ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​​ទទួល​ស្គាល់​បេក្ខជន​បី​រូប​សម្រាប់​តំណែង​ជា​អនុប្រធាន​ និង​សមាជិក​គ.ជ.ប


រូបឯកសារ៖ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់អំណាច​​លើកដៃ​អនុម័ត​​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)
រូបឯកសារ៖ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់អំណាច​​លើកដៃ​អនុម័ត​​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)

អតីត​សមាជិក​គ.ជ.ប​អះអាង​ថា​ សមាសភាព​ថ្មី​របស់​គ.ជ.ប​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជារាស្ត្រ​ដែល​បោះឆ្នោត​គំាទ្រ​គណបក្ស​ប្រឆាំង​នោះ​ឡើយ។​

សភាជាតិ​ខ្មែរ​ ដែល​គ្រប​ដណ្តប់​ដោយ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សម្រេច​ទទួល​យក​បេក្ខជន​ជា​អនុប្រធាន​ ​និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ចំនួន​បី​រូប​ ​ដើម្បី​ជំនួស​ក្រុម​មន្ត្រី​របស់​គ.ជ.ប​ មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​សុំ​លាលែង​ចេញ​ពី​តំណែង​កាល​ពី​ខែ​វិច្ឆិកា។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដែល​ VOA ​បាន​ទទួល​នៅ​ថ្ងៃ​អង្គារ​ ​និង​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​របស់​រដ្ឋសភា។

កាល​ពី​ចុង​ខែ​វិចិ្ឆកា​ ឆ្នាំ​២០១៧ លោក​ គួយ ប៊ុនរឿន​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​អនុប្រធាន​គ.ជ.ប​ ​និង​លោក​ រ៉ុង ឈុន​ ​និង​អ្នកស្រី តែ ម៉ានីរ៉ុង​ ដែល​ជា​សមាជិក​គ.ជ.ប​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ បាន​សុំ​លាលែង​ ក្រោយ​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង ដែល​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​បែងចែក​អាសនៈ​សភា​របស់​គណបក្ស​នយោបាយ​នេះ​ឡើង​វិញ​ទៅ​ឲ្យ​គណបក្ស​ផ្សេង។​ ពួកគេ​បាន​ផ្តល់ហេតុផល​ថា​ ការបែងចែក​អាសនៈ​សភា​របស់​គណបក្ស​ជាប់​ឆ្នោត​ទៅ​គណបក្ស​ដទៃ​នេះ​ គឺ​ជា​ទង្វើ​បំពាន​លើ​ឆន្ទៈ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ជាង​ បី​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ ដែល​បោះឆ្នោត​ជ្រើស​រើស​អ្នកតំណាង​ខ្លួន​ចេញ​ពី​គណបក្ស​ប្រឆាំង។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ចុះ​ថ្ងៃ​ទី​ ៥ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​រដ្ឋសភា​នឹង​ធ្វើ​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​បេក្ខជន​ទាំង​បី​រូប​នោះ​នៅ​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ខាង​មុខ​នេះ។​ បេក្ខជន​បី​រូប​នោះ​ រួមមាន​មាន​លោក​ នុត សុខុម​ មកពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​លោក ​ឌឹម សុវណ្ណារុំ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​លោក ​ហ៊ែល សារ៉ាត់​ មក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា។​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ ក៏​បាន​សម្រេច​នឹង​ធ្វើ​ការ​ប្រកាស​សុពលភាព​នៃ​តំណាងរាស្ត្រ​ថ្មី​ ១៦​រូប​ ​នៅ​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ​ដដែល​នោះ​ផង​ដែរ។​ ក្នុង​ចំណោម​តំណាងរាស្ត្រ​ថ្មី​នោះ​ គឺ​មាន​តំណាងរាស្ត្រ​មួយ​រូប​មក​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​គឺ​ លោក​ នុត​ សុខុម​ នឹងលាលែង​ពី​តួនាទី​ជា​តំណាងរាស្ត្រ​ ដើម្បី​ឡើង​កាន់​តំណែង​ជា​អនុប្រធាន​គ.ជ.ប​ ប្រសិន​បើ​សភា​ផ្តល់​សេចក្តី​ទុកចិត្ត។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ ឡេង​ ប៉េងឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋសភា។​

