ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកឃ្លាំមើល៖ ការបង្កើត​ច្បាប់​ដាក់​អ្នកជំទាស់​នៅ​ក្រៅ​ស្រុក​ជា​«ក្រុម​ភេរវកម្ម»​មិន​ចាំបាច់ និង​មិន​បម្រើ​ប្រយោជន៍​ជាតិ


រូបឯកសារ៖ អតីត​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែល​បច្ចុប្បន្នជា​ប្រធានព្រឹទ្ធសភា ថ្លែង​អំពី​គម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»រវាង​កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)
រូបឯកសារ៖ អតីត​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែល​បច្ចុប្បន្នជា​ប្រធានព្រឹទ្ធសភា ថ្លែង​អំពី​គម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»រវាង​កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

នៅ​ក្នុង​មហាសន្និបាត​មួយ​កាលពីខែ​វិច្ឆិកា​ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន​ ដែល​កំពុង​ថ្លែង​ជុំវិញ​ដំណើរការ​ចរចា​រវាង​កម្ពុជា​និងថៃ​លើបញ្ហាកោះគុត​ បាន​លើកឡើង​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​ច្បាប់​ដើម្បី​ដាក់​អ្នក​នយោ​បាយ​ជំទាស់​នៅ​ក្រៅ​ប្រទេសដែល​លោក​ចាត់ទុក​ថា ជាក្រុមញុះញង់​ឲ្យទៅជា​«ក្រុម​ភេរវកម្ម» ក្រោម​ហេតុផល​រក្សា​ភាព​ស្ងៀម​ស្ងាត់ក្នុង​នយោ​បាយ​របស់ប្រទេស។​

លោក​ ហ៊ុន សែន​ បាន​បន្ថែម​ថា ក្រុមជ្រុល​និយម​របស់​កម្ពុជា គឺ​ជាក្រុម​ដែល​គួរ​ត្រូវបាន​ចាត់​ទុក​ថា​ជា​ក្រុមភេរវកម្ម​ ដោយ​សារ​ភាពជ្រុល​និយម​ហួស​ហេតុរបស់​ពួកគេ។

លោក​ថ្លែងថា៖ «​ពិត​ហើយ​នៅក្នុងប្រទេស​នីមួយ​ៗ​តែង​មាន​ពួក​ជ្រុល​និយម​ ប៉ុន្តែ​ជ្រុល​និយម​នៅ​កម្ពុជា​ គឺ​ជ្រុល​និយម​មិន​ធម្មតា​ ដែល​ជ្រុល​និយម​គួរ​តែ​ត្រូវបាន​រៀប​ចំ​ដាក់​ចូល​ទៅ​ក្នុង​ច្បាប់​ចាត់​ទុក​ក្រុម​នេះ​ ប៉ុន្តែ​គេមិន​ហ៊ាន​ដាក់​ មិនហ៊ាន​ដាក់​សមាសភាព​នាយករដ្ឋ​មន្ត្រី​ ប្រធានាធិបតី​ រដ្ឋ​មន្ត្រី​នានា​មក​ទេ​ ហ៊ាន​ដាក់​កិប​មក​គឺ ឯណេះ​ចេញ​កិប​ភ្លាម​»។

ការ​អត្ថាធិប្បាយ​របស់​លោក​ ហ៊ុន សែន ​យ៉ាង​ដូច្នេះ​ កើត​ឡើង​នៅស្របពេល​ដែល​មាន​អ្នកនយោបាយ​ជំទាស់មួយ​ចំនួន​ដែល​កំពុងរស់​នៅក្រៅ​ប្រទេស បាន​និង​កំពុង​ធ្វើ​យុទ្ធនាការទាមទារ​ឲ្យរដ្ឋាភិបាល​កម្ពុជា យក​បញ្ហា​កោះ​គុត​ទៅ​តតំាង​នៅ​តុលាការយុត្តិធម៌​អន្តរជាតិ​ ខណៈ​រដ្ឋាភិបាល​ថៃ​និង​កម្ពុជានៅមិន​ទាន់​មាន​ឯកភាព​គ្នា​ជាក់​លាក់​លើ​បញ្ហា​នេះ​នៅ​ឡើយ​។

ប្រធាន​ព្រឹទ្ធសភា​លោក ​ហ៊ុន សែន​ ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា មិន​បាន​បញ្ចេញ​ឈ្មោះ​ច្បាស់​ៗនៃ​ក្រុម​ដែល​លោក​ចង់​ឲ្យដាក់​ជា​ក្រុម​ភេរវកម្មនោះ​ទេ តែ​គេឃើញ​មាន​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដូចជាលោក ​សម​ រង្ស៊ី​ និង​អ្នក​ស្រី ​មូរ ​សុខ​ហួរ​ ព្រមទាំង​អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នេះ ​ដូចជាលោក ​អ៊ុំ សំអាន​ បាន​លើក​យក​រឿង​កោះគុតមក​អត្ថាធិប្បាយ និង​រិះគន់​រដ្ឋាភិបាលកម្ពុជា​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ និង​តាម​បណ្តាញសង្គម​ហ្វេស​ប៊ុក​។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អ្នក​ស្រី​ មូរ សុខហួរ ប្រាប់​វីអូអេថា ការតស៊ូរបស់​អ្នកជំទាស់​នៅ​ក្រៅ​ប្រទេស​មាន​បំណង​តែ​មួយគត់​ គឺការ​ពារ​ប្រយោជន៍​ជាតិ ហើយ​អ្នកទាំងនោះ​ក៏គ្មាន​បំណង​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន​ឡើយ។​

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ (AP)
រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ (AP)

អ្នក​ស្រី មូរ សុខហួរ ​ថ្លែង​ថា​៖ «​តាំង​ពី​យើង​នៅក្នុង​ប្រទេស​ ក៏គេ​មិន​ឲ្យ​យើង​រស់ដោយស្ងាត់​ស្ងៀម ​ឲ្យយើង​មាន​សិទ្ធិ​មានបំពេញ​កាតព្វកិច្ច​របស់​យើង​ជា​សមាជិក​សភា​។ គេរំលាយ​គណបក្ស​យើង​ ថា​យើង​ជាភេរវករ​ យើង​ជា​ជ្រុល​និយម​ យើង​ជា​អ្នក​បង្ក​ឲ្យ​មាន​បដិវត្តន៍ពណ៌​ គេលាប​ពណ៌​គ្រប់​រឿង​ទាំង​អស់។​ ឥឡូវ​យើង​សួរ​មើលថាតើ​បើសិន​ជាយើង​ជាភេរវករ​ មាន​ដែល​ឃើញ​ភេរវករ​ណា​ទៅ​ទាម​ទារយក​ទឹក​ដីខ្លួនឯង​មក​វិញ​ទេ? មាន​ដែល​ឃើញ​អ្នក​បដិវត្តន៍​ពណ៌ណា​ទៅ​ខំ​ធ្វើ​ដើម្បី​រក្សា​បូរណភាព​ទឹកដី មាន​ដែរឮទេ?»។

ដោយឡែក អ្នក​ឃ្លាំមើល​ការ​វិវឌ្ឍ​នៃនយោបាយ​កម្ពុជាក៏​យល់​ឃើញ​ថា​ ការ​ធ្វើ​ច្បាប់​កំណត់​ឲ្យ​អ្នកជំទាស់​នៅ​ក្រៅ​ប្រទេសទៅ​ជាក្រុម​ភេរវកម្ម ជា​ការ​គំរាម​កំហែង​ដល់​អ្នក​មាន​និន្នការ​ផ្ទុយ​ពីរដ្ឋាភិបាល។ ពួក​គេបាន​បន្ថែម​ថា​ ការ​ធ្វើច្បាប់​នេះ​ទៀត​សោត​គឺ​មិន​ចាំបាច់ ខណៈ​កម្ពុជា​មាន​ច្បាប់​រួច​ទៅហើយដើម្បី​ឆ្លើយតប​នឹង​អំពើ​ភេរវកម្ម​។​

សហស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​លោក ​អ៊ូ ច័ន្ទរ័ត្ន បាន​វាយតម្លៃ​ថា ការ​បង្កើត​ច្បាប់​នេះមិន​ផ្តល់​ផល​ចំណេញដល់​កម្ពុជា តែវា​អាច​ធ្វើ​ឲ្យប្រទេសជាតិរង​ការ​រិះគន់កាន់​តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។ លោកក៏​បាន​កត់​សម្គាល់​ថា លោក​មិន​ធ្លាប់​ឃើញ​មាន​រដ្ឋាភិបាល​នៃ​ប្រទេស​ណា​មួយ បង្កើត​ច្បាប់​របៀប​នេះ​មក​តទល់​នឹង​គូ​ប្រជែង​សោះ​ឡើយ។

រូបឯកសារ៖ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្បែរអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ អំឡុងពេលសវនាការសុំនៅក្រៅឃុំរបស់លោក កឹម សុខា មេបក្សជំទាស់។ (ទី អូលីស្សា/VOA)
រូបឯកសារ៖ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្បែរអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ អំឡុងពេលសវនាការសុំនៅក្រៅឃុំរបស់លោក កឹម សុខា មេបក្សជំទាស់។ (ទី អូលីស្សា/VOA)

លោក អ៊ូ ច័ន្ទរ័ត្ន ​ថ្លែងថា៖ «ខ្ញុំគិត​ថា​ វាអត់​មាន​ផល​ចំណេញ​អីទេ។ វា​ធ្វើ​ឲ្យ​ប្រទេស​ផ្សេង​ៗ​ សហគមន៍​អន្តរ​ជាតិ​ គេកាន់​តែ​រិះគន់​ថ្កោល​ទោស​យើង​បន្ថែម​ទេ»។

លោក​ក៏​ជឿថា​ ច្បាប់​នេះទំនង​ជា​មិនត្រូវបាន​បង្កើត​ឡើងដើម្បីប្រយោជន៍ជាតិ​នោះ​ដែរ​ ពោល​គឺ​ច្បាប់​នេះ​អាច​ជា​មធ្យោបាយ​នៃ​ការ​ផ្ចាញ់ផ្ចាល​ដៃគូប្រជែង​របស់​គណបក្ស​កាន់​អំណាច​ ដូច​អ្វីដែល​ធ្លាប់​កើត​ឡើង​កន្លងមក​តាមរយៈ​ការ​ធ្វើ​ច្បាប់​ឯកពន្ធភាពដើម្បីដាក់​សម្ពាធលើ​អតីត​មេដឹកនាំ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ជាដើម។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ឯករាជ្យ​ លោក​ ស៊ឹង សែន​ករុណា ដែល​ជា​អតីត​មន្ត្រីជាន់ខ្ពស់​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក យល់​ឃើញ​ថា​ អ្នកជំទាស់​នៅក្រៅប្រទេស​មិនគួរត្រូវបានចាត់​ទុក​ជា​ក្រុមភេរវកម្មទេ ព្រោះការតវ៉ារបស់​ពួកគេធ្វើឡើង​ដោយ​អហិង្សា និងគ្មាន​ចេតនាបង្ក​ការ​ខូច​ខាត​ទ្រព្យសម្បតិ្ត​ ដូច​សកម្មភាពរបស់​ពួកភេរវករ​នោះ​ដែរ​។​

​លោក​ថ្លែងថា៖ «ភេរវកម្ម​ហ្នឹង​គឺ​ជាក្រុម​មួយ​ដែល​គេហៅ​ថា​បង្កចលាចល​ លះបង់​ជីវិត​ដើម្បី​បំផ្លិច​បំផ្លាញនូវក្រុម​ណាមួយ​ ប្រទេស​ណាមួយ តំបន់​ណាមួយ​អីជាដើម​។ ក៏ប៉ុន្តែ​បើ​យើង​មើល​ចេតនា​អំពីអ្នក​ដែលធ្វើ​សកម្មភាព​នៅ​ខាង​ក្រៅ​ប្រទេសនាពេល​បច្ចុប្បន្ន​ ពួកគាត់​ធ្វើការ​ទាម​ទារ​តវ៉ា​ ធ្វើ​បាតុកម្មដោយ​សន្តិវិធី​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ អ្នក​ទាំង​អស់​ហ្នឹង​ត្រូវ​បាន​អាជ្ញាធរ​ ឬក៏​រដ្ឋាភិបាល​នៃ​ប្រទេស​គេហ្នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ ដោយ​មាន​សមត្ថកិច្ច​ មាន​ប៉ូលិស​ហ្នឹង​ ការពារ​ជួយ​រៀបចំសណ្តាប់​ធ្នាប់ឲ្យ​ទៅ​ទៀត»។ ​

លោក​ ស៊ឹង សែន​ករុណា យល់​ថា វានឹង​ជារឿង​គួរឲ្យ«អស់​សំណើច»សម្រាប់រដ្ឋាភិបាល​កម្ពុជា ដែលចង់បង្កើត​ច្បាប់​ដាក់​អ្នករិះគន់ជា​ពួកភេរវករ​នោះ។​

លោក​ថ្លែងថា៖ «វាជារឿង​មួយ​ដែល​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅក្នុង​សហគមន៍​អន្តរជាតិ​ គេ​កាន់​តែអស់​សំណើច​ កាន់​តែ​ធ្វើ​ឲ្យ​មាន​គេ​កត់​សម្គាល់​កាន់តែ​ខ្លាំង​ ហើយរបៀប​ធ្វើ​កា​រ​របៀបនេះ​ វាមិន​មែន​ជា​រឿង​ដែលធ្វើ​ការ​ការពារ​ដើម្បី​ក្នុងផល​ប្រយោជន៍បុព្វហេតុ​ប្រទេស​ជាតិ​អី​ទេ គឺ​ជា​ការ​ធ្វើឡើង​ទៅតាម​អំពើចិត្ត​ ហើយ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​ទៅ​តាម​គោល​ការណ៍​អន្តរជាតិ​ទៅ​ទៀត»។ ​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្សលីកាដូលោក ​អំ សំអាត​ ប្រាប់​វីអូអេថា​ ​កម្ពុជា​មាន​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្មមួយ​ចំនួនរួច​ហើយ​ ដូច្នេះ​គ្មានហេតុផល​ណា​ដែល​ត្រូវ​មាន​ច្បាប់​បន្ថែម​ទៀត​នោះទេ​។ លោក​បន្ថែម​ថា ការ​ធ្វើ​ច្បាប់ថ្មីបន្ថែម​ជាដំណើរ​ស្មុគស្មាញ​ ដោយ​ត្រូវ​ការ​សិក្សា​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ ហើយ​ច្បាប់​នោះ​ទៀត​សោត​ត្រូវ​ស្រប​តាម​ស្មារតីនៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «មុន​នឹង​បង្កើត​ច្បាប់​មួយៗ​ គឺ​ត្រូវ​មាន​ការ​សិក្សា​ឲ្យបាន​គ្រប់​ជ្រុង​ជ្រោយ​ និង​ប្រមូល​ធាតុ​ផ្សំ​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ចៀស​វាង​នូវ​ការ​រិះគន់​ ឬក៏ភាព​ស្រប​ ឬមិន​ស្រប​ជាមួយ​នឹងរដ្ឋធម្មនុញ្ញហ្នឹង​ ធ្វើម៉េច​ដើម្បី​ច្បាប់​ដែល​ចេញហ្នឹង​គឺ​ មានការ​ទទួល​ស្គាល់​ ហើយ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​»។

ភាពចម្រូង​ចម្រាស​ជុំវិញ​បញ្ហា​កោះគុត​នេះ​ ក៏​បាន​បង្កឲ្យមាន​ប្រតិកម្ម​ពី​នាយករដ្ឋ​មន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត​ ដែល​បាន​អះអាង​ថា​ កម្ពុជា​នៅ​បន្តចរចា​ជាមួយភាគី​ថៃលើ​បញ្ហា​កោះគុត​នេះ។ ហេតុ​ដូច្នេះ​ រដ្ឋាភិបាលមិន​អាច​យក​រឿង​នេះ​ទៅ​តតាំងនៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន ​ដូច​ការ​ទាម​ទារ​របស់​ក្រុម​អ្នក​ជំទាស់នោះទេ។

លោក​ ហ៊ុន ម៉ាណែត ក៏​បាន​សង្កត់​ធ្ងន់ថា​ បញ្ហា​ដែល​បានកើតឡើង​ជុំវិញកោះ​គុត​នេះ​ជារឿង​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ​ ទី​ដែល​គណបក្ស​ប្រឆាំង​ថៃ​បាន​យក​បញ្ហា​កោះគុត​នេះ​មក​ចោទរដ្ឋាភិបាល​ថៃ​ថាបាន​ធ្វើ​ឲ្យ​បាត់​បង់កោះ​នេះ​ទៅ​កម្ពុជា​។

អ្នក​តាម​ដាន​ភូមិ​សាស្រ្ដ​នយោបាយ​លោក​ សេង​ វណ្ណលី​ បាន​សង្កេត​ឃើញថា​ ការ​អត្ថាធិប្បាយ​របស់ក្រុមអ្នក​ជំទាស់ពាក់​ព័ន្ធ​នឹង​បញ្ហា​កោះគុត​ មិនគួរ​ត្រូវបាន​ចាត់ទុកថា​ ជាការ​ព្យាយាម​បង្កការ​បះបោរ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះទេ។ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ធ្វើ​ការ​ពិចារណា​លើ​មតិ​នានា​ ហើយ​បង្ហាញ​ឆន្ទៈ​នយោ​បាយ​មួយ​ក្នុង​ការ​ធានាថា ​អធិបតេយ្យ​ភាពនិងបូរណភាព​ទឹកដីត្រូវបាន​ថែរក្សា​ និង​គ្មានការ​បាត់​បង់​បន្ត​ទៅ​ទៀត​។

លោក សេង​ វណ្ណលី ​ថ្លែងថា៖ «ការ​លើកឡើង​របស់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ អ្នកវិភាគ​ ក៏ដូច​ជា​ប្រតិកម្ម​របស់​ប្រជា​ពលរដ្ឋជុំវិញ​បញ្ហា​កោះគុត​នេះ​ តាម​ពិត​ទៅ​ មិនមាន​គោល​បំណង​ក្នុង​ការ​ដាក់​សម្ពាធ​ទៅរដ្ឋាភិបាល​ ក្នុង​គោល​ដៅដើម្បី​ធ្វើ​ម៉េច​ផ្តួលរំលំ​របប​នយោបាយ​ភ្នំពេញ​ឡើយ។ ហើយ​តាម​ពិត​ បើសិន​ជា​ក្នុងករណី​មាន​ចេត​នា​ ក៏យើងដឹង​ហើយ​ថា​ កម្លាំង​របស់​អ្នក​មាន​គំនិត​ផ្ទុយ​ ឬក៏សារ​ដែល​លើកឡើង​របស់​អ្នកវិភាគ​ ក៏ដូច​ជា​ប្រជាពលរដ្ឋ​ហ្នឹង​ មិន​អាច​ធ្វើ​អ្វី​ប៉ះពាល់​ដល់​អំណាច​ របស់​រដ្ឋាភិបាល​ដែល​មាន​អំណាច​ទាំងស្រុង​បាន​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ​។ អ្វីដែល​លើក​ឡើងនេះ​ គឺគ្រាន់​តែ​បង្ហាញ​អំពី​ចេតនា​ ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​រដ្ឋាភិបាលប្រកាន់​ជំហរ​ឲ្យ​បាន​ច្បាស់​លាស់ ​ហើយ​អធិបតេយ្យ​និង​បូរណភាព​ទឹក​ដីរបស់​កម្ពុជាឲ្យ​គង់​វង្ស​»។

បើតាម​លោក​ សេង វណ្ណលី​ ការ​ព្យាយាម​បង្កើត​ច្បាប់​ណាមួយ​របស់​រដ្ឋាភិបាល​ដើម្បី​ដាក់​ក្រុម​អ្នកជំទាស់​ដែល​ថ្លែងរិះគន់​បញ្ហាកោះគុតជា​ក្រុម​ភេរវកម្ម​នោះ គឺមិន​មែន​ជា​ចេតនា​ការពារអធិបតេយ្យភាព និង​ទឹក​ដី​របស់​ជាតិ​ទេ​ តែ​វា​ជា​ការ​ទម្លាក់​កំហុសលើ​អ្នកមាន​ទស្សនៈផ្ទុយ​នឹង​រដ្ឋាភិបាល​ ដែល​ប្រាថ្នាចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​គោល​ជំហរ​ច្បាស់​លាស់នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​ភាគីថៃ​ក្នុង​សំណុំរឿង​កោះគុត​ដ៏ចម្រូង​ចម្រាស​នេះ៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG