ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេ​បក្ស​ប្រឆាំង​​ មិន​ខ្វល់​ពី​​បណ្ដឹង​​របស់​កងទ័ព​ប្រឆាំង​នឹង​រូប​លោក


លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​ ​បាន​ច្រានចោល​ការ​ចោទប្រកាន់​របស់​មេដឹកនាំ​កម្ពុជា​ ​និង​មេបញ្ជាការ​កំពូល​យោធា​របស់ប្រទេស​នេះ​ ដែល​បាន​ហៅ​លោក​ថា​ ជា​«ជន​ក្បត់​ជាតិ»​ ​បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​អំពាវនាវ​ ស្នើ​សុំ​ឲ្យ​កងទ័ព​កុំ​ស្ដាប់​តាម​បញ្ជា​ដែល​តម្រូវ​ឲ្យ​បាញ់​សម្លាប់​ជន​ស្លូតត្រង់។

សេចក្ដី​ឆ្លើយ​តបរបស់​លោក​ ​សម រង្ស៊ី​ ​ទៅ​នឹង​សំណួរ​របស់​ ​VOA​ ​ដែល​ធ្វើ​ឡើង​តាម​សារ​អេឡិចត្រូនិក​ ​ឬ Email កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ការ​អង្វរ​មិន​ឲ្យ​ទាហាន​បាញ់និង​សម្លាប់​ប្រជារាស្ត្រ​ស្លូតត្រង់​ មិន​មែន​ជា​ទង្វើ​ក្បត់​ជាតិ​ និង​ការ​ដឹក​នាំ​ការ​បំបះបំបោរ​នោះ​ទេ។

​លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ការ​អង្វរ​កុំ​ឲ្យ​បាញ់​ប្រហារ​ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ក្នុង​នោះ​មានទាំង​ពលរដ្ឋ​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ ដែល​អនុវត្តន៍​សិទ្ធិ​រដ្ឋធម្មនុញ្ញ​ដើម្បី​តវ៉ា​ដោយ​សន្តិវិធី​ ​មិនមែន​ជា​ទង្វើ​ក្បត់​ជាតិ​ ​ឬក៏​ជា​ទង្វើ​បំបះបំបោរ​នោះ​ដែរ។​ ​ការណ៍​ពិត​វា​ជា​ទង្វើ​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​ ​និង​ជា​ទង្វើ​មនុស្ស​ធម៌»។

​ប្រតិកម្ម​របស់​លោក​ សម រង្ស៊ី​ កើត​មាន​ឡើង​ក្នុង​ថ្ងៃ​តែមួយ​ដែល​អគ្គ​មេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ គឺ​នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​ សម រង្ស៊ី​ ​ដែល​សូម​ឲ្យ​កងទ័ព​កុំ​ស្ដាប់​បញ្ជា​មេ។​ ​មេទ័ព​កំពូល​រូប​នេះ​ បាន​ហៅ​លោក​ សម រង្ស៊ី​ ថា​ជា​ជន​ក្បត់​ជាតិ​ ហើយ​ទាហាន​ត្រូវតែ​ធ្វើ​តាម​បញ្ជា​មេ​ ទៅតាម​ច្បាប់​រដ្ឋធម្មនុញ្ញ។

នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​ព័ត៌មាន​ ​ធ្វើ​ឡើង​នៅ​អគ្គបញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​កាល​ពី​ថ្ងៃ​ ៦​ ខែ​ធ្នូ​ ថា​ គ្មាន​ពន្លឺ​ណា​ ​ដែល​ទាហាននឹង​ងើប​បះបោរ​ប្រឆាំង​នឹង​បញ្ជា​មេ​របស់​ផង​ខ្លួន​ទេ ព្រោះ​ពួក​គេ​មាន​វិន័យ និង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ទង្វើ​ខុស​ឆ្គង។

​«ខ្ញុំ​ឃើញ​ថា​ ដោយសារ​តែ​កងទ័ព​មាន​អង្គការ​ចាត់​តាំង​រឹង​មាំ​ មាន​វិន័យ​ មិន​ចេះ​នរណា​និយាយ​ ចេះ​តែ​ជឿ​តាម​គេ​ទេ​ ត្រូវ​មាន​មេបញ្ជាការ​ មាន​បទបញ្ជា។ អ្នកធ្វើ​ខុស​វិន័យ​ក្នុង​កងទ័ព​ ត្រូវ​តែ​ទទួល​ទណ្ឌកម្ម​តាម​លក្ខន្តិក​នៃ​កងយោធពលខេមរភូមិន្ទ»។

ក្នុង​ឃ្លីប​វីដេអូ​មួយ​ដែល​មាន​រយៈពេល​ជាង​បួន​នាទី​ ហើយ​ដែល​ត្រូវ​បាន​លោក​ ​សម រង្ស៊ី​ បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​ធ្នូ​ ឆ្នាំ ២០១៧ អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​រូប​នេះ​ ក៏បាន​រំឭក​ដល់​បដិវត្តន៍​នៅ​ប្រទេស​អេហ្ស៊ីប​ ​ដែល​កងទ័ព​នៃ​ប្រទេស​នោះ​ នៅ​នាទី​ចុងក្រោយ​ មិន​ស្ដាប់​បញ្ជា​លោក​ប្រធានាធិបតី​ Hosni Mubarak ឲ្យ​សម្លាប់​អ្នក​តវ៉ា​ ដើម្បី​រក្សា​អំណាច​ដែល​លោក​បាន​កាន់​បី​ទសវត្សរ៍​មក​ហើយ​នោះ។​

