ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រកាស​ប្រើ​យុទ្ធសាស្ត្រ​ដាក់​ឱ្យ​នៅ​ឯកោ​និង​បញ្ចប់​ជីវិត​នយោបាយ​លោក សម រង្ស៊ី


រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្តិភាព​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១។
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្តិភាព​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ប្រកាស​ជា​សាធារណៈ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​កម្ចាត់អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ពី​ឆាក​នយោបាយ​នៅ​កម្ពុជា តាម​យុទ្ធសាស្ត្រ​ឈ្មោះ​កាត់ជា​ភាសា​អង់គ្លេស​ថា​ IF ដែល​សំដៅ​លើ​ការ​ដាក់​ឱ្យ​ឯកោ​ និង​ផ្តាច់​ដង្ហើម​មនោគម​នយោបាយ​ជ្រុល​និយម​របស់​លោក​ សម​ រង្ស៊ី។

បើ​តាម​លោក​ ហ៊ុន សែន​ យុទ្ធសាស្ត្រ​នេះ​ នឹង​បោសសម្អាត​បណ្តាញ​ក្រុម​ជំទាស់​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​លោក​ សម រង្ស៊ី​ ដែល​កំពុង​នៅ​ជាឆ្អឹង​ទទឹង​ក​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ ក្រោយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ លោក ហ៊ុន សែន ​លើក​ឡើង​ថា ​លោក សម រង្ស៊ី គឺ​ជា​បុគ្គល​ដែល​មនោគមវិជ្ជា​នយោបាយជ្រុល​និយម​ ខុស​ពី​អ្នកនយោបាយ​ខ្មែរ​ឯទៀត​ ដោយលោក​ចាត់​ទុក​លោក​ សម រង្ស៊ី​ ថា​ ជា​ជន​ក្បត់​ជាតិដែល​បន្ត​រក្សា​គំនិត​ គិត​ប្រើ​អំពើ​ហិង្សា​មក​ទម្លាក់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា។

បន្ថែម​ពីនេះ ​លោក​ ហ៊ុន សែន​ អះអាង​ថា​ លោក​លែង​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ចាស់​គឺ DIFID ដើម្បី​តទល់​នឹង​លោក ​សម រង្ស៊ី​ ដូចអ្វី​លោក​ធ្លាប់​ប្រើ​ជាមួយ​ក្រុម​មេដឹក​នាំ​ខ្មែរ​ក្រហម​ និង​គូ​ប្រជែង​នយោបាយ​ផ្សេង​ទៀត​ ដោយ​លោកប្រើ​យុទ្ធសាស្ត្រ​ IF​ជំនួស​វិញ ដែល​នឹង​ធ្វើ​ឱ្យ​លោក សម រង្ស៊ី​ នៅ​ឆ្ងាយ​ពី​គេ​ឯង ព្រោះ​លោកចាត់​ទុក លោក សម រង្ស៊ី ថាជា​ជន​ក្បត់​ជាតិ​ ហើយមិន​ចេះ​កែប្រែ​កំហុស។

លោក​ ហ៊ុន សែន ថ្លែង​ថា៖ «លើក​នេះ​ខ្ញុំ​ប្រើ​តែ Iនិង​ F មាន​ន័យ​ថា Isolate ​[ធ្វើ​ឱ្យឯកោ] ​ហើយ​ Finish​ [បញ្ចប់] តែ​ម្តង។ កាលពី​មុន​ ខ្ញុំ​ប្រើ​ប្រាំ​តួ​អក្សរ​ [DIFID] ​Divide [បំបែក] Isolate [ធ្វើ​ឱ្យឯកោ] Finish ​[បញ្ចប់] Integration​ [សមាហរណកម្ម] និងDevelopment [អភិវឌ្ឍ]។​ ប៉ុន្តែ​លើក​នេះ ​ខ្ញុំ​ប្រើ​តែ​ ២​ អក្សរ​ទេ ​គឺ ​IF តែ​ម្តង​ បាន​សេច​ក្តី​ថា​ Isolate ​[ធ្វើ​ឱ្យឯកោ] ហើយ​ Finish​ [បញ្ចប់]​ ចោល​តែម្តង។ ​អាហ្នឹង​គឺខ្ញុំ​បញ្ជាក់​អំពី​យុទ្ធ​សាស្ត្រ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ទៅ​តាម​ខេត្ត​នេះ​ក៏​សំដៅ​ ដើម្បី​នឹង​រៀប​ចំ​បណ្តាញ​ ដើម្បី​នឹង​កម្ចាត់​ចោល​អង្គការ​ចាត់​តាំង​មនោគម​វិជ្ជា​ជ្រុល​និយម ដែល​បង្កើត​ឡើង​ដោយ​ជន​ក្បត់​ជាតិ​បី​ជំនាន់​នេះ​ផង​ដែរ»។

