ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ៖ កម្ពុជា​តាំង​ចិត្ត​បន្ត​ជា​សមាជិក​សកម្ម​របស់ ​អ.ស.ប.


ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាយាងគារវៈកិច្ចដល់មន្រ្តីតំណាងរាស្រ្តនានាក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាយាងគារវៈកិច្ចដល់មន្រ្តីតំណាងរាស្រ្តនានាក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ព្រះ​មហា​ក្សត្រ​ខ្មែរ​ ​ព្រះបាទ​ ​នរោត្តម ​សីហមុនី​ ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ ​បាន​បញ្ជាក់​ពី​ជំហរ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្នុង​ការ​បន្ត​សកម្មភាព​ជា​រដ្ឋ​សមាជិក​ដ៏​សកម្ម​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បីរួមចំណែក​ធ្វើ​ឲ្យ​ស្ថាប័ន​អន្តរ​ប្រទេស​កំពូល​មួយ​នេះ​កាន់​តែ​រឹង​មាំ​ឡើង​ ​ផ្អែក​លើ​គោល​ដៅ​«សន្តិភាព​ ​ការ​អភិវឌ្ឍ​ ​និង​សិទ្ធិ​មនុស្ស​ដើម្បី​ទាំង​អស់គ្នា»។

​ក្នុង​ព្រះ​រាជ​សារ​របស់​ព្រះ​អង្គ​ចុះ​ថ្ងៃ​ទី​២១​ ​ខែធ្នូ​កន្លង​ទៅ​ ​ព្រះ​ករុណា ​ព្រះបាទ ​សម្ដេច​ព្រះ​បរម​នាថ ​នរោត្តម ​សីហមុនី​ ព្រះ​ប្រមុខ​រដ្ឋ​កម្ពុជា​ឆ្លើយ​តប​នឹង​សារ​លិខិត​របស់​លោក​អគ្គ​លេខា​ធិការ ​អង្គការ​សហ​ប្រជាជាតិ​ António​ Guterres ​ដែល​បាន​ជូន​ពរ​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​កន្លង​ទៅ។​ ​ព្រះ​មហាក្សត្រ​ទ្រង់​បាន​បង្ហាញ​នូវ​ការ​ឆ្លើយ​តប​ប្រកប​ដោយ ​«សេចក្ដី​ពេញ​ព្រះទ័យ​ដ៏​ជ្រាល​ជ្រៅ»។​

ព្រះ​ករុណា ​ព្រះ​មហា​ក្សត្រ ​ទ្រង់​បានមាន​ព្រះ​បន្ទូល​ក្នុង​ចុត​ហ្មាយ​ដែល​មាន​ន័យ​ដើម​ទាំង​ស្រុង​ថា៖​

«ព្រះ​រាជា​ណាចក្រ​កម្ពុជា​នឹង​បន្ត​នូវ​ភាព​សកម្ម ​ក្នុង​ការ​ផ្សារ​ភ្ជាប់ ​និង​ចូល​រួម​ជា​វិភាគ​ទាន​របស់​ខ្លួន ​ជួយ​កសាង​អង្គការ​សហប្រជាជាតិ​មួយ​ដែល​មាន​ភាព​កាន់​តែ​រឹង​មាំ ​និង​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​យើង ​ដើម្បីធានា​ឱ្យ​បាន​នូវ​សន្តិភាព​ ការ​អភិវឌ្ឍ ​និង​សិទ្ធិ​មនុស្ស ​ដើម្បី​ទាំង​អស់​គ្នា»។​

ព្រះ​រាជ​សារ​របស់​ព្រះ​មហា​ក្សត្រ​កើត​មាន​ឡើង​នៅ​ចំ​ពេល​សំខាន់​សម្រាប់​ទាំង​អង្គការ​សហ​ប្រជាជាតិ​ ​និង​ប្រទេស​កម្ពុជា។ ព្រះអង្គ​បាន​គ្រង​រាជ្យ​សម្បត្តិ​តាំង​ពីឆ្នាំ​២០០៤​មក ដោយ​ស្នង​រាជ្យ​បន្ត​ពី​ព្រះ​វរបិតា​របស់​ព្រះអង្គ​គឺ​ព្រះបាទ​ នរោត្តម ​សីហនុ។​

