ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​បញ្ជាក់​ពី​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច​ខណៈ​ក្រុម​បស្ចិមប្រទេស​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​លោក


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ប៉ុន្តែ​ក្នុង​លិខិត​មួយ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​បាន​​សម្តែង​ការ​បារម្ភ​ថា​ កម្ពុជា​នឹង​អាច​ខាត​បង់​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​​ទៅ​លើ​ការ​បង់ពន្ធ​នាំ​ចូល​​ទៅ​កាន់​បស្ចិមប្រទេស​រួម​ទំាង​សហភាព​អឺរ៉ុប​ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​បានពង្រឹង​ការ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង​ទាំង​ធនធាន​មនុស្ស​និង​សេដ្ឋកិច្ច​ ​ដោយ​មិន​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅ​នឹង​ការ​វិវត្ត​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ​ដែល​លោក​ហៅ​ថា​ជា​ខ្យល់​«អុកស៊ីហ្ស៊ែន»​ ​ជួយ​ដល់​ជីវិត​ឱ្យ​រស់រាន​នោះ​ទេ។​

ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​កម្មការិនី​ ​ក្នុង​ពិធី​ជួបជុំ​ប្រចាំ​សប្តាហ៍​ជាមួយ​លោក​នាយករដ្ឋមន្ត្រីក្នុង​រាជធានី​ភ្នំពេញ​ ​លោក​ ហ៊ុន សែន​ បញ្ជាក់​ថា ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស ​រដ្ឋាភិបាល​របស់​លោក​កំពុង​ព្យាយាម​ពង្រឹង​សេដ្ឋកិច្ច​ខ្លួន​ឯង​ទប់ទល់​នឹង​ឥទ្ធិពល​អាក្រក់​ពី​បរទេស​ដែល​អាច​ប៉ះពាល់​ដល់​ការ​វិវត្ត​សេដ្ឋកិច្ច​ក្នុង​ស្រុក។​ លោក​ថា ​កម្ពុជា​បាន​អភិវឌ្ឍ​ធនធាន​មនុស្ស​យ៉ាង​ហោច​ណាស់២៥​ទៅ​៣០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ​ហើយ​កម្ពុជា​កំពុង​រៀន​រស់​ដោយ​ខ្លួន​ឯង​ដោយ​ ​ដោះស្រាយ​បញ្ហា​នានា​ដើម្បីបង្កើន​កិច្ច​អភិវឌ្ឍន៍​បន្ថែម​ទៀត​ទាំង​វិស័យ​កសិកម្ម​ ​ឧស្សាហកម្ម​និង​កម្មន្តសាល​ជា​ដើម។

លោក​ ហ៊ុន សែន​ បញ្ជាក់​បន្ថែម​ថា៖​

«ហើយ​យើង​មិន​ចង់​ឲ្យ​ ​ផល​ប៉ះពាល់​ទាំងឡាយ​ដែល​កើត​ចេញ​ពី​នេះ ​ពី​នោះ មក​ដល់​យើង​ធ្ងន់​ហួស​នោះ​ទេ។ បៀប​ដូច​ជា​គេ​ដាក់​ ​អុកស៊ី​ ​ហើយ​ដក​អុកស៊ី​គឺ​ងាប់។​ យើង​មិន​អាច​ក្លាយ​ខ្លួន​ពី​អ្នក​ដែលរង់ចាំ​អុកស៊ី​ពី​គេ​នោះ​ទេ!​ជាក់ស្តែង​នៅ​ក្រោយ​ឆ្នាំ​១៩៧៩​ យើង​គ្មាន​អុកស៊ី​ពី​នរណា​ក្រៅ​ពី​ព្យាយាម​ដក​ដង្ហើម​ខ្លួន​ឯង​ ​តាម​ច្រមុះ​ទាំង​ពីរ​ហើយ​តាម​មាត់​ទៀត​ ដើម្បី​ឲ្យ​ខ្លួន​បាន​រស់។​ នេះ​ជា​ចំណុច​ភាព​ធន​របស់​យើង»។​

​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ធ្វើ​ឡើង​នៅ​គ្រា​ដែល​ក្រុម​បស្ចិមប្រទេស​និង​ប្រទេស​និយម​ ​ប្រជាធិបតេយ្យ​ ​ព្រមាន​ ​ដាក់​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​សារ​ជា​ថ្មី​ ​ឆ្លើយ​តប​នឹង​ការ​រំលាយ​គណបក្ស​ជំទាស់​សង្គ្រោះជាតិ​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ។​

​សភា​សហភាព​អឺរ៉ុប​កាល​ពី​សប្តាហ៍​កន្លង​ទៅ​បាន​បោះឆ្នោត​ចេញ​នូវ​សេចក្ដីសម្រេច​មួយស្នើ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​សំណាក់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ដែល​មាន​២៨ប្រទេស​ លើ​ផលិតផលនាំចេញ​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ទីផ្សារ​របស់​ខ្លួន​ ​បើ​សិន​ជា​មិន​មាន​សញ្ញា​ណា​មួយ​ដែល​ថារដ្ឋាភិបាល​កម្ពុជា​នឹង​បែរ​ក្រោយ​ ​ឬ​បន្ធូរបន្ថយ​នូវ​សកម្មភាព​បង្ក្រាប​ផ្នែក​នយោបាយ​ទេ​នោះ។​