​បន្ទាប់​ពី​បាន​ដឹង​អំពី​ការ​ថ្លែង​បែប​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ​បាន​កើត​ក្ដី​ខឹង​សម្បារ​នឹង​លោក​ ​សម រង្ស៊ី​ ​ហើយ​បាន​អញ្ជើញ​ឲ្យ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ វិល​ចូល​មក​ក្នុង​ប្រទេស​ដើម្បី​ប្រឈម​នឹង​ការណ៍​ពិត។

ក្នុង​ពិធី​ជួប​ជុំ​កម្មករ​ដែល​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​ធ្នូ ឆ្នាំ​ ២០១៧​ នៅ​រាជធានី​ភ្នំពេញ លោក​ ហ៊ុន សែន​ បាន​អះអាង​ថា​ សេចក្ដី​អធិប្បាយ​របស់​លោក​ សម រង្ស៊ី​ ទាំង​នេះ​ហើយ ជាដើម​ចម​នៃ​សង្គ្រាម​ក្នុង​ស្រុក​ដែល​អាច​នឹង​កើត​ឡើង​ជាថ្មី។

លោក​បាន​ប្រាប់​ក្រុម​កម្មករ​បន្តថា​ វត្តមាន​លោក​ គឺ​ជា​ឆ្អឹង​ទទឹង​ករ​របស់​អ្នក​ស្រែក​ឃ្លាន​អំណាច​ ហើយ​ថា​ បើ​មិន​មាន​លោក​ដឹកនាំ​ប្រទេស​ទេ​ សន្តិភាព​នឹង​រលាយ​សាបសូន្យ​ទៅ​មិន​ខាន។

រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)
រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)

​លោក​ ហ៊ុន សែន​ ថ្លែង​ថា៖

«ម្នាក់​នេះ​ គឺ​ជា​ឧបសគ្គ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​អំណាច​របស់​ពួកគេ​ តាម​ផ្លូវ​ងងឹត​ ដូច្នេះ​ មាន​វត្ត​មាន​ហ៊ុន សែន​ គឺ​មាន​វត្តមាន​សន្តិភាព​។ នេះ​គឺ​ជា​រឿង​ពិត​ មិនមែន​ជា​រឿង​ក្លែងក្លាយ​ ហើយ​លើក​ខ្លួន​ឯងនោះ​ទេ»។

លោក​ សម រង្ស៊ី​ ដែល​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង​ព្រហ្មទណ្ឌ​ជា​ច្រើន​ ដែល​ប្ដឹង​ដោយ​មេដឹកនាំ​កម្ពុជា​ បាន​បើក​ការ​វាយប្រហារ​មក​លើ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ ជាប្រចាំ​ បន្ទាប់​ពី​លោក​បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ​ តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥។

ការ​បញ្ជាក់​របស់​មេធាវី​តំណាង​ឲ្យ​កងទ័ព​កម្ពុជា​ បាន​ឲ្យដឹង​ថា​ បណ្ដឹង​ព្រហ្មទណ្ឌ​របស់​កងទ័ព​កម្ពុជា ​ត្រូវ​បាន​ដាក់​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ។​ តែ​ លោក​ សម រង្ស៊ី​ ហាក់​មិន​អើពើ​នឹង​បណ្ដឹង​នេះ​ ដោយ​លោក​ថែម​ទាំង​ជំរុញ​ឲ្យ​លោក​ ហ៊ុន សែន​ ប្ដឹង​លោក​បន្ត​ទៀត។

​លោក​ សម រង្ស៊ី ថ្លែង​សង្កត់​ធ្ងន់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​ធ្នូ​ថា៖

«រាល់​ពាក្យ​បណ្ដឹង​របស់​លោក​ ហ៊ុន សែន ឈរ​លើ​ការចោទប្រកាន់​បែប​នេះ ធ្វើ​ឲ្យ​សាធារណ​មតិ មើល​ឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត​ថា លោក ​ហ៊ុន សែន​ ជា​ជន​ផ្ដាច់​ការ ហើយ​ជា​មនុស្ស​ល្ងង់​ខ្លៅ»។

ក្រៅពី​ប្ដឹង​លោក​ សម រង្ស៊ី​ កង​ទ័ព​កម្ពុជា ​ក៏​ធ្លាប់​បាន​ព្រមាន​វាយ​កម្ទេច​ចោល​អង្គការ​ចាត់​តាំង​ ​ក្រុម​ឬ​បុគ្គល​ណា​ក៏​ដោយ​ ​ដែល​ធ្វើ​សកម្ម​ភាព​បំផុស​បំផុល ​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​ផង​ដែរ​ ​ដែល​បាន​បង្ក​ការ​ខូចខាត​ និង​សម្លាប់​ជីវិត​មនុស្ស​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។

ប៉ុន្តែ ​អ្នកវិភាគ​ធ្លាប់​បាន​លើក​ឡើង​ថា​ ​ស្ថាន​ភាព​សង្គម​ ​និង​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ​នេះ​ មិន​តម្រូវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោកឈរ​ធ្វើ​បដិវត្តន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ទេ​ ​ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​នោះ​គឺ​ ការ​ដឹក​នាំ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ​មាន​តម្លាភាព​ ​និង​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយជាដើម៕

XS
SM
MD
LG