នៅឯ​អង្គការ​សហ​ប្រជាជាតិ ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ​មាន​ការ​បោះ​ឆ្នោត​មួយ​នៅ​កម្រិត​អង្គ​មហា​សន្និបាត​ ​ដែល​បាន​ចេញ​ជា​សេចក្ដី​សម្រេច​មួយ​ថ្កោល​ទោស​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​ ​ក្នុង​ការ​រំកិលស្ថានទូត​ទៅ​កាន់​ទីក្រុង​ហ្ស៊េរុយសាឡិម។​ ការ​ថ្កោល​ទោស​នេះ​បាន​នាំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ​ ដែល​ជា​អ្នក​ផ្ដល់​ហិរញ្ញ​ប្បទាន​ធំ​បំផុត​ដល់​អង្គការ​ពិភព​លោក​នេះ​ មាន​ការ​ខឹង​សម្បារ​ ​ហើយ​ពិចារណា​សើររើ​ទំនាក់​ទំនង​ ​និង​ការ​យល់​ឃើញ​របស់​ខ្លួន​មក​លើ​អ.ស.ប.​ទៀត​ផង។​

រីឯ​ប្រទេស​កម្ពុជា​ឯ​នេះ​វិញ រដ្ឋាភិបាល​កំពុង​ត្រូវ​បាន​រួត​រឹត​ដោយ​ភាព​មិន​ច្បាស់​លាស់​ ទាក់ទង​នឹង​កិច្ច​ពិភាក្សា​មួយ​រៀប​ចំ​នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​សហរដ្ឋ​អាមេរិក​ ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ ​ដែល​មាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​ជំទាស់ ​និង​សង្គម​ស៊ីវិល​កម្ពុជា ​ហើយ​ដែល​បាន​ស្នើ​ឱ្យ​មាន​ការ​ព្យួរ​អាសនៈ​របស់​កម្ពុជា​នៅ​អ.ស.ប.​ជា​បណ្ដោះ​អាសន្ន។​

​ការ​ស្នើ​ឱ្យ​មាន​ការ​ព្យួរ​អាសនៈ​របស់​កម្ពុជា​នៅ​អ.ស.ប. ​និង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​ដឹកនាំ​កម្ពុជា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ដែល​មានការ​ចូល​រួម​ដោយ​មន្ត្រី​គណបក្ស​ជំទាស់​ និង​សង្គម​ស៊ីវិល​ដើម្បី​ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ទៅ​លើ​ក្រុម​ជំទាស់​ ​លើ​អង្គការ​សង្គម​ស៊ីវិល​ និង​លើ​សារ​ព័ត៌មាន​ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។

​ការ​រំលាយ​អង្គការ​ចាត់​តាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ក្រុម​ជំទាស់​ធំបំផុត​ក្នុង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​កន្លង​ទៅ​ ​ក្រោយ​ការ​ចាប់​ខ្លួន​គូ​ប្រជែង​របស់លោក ​ហ៊ុន ​សែន ​គឺ​លោក ​កឹម ​សុខា​ ​ដាក់​ពន្ធនាគារ​ដោយ​ចោទពី​បទ​ឃុបឃិត​ជាមួយ​អាមេរិក​ប្រព្រឹត្ត​អំពើ​«ក្បត់​ជាតិ»។​

មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ការិយាល័យ​របស់​លោក​អគ្គ​លេខា​ធិការ​ អ.ស.ប.​ ទាក់​ទង​នឹង​ព្រះ​រាជ​សារ​របស់​អង្គ​ព្រះ​មហា​ក្សត្រ​កម្ពុជា​ទេ។ ​តែ​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.​ បាន​ប្រាប់ ​VOA ​កាល​ពី​ពេល​កន្លង​ទៅ​ថា ​អង្គការ​សហ​ប្រជាជាតិ​មាន​«ក្ដី​ព្រួយ​បារម្ភ»​អំពី​ស្ថាន​ការណ៍​នយោបាយ​ខ្មែរ។​

លោក ​Farhan ​Aziz​ Haq ​អ្នក​នាំ​ពាក្យ​របស់​លោក​អគ្គ​លេខា​ធិការ​ António ​Guterres ​បាន​ប្រាប់ ​VOA ​កាល​ពី​សប្ដាហ៍​មុន​ថា៖​

«លោក​អគ្គ​លេខា​ធិការ​នឹង​បន្ត​តាម​ដាន​ស្ថាន​ការណ៍​នៅ​ប្រទេស​កម្ពុជា ​និង​ស្នើ​ឱ្យ​អាជ្ញាធរ​ [ខ្មែរ] ​អនុលោម​តាម​ការ​តាំង​ចិត្ត​របស់​ខ្លួន​លើ​រឿង​សិទ្ធិ​មនុស្ស ​និង​រក្សា​ឱ្យ​មាន​បន្ត​ទៅ​ទៀត​នូវ​សមិទ្ធិផល​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​ប្រទេស​មួយ​នេះ​បាន​សម្រេច​បាន»។

មន្ត្រី​ម្នាក់​នៃ​ព្រះ​បរម​រាជ​វាំង​របស់​ព្រះ​បាទ​នរោត្តម​ ​សីហមុនី ​បាន​និយាយ​ថា​ព្រះ​រាជ​សារ​របស់​ព្រះអង្គ​ត្រូវ​បាន​តាក់​តែង​ឡើង​ ​គ្រាន់​តែ​ជា​កាយ​វិការ​ការ​ទូត​ធម្មតា​តែ​ប៉ុណ្ណោះ​ ​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​សារ​ជូន​ពរ​របស់​មិត្ត​បរទេស​នានា។​

លោក​ អ៊ុំ ដារ៉ាវុធ ​សមាជិក​ព្រះរាជ​ខុទ្ទកាល័យ​ ​បាន​ប្រាប់​ VOA ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា៖​

«ព្រះ​មហា​ក្សត្រ​លោក​បាន​ផ្ញើ​ព្រះ​រាជ​ចុត​ហ្មាយ​ទៅ​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​របស់​អគ្គ​លេខាធិការ​ ​គាត់​បាន​ជូន​ពរ​យើង​នៅ​ពេល​ឯក​រាជ្យ​៩​វិច្ឆិកា​ហ្នឹង។​ ​អា​ហ្នឹង​ជា​ធម្មតា​ទេ ​អា​ហ្នឹង​លោក​ត្រូវ​តែ​ឆ្លើយ​តប​ទៅ​គេ​ហើយ»។​

មន្ត្រី​ព្រះ​បរម​រាជ​វាំង​រូប​នេះ​បាន​បដិសេធ​មិន​ពិភាក្សា​ជ្រាល​ជ្រៅ​អំពី​ព្រះ​រាជ​សារ​នោះ​ទេ ​ដោយ​ថា​ វា​អាច​ជា​អំពើ​«ប្រមាថ​ព្រះ​ចេស្ដា»​ ​ហើយ​ក្រសួង​មហា​ផ្ទៃ​កំពុង​ធ្វើវិសោធនកម្ម​ក្រម​ព្រហ្ម​ទណ្ឌ ​ដើម្បី​បន្ថែម​មាត្រា​ចែង​ពី​ការ​ដាក់​ទោស​ទណ្ឌ ​រាល់​បទ​ល្មើស​ប្រមាថ​មាក់​ងាយ​ដល់​អង្គ​ព្រះ​មហាក្សត្រ។​

គិត​ត្រឹម​ខែ​ធ្នូ ​ឆ្នាំ​២០១៧​នេះ​ ​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​នៃអ.ស.ប.​អស់​រយៈ​ពេល​៦២​ឆ្នាំ​មក​ហើយ។​ អង្គការ​សហ​ប្រជាជាតិ​បាន​ដើរ​តួនាទី​ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ឈាន​ទៅ​ការ​បញ្ចប់​ចម្បាំង​រាំង​ជល់​នៅ​កម្ពុជា ​កាល​ពី​២៦​ឆ្នាំមុន​ និង​បាន​ធ្វើអន្តរាគមន៍​រក្សា​សន្តិភាពនៅ​កម្ពុជា​ ជួយ​កាច់​ចង្កូត​ឲ្យ​ប្រទេស​កម្ពុជា​មាន​របប​ដឹកនាំ​ដើម​តាម​គន្លង​ប្រជា​ធិបតេយ្យអាស្រ័យ​ការ​បោះ​ឆ្នោត។​

កម្ពុជា​បាន​ចូល​រួម​ក្នុង​សកម្មភាព​នានា​របស់​អ.ស.ប. ​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ ​រួម​មាន​បេសកកម្ម​រក្សា​សន្តិភាព​ជួយ​បោស​សម្អាត​គ្រាប់​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក ​និង​មជ្ឈិម​បូព៌ា។ ​ព្រះបាទ​ នរោត្តម ​សីហមុនី គឺ​ជា​ព្រះ​រាជ​តំណាង​របស់​កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ជា​ប្រវត្តិ​សាស្ត្រ​របស់​អ.ស.ប.​ ស្ដី​អំពី​ការ​ប្រែប្រួល​អាកាសធាតុ ​នៅ​ទី​ក្រុង​ប៉ារីស​ កាល​ពី​ឆ្នាំ២០១៥​ផង៕

XS
SM
MD
LG