លោក​ ហ៊ុន សែន ​អះអាង​ដោយ​ក្តី​រីក​រាយ​នៅ​ចំពោះមុខក្រុម​អ្នកកាសែត​ថា ​យុទ្ធសាស្ត្រ​របស់​លោក​ដែល​បាន​ប្រើប្រាស់​កម្ចាត់​អតីត​មេដឹក​នាំ​ប្រឆាំង​ គឺ​កំពុង​ទទួល​បាន​ជោគជ័យ និងមិន​ចំណាយ​ពេល​វេលា​យូរ​ដូច​មុន​ទេ​ ក្នុង​ការរុញ​ច្រានលោក​ សម រង្ស៊ី ឱ្យ​ឆ្ងាយពី​ឆាក​នយោបាយ​នៅ​កម្ពុជា។ ​លោក​នាយក​រដ្ឋ​មន្ត្រី​បន្ថែម​ថា ​គណបក្ស​ប្រឆាំង​បច្ចុប្បន្ន ​ក៏​មិន​ទាន់​ឃើញ​ថា ​ហ៊ាន​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​របស់​លោក សម រង្ស៊ី ផង​ដែរ។

លោក​ថ្លែង​ថា៖​ «អ៊ី​ចឹង​ខ្ញុំ​គិត​ថា ​IF ​ប្រហែល​ជា​មិន​ប្រើ​រយៈពេល​យូរ​ទេ​ ព្រោះ​ស្ថានភាព​បាន​ផ្តាច់ ព្រោះ​សូម្បី​តែ​បក្ស​ខាង​ក្នុង​នេះ​ អត់​ហ៊ាន​ផ្សា​ភ្ជាប់​ខ្លួន​ជា​មួយ​គេ [បើ]​ហ៊ាន​ផ្សា​ភ្ជាប់ [នឹង]​ ត្រូវ​រលាយ។ អ៊ីចឹង​មាន​ន័យ​ថា​ពាក្យ​ Isolate ​[ធ្វើ​ឱ្យ​ឯកោ]​ របស់​ខ្ញុំ​នេះ​ កំពុង​បាន​ដំណើរ​ការ​ហើយ​តើ! បាន​ន័យ​ថា​ ច្បាប់​បាន​ជួយ​ Isolate ​[ធ្វើ​ឱ្យ​ឯកោ] នេះ​ហើយៗ ​គឺ​មិន​ឱ្យ​បក្ស​នយោបាយ​ណា​ផ្សា​ភ្ជាប់​ជាមួយ​ទណ្ឌិត។ យល់​ហ្ហេ!​ អ៊ីចឹង​បាន​សេចក្តី​ថា ​ច្បាប់​ក៏​បាន​ជួយ​រួម​ចំណែក​សម្រាប់​ជោគជ័យ​នៃ​នយោបាយ​របស់​ខ្ញុំ​ទៅ​លើ​បញ្ហា​ឯកោ​ និង​ត្រូវ​ឈាន​ទៅ​បញ្ចប់ ​[លោក​ សម រង្ស៊ី] នេះ»។

រូប​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបានតុលាការ​រំលាយ ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (REUTERS/Lim Huey Teng)
រូប​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបានតុលាការ​រំលាយ ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (REUTERS/Lim Huey Teng)

លោក ហ៊ុន សែន ក៏​ថែម​ទាំង​អះអាង​ថា​ លោក ​សម រង្ស៊ី ​មិន​ឆ្លាត​ក្នុង​ការ​ធ្វើនយោបាយ​ ដោយ​មេដឹកនាំ​នយោបាយ​ជំទាស់​រូប​នេះ​បាន​សាងកំហុស​ពីរ​យ៉ាង គឺទី ១ នាំ​សហការី​ខ្លួនរត់​ទៅ​ក្រៅ​ប្រទេស និង​បណ្តាល​ឱ្យ​ពលរដ្ឋអ្នក​គាំទ្រមួយ​ចំនួន​ជាប់​ពន្ធនាគារ ដោយ​សារការ​បង្កើត​ព្រឹត្តិការណ៍​ផ្សេងៗ​ប្រឆាំង​ ដោយ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង ទី ២ ការ​នាំ​គ្នា​បោះ​បង់​ចោលពី​តួនាទី​នៃ​ថ្នាក់​ដឹកនាំនៃ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​មាន​សមាសភាព​ ៩នាក់ បន្ទាប់​ពី​រដ្ឋាភិ​បាល​បាន​ប្តឹង​តុលាការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក ហ៊ុន សែន ថ្លែងថា៖ ​«អ៊ីចឹង​ខ្ញុំ​សូម​បញ្ជាក់​ អ្នក​ដែល​ធ្លាប់​គាំទ្រ​មនុស្ស​នេះ មើល​ឃើញ​ឱ្យ​ច្បាស់​ថា​ តើ​វា[សម រង្ស៊ី]​ សាក​សម​ជា​មេដឹកនាំ​យុទ្ធសាស្ត្រ​សម្រាប់​បក្ស​នយោបាយ​មួយ​ទេ ​ដែល​សូម្បី​តែ​ប៉ុណ្ណឹង ក៏​មិន​យល់។ ​ការពារ​កម្លាំង​បាន​យ៉ាង​ល្អ ប្រសិន​បើ​កុំ​ឱ្យ​មនុស្ស​រត់​ចេញ​ ហើយ​បន្ត​បន្ទាប់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ គ្រប់គ្រង​ឡើង​វិញ​ ទោះ​បី​ក្រោម​រូបភាព​អី​ក៏​ដោយ។ ប៉ុន្តែ​វា​រត់ ​រត់​ រត់​ទៅ ​អរគុណ​ដែល​ឯង​រត់​ និយាយ​ឌឺ​ឯង​អ៊ីចឹង​ទៀត។ ហើយ ​ទី ២​ អ្នក​ឯង​ខុស​ខ្លួន​ឯង​ទេ​ក្នុង​ការ​រត់​ចោល​ជួរ​ចេញ​ពី​ គ.ជ.ប ​រត់​ចោល​ជួរ​ អ៊ីចឹង​រត់​ទៅ​ គេ​មាន​ទុកច្បាប់​ [គឺ] គេ​មិន​ដែល​ទុក​ឱ្យចន្លោះ​ប្រហោង​ទេ​ គេ​ត្រូវ​តែ​បំពេញ​វា»។​

ប្រធាន​ស្តីទី​របស់​គណ​បក្ស​ភ្លើង​ទៀន ​លោក ​ថាច់ សេដ្ឋា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គណបក្ស​ភ្លើង​ទៀន មិន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី ​នោះ​ទេ គិត​ចាប់​ពីគណបក្ស​ជំទាស់​នេះ​បាន​ដំណើរការ​ឡើង​វិញ​ មុន​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​ ២០២២ នេះ។

​លោក​បន្ត​ថា គណបក្ស​ភ្លើង​ទៀន​ តែង​តែ​គោរព​ទៅ​តា​ម​ច្បាប់​របស់​កម្ពុជា។ ទោះ​ជាយ៉ាង​ណាក្តី ​លោក ថាច់ សេដ្ឋា ក៏​ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម​ រង្ស៊ី ឱ្យ​បញ្ឈប់​វោហារសព្ទ​វាយ​ប្រហារ ​និង​ឌឺដង​ដាក់​គ្នា​ ហើយ​គួរ​តែ​រក​ផ្លូវ​ចរចា​ ដើម្បី​ស្តា​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​ឱ្យមាន​ភាព​ល្អ​ប្រសើរ​ឡើង​ នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​ក្រោយ​នេះ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ ​«ដូច្នេះ​យើងពុំ​មានការ​ពាក់ព័ន្ធ​អ្វី ដែល​ទំនាក់​ទំនង​ ឬ​សកម្ម​ភាព​ជាមួយ​លោក សម​ រង្ស៊ី​ នោះ​ទេ គឺ​យើង​ធ្វើ​សកម្មភាព​ដោយ​គណបក្ស​ភ្លើង​ទៀន​ នៅ​ក្នុង​ប្រទេស​នេះ​ ទៅ​តាម​ច្បាប់​គណបក្ស​នយោ​បាយ​នេះ​តែម្តង​ [នេះ]ទី ១។ ទី ២ ខ្ញុំ​ក៏​សូម​អំពាវ​នាវ​ផង​ដែរ​ដល់​អ្នក​នយោ​បាយ​ដ៏មាន​ឥទ្ធិពល​ទាំង​ពីរ​រូប​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ទាំង​លោក សម រង្ស៊ី សូម​មេត្តា​បញ្ចប់​រឿង​វោហារសព្ទ​ ដែល​វាយ​ប្រហារ​គ្នា ឬ​ក៏​ឌឺដង​គ្នា​ ហើយ​សូម​ឱ្យរក​មធ្យោបាយ​ដើម្បីចរចា​និយាយ​គ្នា​ក្នុង​មហា​គ្រួសារ​ខ្មែរ​យើង​ ដើម្បី​បង្កើត​ឱ្យមាន​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​មុនការ​បោះឆ្នោត​ឆ្នាំ​ ២០២៣ ​ខាង​មុខ​នេះ​ ហើយ​ក៏​ជា​ការ​បង្កើត​នូវ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​ក្នុង​ការ​រួប​រួម​ជាតិយើង​ ផ្សះផ្សា​ជាតិ​របស់​យើង​ កុំ​ឱ្យ​មាន​ឱ្យ​មានការ​បែក​បាក់​នៅ​ក្នុង​ប្រទេស​ជាតិ​របស់​យើង»។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា យល់​ថា ​អ្នក​នយោបាយ​កម្ពុជា​មិនគួរបណ្តុះ​គំនិត​គំកួន​ ស្អប់​ខ្ពើម និង​រើស​អើង​គ្នា​ក្នុង​សង្គម​ជាតិ​នោះ​ទេ​ ដោយ​លើក​ហេតុ​ផល​ថា​ សង្គម​ជាតិ​នឹង​មាន​ការ​ប្រេះ​ស្រាំ​ មិន​មាន​ការឯកភាព​គ្នា ឬ​បង្ក​អស្ថិរភាពដែល​អាច​បន្សល់​ទុកពី​អ្នកនយោ​បាយ​ចាស់​ទៅ​អ្នក​នយោបាយ​ជំនាន់​ក្រោយ​។

​លោក​យល់​ថា​ ការ​លើកឡើង​របស់​លោក​នា​យក​រដ្ឋមន្ត្រី ដែល​ថា​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ IFនេះ​ គឺគ្រាន់​តែ​ជា​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ខិត​ខំប្រឹង​ប្រែង​លេងវោហារ​សព្ទតែ​ប៉ុណ្ណោះ ដោយលោក​ថា​ សារ​នយោ​បាយ​របស់​លោក សម រង្ស៊ី ​ក៏​នៅ​តែ​មាន​ការ​គាំទ្រ​ ហើយ​ជាពិសេស​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គូប្រជែង​នោះ​ នៅ​បន្តមានប្រតិកម្ម​តប​ត​ទៅ​វិញ​ជានិច្ច។

