជា​រដ្ឋ​បុរស​និង​ជា​អ្នក​មនុស្សធម៌»។

លោក Biden បាន​បន្ថែម​ក្នុង​ពេល​ក្រោយមក​ពេល​លោក​ថ្លែង​តាម​ទូរទស្សន៍​ថា​ លោក Carter «រស់នៅ​តាម​របៀប​មួយ​ដែល​លោក​ដឹកនាំ​ជីវិត​តាម​ទង្វើ​របស់​លោក មិនមែន​តាម​ពាក្យ​សម្តី​នោះទេ»។

ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Donald Trump បាន​បញ្ជាក់​តាម​បណ្ដាញ​សង្គម​អនឡាញ​ថា៖ «បញ្ហា​ដែល​លោក Jimmy [Carter] ប្រឈម​ក្នុង​នាម​ជា​ប្រធានាធិបតី​គឺ​កើតឡើង​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​របស់​យើង ហើយ​លោក​បាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​លោក​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ប្រសើរ​ឡើង»។

អតីត​ប្រធានាធិបតី​អាមេរិក​លោក Bill Clinton ថា​លោក Carter «ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ពិភពលោក​មួយ​ដែល​មាន​ភាព​ប្រសើរ​និង​យុត្តិធម៌​ជាងមុន»។

រីឯ​អតីត​ប្រធានាធិបតី​អាមេរិក​លោក George W. Bush វិញ​បាន​និយាយ​ថា​លោក Carter «ធ្វើឲ្យ​មុខ​តំណែង​ប្រធានាធិបតី​មាន​សេចក្តី​ថ្លៃថ្នូរ ហើយ​ការ​ខិតខំ​របស់​លោក​ដើម្បី​បន្សល់ទុក​នូវ​ពិភពលោក​មួយ​ដ៏​ប្រសើរ​ជាងមុន​មិន​បាន​បញ្ចប់​ត្រឹម​អាណត្តិ​លោក​ជា​ប្រធានាធិបតី​នោះ​ទេ»។

ចំណែកឯ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama វិញ​បាន​សរសើរ​លោក Carter ថា​បាន​បង្រៀន «ពួកយើង​ទាំងអស់​គ្នា​អំពី​អត្ថន័យ​ក្នុង​ការ​រស់នៅ​ដោយ​ភាព​សមរម្យ សេចក្តី​ថ្លៃថ្នូរ យុត្តិធម៌ និង​ការ​បម្រើ»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​បញ្ជាក់​ថា លោក Carter នឹង​ត្រូវ​បាន​ចងចាំ «ចំពោះ​សាមគ្គីភាព​របស់​លោក​ជាមួយ​ជន​ងាយ​រងគ្រោះ ភាព​គួរសម​ដែល​លោក​ប្រកាន់​ខ្ជាប់ និង​ជំនឿ​ឥត​ងាករេ​របស់​លោក​លើ​អំពើ​ល្អ​សម្រាប់​មនុស្សជាតិ​ទូទៅ»។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​កត់សម្គាល់​ថា​ការងារ​របស់​លោក Carter ជាមួយ​អង្គការ​ផ្ទាល់ខ្លួន​របស់​លោក​ដែល​លោក​បាន​បង្កើត​នៅ​ក្រោយ​អាណត្តិ​ជា​ប្រធានាធិបតី «បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​មិន​អស់​និង​បាន​ជួយ​ធ្វើឲ្យ​ជំងឺ​ក្នុង​តំបន់​ត្រូពិក​ជាច្រើន​ដែល​គ្មាន​ការ​យកចិត្ត​ទុកដាក់​ស្ទើរតែ​បាត់​អស់»។

រីឯ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​អ្នកស្រី Ursula von der Leyen វិញ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បន្ត «កេរដំណែល​ដ៏​ឧដុង្គឧត្តម» របស់​លោក Carter ដោយ​ថ្លែង​ថា៖ «ការងារ​របស់​លោក Carter បាន​ជំរុញ​សន្តិភាព សុខភាព និង​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក។ លោក​នឹង​ត្រូវ​បាន​ចងចាំ​ចំពោះ​ភាព​ជា​អ្នក​ដឹកនាំ​ផ្នែក​សីលធម៌​របស់​លោក»។

ចំណែកឯ​មេដឹកនាំ​ចិន​លោក Xi Jinping វិញ​ថា លោក Carter «បាន​រួមចំណែក​យ៉ាង​ធំធេង​ជា​យូរ​មក​ហើយ​ចំពោះ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន និង​ការ​ជំរុញ​ការ​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​បែប​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ»។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ CCTV របស់​ចិន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG