ឆ្លើយតបនឹងគម្រោងពិភាក្សារបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនៅអង្គការសហប្រជាជាតិ(អ.ស.ប.)អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាប្រចាំអ.ស.ប.បានប្រកាសតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងការពិភាក្សានេះ ដោយបានចោទប្រកាន់ថា ការពិភាក្សានេះមានចរិតនយោបាយ និងបង្កការភាន់ច្រឡំ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រតិភូកម្ពុជាប្រចាំអ.ស.ប.ដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ។
ស្ថានបេសកកម្មស.រ.អា.និងសហភាពអឺរ៉ុបប្រចាំអ.ស.ប.គ្រោងរៀបចំកិច្ចប្រជុំពិភាក្សាអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាក្នុងពេលដែលគណបក្សជំទាស់ត្រូវរំលាយ មេដឹកនាំត្រូវចាប់ខ្លួនដាក់ពន្ធនាគារ ហើយមន្ត្រីមួយចំនួនកំពុងនិរទេសខ្លួនទៅក្រៅប្រទេស មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ វេទិកានេះកើតឡើងចំពេលដែលលោកអគ្គលេខាធិការអ.ស.ប.មានក្តីបារម្ភចំពោះស្ថានការណ៍កម្ពុជា ជាពិសេសទៅលើលំហប្រជាធិបតេយ្យមុនការបោះឆ្នោតក្នុងប្រទេសកម្ពុជា ដែលធ្លាប់រងការដាក់អាសនៈនៅអ.ស.ប.ឲ្យនៅទំនេរ កាលពីឆ្នាំ១៩៩៧ម្តងហើយ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៨ ខែធ្នូរបស់ប្រតិភូកម្ពុជាប្រចាំអ.ស.ប.ស្ថិតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកបានសរសេរក្នុងន័យដើមថា៖
«ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងការពិភាក្សាបែបនេះ ដែលត្រូវបានរៀបចំឡើងក្នុងហេតុផលនយោបាយ និងមានចេតនាយ៉ាងច្បាស់ក្នុងការបំភាន់សាធារណៈមតិអន្តរជាតិ។ ស្ថានបេសកកម្មចាត់ទុកថា អាកប្បកិរិយាដ៏ក្រអឺតក្រទម និងគ្មានការគោរពបែបនេះគឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដូចមានចែងក្នុងមាត្រា២នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។
ប្រតិភូកម្ពុជាប្រចាំអ.ស.ប.បានថ្លែងការពាររាល់វិធានការដែលរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមកប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងគឺលោក កឹម សុខា និងមន្ត្រីគណបក្សប្រឆាំងផ្សេងៗទៀត ក៏ដូចជាលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រតិភូកម្ពុជាប្រចាំអ.ស.ប.បានសរសេរបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្នុងន័យដើមថា៖
«បច្ចុប្បន្ននេះ មានគណបក្សនយោបាយប្រមាណ៣៥បានចុះបញ្ជីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខនេះ។ ដោយមានគណបក្សនយោបាយជាច្រើនកំពុងធ្វើសកម្មភាពនៅកម្ពុជា គេអាចមើលឃើញថា លំហប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្សកំពុងចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តជាងពេលណាៗទាំងអស់ក្នុងការប្រកាន់តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា និងការរៀបចំការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយសេរី យុត្តិធម៌ និងមានរបៀបរៀបរយ ដែលអាចទទួលយកបានដោយគ្រប់ភាគីចូលរួមទាំងអស់»។
