ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បង្កើន​ឥទ្ធិពល​លើ​ពិភពលោក​តាមរយៈ​ភាព​ជា​ដៃគូ​ជាមួយ​រុស្ស៊ី​នៅ​ឆ្នាំ ២០២៤


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin (ស្តាំ) និង​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​និយាយគ្នា​នៅ​ក្នុង​កិច្ចប្រជុំកំពូល BRICS នៅ​ទីក្រុង Kazan ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin (ស្តាំ) និង​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​និយាយគ្នា​នៅ​ក្នុង​កិច្ចប្រជុំកំពូល BRICS នៅ​ទីក្រុង Kazan ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤។

នៅ​ឆ្នាំ ២០២៤ សកម្មភាព​សេដ្ឋកិច្ច​យឺតយ៉ាវ ភាព​អត់​ការងារ​ធ្វើ​ឥត​ថមថយ​ក្នុង​ចំណោម​យុវជន និងវិបត្តិ​អចលន​ទ្រព្យ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ចិន។ ប៉ុន្តែ​នៅ​ក្រៅ​ប្រទេស​វិញ រដ្ឋាភិបាល​ចិន​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី ទោះបីជា​មាន​ការ​ព្រមាន​ពី​បណ្ដា​មេដឹកនាំ​ក្រុម​បស្ចិម​ប្រទេស​ថា ​សម្ព័ន្ធភាព​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ជា​ប្រភព​នៃ​ក្ដី​បារម្ភ​កើនឡើង​ក៏ដោយ។

នៅ​ឆ្នាំ ២០២៤ ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ជួប​ពិភាក្សា​គ្នា​ទ្វេភាគី​ចំនួន ៣ លើក។ ជាង​នេះ​ទៀត យោធា​នៃ​ប្រទេស​ទាំងពីរ​ក៏​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាច្រើន​លើក​ច្រើន​សារ​នៅ​តាម​តំបន់​ផ្សេៗ​នៃ​ពិភពលោក​ផងដែរ។

អ្នកវិភាគ​បាន​និយាយ​ថា ទំនាក់ទំនង «គ្មាន​ដែន​កំណត់» ដែល​ចិន​និង​រុស្ស៊ី​បាន​ប្រកាស​មុន​ពេល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​នៅតែ​បន្ត​កើត​មាន​ដូច​អ្វី​ដែល​ពួកគេ​បាន​ប្រកាស ហើយ​ទំនាក់ទំនង​នេះ​មាន​ចាប់ពី​បញ្ហា​អ៊ុយក្រែន ទំនាក់ទំនង​នៃ​ក្រុម​ប្រទេស BRICS រហូត​ដល់​ចំណង​ទាក់ទង​សេដ្ឋកិច្ច​ទ្វេភាគី និង​ប្រព័ន្ធ​ពហុ​និយម។

លោក Philipp Ivanov អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​អង្គការ Asia Society បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ថា៖ «ការ​ទាក់ទង​គ្នា​ញឹកញាប់​នេះ​បង្ហាញ​ថា ប្រទេស​ទាំង​ពីរ​ផ្ដោត​លើ​ទំនាក់ទំនង​របស់​ពួកគេ ទោះបីជា​មាន​ឧបសគ្គ​និង​បញ្ហា​ជា​ច្រើន​ដែល​ពួកគេ​ត្រូវ​ដោះស្រាយ​ក៏ដោយ»។

ក្នុង​អំឡុង​នៃ​កិច្ច​ប្រជុំ​ទាំង​នោះ លោក Xi និង លោក Putin បាន​គូសបញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​របស់​ពួកគេ។

លោក Xi បាន​ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​លោក Putin នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា​ថា៖ «តាម​រយៈ​កិច្ច​ប្រឹងប្រែង​រួម​របស់​ភាគី​ទាំង​ពីរ ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​បាន​រីក​ចម្រើន​ទៅ​មុខ​ឥត​ឈប់ឈរ ដោយ​មាន​ការ​សម្រប​សម្រួល​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​ដ៏​ប្រសើរ​និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ការ​វិនិយោគ ថាមពល ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​ទាំង​នៅ​ថ្នាក់​ក្រោម​ជាតិ​និង​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​ទៀត»។

លោក Ivanov បាន​និយាយ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​បាន​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​បាន​ប្រាប់ VOA ថា៖ «រុស្ស៊ី​បាន​ក្លាយជា​ប្រទេស​ដែល​ពឹងពាក់​លើ​ចិន​ផ្នែក​ការ​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​និង​ឧបករណ៍​ផលិតកម្ម។ ចិន​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​បញ្ចុះ​តម្លៃ​ថាមពល​ដែល​រុស្ស៊ី​បាន​ផ្ដល់​ឲ្យ»។

ការ​លើក​កម្ពស់​របៀប​រៀបរយ​ពិភពលោក​ដែល​រង​ឥទ្ធិពល​ពី​មហា​អំណាច​ច្រើន

ចិន​និង​រុស្ស៊ី​ក៏​កំពុង​ព្យាយាម​លើកកម្ពស់​របៀប​រៀបរយ​ពិភពលោក​ដែល​រង​ឥទ្ធិពល​ពី​មហា​អំណាច​ច្រើន​បែប​ផ្សេង​ផងដែរ​ដើម្បី​តទល់​ជាមួយ​នឹង​ប្រព័ន្ធ​សាកលលោក​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ២០២៤។

ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​លើកកម្ពស់​របៀប​រៀបរយ​ពិភពលោក​បែប​នេះ​គឺ​តាម​រយៈ​ការ​ពង្រីក​សមាជិកភាព​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ (SCO) និង​ក្រុម​ប្រទេស BRICS។ ក្រុម​ប្រទេស BRICS កាលពី​ដំបូង​មាន​ប្រទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង​ជា​សមាជិក ហើយ​ក្រុម​ប្រទេស​នេះ​បាន​រីក​កាន់​តែ​ធំ​ដោយ​រួម​បញ្ចូល​ប្រទេស​ផ្សេង​ទៀត​ពី​ទ្វីប​អាហ្វ្រិក​និង​តំបន់​មជ្ឈិម​បូព៌ា។

នៅ​ឆ្នាំ ២០២៤ ប្រទេស​បេឡារុស​បាន​ក្លាយជា​ប្រទេស​ចុងក្រោយ​ដែល​ចូលរួម​ជាមួយ​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ (SCO) ហើយ​នៅ​ខែ​កក្កដា ឆ្នាំ ២០២៤ បេឡារុស​បាន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ចិន​នៅ​ជិត​ព្រំដែន​ប្រទេស​ប៉ូឡូញ​និង​អ៊ុយក្រែន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​តួកគី អាស៊ែបៃហ្សង់ និង​ម៉ាឡេស៊ី​ក៏​បាន​ស្នើសុំ​ចូលរួម​ជា​ផ្លូវការ​ជាមួយ​ក្រុម​ប្រទេស BRICSនេះ​ផងដែរ។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ការ​ជំរុញ​នេះ​ក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រទេស​ដែល​មាន​ឥទ្ធិពល​មធ្យម​ផងដែរ​ដូចជា​អេមីរ៉ាត​អារ៉ាប់រួម ឥណ្ឌូណេស៊ី និង​ប្រេស៊ីល។

អ្នកស្រី Sari Arho Havren អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Royal United Services Institute បាន​ថ្លែង​ថា៖ «[ប្រទេស​ទាំង​នេះ] យល់​ថា​ពួកគេ​អាច​បង្កើន​អំណាច​របស់​ខ្លួន​តាម​រយៈ​ការ​ចូលរួម​ជាមួយ​អង្គការ​ពហុភាគី​នានា​ដូចជា​ក្រុម​ប្រទេស BRICS និង​អង្គការ SCO ជាដើម ពីព្រោះ​ថា​ពួកគេ​អាចដើរ​តួនាទី​កាន់តែ​សំខាន់​នៅ​ក្នុង​អង្គការ​ទាំង​នេះ»។

ខណៈ​ដែល​ទស្សនៈ​ស្ដីពី​របៀប​រៀបរយ​ពិភពលោក​ដែល​រង​ឥទ្ធិពល​ពី​មហា​អំណាច​ច្រើន​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សំណាក់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ អ្នកស្រី Arho Havren បាន​និយាយ​ថា វា​បាន​ជួយ​ឲ្យ​ចិន​ពង្រឹង​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​បង្ហាញ​ថា​ខ្លួន​ជា «គំរូ​អភិបាលកិច្ច» សម្រាប់​បណ្ដា​ប្រទេស​ទាំងនោះ។

ទោះបីជា​ប្រទេស​កាន់តែ​ច្រើន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​ជាមួយ​នឹង​ស្ថាប័ន​ពហុ​ភាគី​នានា​ដូចជា​ក្រុម​ប្រទេស BRICS ជាដើម អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា ចិត្ត​គំនិត​របស់​ពួកគេ​ប្រហែល​ជា​មិន​ដូច​ទៅ​នឹង​របៀបវារៈ​របស់​ចិន​និង​រុស្ស៊ី​ក្នុង​ការ​ប្រឆាំង​នឹង​ក្រុម​បស្ចិម​ប្រទេស​នោះ​ទេ។

លោក Manoj Kewalramani ប្រធាន​កម្មវិធី​សិក្សា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Takshashila Institution ក្នុង​ប្រទេស​ឥណ្ឌា បាន​ប្រាប់ VOA កាលពី​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា​ថា៖ «ប្រទេស​ជាច្រើន​ចូលរួម​ក្នុង​ក្រុម​ប្រទេស BRICS ដោយសារតែ​ពួកគេ​មើល​ឃើញ​វា​ថា​ជា [វេទិកា​ដែល​ផ្ដល់​ឲ្យ​ពួកគេ] នូវ​សំឡេង​រួម​ដើម្បី​ចែក​រំលែក​ការ​ឈឺចាប់​របស់​ពួកគេ​ទាក់ទិន​នឹង​ការ​ខ្វះ​តំណាង​នៅ​ក្នុង​អភិបាលកិច្ច​ពិភពលោក​និង​លទ្ធភាព​ក្នុង​ការ​កំណត់​ក្បួនច្បាប់​សាកលលោក»។

ការ​កម្លា​រារាំង​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​អាមេរិក

ចិន​និង​រុស្ស៊ី​ក៏​បាន​ពង្រីក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នៅ​ឆ្នាំ ២០២៤ ផងដែរ ដោយ​បាន​ធ្វើ​សមយុទ្ធ​និង​ល្បាត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង តំបន់​អាកទិច សមុទ្រ​មេឌីទែរ៉ាណេ (Mediterranearn Sea) និង​សមុទ្រ​ជប៉ុន (Sea of Japan)។

លោក Ivanov នៃ​អង្គការ Asia Society បាន​ថ្លែង​ថា ចិន​និង​រុស្ស៊ី​កំពុង​ព្យាយាម​ប្រើ​ប្រាស់​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​នេះ​ដើម្បី «បង្ហាញ​ថា​ពួកគេ​មាន​សមត្ថភាព​យោធា​គ្រប់គ្រាន់​ដើម្បី​កម្លា​រារាំង​សហរដ្ឋ​អាមេរិក»។

ទោះបីជា​ចិន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី​នៅ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ក៏ដោយ ក៏​លោក Ivanov បាន​បញ្ជាក់​ថា ចិន​នៅតែ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ជា​ចម្បង​លើ​ការ​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​និង​ការ​ត្រៀមខ្លួន​សម្រាប់​សេណារីយ៉ូ​ដែល​អាច​កើតឡើង​ណាមួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​កោះ​តៃវ៉ាន់​និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង៕

XS
SM
MD
LG