ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន ​សែន​​ អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ជំទាស់​ផ្តាច់​ខ្លួន​ចេញ​ពី​លោក សម រង្ស៊ី​ ជា​ថ្នូរ​នឹង​ការ​លើក​លែងទោស


រូប​ផ្គុំ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)
រូប​ផ្គុំ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បង្កើន​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ដាក់មេដឹកនាំ​នយោបាយ​ជំទាស់ គឺ​លោក​ សម រង្ស៊ី​ ឱ្យ​ស្ថិត​នៅ​ឯកោ​ ដោយសន្យា​ថា​ លោក​នឹង​លើក​លែង​ទោស​អ្នក​នយោបាយ​ទាំង​ឡាយ​ណា​ ដែល​សុខ​ចិត្ត​ផ្តាច់​ខ្លួន​ចេញលោក ​សម រង្ស៊ី។

​យុទ្ធសាស្ត្រ ដែល​ហៅ​កាត់​ជាភាសា​អង់គ្លេស​ថា IF​ ដែល​មានន័យ​ថា​ ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​ឯង និង​បញ្ចប់មនោគម​វិជ្ជា​នយោបាយ​ជ្រុល​និយម​របស់​លោក​ សម រង្ស៊ី ត្រូវ​បាន​លោក​ ហ៊ុន សែន​ អះអាង​ថា ​ជា​យុទ្ធសាស្ត្រថ្មី​មួយ ​ជំនួស​ឱ្យ​យុទ្ធសាស្ត្រ​ចាស់​ គឺ​ DIFID ​ដែល​លោក ហ៊ុន សែន ធ្លាប់​ប្រើ​ជាមួយ​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម​ និង​គូ​ប្រជែង​នយោបាយ​ផ្សេង​ទៀត​កាលពី​ពេល​កន្លងមក។

នៅ​ក្នុង​ការ​ជួបជុំ​ជាមួយប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​រុនតាឯក​ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​ នា​ព្រឹក​ថ្ងៃ​ទី ២១​ ខែ​តុលា​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ លើក​ឡើង​ថា លោក​នឹង​ស្នើ​សុំ​ព្រះមហាក្សត្រ​ដើម្បី​លើក​លែង​ទោស​មនុស្ស​ជំនិត​ និង​អ្នក​គាំទ្រ​លោក​ សម រង្ស៊ី​ ប្រសិន​បើ​ពួក​គេ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​លោក​ សម រង្ស៊ី​ ដែល​លោក​ចាត់​ទុក​ថា​ជា​ជន​ក្បត់​ជាតិ​បី​ជំនាន់។

លោក ហ៊ុន សែន ថ្លែង​ថា៖ ​«ខ្ញុំ​អាច​នឹង​ពិនិត្យ​លើក​លែង​ទោស​ឱ្យ​អ្នក​ឯង តែ​ឱ្យ​បែក​ចេញ​ពី​អាមួយ​ហ្នឹង​ [លោក សម រង្ស៊ី] ព្រោះ​ខ្ញុំ​មាន​អំណាច​ ដើម្បី​ចុះ​ហត្ថលេខា​ស្នើ​សុំ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស ក៏​ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​អ្នក​ឯង​បំបែក​ខ្លួន​ចេញ​ពី​អាមួយ​ហ្នឹង ខ្ញុំ​ប្រកាស​គោល​នយោបាយ​របស់ខ្ញុំ»។ ​

លោក ហ៊ុន សែន​ ក៏​បន្ត​ព្រមាន​ខ្លាំងៗ​ទៅ​កាន់​គណបក្ស​ប្រឆាំង​ក្នុង​ស្រុក​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ​ ជុំវិញ​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​លោក​ សម រង្ស៊ី ដោយ​សារ​លោក​បាន​ប្តេជ្ញា​បោស​សម្អាត​ចោល​ឱ្យ​អស់​នូវ​មនោគម​វិជ្ជា​នយោបាយ​ជ្រុល​និយម ដែល​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយគណបក្ស​ប្រជាជន​កម្ពុជា។

លោក​ថ្លែង​ទៅកាន់​ក្រុម​ប្រជាពលរដ្ឋ​ និង​មន្ត្រី​កម្ពុជា​ថា៖ ​«អ៊ីចឹង​បាន​ថា អា​ប្រភេទ​ចង្រៃ​ហ្នឹង​ថា​ ត្រូវ​តែ​ប្តូរ​ផ្តាច់​កម្ចាត់​ចោល​នូវ​មនោគម​វិជ្ជា​ក្បត់​ជាតិ​បី​ជំនាន់​ ហើយ​តែ​ម្នាក់​ទេ។ ​ដរាប​ណា​អ្នក​ឯង​មិន​ព្រម​ប្រកាស​រំសាយ​ចោល​នូវ​នយោបាយ មាន​ឯង​អត់​អញ​ ហើយ​ធ្វើ​ការ​សុំ​ទោសថ្លែង​ជូន​ប្រជាពលរដ្ឋ​ថា ​ចាប់ពី​ពេល​នេះ​តទៅ ខ្ញុំ​បញ្ឈប់​នូវ​នយោបាយ​ផ្តួល​រំលំ​រដ្ឋាភិបាល គឺ​ដរាប​នោះ​យើង​ត្រូវ​តែ​កម្ចាត់។ ​ហើយ​វិធី​កម្ចាត់ ​គឺ​វា​ងាយ​ទេ​ គឺ​បាន​សេចក្តី​ថា​ ផ្តាច់ខ្លួន​ចេញ​ពី​អាហ្នឹ​ង​មក​ រាប់​ទាំង​អ្នក​ទៅ​ជាមួយមេៗ​ហ្នឹង»។

លោក ហ៊ុន សែន ថ្លែង​បន្ថែម​ថា៖ ​«ដូច​ជា​កន្លង​ទៅ​ កាល​ដែល​សម័យ​ខ្មែរ​ក្រហម គឺ​ក្រុម​ទាំង​ឡាយ​ផ្តាច់​ខ្លួន​ចេញ​ពី​ខ្មែរ​ក្រហម​ ចេញ​មកៗៗៗ​ អា​មេ[មេ​ខ្មែរ​ក្រហម]​នៅ​តេង​តុងៗៗ ទី​បំផុត​[មេខ្មែរ​ក្រហម]​ទៅ​ស៊ី​បាយ​នៅ​ផ្ទះ ​ហ៊ុន សែន ឱ្យ​ស៊ី​បាយ​មួយ​ពេល​ទៅ។ ​ហើយ​ទៅភ្ជាប់​[ខ្លួន​ជាមួយ​ លោក សម រង្ស៊ី]ទៀត ភ្ជាប់​ទៅ​នាំគ្នា​ងាប់​នៅ​ក្រៅ​ស្រុក​ហ្នឹង​ទៅ។ ហើយ​អ្នក​ខាង​ក្នុង​ ឬ​បក្ស​នយោបាយ​ហ៊ា​ន​តែ​ភ្ជាប់ ប្តឹង​ទៅ​តុលាការ​រំលាយ​ចោល​តែ​ម្តង!»។

បើតាម​លោក​ហ៊ុន សែន មាន​ភ័ស្តុតាង​មួយ​ចំនួនបង្ហាញ​ថា​ អ្នក​ក្នុង​ប្រទេស​ និង​គណបក្ស​មួយ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ​បាន​ទាក់​ទង​ជាមួយ​ក្រុម​របស់​លោក សម រង្ស៊ី ត្រូវ​បាន​មនុស្ស​របស់​លោកយក​បាន​តាម​ការ​ប្រជុំ​ Zoom។ ប៉ុន្តែ​លោក​មិន​ទាន់​មាន​វិធានការ​បន្ទាន់​ណាមួយ​ទេ​ ​ដោយ​រង់​ចាំ​មើល​ស្ថានការណ៍​វិវត្ត​ចុង​ក្រោយ​របស់​គណបក្ស​នោះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ ហ៊ុន សែន ​បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​ ​ក្រោយ​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះបោះឆ្នោត​សារ​ជាថ្មីថា ​លោកអាចរួម​តុ​បាយ​ជាមួយ​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ​លោក ​ខៀវ សំផន ​លោក នួន ជា និង​លោក ​អៀង សារី​ បាន​ នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ ក៏ប៉ុន្តែ​លោក​ សម រង្ស៊ី​ នឹង​គ្មាន​ឱកាស​ដូច​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម​នោះ​ទេ។

អតីត​សមាជិក​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ម៉ន ផល្លា ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការសន្យា​របស់​លោក ហ៊ុន សែន ​មាន​ចេតនា​លួង​ចិត្តសហគមន៍​អន្តរ​ជាតិ​ និង​បំភាន់​មតិ​ជាតិ​ ក្នុង​គោល​បំណង​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ។

​លោក​បន្ថែម​ថា លោក ហ៊ុន សែន ​គ្មាន​ឆន្ទៈ​ស្មោះ​ត្រង់​ទៅ​លើ​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​នឹង​លោក​នោះ​ទេ ​ព្រោះមេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ ច្រើន​តែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បំបែក​បំបាក់ តាម​រយៈ​ការ​ទិញ​ទឹក​ចិត្ត​ និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​តាម​តែ​អំពើ​ចិត្ត ដើម្បី​រារាំង​ថ្នាក់​ដឹកនាំ​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិនឱ្យ​ចូល​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ គិត​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​ ២០១៧ មក។

លោក​ ម៉ន ផល្លា ថ្លែង​ថា៖ ​«ដូច្នេះ​គាត់​ជានិច្ច​កាល​តែង​តែ​ប្រើ​តុលាការ​ដើម្បី​ដាក់​បន្ទុក​ មក​លើ​ពួក​យើង​ខ្ញុំ​ទាំង​អស់គ្នា​ ដែល​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​បន្ទាប់​មក​ គាត់​ធ្វើ​ឱ្យ​តុលាការ​នេះ​សម្រេចចិត្ត​ផ្តន្ទា​ទោស​ទៅតាម​អ្វី​ដែល​គាត់​ចង់​បាន»។ ​

លោក​ ម៉ន​ ផល្លា បាន​ថ្លែង​ទៀត​ថា ​បើ​លោក​ ហ៊ុន សែន ចិត្ត​សឿង លោក​ត្រូវ​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ ដែល​មាន​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ហើយ​ត្រូវ​បើក​ផ្លូវ​ឱ្យថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​អស់​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០២៣ ខាង​មុខ​នេះ ដោយ​មិន​ចាំបាច់​តម្រូវ​ឱ្យ​នរណា​ម្នាក់​ផ្តាច់​ខ្លួន​ចេញ​ពី​លោក​ សម រង្ស៊ី នោះ​ឡើយ។

​លោក ​អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ​និង​ជា​ស្ថាបនិក​មួយ​រូប​នៃ​គណបក្ស​ «កែទម្រង់​កម្ពុជា»​ យល់​ថា អ្នក​នយោបាយ​កម្ពុជា ​គួរ​ងាក​មក​ចរចា​គ្នា​ ដើម្បី​ផល​ប្រយោជន៍​កម្ពុជា ជា​ជា​ង​ការ​ចង់​ឈ្នះ​ចង់​ចាញ់ ឬ​ការ​ផ្តាច់​ជីវិត​នយោបាយ​គ្នា​នោះ។

លោក​ថ្លែង​ថា៖ ​«ការ​កម្ទេច​គ្នា​ទៅវិញ​ទៅ​មក ​វា​មិន​មាន​អ្វី​ចំណេញ​សម្រាប់​ប្រទេស​ជាតិ​ទេ​ វា​ចំណេញ​តែ​ក្រុម​ ចំណេញ​តែអីហ្នឹង​ ប៉ុន្តែ​ប្រទេស​ជាតិ​រង​នូវ​ផល​ប៉ះ​ពាល់​ទាំង​សេដ្ឋកិច្ច​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​សុទ្ធ​តែ​ប៉ះ​ពាល់ហើយ»។

ដោយឡែក​ អ្នក​វិភាគ​នយោបាយ​ លោក ​សេង សារី ថ្លែង​ថា ​ឆ្នាំង​នយោបាយ​កម្ពុជា​បច្ចុប្បន្ន កំពុ​ង​ឡើង​កម្តៅ​ ដោយសារ​តែ​ការ​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្តី​ឌឺដង​ដាក់​គ្នា​រវាង​មេដឹកនាំ​នយោបាយ​ជំទាស់​លោក​ សម រង្ស៊ី និង​មេ​បក្ស​កាន់​អំណាច ដែល​លោក​យល់​ថាមិន​ខុស​ពី​កម្តៅ​នយោបាយរវាង​កង​កម្លាំង​ប្រដាប់​អាវុធរបស់​ភាគី​ខ្មែរ​ក្រហម ​រដ្ឋ​កម្ពុជា​ ជា​មួយ​នឹង​ចលនា​ភាគី​តស៊ូ​តាម​ព្រំដែន​ កាលពី​អតីតកាល​នោះ​ទេ។

​លោក​ សេង សារី បាន​ថ្លែង​បន្ថែមថា៖ ​«ក៏ប៉ុន្តែ​សំណួរសួរ​ថា​ តើ​អ្នក​ដែល​ហ៊ាន​ដើរ​ចេញ​ពី​ចលនា​លោក សម រង្ស៊ី​ ទៅចូល​រួម​បក្ស​ថ្មី?​ ទៅចូល​រួម​ជាមួយ​គណបក្ស​កាន់​អំណាច​ក្តី​ ទៅចូល​រួម​ជា​មួយ​សម្ព័ន្ធ​គណបក្ស​ថ្មី​ដែល​ឃើញ​មាន​ការ​រៀបចំ​ក្តី​ ហ្នឹង​ថា​តើ​ពួក​គាត់​អាច​នឹង​មាន​ជីវិត​បន្ត​ក្នុង​ឆាក​នយោ​បាយ​ប៉ុណ្ណា? អាហ្នឹង​សំណួរដែល​សួរ​ទៅ​អ្នក​នយោបាយ​ ដែល​នឹងដើរ​ចេញពី​លោក សម រង្ស៊ី។ អ៊ីចឹង​ហើយ​លោក សម រង្ស៊ី ជា​អ្នក​ន​យោ​បាយ​ប៉ះ​រលាយ ប៉ះ​រលត់​ បាន​ន័យ​ថា​ អ្នក​ដើរ​ចេ​ញ​ពី​ចលនា ​សម រង្ស៊ី​ តែង​តែ​បាត់​ឈ្មោះ​ចេញ​ពី​ឆាក​នយោ​បាយ​ អាយុ​នយោបាយ​របស់​ខ្លួន​នឹង​ខ្លី។ អ៊ីចឹង​ហើយ​ចំណុច​នេះ​ ខ្ញុំ​មើល​ទៅ ​វាជា​ការ​រាំង​ស្ទះ​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ IFដែរ»។

បើតាម​លោក​ សេង សារី​ យុទ្ធសាស្ត្រ IF ដែល Isolate ឬ​ធ្វើ​ឱ្យឯកោ​ និង​ Finish​ ឬ​បញ្ចប់ ​ដែល​ជាយុទ្ធសាស្ត្រ​ចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ ​តែង​តែប្រើ​ជា​មួយ​គណ​បក្ស​ប្រឆាំង​ ​ដោយ​គ្រាន់​តែគ្រាន់​តែ​ប្តូរ​ឈ្មោះ ​និង​គ្រាន់​តែ​ដូរ​រូប​រាង​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ យុទ្ធសាស្ត្រ​កន្លង​មក​រួម​មាន​ ៣​ B និង​ ២D ​គឺ Bully ​ឬ​សម្លុត​គំរាម​កំហែង​ Buy ឬ​ការ​ព្យាយាម​ទិញ Bargaining ឬ​ការ​ចរចា និង​ ២​D ​គឺ Divide ​ឬ​ការ​បំបែក និង Destroy ​ឬ​ការ​បំផ្លាញ ដែល​ ២​ D គឺ​ជា​យុទ្ធសាស្ត្រ​ IF​ នេះ។

​ចំណែក​អ្នកវិភាគ​នយោបាយ​មួយរូប​ទៀត​គឺ​លោក​ មាស នី យល់ថា​ អ្នក​នយោបាយ​គួរ​តែ​ស្វែង​រក​ច្រក​ថ្មី ​ដើម្បី​អាច​ទាញ​យក​ផល​ប្រយោជន៍ ​និង​អាច​នាំ​ប្រជាធិបតេយ្យ​មក​កម្ពុជា។ លោក​បន្ថែម​ថា ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ​ គឺមាន​ផល​ខាត និង​ផល​ចំណេញ ​ហើយ​គណបក្ស​កាន់​អំណាច​ មិន​គួរ​ប្រើ​នយោបាយ​កម្ទេច​ដៃ​គូនោះ​ទេ ព្រោះ​វា​ផ្តល់​នូវបញ្ហា​ប្រឈម​ច្រើន​ទៀត និងមិន​ប្រាកដ​ថា​ ការ​កម្ទេចនេះ​ទទួល​បាន​ជោគជ័យ​ឬ​យ៉ាង​ណា​ទេ តែផ្ទុយ​ទៅវិញ វា​អាច​ជះ​ផល​ទាំង​ឡាយ​ត្រឡប់​ទៅ​ខ្លួន​វិញ​ក៏​ថា​បាន។

លោក មាស នី បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «នៅ​ពេល​ការ​តស៊ូ​នៅ​ខាង​ក្រៅ​មិន​អាច​ទៅ​រួច​ទេ លទ្ធភាព​នៃ​ការ​ចូល​មក​ខាង​ក្នុង ហើយ​ធ្វើ​ការ​តស៊ូ​រួមគ្នា​ជាមួយ​គណបក្ស​ដទៃ​ ក៏វា​ជា​ជម្រើស​មួយ​ដែរ​ អានេះ​វា​មាន​ចំណេញ វា​មាន​ខាត។ ​ប៉ុន្តែ​បើ​យើង​និយាយ​អំពី​ការ​រំដោះ​ប្រជាធិបតេយ្យ​ វា​មិន​មែន​មាន​ច្រក​តែ​មួយ ទាល់​តែ​អ្វីៗ គឺ​ត្រូវ​ចាំ​ឯកឧត្តម សម រង្ស៊ី ​ទាំង​អស់​ ក៏វា​មិន​ច្បាស់​ថា​ ប្រជាធិបតេយ្យ​អាច​វិល​ត្រឡប់​មក​វិញបាន​ដែរ បើ​យើង​មើល​ពី​ភាព​តានតឹង​នៃ​មេដឹកនាំ​ទាំង​ពីរ​ហ្នឹង»។

គួរ​រំលឹក​ផង​ដែរ​ថា​ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ចោល​តាម​បណ្តឹង​រដ្ឋាភិបាល​ដែល​ចោទ​ថា​ គណបក្ស​នេះ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​មាន​បរទេស​នៅ​ពី​ក្រោយ​នោះ​ ​លោក​ សម រង្ស៊ី​ ថ្នាក់​ដឹកនាំ​ មន្ត្រី ​និង​សកម្មជន​អតីតគណបក្សប្រឆាំង​នេះមួយ​ចំនួន​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្នុង​នោះ​មាន​អូស្ត្រាលី​ បារាំង​ សហរដ្ឋ​អាមេរិក​ និង​កាណាដា​ ដើម្បី​បន្ត​សកម្មភាព​នយោបាយ។ រី​ឯ​សកម្មជន​ក្នុង​ស្រុកខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​ និង​អ្នកខ្លះ​ទៀត​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ដោយ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ​ទៀត​ទេ៕

XS
SM
MD
LG