ក្រុមវាគ្មិនបានទទូចដល់សមាជិកអង្គការសហប្រជាជតិ ឲ្យពិនិត្យមើលស្ថានការណ៍នយោបាយកម្ពុជាឡើងវិញ និងព្យួរអាសនៈកម្ពុជានៅឯអ.ស.បឲ្យនៅទំនេរ។ ការទទូចរបស់ក្រុមវាគ្មិនយ៉ាងដូច្នេះ ធ្វើឡើងក្នុងកម្មវិធីពិភាក្សាអំពីការធ្លាក់ចុះលទ្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប្រចាំអ.ស.បកាលពីថ្ងៃអង្គារ។
ដោយសារការធ្វើទុក្ខបុកម្នេញដល់ក្រុមជំទាស់ ការរឹតត្បិតក្រុមអង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មានឯករាជ្យមុនការបោះឆ្នោតឆ្នាំ២០១៨ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុននេះ បញ្ហាព្យួរអាសនៈកម្ពុជានៅឯអ.ស.ប បញ្ហាកោះប្រជុំប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស និងការដាក់បញ្ហាកម្ពុជាក្នុងរបៀបវារៈនៃកិច្ចប្រជុំមហាសន្និបាតរបស់អ.ស.ប នៅដើមឆ្នាំខាងមុខ គឺជាប្រធានបទដែលក្រុមវាគ្មិនបានទទូចដល់សមាជិកអ.ស.ប យ៉ាងតិច១៩៣ ប្រទេសគិតគូរ។
កញ្ញា កឹម មនោវិទ្យា ជាអគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ និងជាកូនស្រីលោក កឹម សុខា ហើយជាវាគ្មិនម្នាក់ក្នុងចំណោមបីនាក់ បានថ្លែងថាសមាជិកអ.ស.បទាំងមូល មានកាតព្វកិច្ចរក្សាតម្លៃរបស់ខ្លួននិងតម្លៃជាសាកលផងដែរ ដែលមិនត្រូវបណ្តោយឲ្យមានការបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធមនុស្សទេ។
«ទី១ ខ្ញុំសូមស្នើថា រដ្ឋជាសមាជិកនានាគាំទ្រឲ្យមានការដាក់បញ្ហាកម្ពុជាទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំមហាសន្និបាតអ.ស.ប នៅខែមករា ប្រសិនបើអាចធ្វើបាន។ទី២ ខ្ញុំសូមស្នើដល់បណ្តារដ្ឋជាសមាជិកជាពិសេសប្រទេសដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដាក់សំណើទៅកាន់លេខាធិការដ្ឋាន អ.ស.ប ដើម្បីឲ្យមានការបញ្ជូនក្រុមបេសកកម្មស្វែងរកការពិត ឬបេសកកម្មឃ្លាមើលមួយទៅកាន់ប្រទេសកម្ពុជា ដើម្បីវាយតម្លៃអំពីស្ថានការណ៍កម្ពុជា ហើយធ្វើការពិភាក្សាជាមួយអាជ្ញាធរកម្ពុជាទាក់ទងនឹងសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស។ ហើយទី៣ ខ្ញុំសូមស្នើថា រដ្ឋជាសមាជិកសូមធ្វើសំណើទីកាន់ស្ថានប័នអ.ស.បដើម្បីឲ្យមានការត្រួតពិនិត្យមើលពីសមាជិកភាពរបស់កម្ពុជានៅក្នុងអ.ស.ប»។
ក្រោយពីបញ្ចប់កិច្ចពិភាក្សាកញ្ញា មនោវិទ្យា បានថ្លែងអះអាងបន្ថែមអំពីផលប៉ះពាល់របស់កម្ពុជា បើសិនជាអសនៈកម្ពុជានៅទំនេរ៖
«គឺប៉ះពាល់ទៅនឹងមុខមាត់ ប៉ះពាល់ទៅនឹងភាពស្របច្បាប់ ភាពត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិ អញ្ចឹងប៉ះពាល់ទៅដល់ទំនាក់ទំនងជាមួយប្រទេសផ្សេងៗនៅក្នុងពិភពលោក»។
កញ្ញា បានបន្តទៀតថា វាជាពេលវេលាដែលរដ្ឋជាសមាជិកអ.ស.ប ត្រូវមានសកម្មភាព ហើយជាជាងចេញជាសេចក្តីថ្លែងការណ៍ ដើម្បីធានាថាការបោះឆ្នោតមានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវ ហើយលទ្ធផលឆ្នោតមិនត្រូវគេលួចប្លន់ទៅចែកចាយ ផ្ទុយពីឆន្ទៈពលរដ្ឋទៀត។
លោក John Sifton នាយកផ្នែកតស៊ូមតិក្នុងតំបន់អាស៊ី នៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានរិះគន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថាបានរំលោភបំពានបំផ្លាញ និងបំភ័ន្រ្តមតិក្រុមប្រទេសហត្ថលេខី ដើម្បីបន្តកាន់អំណាចរបស់លោក ទោះបីជាអ.ស.បទាំងមូលមិនអាចចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មនៅឡើយលើបញ្ហាដែលកម្ពុជាមិនទាន់មានការគំរាមកំហែងដល់សន្តិភាព និងស្ថេរភាពតំបន់និងពិភពលោកក្តី តែរដ្ឋជាសមាជិកនានាអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចបាន ជាពិសេសប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
«សរុបទៅជាច្រើនទសវត្សរ៍តាំងពីឆ្នាំ១៩៩១ ទោះជាយ៉ាងណាក្តី លោក ហ៊ុន សែន បានគាំទ្រដ៏ទូលំទូលាយចំពោះប្រព័ន្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយគាំទ្រគំនិតនានា ដែលថាកម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យ។ តែដោយមានសេចក្តីថ្លែងការណ៍កាលពីឆ្នាំទៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានកន្លងហួសហើយ បានស្លាប់ទៅហើយនោះ ទំហំដ៏ធំនេះខ្ញុំឃើញយ៉ាងច្បាស់ក្រឡែតថា លោក ហ៊ុន សែន ត្រូវបង្ហាញថាគាត់គឺជាមេដឹកនាំប្រទេសតាមបែបផ្តាច់ការ ឯកបក្ស»។
លោក Sifton បានថ្លែងទៅកាន់តំណាងប្រទេសដែលបានចូលរួមក្នុងកិច្ចពិភាក្សាថាឲ្យធ្វើរបាយការណ៍ទៅកាន់រដ្ឋាភិបាលរបស់ពួកគេរៀងៗខ្លួនអំពីបញ្ហាកម្ពុជា និងគិតគូរពីកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប នៅខែមិនាខាងមុខ។
«ដូច្នេះចូរមើលលទ្ធិប្រជាធិបតេយ្យស្លាប់ តែវាអាចត្រូវធ្វើឲ្យរស់ឡើងវិញ។ ប្រទេសនានាដូចជាបារាំង ជប៉ុន និងប្រទេសផ្សេងៗទៀត ពិតជាត្រូវការងើបឡើង ហើយចូលរួមជាមួយនឹងប្រទេសពាក់ព័ន្ធដើម្បីលើកពីមូលហេតុពិតប្រាកដក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជាបែរចេញពីរបត់គ្រប់គ្រងផ្តាច់ការបែបនេះ»។
ការទទូចយ៉ាងដូច្នេះរបស់ក្រុមវាគ្មិន គឺដោយសារគណបក្សជំទាស់ត្រូវរំលាយ ក្រុមសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានមួយចំនួន ត្រូវរឹតត្បិត ហើយមេដឹកនាំក្រុមប្រឆាំងគឺលោក កឹម សុខា ត្រូវគេចាប់ឃុំឃាំងពីបទក្បត់ជាតិ ហើយមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានត្រូវគេចខ្លួនទៅក្រៅប្រទេស ពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ ដែលមានន័យថា ប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាត្រូវក្រុមវាគ្មិនលើកឡើងថា មានការរំលោភនិងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយនឹងនាំទៅដល់ការបោះឆ្នោតមួយ ដែលគ្មានលក្ខណៈសេរីនិងយុត្តិធម៌ទៀតផងនៅឆ្នាំ២០១៨ខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ ឆ្លើយតបនឹងគម្រោងពិភាក្សាអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យដែលរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនៅអង្គការសហប្រជាជាតិ (អ.ស.ប.) ឯកអគ្គរាជទូតខ្មែរ លោក ទុយ រី នៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាប្រចាំអ.ស.ប. បានប្រកាសតវ៉ាយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការពិភាក្សានេះ ដោយបានចោទប្រកាន់ថា ការពិភាក្សានេះមានចរិតនយោបាយ និងបង្កការភាន់ច្រឡំ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា ក្រៅពីការពារថាប្រជាធិបតេយ្យកម្ពុជាបានចាក់ឫសជ្រៅនោះ។
ក៏ប៉ុន្តែ នៅក្នុងវេទិកាពិភាក្សានេះ ក្រុមវាគ្មិនមិនយល់ស្របតាមការអះអាងរបស់មន្ត្រីកម្ពុជាទេ។
លោក ប៉ា ងួនទៀង គឺជានាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលជាវាគ្មិនមួយរូប។ លោកថា ការអះអាងរបស់រដ្ឋាភិបាលប្រាប់ពិភពលោកថា ការរំលាយ និងចាប់ខ្លួនលោក កឹម សុខា និងការបង្ក្រាបសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយកន្លងមក គឺជាអនុវត្តច្បាប់នោះ គឺមានគោលដៅបង្ក្រាបក្រុមប្រឆាំង សង្គមស៊ីវិល និងបណ្តាញព័ត៌មានតែប៉ុណ្ណោះ។
«ការរំលាយគណបក្សសង្គ្រោះជាតិ ការបង្ក្រាបក្រុមសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺជាការរំលោភលើការតាំងចិត្តរបស់រដ្ឋាភិបាលកម្ពុជាជាអន្តរជាតិដែលបានកត់ត្រាទុកនៅក្នុងពេលដែលចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ហើយក៏បានបំផ្លាញកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់សហគមន៍អន្តរជាតិ ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងការលើកកម្ពស់ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដែលជាកន្លែងដែលមានជំនួយរាប់ពាន់លានដុល្លារពីពលរដ្ឋអ្នកបង់ពន្ធមកពីប្រទេសជាច្រើនចាប់តាំងពីឆ្នាំ១៩៩២មក»។
អ្នកនាំពាក្យរងរបស់អ.ស.ប គឺលោក Farhan Haq បានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិចថា លោកអគ្គលេខាធិការអ.ស.ប António Guterres សម្តែងកង្វល់របស់លោកចំពោះការរឹតបន្តឹងលំហប្រជាធិបតេយ្យសម្រាប់គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ នឹងសង្គមស៊ីវិលមុនការបោះឆ្នោតឆ្នាំ២០១៨។
លោកថា អគ្គលេខាធិការអ.ស.បកំពុងតាមដានស្ថានការណ៍ក្នុងប្រទេសកម្ពុជា ហើយទទូចដល់ភាគីនយោបាយឲ្យមានកិច្ចពិភាក្សានយោបាយដើម្បីដោះស្រាយបញ្ហា។ ប្រទេសកម្ពុជាធ្លាប់ត្រូវអ.ស.បដាក់ឲ្យនៅទំនេរអាសនៈរបស់ខ្លួនចុងក្រោយកាលពីឆ្នាំ១៩៩៧ ក្រោយពីមានអំពើរដ្ឋប្រហារបណ្តេញព្រះអង្គម្ចាស់នរោត្តម រណ្ធឫទ្ធិ ជាអតីតនាយករដ្ឋមន្ត្រីទី១ ចេញពីអំណាច។
