អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter បានទទួលមរណភាពនៅអាយុ ១០០ ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ ហើយបានបន្សល់ទុកនូវកេរដំណែលនយោបាយមួយចំនួន ដូចជាកិច្ចព្រមព្រៀងសន្តិភាពរវាងអេហ្ស៊ីបនិងអ៊ីស្រាអែល និងការងារមនុស្សធម៌ដែលលោកបានធ្វើ ក្រោយចាកចេញពីសេតវិមាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក។
អ្នកឃ្លាំមើលនយោបាយនៅប្រទេសកម្ពុជាបានរំឭកឡើងវិញនូវការចងចាំរបស់ពួកគេលើកិច្ចការនយោបាយនិងការទូតលេចធ្លោមួយចំនួន ដែលអតីតប្រធានាធិបតីទី ៣៩ របស់សហរដ្ឋអាមេរិករូបនេះបានធ្វើ ក្នុងសម័យសង្គ្រាមត្រជាក់ចាប់ពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨១។
លោក អ៊ា សុផល ព្រឹទ្ធបុរសរងជាន់ខ្ពស់និងសាស្ត្រាចារ្យជំនួយប្រចាំសាលា Thunderbird School of Global Management នៃសាកលវិទ្យាល័យរដ្ឋ Arizona ប្រាប់វីអូអេតាមសារអ៊ីមែលមួយនៅថ្ងៃចន្ទថា ភាពជាប្រធានាធិបតីរបស់លោក Jimmy Carter ជារឿយៗត្រូវបានគេចងចាំចំពោះការយកចិត្តទុកដាក់របស់លោកលើបញ្ហាសិទ្ធិមនុស្ស និងកិច្ចការការទូត។ ជាមួយគ្នានោះដែរ រដ្ឋបាលរបស់លោកក៏បានប្រឈមនឹងបញ្ហាជាច្រើនក្នុងនោះរួមមានវិបត្តិចំណាប់ខ្មាំងអ៊ីរ៉ង់ និងផលវិបាកក្នុងវិស័យសេដ្ឋកិច្ច។ ក៏ប៉ុន្តែការផ្តោតយ៉ាងសំខាន់របស់លោក Carter គឺបញ្ហាមនុស្សធម៌ជាសាកល ដែលជាកេរដំណែលដ៏យូរអង្វែងរបស់អតីតប្រធានាធិបតីរូបនេះ។
លោក អ៊ា សុផល បានផ្តល់ការអត្ថាធិប្បាយតាមសារអ៊ីមែលជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាខេមរភាសាក្នុងអត្ថន័យដើមថា៖ «កិច្ចការរបស់គាត់ក្រោយការកាន់តំណែងជាប្រធានាធិបតីតាមរយៈមជ្ឈមណ្ឌល Carter បានលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់គាត់ ជាអ្នកតស៊ូមតិសាកលសម្រាប់សន្តិភាព ប្រជាធិបតេយ្យ និងសុខភាពសាធារណៈ»។
បើតាមលោក អ៊ា សុផល ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីលោក Carter បានផ្តោតលើបរិបទយ៉ាងទូលំទូលាយលើសង្គ្រាមត្រជាក់ ដែលមានឥទ្ធិពលលើប្រទេសកម្ពុជាផងដែរ។ លោកបានឲ្យដឹងទៀតថា ខណៈរដ្ឋបាលរបស់លោក Carter ប្រកាន់ជំហរតឹងរ៉ឹងជាមួយអំពើឃោរឃៅរបស់ខ្មែរក្រហម រយៈពេលលោកជាប្រធានាធិបតីក៏បានកើតឡើងជាមួយគ្នានឹងភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានការឈ្លានពានរបស់វៀតណាមនៅកម្ពុជាកាលពីឆ្នាំ ១៩៧៩។
លោក អ៊ា សុផល បានផ្តល់ការអត្ថាធិប្បាយបន្ថែមថា៖ «រដ្ឋបាលរបស់លោកបានធ្វើការតាមរយៈអង្គការសហប្រជាជាតិថ្កោលទោសខ្មែរក្រហម ខណៈប្រឈមនឹងការរិះគន់ចំពោះការគាំទ្រក្រុមចម្រុះដែលរាប់បញ្ចូលទាំងក្រុមខ្មែរក្រហម ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមមកលើប្រទេសកម្ពុជា»។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter ធ្លាប់ជាកសិករដាំសណ្តែកដីនិងអភិបាលរដ្ឋ Georgia មុននឹងលោកបានក្លាយជាប្រធានាធិបតីនៅឆ្នាំ ១៩៧៧។
នៅពេលដែលលោក Carter បានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ១៩៧៧ លោកបានសន្យាបង្កើត«រដ្ឋាភិបាលមួយដែលល្អដូចជាពលរដ្ឋខ្លួន»។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់វីអូអេថា លោក Jimmy Carter បានបន្សល់ស្នាដៃជាច្រើន បើទោះបីលោកបានកាន់តំណែងប្រធានាធិបតីអាមេរិកតែមួយអាណត្តិក្តី។ លោកបន្ថែមថា ការស្លាប់របស់លោក Carter គឺជាការបាត់បង់ធនធានរបស់មនុស្សជាតិ ពោលគឺមិនមែនតែសម្រាប់ពលរដ្ឋនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា៖ «វាជារឿងសោកស្តាយ ហើយជាការបាត់បង់ធនធានមនុស្សជាតិ មិនមែនតែសម្រាប់ប្រជាពលរដ្ឋអាមេរិកទេ គឺពេញពិភពលោកទាំងមូល។ លោកបានបន្សល់ស្នាដៃច្រើននៅក្នុងឆាកនយោបាយ នៅក្នុងជីវិតនយោបាយរបស់លោក។ ហើយខ្ញុំជឿថា ប្រជាពលរដ្ឋអាមេរិកាំង ក៏ដូចប្រជាពលរដ្ឋក្នុងសាកលលោកដែលធ្លាប់ពាក់ព័ន្ធ ហើយបានទទួលផលប្រយោជន៍ពីលោកហ្នឹង ក៏ច្បាស់ជាមានការសោកស្តាយចំពោះរូបលោក ហើយក៏សម្តែងនូវការដឹងគុណដែរ»។
លោក Carter បានធ្វើកិច្ចការមនុស្សធម៌មួយចំនួនសម្រាប់ប្រទេសកម្ពុជា ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី។ នេះបើតាមឯកសារមួយចំនួនរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
នៅឆ្នាំ ១៩៧៩ គឺក្រោយការដួលរលំរបបខ្មែរក្រហម លោក Carter បានរក្សាការឃ្លាំមើលអំពីវិបត្តិខ្វះស្បៀងអាហារនៅប្រទេសកម្ពុជា។ ក្នុងលិខិតមួយផ្ញើជូនប្រធានគណៈកម្មការដោះស្រាយការអត់ឃ្លានសាកលលោក លោក Sol Linowitz លោក Carter បានស្នើឲ្យគណៈកម្មការនេះផ្តល់របាយការណ៍យូរៗម្តងជូនលោកអំពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តដោយភ្នាក់ងាររដ្ឋាភិបាលទាំងឡាយ និងអង្គការឯកជនអន្តរជាតិដើម្បីដោះស្រាយស្ថានភាពស្រែកឃ្លាន នៅប្រទេសកម្ពុជា។
ផ្នែកខ្លះនៃលិខិតចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៩ លោក Carter បានសរសេរថា៖ «ខ្ញុំចង់បានការធានាថា រាល់សកម្មភាពចាំបាច់ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ហើយការធ្វើដូច្នេះ យើងអាចកំណត់សញ្ញាណនៃការពន្យារពេលដែលអាចកើតមាន ឬបញ្ហាផ្សេងៗទៀតដែលអាចធ្វើឲ្យខូចកិច្ចខិតខំក្នុងការជួយសង្គ្រោះ»។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានចូលរួមរំលែកទុក្ខមរណភាពរបស់លោក Jimmy Carter ដែលមានអាយុវែងគួរឲ្យស្ងើចសរសើរ។ ទោះយ៉ាងណាក្តី លោកបានកត់សម្គាល់ថា លោក Carter ហាក់ដូចជាមិនបានធ្វើអ្វីជាដុំកំភួនជួយដល់ប្រទេសកម្ពុជានោះទេ ជាពិសេសក្នុងគ្រាដែលប្រជាជនកម្ពុជារងទុក្ខវេទនានាអំឡុងរបបខ្មែរក្រហម។
លោក សុខ ឥសាន ថ្លែងថា៖ «ខ្ញុំយល់ថា គ្រាន់តែខ្មែរក្រហមកាប់សម្លាប់ប្រជាជនជាងបីឆ្នាំនេះ គឺថា អន្តរជាតិជាពិសេសប្រទេសមហាអំណាចអត់មានបានធ្វើអីជួយដល់ទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជាទេ។ អាហ្នឹង យើងឃើញជាក់ស្តែង។ ខ្មែរក្រហមចូលគ្រប់គ្រង ចូលដឹកនាំប្រទេស តាំងពីឆ្នាំ៧៥មក រហូតដល់៧៩ គឺមហាអំណាចនានា ជាពិសេសប្រទេសដែលថាប្រជាធិបតេយ្យលោកខាងលិចអត់បានជួយអីទេ។ អត់បានជួយអីទេ កុំតែមានការរើបម្រាស់ពីអ្នកសេ្នហាជាតិរបស់គណបក្សប្រជាជនពីផ្ទៃក្នុងកម្ពុជា ហើយមានការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាមនេះ ខ្ញុំយល់ថា អាយុជីវិតប្រជាជនកម្ពុជាមិនអាចរស់នៅឋិតថេរដល់សព្វថ្ងៃនេះទេ»។
សម្រាប់លោក អ៊ា សុផល វិញ ដំណើរជីវិតរបស់លោក Jimmy Carter បានបង្រៀនមនុស្សជាតិអំពីអំណាចនៃការលះបង់ចំពោះបុព្វហេតុមនុស្សធម៌ ហើយសារសំខាន់នៃការដឹកនាំប្រកបដោយសីលធម៌។ ការផ្តោតរបស់លោកលើបញ្ហាសិទ្ធិមនុស្ស ទោះបីមិនមានប្រជាប្រិយភាពខ្លាំងខាងនយោបាយក្តី ក៏វាបានកំណត់ស្តង់ដាមួយសម្រាប់កិច្ចការទូតជាសាកល។
បន្ទាប់ពីការចាកចេញពីការិយាល័យប្រធានាធិបតី លោក Carter បានបង្ហាញឲ្យឃើញអំពីថា តើអតីតមេដឹកនាំជាច្រើនអាចធ្វើអ្វីបន្តទៀតដើម្បីរួមចំណែកដ៏គួរឲ្យមានអត្ថន័យសម្រាប់ប្រជាជន ជាពិសេសតាមរយៈកិច្ចការរបស់លោកលើការលុបបំបាត់ជំងឺ ការឃ្លាំមើលដំណើរការបោះឆ្នោត និងការប្រឹងប្រែងដើម្បីកសាងសន្តិភាព។ នេះបើតាមការវាយតម្លៃរបស់លោកសាស្ត្រាចារ្យ អ៊ា សុផល។
លោក អ៊ា សុផល បានបន្ថែមថា៖ «ការប្តេជ្ញារបស់លោក Carter ចំពោះការងារបានរំឭកយើងថា ភាពជាអ្នកដឹកនាំគឺវាហួសពីកន្លែងធ្វើការធម្មតា ហើយអាចមានផលប៉ះពាល់ជាវិជ្ជមានដ៏យូរអង្វែង»។
លោក Jimmy Carter មានអាយុវែងបំផុតក្នុងចំណោមប្រធានាធិបតីអាមេរិកផ្សេងៗ ហើយអាពាហ៍ពិពាហ៍ជាមួយភរិយាលោកគឺអ្នកស្រី Rosalynn Carter ក៏មានរយៈពេលយូរផងដែរ ដល់ទៅ ៧៦ ឆ្នាំ៕
វេទិកាបញ្ចេញមតិ