រដ្ឋាភិបាលរាជធានីភ្នំពេញរបស់នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានសម្រេចបង្កើត«ក្រុមការងារធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» ដែលនឹងបើកផ្លូវឲ្យមានការផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ ស្របតាមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតនៃសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីស្តីទី ដែល VOA បានទទួលនៅថ្ងៃពុធនេះ។
ការសម្រេចបង្កើតក្រុមការងារនេះបានធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន ត្រូវបានសារព័ត៌មានក្នុងស្រុកមួយរាយការណ៍ថា លោកបានប្រាប់ក្រុមមន្ត្រីរបស់លោកក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះថា លោកគ្រោងស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងអនុញ្ញាតឲ្យលោកមានលទ្ធភាពតែងតាំងមន្ត្រីត្រឹមថ្នាក់រដ្ឋលេខាធិការដោយផ្ទាល់ដោយមិនបានចាំបាច់រង់ចាំការផ្តល់សេចក្តីទុកចិត្តពីអង្គសភា។
លិខិតរបស់លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងពីសមាសភាពក្រុមមន្ត្រី១២រូប ដែលក្នុងនោះមានលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាននៃក្រុមការងារនោះ។
លិខិតនោះ បានសរសេរក្នុងន័យដើមថា៖
«ក្រុមការងារនេះមានភារកិច្ចជាសេនាធិការជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការបាច់ ស្របតាមមាត្រា១៥១ថ្មី មាត្រា១៥២ថ្មី និងមាត្រា១៥៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
យោងតាមលិខិតដដែលនោះ ក្រុមការងារនេះនឹងមានកិច្ចការងារសំខាន់ៗមួយចំនួន រួមមានការពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងសាស្ត្រាចារ្យជំនាញ តាមការចាំបាច់ អាចបង្កើតក្រុមលេខាធិការ ដើម្បីជួយកិច្ចការរបស់ខ្លួនតាមការចាំបាច់។ ក្រុមការងារនេះ ក៏ត្រូវស្នើសុំយោបល់ដឹកនាំ ណែនាំដោយផ្ទាល់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
VOA ព្យាយាមសុំការអធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ តែនៅមិនទាន់អាចទាក់ទងលោកបានទេ នៅថ្ងៃពុធនេះ។ ចំណែកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សុំមិនធ្វើការអធិប្បាយ ដោយហេតុថា កិច្ចការងារនេះ ហួសពីដែនសមត្ថកិច្ចរបស់លោក។
«ខ្ញុំគិតថា ប្រហែលជា អ៊ុំមិនៗត្រូវជាអ្នកដែលឆ្លើយរឿងហ្នឹងទេ ព្រោះកិច្ចការងារហ្នឹងធំណាស់ មិនមែនរបស់ក្រសួងមហាផ្ទៃទេ ណា៎ប្អូនណា៎»។
កាលពីថ្ងៃច័ន្ទកន្លងទៅ កាសែត«ខ្មែរថាមស៍» (Khmer Times) ដែលគេដឹងថា ស្និទ្ធនឹងរដ្ឋាភិបាលបាន ដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលចេញពីអង្គប្រជុំគណៈរដ្ឋមន្ត្រី។ លោក ហ៊ុន សែន បានឲ្យដឹងអំពីសេចក្តីស្នើវិសោធនកម្ម ដែលនឹងអនុញ្ញាតឲ្យមានការតែងតាំងមុខតំណែងរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យ ពោលគឺមិនចាំបាច់ទទួលបានការយល់ព្រមពីសភាជាតិនោះទេ។
ក៏ប៉ុន្តែ ការបង្កើតក្រុមការងារសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជានេះបានកើតឡើងជាងមួយឆ្នាំ បន្ទាប់ពីអតីតមេដឹកនាំគណបក្សប្រឆាំង និងនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានបង្ហើបឲ្យដឹងពីតម្រុយនៃការធ្វើវិសោធនកម្មនៃមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។
កាលពីខែសីហា ឆ្នាំ២០១៦ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់រូបលោកថា មាត្រា២នៃរដ្ឋធម្មនុញ្ញមានលក្ខណៈរឹតត្បិតដល់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់ផែនទីច្បាស់លាស់មួយសម្រាប់ការកំណត់ខណ្ឌសីមារបស់ប្រទេសកម្ពុជា។
កាលពីខែសីហាដដែលនោះ នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យធ្វើឡើងនៅឯវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែនបានបញ្ជាក់ពីភាពខុសគ្នានៃការប្រើប្រាស់ផែនទីខ្នាតផ្សេងៗគ្នា ដែលអាចនឹងតម្រូវឲ្យមានការកែប្រែខ្នាតផែនទី ដូចមានចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។
មាត្រា២នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងថា៖
«បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅឆ្នាំ១៩៦៣-១៩៦៩»។
ក្នុងការបកស្រាយច្បាប់រដ្ឋធម្មនុញ្ញ ឬការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកន្លងមក គណបក្សប្រជាជនកម្ពុជាបានសម្រេចដល់គោលដៅរបស់ខ្លួនជារឿយៗ ដោយសារតែគណបក្សនេះមានសំឡេងភាគច្រើនក្នុងសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។
កាលពីឆ្នាំ២០០៤ ការបោះឆ្នោតជាកញ្ចប់បានកើតឡើងតាមការបង្កើតច្បាប់រដ្ឋធម្មនុញ្ញបន្ថែមដ៏ចម្រូងចម្រាស។ អ្នកច្បាប់ខ្លះចាត់ទុកថា ការបោះឆ្នោតនោះខុសច្បាប់រដ្ឋធម្មនុញ្ញ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលតាមអំណាចតុលាការកំពូល បានប្រាប់ VOA តាមការឆ្លើយឆ្លងតាមសារអេឡិចត្រូនិករបស់បណ្តាញសង្គមហ្វេសប៊ុកថា ការបង្កើតក្រុមការងារដើម្បីធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺ«ជាគម្រោងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ តាមមហិច្ឆតាដែលខ្លួនចង់បាន បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ»។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ ដោយបានថ្លែងបញ្ជាក់ឡើងវិញអំពីការតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការថា នឹងធ្វើឡើងតាមព្រះរាជក្រឹត្យ ដែលនឹងមិនស្ថិតនៅក្នុងកញ្ចប់គណៈរដ្ឋមន្រ្តីក្នុងការស្នើសុំការអនុម័តពីរដ្ឋសភានោះទេ៕