លោក Farhan Haq បានអះអាងថា លោកអគ្គលេខាធិការអ.ស.ប គ្មានតួនាទីក្នុងការផ្តល់អាសនៈ ឬព្យួរអាសនៈសមាជិកអ.ស.បទេ។ លោកពន្យល់ថា ការបណ្តេញចេញសមាជិកណាមួយពីអ.ស.ប គឺសម្រេចទៅលើមហាសន្និបាតអ.ស.ប ដែលមានការស្នើដោយក្រុមប្រឹក្សាសន្តិសុខអ.ស.ប ប្រសិនបើសមាជិកអ.ស.បណាមួយ រំលោភបំពានឥតឈប់ឈរលើគោលការណ៍ជាធរមានក្នុងធម្មនុញ្ញអ.ស.ប បច្ចុប្បន្ន។
ក្រៅពីមានការពិភាក្សាគ្នាក្រុមអ្នកការទូតមួយចំនួនមិនបានសួរដេញដោល ឬហ៊ាននិយាយជាមួយនឹងការស្នើសុំសម្ភាសន៍របស់ VOA ទេ តែបានអះអាងដោយមិនបញ្ចេញឈ្មោះថា ពួកគេនឹងរាយការណ៍ជូនទៅរដ្ឋាភិបាលរបស់ពួកគេដើម្បីឲ្យមានការសម្រេចចិត្តលើបញ្ហាកម្ពុជា។
លោក ហ៊ី សុភរិទ្ធ ( Hy Sopharith) នៃសមាគមខ្មែរអាមេរិកាំងបុរីញូវយ៉ក (New York City Cambodian American Association) ដែលបានចូលរួមស្តាប់ការពិភាក្សាអំពីស្ថានការណ៍នយោបាយកម្ពុជា បានថ្លែងថា អន្តរជាតិគេចង់ឃើញខ្មែរមានការរួបរួមគ្នាបញ្ឈប់ការកាប់សម្លាប់គ្នា ទម្លាក់គ្នាពីអំណាចដោយសង្គ្រាមដូចកាលពីអតីតកាល ដែលបង្កវិនាសកម្មខ្លាំង។
«ពិភពលោកទាំងមូលគេចង់ឲ្យខ្មែរយើងឈប់បង្ហូរឈាមគ្នា ដើម្បីឲ្យយើងទៅជាមនុស្សត្រឹមត្រូវ ដល់យើងបានទៅហើយ ហេតុអ្វីបានជាយើងត្រឡប់ទៅក្រោយវិញ»។
លោកថ្លែងដូច្នេះដោយយោងថា កម្ពុជាមិនព្រមគោរពតាមគោលការណ៍ប្រជាធិបតេយ្យ ដែលប្រទេសជាសមាជិកអ.ស.បបានព្រមព្រៀងជួយខ្មែរឲ្យមានសន្ធិសញ្ញាសន្តិភាពកាលពី២៦ឆ្នាំមុន។
លោក ស្ទេវិន រាជ អ្នកគាំទ្រគណបក្សជំទាស់មួយរូប នៅក្នុងបុរីញូវយ៉កបានថ្លែងប្រាប់ VOA ក្រោយពេលចូលរួមកិច្ចពិភាក្សាថា កិច្ចប្រជុំនេះមានសារៈសំខាន់ ដោយសារថាមានការជំរុញដល់ប្រទេសនានាឲ្យគិតគូរបញ្ហាកម្ពុជា ជាពិសេស ឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
«បើសិនជាគាត់គោរពច្បាប់អន្តរជាតិ យើងមានសង្ឃឹមថា គាត់នឹងសើររើឡើងវិញនូវការសម្រេចចិត្តរបស់គាត់ តែបើគាត់ធ្វើតាមរបបកុម្មុយនិស្ត គាត់មិនអាចធ្វើ ឲ្យយើងមានសង្ឃឹមច្រើនទេ»។
វេទិកានៅក្នុងស្ថានបេសកកម្មរបស់ស.រ.អាប្រចាំអ.ស.ប កាលពីថ្ងៃអង្គារកន្លងទៅ ដែលមានការសម្របសម្រួលដោយឯកអគ្គរដ្ឋទូតអាមេរិកទទួលបន្ទុកសេដ្ឋកិច្ចនិងសង្គមគឺ លោកស្រី Kelly Eckels-Curries ហើយនឹងមានការថ្លែងបើកសន្ទរកថាដោយឯកអគ្គរដ្ឋទូត Joanne Adamson ជាអនុប្រធានប្រតិភូរបស់សហភាពអឺរ៉ុបប្រចាំអ.ស.ប។ ក្រុមអ្នកការទូតប្រទេសទាំងពីរ និងក្រុមវាគ្មិនមកពីអង្គការសិទ្ធិមនុស្ស Human Rights Watch បានប្រកាសពីអព្យាក្រិតភាពរបស់ខ្លួនផងដែរ។
នៅក្នុងកិច្ចពិភាក្សានេះដែរ អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សរបស់អ.ស.ប. គឺលោកស្រី រ៉ូណា ស្មីត បានចូលរួមជាសេចក្តីថ្លែងការណ៍ផងដែរ ទោះជាមិនបានចូលរួមតាមប្រព័ន្ធ Teleconference ក្តី។ លោកស្រីបានទទូចដល់បណ្តាប្រទេសនានា ឲ្យលើកបញ្ហាកម្ពុជាជាមួយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យមានការផ្លាស់ប្តូរស្ថានការណ៍កម្ពុជាឡើងវិញ៕