លោក​ ឡេង​ ប៉េង​ឡុង​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​ ​ឌឹម សុវណ្ណារុំ​ និង​លោក​ ហ៊ែល សារ៉ាត់​ នៅ​បន្ត​ជា​បេក្ខជន​សម្រាប់​តំណែង​សមាជិក​របស់​គ.ជ.ប​ដដែល។​ នៅ​ពេល​ VOA សួរ​លោក​ថា​ សមាសភាព​ថ្មី​ ​បាន​ទទួល​រង​ការ​រិះគន់​ថា​ បាន​ធ្វើ​ឲ្យ​ខូច​ទម្រង់​ដើម​របស់​ គ.ជ.ប​ ​លោក​ ឡេង​ ប៉េងឡុង​ មាន​ប្រសាសន៍​ថា សភា​បាន​កំពុង​ធ្វើ​ការ​ទៅ​តាមច្បាប់​ដែល​បានចែង​តែ​ប៉ុណ្ណោះ៖

«នៅ​ទី​នេះ​ គឺ​យើង​អនុវត្តន៍​តាម​ច្បាប់។​ អីចឹង​តាម​ច្បាប់​ថា​ នែ៎​ពេល​ដែល​គ.ជ.ប​លាលែង​ គណៈអចិន្ត្រៃយ៍​ត្រូវ​សម្របសម្រួល​ជាមួយ​គណបក្ស​ដែល​ពាក់ព័ន្ធ​ជាមួយ​គ.ជ.ប​ហ្នឹង​ ដើម្បី​រើស​អ្នក​ជំនួស​ គឺ​តែ​ប៉ុណ្ណឹង​ទេ​ ខាង​រដ្ឋសភា​ធ្វើការ​តែ​ប៉ុណ្ណឹង​ទេ។​ អត់​មាន​ អត់មាន​ ធ្វើ​ការ​អី​ក្រៅ​ទេ​បាទ»។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក ​ហង្ស​ ពុទ្ធា អ្នក​នាំ​ពាក្យ​របស់​គ.ជ.ប​នៅ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ តែ​នៅ​តែ​មិន​អាច​ទាក់ទង​បាន​ ព្រោះ​ទូរស័ព្ទ​លោក​រោទិ៍​តែ​ពុំ​មាន​អ្នក​ទទួល។​ លោក​ ទេព​ នីថា​ អគ្គលេខាធិការ​ គ.ជ.ប​ បដិសេធ​មិន​ផ្តល់​ក្តី​អធិប្បាយ​ ដោយ​បាន​ស្នើ​ឲ្យ​ VOA ​សួរ​ទៅ​លោក​ ហង្ស​ ពុទា្ធ​ វិញ​ដដែល។​

គ.ជ.ប​ ដែល​មាន​សមាសភាព​នៃ​ក្រុម​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ ក្រោយ​ការ​ចុះ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ ២០១៤​ ​ដើម្បី​បញ្ចប់​វិវាទ​នយោបាយ​នានា​ ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣។ កិច្ច​ព្រមព្រៀង​នយោបាយ​នោះ​ បាន​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​សង​ខាង​ រើស​សមាជិក​ខ្លួន​បួន​រូប​ម្ខាង​ និង​ឥស្សរជន​មួយ​រូប​ទៀត ដើម្បី​ធ្វើ​ជា​ប្រធាន​ដែល​ត្រូវ​ទទួលការ​ព្រមព្រៀង​រវាង​គណបក្ស​ទាំងពីរ។​ រូបមន្ត​នៃ​ការ​ជ្រើសរើស​នោះ​ ត្រូវ​គេ​ដឹង​ថា​ បួន-បួន-មួយ។​

លោក​ រ៉ុង​ ឈុន​ អតីត​ប្រធាន​សមាគមគ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ និង​ជា​អតីត​សមាជិក​គ.ជ.ប​ បាន​ប្រាប់​ VOA ថា​ ​សមាសភាព​មួយ​ចំនួន​នៃ​គ.ជ.ប​ ដែល​រើស​ចេញ​ពី​គណបក្ស​នយោបាយ​ដែល​មិន​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​ ​នឹង​មិន​បំពេញ​កិច្ចការ​របស់​ខ្លួន​ទៅ​តាម​សតិ​សម្បជញ្ញៈ​ និង​គោរព​តាម​ឆន្ទៈ​នយោបាយរបស់​អ្នក​បោះឆ្នោត​នោះ​ឡើយ។​

អតីត​សមាជិក​គ.ជ.ប.​រូប​នេះ​បញ្ជាក់​ថា៖

«គ.ជ.ប​ សមាសភាព​ថ្មី​ ជ្រើសរើស​ចេញពី​គណបក្ស​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ដែល​ទទួល​ប្រយោជន៍​ គេ​ថា​ យក​ពី​សង្គ្រោះជាតិ​ហ្នឹង​ ហើយ​យើង​គិត​ថា​ អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​គាំទ្រ​ ហើយ​ខ្លួន​ទទួល​យក​ យើង​គិត​ថា​ ការ​រើស​ចេញ​សមាសភាព​ពី​ប្រជាពលរដ្ឋ​មិន​គាំ​ទ្រ​ យើង​គិត​ថា​ វា​មិន​ល្អ​ទេ​បាទ»។

លោក​ រ៉ុង​ ឈុន​ បាន​ពន្យល់​បន្ថែម​ថា៖​

«វា​មិន​ល្អ​មាន​ន័យ​ថា​ ធ្វើ​ការងារ​អ្វីៗ​ វា​អា​ការណ៍​សម្រេច​ ឬ​មួយ​រៀបចំ​អ្វី​មួយ​ហ្នឹង​ វា​មិន​ទៅ​តាម​ឆន្ទៈ​របស់​ខ្លួន​ ពីព្រោះ​គា្រន់​ជា​ករណី​គេ​ថាលួងលោម​ ខ្លាច​បាត់​តំណែង​ បាន​តួនាទី​អី​របស់​ខ្លួន​ទៅ​ ពី​ព្រោះ​អា​ការណ៍​ដែល​បាន​តំណែង បាន​តួនាទី​ហ្នឹង​មិនមែន​ជា​ គេ​ថា​ មិនមែន​ឆន្ទៈ ប្រជាពលរដ្ឋអ្នក​ផ្តល់​ឲ្យ​ផង​ហ្នឹង​ មាន​ន័យ​ថា​ យក​របស់​ពី​សង្គ្រោះ​ជាតិ​ ទៅ​ហ្នឹង​បាទ»។​

យ៉ាង​ណា​មិញ​ គ.ជ.ប ​បាន​ថ្លែង​ការពារ ជំហរ​ដឹកនាំ​របស់​គ.ជ.ប​ថ្មី​នេះ​ថា​ ទោះ​ជា​សមាសភាព​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ​ ក៏​ត្រូវ​តែ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ស្រប​តាម​ច្បាប់​កំណត់។​ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២ ខែ​ធ្នូ​ គ.ជ.ប​ បាន​អះអាង​បន្ថែម​ថា​ គ្មាន​បុគ្គល​ណា​ សមាសភាព​ណា​ អង្គការ​ណា​ អង្គភាព​ណា​ បរទេស​ណា​ អាច​មក​ដាក់​សម្ពាធ​ ឬ​ប្រទាញ​ ​គ.ជ.ប​ ​ឲ្យ​អនុវត្តន៍​ប្រាសចាក​ពី​គតិ​ច្បាប់​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ​បាន​ឡើយ។​

លោក​ យឿង សុធារ៉ា​ មន្ត្រី​ច្បាប់ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ខុមហ្រ្វែល​ បាន​ប្រាប់​ ​VOA​ ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ សមាសភាព​ថ្មី​បី​រូប​របស់​គណៈកម្មាធិការ​នេះ ដែល​ចូល​ជំនួស​សមាសភាព​ចាស់​បី​រូប​របស់​គណបក្ស​ប្រឆាំង​ បាន​បង្ក​ក្តី​មន្ទិល​ពាក់ព័ន្ធ​នឹង​ឯករាជ្យភាព​របស់​គ.ជ.ប​ ​គ្រា​ដែល​គណបក្ស​ជំទាស់​ត្រូវ​បាន​រំលាយ​នៅ​សភាជាតិ​រួច​ទៅ​ហើយ​នោះ។​

ចំណែក​អ្នកវិភាគ​នយោបាយ​ បាន​ថ្លែង​កាល​ពី​ពេល​កន្លង​មក​ថា​ ការ​ចូល​មក​កាន់កាប់​អាសនៈ​របស់​គណបក្ស​ជាប់​ឆ្នោត​នៅ​រដ្ឋសភា​ពី​គណបក្ស​នយោបាយ​ដទៃ គ្រាន់តែ​ជា​ការ​បំពេញ​ទៅ​តាម​ច្បាប់​ទាំង​ឡាយដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ នៅមុន​ពេល​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ អ្នក​វិភាគ​និយាយ​ថា​ តំណាងរាស្ត្រ​ថ្មី​ទាំង​ឡាយ​នោះ​ ​មិនមែន​ជា​តំណាងរាស្ត្រ​ ដែល​បាន​ជ្រើសរើស​តាម​ការ​បោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ហើយ​ការណ៍​នោះ​ក៏​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង​ដែរ។​

វាក្យខ័ណ្ឌ​ទី​មួយនៃ​មាត្រា​៧៦​របស់​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ថា៖​ «រដ្ឋសភា​មាន​សមាជិក​តំណាងរាស្ត្រ​យ៉ាង​តិច​ ១២០​រូប។​ តំណាងរាស្ត្រ​ ​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ ជា​សកល​ដោយ​សេរី​ ដោយ​ស្មើ​ភាព​ ដោយ​ចំពោះ​ ​និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់»៕

XS
SM
MD
LG