បើ​ទោះ​ជា​លោក​ ​ហ៊ុន សែន​ ​ថ្មីៗ​នេះអះអាង​ថា​ រដ្ឋាភិបាល​របស់​លោក​ ​មិន​មាន​ក្តី​បារម្ភ​ទាក់ទិន​នឹង​ចំណាត់ការ​នោះ​ក៏​ដោយ ​ក៏ប៉ុន្តែ​ក្នុង​លិខិត​មួយ​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មបាន​បញ្ជាក់​ថា​ កម្ពុជា​នឹង​អាច​ខាត​បង់​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ​ទៅ​លើ​ការ​បង់​ពន្ធ​នាំ​ចូលទៅ​កាន់​បស្ចិមប្រទេស​រួម​ទំាង​សហភាព​អឺរ៉ុប​ផង​ដែរ។​

​ក្នុង​លិខិត​ចុះថ្ងៃទី​៤ខែធ្នូ​ និង​ត្រូវ​គេ​ចែក​ចាយ​តាម​បណ្តាញ​សង្គម​ ​កាល​ពី​ដែម​សប្តាហ៍​នេះ​ឲ្យ​ដឹង​ថា​ លោក​រដ្ឋមន្ត្រី​ ប៉ាន សូរស័ក្កិ​ បាន​ស្នើ​ឱ្យ​លោក​ ​ហ៊ុន សែន​ ​ធ្វើ​ការ​ lobby ឬ​បញ្ចុះបញ្ចូល​ក្រុម​ប្រទេស​ទាំង​នោះ​ដើម្បី​ឱ្យ​កម្ពុជា​ទទួល​កិច្ច​អនុគ្រោះ​ពន្ធ​នាំ​ចូល​ក្នុង​ប្រទេស​ទាំង​នោះ​បន្ត​ទៀត។

​ទោះ​យ៉ាង​ណា​ក៏ដោយ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កិច្ច​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស​អភិវឌ្ឍន៍​នានា​ដូច​ជា​សហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​គឺ​សម្រាប់​តែ​ប្រទេស​ក្រីក្រ​តែ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​កម្ពុជា​បាន​ឆ្លង​ផុត​ពី​បន្ទាត់​ក្រីក្រ​ទៅ​ហើយ​ ​ហើយ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទៀប។​ ​លោក​ ​ក៏​អះអាង​ផង​ដែរ​ថា ​កម្ពុជា​នឹង​មិន​ស្លាប់​នោះ​ទេ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ ​និង​អឺរ៉ុប​ ​ដក​កម្ពុជា​ចេញ​បញ្ជី​ ​អនុគ្រោះ​ពន្ធ​នោះ។​

«យើង​មិន​ត្រូវ​រស់​ដោយ​សារ​ការ​ដក​ដង្ហើម​ពី​នេះ​ ​ឬ​ពី​នោះ​ទេ!​ ​ពិភពលោក​ចំណុះ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​មាន​ទៅ​មាន​មក។​ ​យើង​នាំទំនិញ​ពី​គេ​ចូល​មក​យើង​ ​ហើយ​យើង​ក៏​នាំ​ទំនិញ​យើង​ទៅ​កាន់​ប្រទេស​របស់​គេ។ហើយ​ត្រូវ​ចងចាំ​ឲ្យ​បាន​ថា ​មាន​តែ​ប្រទេស​ក្រីក្រ​តែប៉ុណ្ណោះ​ដែល​ទទួល​បាន​ភាព​អនុគ្រោះ​អំពី​ពន្ធដារ​សម្រាប់​ពី​ប្រទេស​ផ្សេងៗ»។​

​ក្រៅ​ពី​ការ​ព្រមាន​ដក​កម្ពុជា​ចេញ​ពី​បញ្ជី​អនុគ្រោះ​ពន្ធដារ​ ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ក៏​បាន​ប្រកាស​បញ្ចប់​ការ​ជួយ​ឧបត្ថម្ភ​ដល់​ការ​បោះឆ្នោត​ជាតិ​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​ ​ដោយ​ខ្លួន​អះអាង​ថា​ ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នឹង​មិន​សេរី​និង​យុត្តិធម៌។ ​ក្រោយ​ការ​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​របស់​កម្ពុជា ​ការ​បង្ក្រាប​លើ​សង្គមស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ប្រទេស​ ​ស៊ុយអែត​ ​ក៏​បាន​ប្រកាស​បញ្ចប់​ជំនួយ​មួយ​ចំនួន​របស់​ខ្លួន​លើ​ការ​ពង្រឹង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ប្រទេស​កម្ពុជា។

ជា​មួយ​គ្នា​នោះ​ដែរ​សហរដ្ឋ​អាមេរិក​ ក៏​បាន​ប្រកាស​បិទ​ទិដ្ឋាការ​ដល់​ ​បុគ្គល​និងមន្ត្រី​កម្ពុជា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ខូច​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ។​

ឆ្លើយ​តប​នឹង​វិធានការ​នានា​របស់​បស្ចិមប្រទេស​ ​លោក​ ហ៊ុន សែន​ ថ្មីៗ​នេះ​មិន​បាន​បង្ហាញ​សញ្ញា​ណា​មួយ​ដែល​ថា​លោក​នឹង​រាថយ​នោះ​ទេ។​ ​លោក​ក៏​បានបបួល​បណ្ដារដ្ឋ​បរទេស​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​រាល់​មន្ត្រី​ខ្មែរ​ណា​ដែល​មាន​ប្រាក់​នៅ​ក្រៅ​ប្រទេស​ តែ​លោក​បាន​លើក​ទឹកចិត្ត​ដល់​អតីត​មន្ត្រី​បក្ស​ជំទាស់​ឱ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​ ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​ ​២០១៨​ខាង​មុខ​នេះ៕​

XS
SM
MD
LG