វេទិកាសាធារណៈមួយក្នុងបុរីញូវយ៉កដែលរៀបចំដោយស្ថានបេសកកម្មអាមេរិក និងអឺរ៉ុបប្រចាំអ.ស.ប.បាននិយាយថា វេទិកានេះនឹងមានការពិភាក្សាអំពីស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសកម្ពុជា។ សេចក្តីប្រកាសព័ត៌មានមួយស្តីអំពីវេទិកានេះបានបញ្ជាក់ថា ដោយសារការបោះឆ្នោតជាតិក្នុងប្រទេសកម្ពុជានឹងធ្វើនៅក្នុងខែកក្កដាឆ្នាំ២០១៨ វាជារឿងសំខាន់ដែលត្រូវធានាថា សិទ្ធិសេរីភាពនៃការជួបប្រជុំ សិទ្ធិប្រមូលផ្តុំជាមូលដ្ឋាន ហើយនឹងសេរីភាពអ្នកសារព័ត៌មានត្រូវបានគោរព ហើយការប្រកួតប្រជែងដោយស្មោះត្រង់ តាមគោលការណ៍ប្រជាធិបតេយ្យពហុបក្សត្រូវគេមើលឃើញថា គឺជារឿងដ៏ចាំបាច់ថា ត្រូវតែកើតឡើង។
VOA មិនទាន់អាចសុំការអធិប្បាយពីកញ្ញា កឹម មនោវិទ្យា អគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានទេនៅថ្ងៃអង្គារនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់រូបនេះនឹងទៅផ្តល់សក្ខីកម្មនៅក្នុងវេទិកាស្តីពី«ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅស្ថានបេសកកម្មអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំអ.ស.ប.នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា បញ្ហាកម្ពុជាជាបញ្ហាពិសេស បើធៀបនឹងប្រទេសវៀតណាម និងថៃ ដោយហេតុថា ប្រទេសក្រីក្រនេះនៅជាប់ចំណងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងចលនានយោបាយ និងកិច្ចការក្រៅរដ្ឋាភិបាល ដែលជាឆ្អឹងខ្នងនៃលទ្ធិប្រជាធិបតេយ្យ។ លោកមានប្រសាសន៍ថា ប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងដែលបានបញ្ចប់វិវាទបួនភាគីរបស់ខ្មែរនេះ នៅតែអាចធ្វើការកោះប្រជុំបន្ទាន់ ដើម្បីសើរើការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
«ករណីជាក់លាក់មួយដែលខ្មែរយើងគឺខុសគ្នាពីប្រទេសវៀតណាម ខុសគ្នាពីប្រទេសថៃ ខុសគ្នាពីប្រទេសដទៃទៀត បាទ។ អីចឹង នៅពេលដែលយើងធ្វើអីក៏ដោយគឺយើងត្រូវតែមានការប្រយ័ត្នប្រយែង មិនមែនបានន័យថា អ្នកដឹកនាំខ្មែរបច្ចុប្បន្នអាចធ្វើអីបានស្រេចតែតាមស្អីដែលយើងចង់បាន ចង់ធ្វើទេ។ អាហ្នឹងបើសិនជាគេរុះរើ ឬក៏ទាញសន្និសីទទីក្រុងប៉ារីស ឬកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកវិញ ដើម្បីពិនិត្យមើលឡើងវិញនោះ អាហ្នឹងយើងនឹងពិបាកនៅក្នុងការទប់ទល់ ឬក៏ប្រតិកម្មអីតបតជាមួយហ្នឹង កិច្ចព្រមព្រៀងហ្នឹងវិញបាទ។ នេះជាករណីមួយ ដែលនៅពេលខ្លះ ខ្មែរយើងអត់បានគិតពីរឿងថា យើងស្ថិតនៅក្នុងលក្ខខណ្ឌមួយដែលអន្តរជាតិគេមិនទាន់ព្រលែងយើង ឲ្យយើងធ្វើអីស្រេចហ្នឹងចិត្តបាន»។
លោកមាស នីបានបន្ថែមថា ទោះបីកម្ពុជាត្រូវគេដឹងថា បានផ្តេកផ្តួលខ្លួនលើរដ្ឋាភិបាលក្រុងប៉េកាំងខ្លាំងយ៉ាងណាក្តី ក៏ប្រទេសនេះត្រូវតែអនុវត្តឲ្យបាននូវអ្វីដែលខ្លួនបានសន្យាក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយចិនដែលជាប្រទេសហត្ថលេខីមួយដែរនោះ ក៏មិនអាចទុកឲ្យកម្ពុជា ធ្វើអ្វីតាមដែលខ្លួនចង់ធ្វើបាននោះឡើយ។
«ចិនក៏ជាប្រទេសសំខាន់មួយដែរ ដែលជាអ្នកជាប្រទេសហត្ថលេខីទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ បាទ។ ដូច្នេះបើសិនជាស្ថានការណ៍នយោបាយនៅក្នុងប្រទេសយើង វាវិវត្តទៅ យើងហៅថា រអិលចូលទៅក្នុងផ្លូវមួយដែលវាមិនដូចអ្វីដែលបានចែងនៅក្នុងកិច្ចព្រមព្រៀង ហើយនឹងអ្វីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះ ខ្ញុំគិតថា ចិនក៏គេមិនចេះតែ ធ្វើការជួយគាំទ្រយើង ដោយមិនបានគិតអំពីការទទួលខុសត្រូវរបស់គេនៅក្នុងក្រុមហត្ថលេខី នៃប្រទេសដែលពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បាទ។ ជាការយល់ឃើញរបស់ខ្ញុំ»។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពិភពលោកសា្គល់លោកថា ជាបុរសខ្លាំងនោះ បានប្រកាសជាច្រើនដងមកហើយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះលែងមានឥទ្ធិពលមកលើកម្ពុជា ហើយកិច្ចព្រមព្រៀងលក្ខណៈប្រវត្តិសាស្ត្រមួយនេះក៏បានបាត់បង់ជីវិតទៅហើយដែរ បើមើលទៅលើការប្រែប្រួលខាងនយោបាយ ដែលបានកើតឡើងក្នុងប្រទេសហត្ថលេខីមួយចំនួន ដូចជាអតីតសហភាពសូវៀតជាដើម។
តុលាការកំពូលរបស់ប្រទេសកម្ពុជាដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្តាលខែមុន បានសម្រេចរំលាយគណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិ ដែលប្រធានគណបក្សនេះកំពុងជាប់ពន្ធនាគារពីបទដែលរដ្ឋាភិបាលចោទថា ក្បត់ជាតិ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដោយមានស.រ.អា.នៅពីក្រោយ។ តែការចោទប្រកាន់នោះត្រូវបានបដិសេធនិងចាត់ទុកថា គ្មានហេតុផល។
អ្នកនាំពាក្យរងរបស់អ.ស.ប.គឺលោក Farhan Haq បានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិកថា លោកអគ្គលេខាធិការអ.ស.ប.កំពុងតាមដានស្ថានការណ៍ក្នុងប្រទេសកម្ពុជា ហើយទទូចឲ្យភាគីនយោបាយមានកិច្ចពិភាក្សានយោបាយ ដើម្បីដោះស្រាយបញ្ហា។ លោកបានអះអាងថា លោកអគ្គលេខាធិការអ.ស.ប. António Guterres សម្តែងកង្វល់របស់លោកចំពោះការរឹតបន្តឹងលំហប្រជាធិបតេយ្យសម្រាប់គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មុនការបោះឆ្នោតឆ្នាំ២០១៨។
ស.រ.អា.ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពនេះត្រូវគេដឹងថា ធ្លាប់គៀងគរឲ្យមានការដាក់អាសនៈកម្ពុជាឲ្យនៅទំនេរ ក្រោយរដ្ឋប្រហារកាលពីឆ្នាំ១៩៩៧ និងមានការផ្តាច់ជំនួយរយៈពេលវែងផងដែរ ដែលជំនួយពីប្រទេសខ្លះត្រូវពន្យារពេលរហូតទាល់តែមានការបោះឆ្នោត ហើយមានរដ្ឋាភិបាលថ្មីដែលចេញពីការបោះឆ្នោត៕