អ្នកតាមដានជំរុញឲ្យក្រសួងមហាផ្ទៃនិងរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងលើក្រុមមន្ត្រីនគរបាលដែលបានបាញ់រះជាច្រើនគ្រាប់លើរថយន្តមួយគ្រឿង ដោយបានបណ្តាលឲ្យពលរដ្ឋពីរនាក់រងរបួសធ្ងន់ ដោយសារតែសមត្ថកិច្ចបានកំណត់មុខសញ្ញាខុសថាជាក្រុមឧក្រិដ្ឋជនចាប់ជំរិតធ្វើដំណើរចេញពីខេត្តស្វាយរៀងមកកាន់រាជធានីភ្នំពេញ។
ក្រោយការបាញ់រះកាលពីចុងសប្តាហ៍មុននោះ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃអាទិត្យ បានបង្ក្រាបករណីចាប់ជំរិតជនជាតិចិនម្នាក់នៅក្រុងបាវិតនោះបានជោគជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១២ នាក់ ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក៏ប៉ុន្តែ អ្នកតាមដានបានចាត់ទុកថា ករណីនេះគឺជាការធ្វេសប្រហែសនៃការបំពេញការងាររបស់កងកម្លាំងសមត្ថកិច្ច ដែលបានបាញ់ចំពលរដ្ឋស្លូតត្រង់។ ពួកគេជំរុញឲ្យមានការផ្ទន្ទាទោសធ្ងន់ធ្ងរតាមផ្លូវច្បាប់ ដោយកុំយកលេស ឬយកតួនាទីមកបិទបាំង ដើម្បីរារាំងមិនឲ្យករណីបែបនេះកើតឡើងម្តងទៀត និងដើម្បីធ្វើឲ្យមន្ត្រីនគរបាលផ្សេងទៀតពង្រឹងសមត្ថភាព ការទទួលខុសត្រូវចំពោះតួនាទីនិងភារកិច្ចរបស់ខ្លួន នៅពេញចុះប្រត្តិបត្តិការបង្ក្រាបបទល្មើសផ្សេងៗទៀត នាពេលអនាគត។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន សាទរចំពោះករណីដែលសមត្ថកិច្ចបានចាប់ជនសង្ស័យដែលជាជនជាតិវៀតណាម ១២ នាក់ ក្នុងករណីចាប់ជំរិតក្នុងខេត្តស្វាយរៀងនោះ។ ដោយឡែក ក្នុងករណីសមត្ថកិច្ចវិនិច្ឆ័យខុសហើយបានបាញ់រះលើរថយន្តរបស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ១ នោះ លោកបានជំរុញឲ្យមានការអនុវត្តច្បាប់តឹងរ៉ឹងចំពោះមន្ត្រីពាក់ព័ន្ធដែលបានបាញ់រះលើប្រជាពលរដ្ឋ បើទោះបីជាមិនមានចេតនាក្តី ព្រោះវាបានបណ្តាលឲ្យពលរដ្ឋស្លូតត្រង់រងរបួសនិងភិតភ័យ។
លោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុកថា ករណីវិនិច្ឆ័យខុសដោយសមត្ថកិច្ចនេះជាភាព «ចន្លោះប្រហោង» នៃការបំពេញការងាររបស់សមត្ថកិច្ចនិងក្រសួងមហាផ្ទៃ ដោយសារពេលចុះបង្ក្រាបនិងឃាត់រថយន្តនោះ សមត្ថកិច្ចបានស្លៀកពាក់ស៊ីវិលដែលធ្វើឲ្យពលរដ្ឋមានការភិតភ័យ ព្រោះការស្លៀកពាក់ស៊ីវិលបែបនេះក៏ស្រដៀងនឹងករណីចោរប្លន់ដែលបានកើតឡើងកន្លងមក។ ដូច្នេះលោកជំរុញឲ្យក្រសួងមហាផ្ទៃត្រូវតែពង្រឹងវិន័យនិងត្រូវពិនិត្យលើឯកសណ្ឋានឲ្យត្រឹមត្រូវ ហើយមិនត្រូវប្រតិបត្តិការបង្ក្រាបដោយប្រថុយប្រថាន ដែលបណ្តាលឲ្យពលរដ្ឋរងគ្រោះបែបនេះនោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានវាយតម្លៃថា ក្រសួងមហាផ្ទៃគួរធ្វើកំណែទម្រង់បន្ថែមទៀត ដោយលើកហេតុផលថា កម្ពុជាមិនទាន់អាចប្រៀបធៀបជាមួយប្រទេសដទៃបាននៅឡើយទេ នៅពេលចុះប្រតិបត្តិការបង្ក្រាបម្តងៗ ដូចជាការប្រើប្រាស់សម្ភារៈ មធ្យោបាយធ្វើដំណើរ បច្ចេកទេសនិងជំនាញក្នុងការបង្ក្រាបបទល្មើសជាដើម។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់វីអូអេថា៖ «នៅក្នុងប្រទេសគេជឿនលឿន យើងឃើញហើយមានម៉ូតូប៉ូលិស មានឡានប៉ូលិសត្រឹមត្រូវ មានឯកសណ្ឋានត្រឹមត្រូវណាស់ ក្នុងការបង្ក្រាបករណីមួយៗ។ ហើយយើងទៅជួនកាល ស្លៀកពាក់ស៊ីវិល ហើយឡានអត់មានភ្លើងបើកសម្រាប់ឃាត់ ឈប់អីជាដើម។ អ៊ីចឹងពិបាកណាស់ ពិបាកនឹងមានការទុកចិត្ត»។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ក្នុងករណីដែលមិនមានការផ្តន្ទាទោសធ្ងន់ធ្ងរទេ នោះវានឹងធ្វើឲ្យមានករណីបែបនេះអាចកើតមានម្តងទៀត ឬអាចទៅជាករណីបំបិទមាត់លើក្រុមដែលមានគំនុំគុំកួន សកម្មជន និងអ្នកនយោបាយជំទាស់ជាដើម។
ប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ក៏ជំរុញឲ្យមានការផ្តន្ទាទោសលើមន្ត្រីនគរបាលឲ្យបានតឹងរ៉ឹងផងដែរ។ លោកបន្ថែមថា ករណីនេះគឺជាការសម្រេចចិត្តដោយបំពានច្បាប់ ព្រោះភាគីដែលសមត្ថកិច្ចដាក់ការសង្ស័យមិនបានផ្ទុះអាវុធនោះឡើយ។
លោក យង់ គិមអេង ថ្លែងថា៖ «អ៊ីចឹងបើយើងនិយាយអំពីការការពារខ្លួនដោយសមាមាត្រ អត់មានទេ។ ហើយម្យ៉ាងវិញទៀត គឺជាការបំពានច្បាប់ ដោយការសម្រេចចិត្តបាញ់ប្រហារបែបហ្នឹង។ ទោះបីថា នៅក្នុងនោះ ជនល្មើសក៏ដោយ [បើ]ជនល្មើសអត់មានអាវុធ អត់បានធ្វើការបាញ់តបត ក៏គាត់មិនត្រូវធ្វើការបាញ់តបតទៅលើជនល្មើសហ្នឹងដែរ។ គួររកវិធីដើម្បីឲ្យគេប្រគល់ខ្លួនឲ្យសមត្ថចកិច្ចចាប់ខ្លួនអ៊ីចឹងទៅ»។
ករណីផ្ទុះអាវុធនេះបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន។ បើតាមបណ្តាញព័ត៌មានក្នុងស្រុក ក្រុមនគរបាលព្រហ្មទណ្ឌប្រមាណ ៤ ទៅ ៥ នាក់ បានបាញ់រះជាច្រើនគ្រាប់លើរថយន្តរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តស្វាយរៀង មកភ្នំពេញ ត្រង់ចំណុច កអណ្តើក ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបានបណ្តាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
អាជ្ញាធរមានសមត្ថកិច្ចបានបំភ្លឺថា ការបំផ្ទុះអាវុធនាពេលនោះ គឺដោយសាររថយន្តម៉ាក់ស្តារិចពណ៌សនោះមានភិនភាគដូចគ្នានឹងរថយន្តជនល្មើសចាប់ជំរិតទារប្រាក់ ដែលកម្លាំងភ្នាក់ងារសម្ងាត់បានផ្តល់ជូន ហើយម្ចាស់រថយន្តមិនបានសហការជាមួយកងកម្លាំងមានសមត្ថកិច្ច។
ចំពោះមូលហេតុដែលឈានដល់ការផ្ទុះអាវុធនោះ សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្តដែលជាជនសង្ស័យបានបួងចង្កូត បើកគេចចេញពីកន្លែងកើតហេតុ នៅពេលនគរបាលប្រើឡានពីរគ្រឿងកាក់នៅពីមុខរថយន្តសង្ស័យនោះ លុះដល់ត្រង់ចំណុច កអណ្តើក ស្ថិតក្នុងស្រុកកំពង់ត្របែក សមត្ថកិច្ចបំផ្ទុះអាវុធក្នុងបំណងរារាំងរថយន្តមិនឲ្យធ្វើដំណើរគេចចេញ ដោយផ្លាតគ្រាប់ទៅត្រូវប្រជាពលរដ្ឋម្នាក់នៅក្បែរកន្លែងកើតហេតុឲ្យរបួសធ្ងន់ និងម្នាក់ទៀតនៅក្នុងរថយន្តរងរបួស។ នេះបើតាមសេចក្តីបំភ្លឺរបស់ស្នងការនគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី ២៨ ខែធ្នូ។
បើតាមសេចក្តីបំភ្លឺព័ត៌មានដដែលនោះ សមត្ថកិច្ចថាខ្លួនទទួលស្គាល់កំហុស និងបានទទួលខុសត្រូវទាំងស្រុងជុំវិញការផ្ទុះអាវុធនោះ ដោយបញ្ជាក់ថា៖ «កងកម្លាំងប្រតិបត្តិការមិនបានរត់គេចពីការទទួលខុសត្រូវឡើយ គឺនៅទីកន្លែងកើតហេតុរង់ចាំសហការពីកម្លាំងនគរបាលមូលដ្ឋានពេញលេញ និងបានខិតខំយកជនរងគ្រោះទាំងពីរទៅព្យាបាលយ៉ាងលឿននឹងយកចិត្តទុកដាក់ខ្ពស់»។
សមត្ថកិច្ចបានបញ្ជូនអ្នកពាក់ព័ន្ធករណីផ្ទុះអាវុធនេះទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តបន្តនីតិវិធី។ ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ថានឹងអនុវត្តនីតិវិធីបែបណាទៀតនោះទេ។
សមត្ថកិច្ចក៏មិនបានបញ្ជាក់អត្តសញ្ញាណនិងចំនួនពលរដ្ឋ ដែលបានជិះក្នុងរថយន្តស្តារិចពណ៌សដែលរងការបាញ់រះនោះថាមានប៉ុន្មាននាក់ផងដែរ។
ដោយឡែក រូបភាពនៃឧប្បតិហេតុនេះត្រូវបានចែកចាយតាមបណ្តាញសង្គម ហើយគេឃើញគ្រាប់កំាភ្លើងជាច្រើនគ្រាប់ត្រូវបានសមត្ថកិច្ចបាញ់សំដៅចូលក្នុងរថយន្ត និងកន្លែងអ្នកបើកបររថយន្តស្តារិចនោះ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃចន្ទ។
អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថាការណ៍ដែលមន្ត្រីនគរបាលអនុវត្តតួនាទីរបស់ខ្លួន ហើយឆ្លើយថាយល់ច្រឡំបែបនេះ គឺជារឿងគ្រោះថ្នាក់បំផុត។ លោកក៏ជំរុញឲ្យផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរ ដោយកុំប្រើលេស ឬតួនាទីជាមន្ត្រី។
លោកថ្លែងថា៖ «ចាត់វិធានការទៅលើបុគ្គល ឬជនដែលជាមន្ត្រីនគរបាល និងបក្ខពួកទាំងអស់ហ្នឹងទៅតាមនីតិវិធីរបស់តុលាការ ហើយគ្មានការយោគយល់ថា ដោយសារជាមន្ត្រីរបស់ស្នងការ [ឬ]អគ្គស្នងការអី គឺអត់អាចធ្វើអ៊ីចឹងបានទេ។ អ៊ីចឹងកាលណា យើងធ្វើបែបនេះ ដោយមិនមានការផ្តន្ទាទោសធ្ងន់ធ្ងរតាមផ្លូវច្បាប់ ហើយយើងមានការយោគយល់ យកលេស យកតួនាទីរបស់ខ្លួនធ្វើកិច្ចការងារហ្នឹង ហើយសម្រាលទោស ឬអត់បានផ្តន្ទាទោស វាធ្វើឲ្យអំពើបែបហ្នឹងចេះតែកើតមានឡើងបន្តទៀតនៅក្នុងសង្គមខ្មែរ»។
ជុំវិញករណីបាញ់រះនោះ ប្រជាពលរដ្ឋក៏មានការចែករំលែក និងការជជែកគ្នាផុសផុលតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ។
នៅលើទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ និងរបស់លោកស្នងការនគរបាលខេត្តព្រៃវែង គឺប្រជាពលរដ្ឋបានចូលទៅបញ្ចេញមតិក្នុងខ្ទង់ Comment ដោយចោទសួរសំណួរជាច្រើនដូចជា៖ «ហេតុអ្វីបានជាសមត្ថកិច្ចសម្រេចចិត្តបាញ់ ខណៈឡានដែលសង្ស័យនោះ មិនមានផ្ទុះអាវុធ? ចុះបើបាញ់ស្លាប់តើជីវិតគ្រួសាររងគ្រោះមានលក់ក្នុងទីផ្សារឬទេ? ធ្វើការដោយប្រើពាក្យថាច្រឡំ តើសាកសមដែរឬទេ?»
ចំណែកពលរដ្ឋផ្សេងទៀតបញ្ចេញមតិថា៖ «សមត្ថកិច្ចថា ឡានចាប់ជំរិត ឯជនរងគ្រោះថា មានគេប្លន់ ទើបភ័យជាដើម។ ពលរដ្ឋមួយចំនួនក៏បានបញ្ចេញមតិគាំទ្រថា នេះជាការបំពេញការងាររបស់កងកម្លាំង ដែលមិនមានចេតនាសម្លាប់មនុស្សនោះទេ»។
ដោយឡែក ជុំវិញការបង្ក្រាបលើករណីចាប់ជំរិតជនជាតិចិនម្នាក់នៅក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១២ នាក់ ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងនោះ អគ្គស្នងការនគរបាលជាតិមិនទាន់បញ្ជាក់បន្ថែមថា តើមកដល់ពេលនេះ ជនជាតិវៀតណាមទាំងនោះត្រូវបានចោទប្រកាន់ឬឃុំខ្លួនយ៉ាងណានោះទេ បើគិតត្រឹមពេលបញ្ចប់សេចក្តីរាយការណ៍នេះ៕
វេទិកាបញ្ចេញមតិ