ម្យ៉ាង​ទៀត​លោក ឯម សុវណ្ណារ៉ា ​សង្កេត​ឃើញ​ថា វោហារសព្ទ​នយោបាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ដែល​ចង់​បញ្ចប់​ឥទ្ធិពល​នយោ​បាយ​របស់​លោក​ សម រង្ស៊ី​នោះ​ ​គឺ​ដើម្បី​បង្កភាព​ងាយ​ស្រួល​មួយ​ផ្នែក​ក្នុង​ការ​ត្រៀម​ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក​ ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បោះ​ឆ្នោត​គាំទ្រ​ឱ្យ​ធ្វើ​ជា​អនាគត​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​នោះ។

​លោក​ថ្លែង​ថា៖ «ការ​ជំរុញ ឬក៏​ធ្វើ​ឱ្យ​លោក សម​ រង្ស៊ី​ ចេញ​ពី​ក្រៅ​ឆាក​នយោបាយ​ ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​នេះ​ គឺ​ជា​យន្តការ​មួយ​ធ្វើ​តាំង​ពី​យូរ​មក​ហើយ។ ហើយ​អ្វី​ដែល​ធ្វើហ្នឹង​ កន្លង​មក​ចង់​បញ្ជាក់​ថា គឺ​ដើម្បី​ផ្ទេរ​អំណាច​ទៅ​អ្នក​ជំនាន់​ក្រោយ​ ក៏​ប៉ុន្តែ​ផ្ទេរ​បាន ​ឬ​មិន​បាន​ វា​មិន​អាស្រ័យ​លើ​អ្នក​នយោ​បាយ​ជំនាន់​មុន​ទាំង​ស្រុង​ទេ។ វា​អាស្រ័យ​លើ​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ដែល​ត្រូវ​ឡើង​បន្ត​អំណាច​ ថា​គាត់​អាច​មាន​ភាព​រឹង​មាំ​ អាច​ទទួល​យក​អាច​ឡើង​ជ្រង​យក​អំណាច​ពី​អ្នក​នយោបាយ​មុន​បាន​ក្រប​ខណ្ឌ​ណា»។

​លោក ហ៊ុន សែន ថ្លែង​នៅ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សារ​ជាថ្មី នៅ​សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្ត​កណ្តាល ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក​ក៏​នឹង​មិន​ចុះ​ហត្ថលេខាលើកលែង​ទោសឱ្យ​លោក សម រង្ស៊ី ​ដោយ​លោក​បាន​ស្បថ​នឹង​កាត់​ដៃ​ចោល ​ប្រសិន​បើ​លោក​ប្រើ​ដៃចុះ​ហត្ថលេខា​លើក​លែង​ឱ្យលោក​ សម រង្ស៊ី​ នោះ។

គួរ​បញ្ជាក់​ថា​ វោហារ​សព្ទ​នយោបាយ​រវាង​លោក ហ៊ុន សែន​ និង​លោក ​សម រង្ស៊ី​ បាន​ឡើង​កម្តៅ​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ​ ក្រោយ​ការ​សម្រេច​សេចក្តី​របស់​តុលាការ​បារាំង​ ដែល​ឱ្យ​លោក​ សម រង្ស៊ី ​រួច​ផុត​ពី​បទ​បរិហារកេរ្តិ៍​ក្នុង​សំណុំរឿង​ទាក់ទង​ការ​ស្លាប់​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ហុក​ ឡងឌី កាល​ពីឆ្នាំ ២០០៨។​

ក៏ប៉ុន្តែលោក ​ហ៊ុន សែន​ អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​ជា​អ្នក​ឈ្នះ​ក្តី​ ដោយ​ថា​ សាលក្រម​របស់​តុលាការ​នៅ​ប្រទេស​បារាំង​ បាន​បញ្ជាក់​ថា​ លោក​មិន​មែន​ជា​អ្នក​ចេញ​បញ្ជា​ឱ្យ​សម្លាប់​លោក ​ហុក​ ឡងឌី​ ដែល​ជា​ដន្លង​របស់​លោក​នោះ​ទេ ពោល​គឺ​មិន​ដូច​ការ​ចោទប្រកាន់​របស់​លោក ​សម​ រង្ស៊ី​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG