ទង្វើក្បត់ ឬសកម្មភាពបះបោរណាមួយប្រឆាំងនឹងរដ្ឋាភិបាលនឹងទទួលការឆ្លើយតបជាមួយនឹងការបង្ក្រាបរបស់កងទ័ព ស្របតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនាពេលថ្មីៗនេះបានព្រមានបង្ក្រាបក្រុមណាដែលមានចេតនាញុះញង់ឱ្យពលរដ្ឋក្នុងប្រទេសក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាល។ នេះជាការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិមួយរូបនៅក្នុងសន្និសីទព័ត៌មានមួយធ្វើឡើងក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោកនាយឧត្តមសេនីយ៍ ឈុំ សុជាត កត់សម្គាល់ពីសមទ្ធផលរបស់កងទ័ពដែលធ្វើបានរយៈពេលប្រាំឆ្នាំ ក្នុងនោះមានការកសាងវិមានឈ្នះ ឈ្នះ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រោមដំបូលសន្តិភាព។ ដំណាលគ្នានោះ លោកលើកឡើងថា កងទ័ពនឹងមិនអនុញ្ញាតឱ្យមានការប្រព្រឹត្តអំពើក្បត់ និងការក្រោកឈរបះបោរប្រឆាំងនឹងរដ្ឋាភិបាល ដែលខិតខំការពារសនិ្តភាពសម្រាប់ប្រជាជន និងបង្កបរិយាកាសឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។
លោកថ្លែងថា៖ «យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តម្តងទៀតថា យើងមិនអនុញ្ញាតឱ្យមានអំពើក្បត់ កើតឡើងដោយការញុះញង់របស់ពួកក្បត់នៅក្រៅប្រទេសទេ គឺខ្ញុំបាននិយាយហើយគឺថា សម្តេចតេជោ លោកបានដាក់អនុសាសន៍ហើយ លោកបានដាក់បទបញ្ជាហើយ ហើយយើងទទួលដោយមិនគឺថា ដាច់ខាតមិនឱ្យមានអំពើណាញុះញង់ណាក្បត់ឡើង ឡើងងើបប្រឆាំងរាជរដ្ឋាភិបាល។ យើងកងទ័ពដាច់ខាតត្រូវតែកម្ទេចហ្មង ជាជំហរដាច់ខាត»។
មន្ត្រីនាំពាក្យក្រសួងការពារជាតិរូបនេះ ដាស់តឿនពលរដ្ឋកុំឱ្យជឿតាមការញុះញង់របស់ក្រុមដែលលោកហៅថា ជា«ពួកឧទ្ទាម»។
លោក ឈុំ សុជាត ថ្លែងថា៖ «ហើយជូនចំពោះប្រជាពលដ្ឋយើងចង់និយាយថា សុំឱ្យកុំឱ្យចាញ់ការញុះញង់ ចំពោះពួកឧទ្ទាមនេះ ព្រោះវាបង្កឡើងឱ្យមានការអសន្តិសុខ វាបំផ្លាញនូវសន្តិសុខដែលយើងកំពុងតែថែទាំនេះ សន្តិសុខដែលយើងកំពុងតែស្រលាញ់ផូរផង់ យើងដើរទៅណា ដើរហើរគ្រប់កន្លែង ឥឡូវយើងមានផ្លូវ express way [ផ្លូវល្បឿនលឿន]ទៅកំពង់សោមតែមួយម៉ោងកន្លះទៀត ហើយបើសិនណាអត់មានសន្តិភាព អត់មានការលះបង់របស់ប្រជាពលរដ្ឋ ឬក៏កងកម្លាំងប្រដាប់អាវុធ យើងអត់ចង់ឱ្យមានទេ អ៊ីចឹងយើងដាច់ខាត ត្រូវតែការពារដាច់ខាត»។
លោក ឈុំ សុជាត មិនបានថ្លែងបញ្ជាក់អត្តសញ្ញាណនៃក្រុមបុគ្គលដែលត្រូវចាត់ទុកថាជាក្រុមឧទ្ទាមនោះទេ តែកន្លងមកមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចមួយចំនួន ជាញឹកញាប់ចាត់ទុកអ្នកនយោបាយស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី គឺជាក្រុមឧទ្ទាមក្រៅច្បាប់។
យ៉ាងណាក៏ដោយការប្រកាសកម្ទេចចលនាញុះញង់របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត កើតមានឡើងក្រោយអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ជាវីអូអេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកគ្រោងនឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅឆ្នាំ២០២៣ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរអំឡុងពេលនៃការបោះឆ្នោតថ្នាក់ជាតិ។ នៅឆ្នាំ២០២៣ នោះ លោក សម រង្ស៊ី អះអាងថា នឹងមានព្រឹត្តិការណ៍ជំទាស់នឹងការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅកូនរបស់គាត់ផងដែរ។
លោក សម រង្ស៊ី ថ្លែងថា៖ «ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ គ្រប់គណបក្សទាំងអស់ គេនឹងជំទាស់ហើយ សូម្បីតែនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា គឺមតិច្រើន មិនសុខចិត្តទេ មិនឱ្យលោក ហ៊ុន សែន គាត់លើកកូនគាត់បន្តុបកូនគាត់ ឱ្យកូនគាត់ឡើងតាមជើងខោ ឱ្យមកកាន់តំណែងធ្វើជានាយករដ្ឋមន្ត្រី អស់ពីគាត់កាន់តំណែងជានាយករដ្ឋមន្ត្រី ៣៧ ៣៨ឆ្នាំ។ ឥឡូវឱ្យកូនគាត់មកជំនួសគាត់ទៀត។ អ៊ីចឹងប្រទេសកម្ពុជានៅក្រោមការដឹកនាំក្រុមគ្រួសារ ហ៊ុន សែន ជារៀងរហូតទៅ»។
លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅប្រទេសបារំាង ក៏បានអំពាវនាវសុំឱ្យកងទ័ពកុំស្តាប់បង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកអាវុធមកបាញ់ប្រហារប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំធ្វើតាមបញ្ជាលោក ហ៊ុន សែន ឱ្យកងកម្លាំងប្រដាប់អាវុធ អព្យាក្រឹត កុំប្រើអាវុធមកបាញ់សម្លាប់ប្រជារាស្ត្រខ្មែរ កុំបាញ់សម្លាប់ខ្មែរគ្នាឯង កុំស្តាប់បញ្ជាជនផ្តាច់ការ ជនអមនុស្សធម៌ បញ្ជានេះ បញ្ជាខុសច្បាប់ ឱ្យបាញ់សម្លាប់ខ្មែរគ្នាឯងជាបញ្ជាអមនុស្សធម៌ បញ្ជាខុសច្បាប់»។
ប្រតិកម្មទៅនឹងការអំពាវនាវបែបនេះ របស់ លោក សម រង្ស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកថា កងទ័ពនឹងមិនធ្វើតាមការប្រកូកប្រកាសរបស់ លោក សម រង្ស៊ី នោះទេ ហើយបានប្រកាសកម្ចាត់ចោលមនោគមនយោបាយជ្រុលនិយមរបស់ លោក សម រង្ស៊ី ដែលលោកនាយករដ្ឋមន្ត្រីអះអាងថា ជាជនក្បត់ជាតិបីជំនាន់។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រមួយក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃចន្ទ លោក ហ៊ុន សែន លើកឡើងថា៖ «ឥឡូវខ្ញុំកំណត់ ចាត់តាំងអាក្រុមហ្នឹង ដូចជា ពូជអាមួយហ្នឹង ពូជអាក្បត់ជាតិបីជាន់ហ្នឹង ដូចជាអង្គការចាត់តាំងនយោបាយ និងយោធា ប៉ុល ពត អ៊ីចឹង។ ខ្ញុំនឹងប្តូរផ្តាច់កម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមនៃត្រកូលក្បត់ជាតិបីជំនាន់»។
លោក ហ៊ុន សែន បន្ថែមថា ត្រកូលរបស់លោកជាត្រកូលអ្នកមានភក្តីភាពនឹងជាតិ ដែលបាននាំមកនូវការអភិឌ្ឍជូនប្រទេសដូចសព្វថ្ងៃ។
លោកលើកឡើងថា៖ «អ្នកឯងមកនិយាយពីត្រកូល ហ៊ុន សែន។ ត្រកូល ហ៊ុន និងត្រកូលសម អត់ដូចគ្នាទេ។ ត្រកូលហ៊ុនមិនដែលចេះក្បត់ទេ ត្រកូលហ៊ុនបានរួមចំណែកធ្វើឱ្យប្រទេសនេះរីកចម្រើន។ ធ្វើឱ្យប្រទេសនេះរីកចម្រើន។ ត្រកូលសមទេដែលក្បត់ តាំងពីជីតារហូតដល់ឪពុក រហូតដល់កូន ហើយងាប់តៃហោង មិនដឹងងាប់នៅឯណា!»។
លោក ហ៊ុន សែន ក៏បានព្រមានរំលាយគណបក្សក្រៅរដ្ឋាភិបាលណាមួយ ដែលត្រូវអាជ្ញាធរមានសមត្ថកិច្ចរកឃើញថាមានសម្ព័ន្ធភាពជាមួយនឹង លោក សម រង្ស៊ី ដែលលោកចាត់ទុកថាជាទណ្ឌិត និងមិនអាចធ្វើការលើកលែងទោសឱ្យនោះទេ។
អ្នកវិភាគនយោបាយ លោក សេង សារី កត់សម្គាល់ថា គណបក្សគ្រប់គ្រងប្រទេសបានក្តាប់កម្លាំងនយោបាយពេញដៃនៅឡើយ តែពលរដ្ឋកន្លះប្រទេសធ្លាប់បោះឆ្នោតឱ្យបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣។ លោកបន្តថា បើសិនគណបក្សប្រជាជនកម្ពុជាច្បាមបាន ៧០ ទៅ៨០ភាគរយនៃសំឡេងដែលគំាទ្រគណបក្សជំទាស់នេះ នោះគណបក្សកាន់អំណាចមួយនេះ នឹងធ្វើអីក៏បាន ហើយការអំពាវនាវរបស់លោក សម រង្ស៊ី ទំនងជាគ្មានឥទ្ធិពល នៅពេលគ្មានតម្រុយនៃការរំជើបរំជួលក្នុងជួរកងទ័ព។
អ្នកវិភាគរូបនេះបន្ថែមថា ប្រតិកម្មរបស់មេដឹកនាំគណបក្សកាន់អំណាចទៅនឹងការអំពាវនាវរបស់មេដឹកនាំនយោបាយជំទាស់ លោក សម រង្ស៊ី គឺជាប្រតិកម្មហួសពីការពិត ខណៈកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលបានរក្សាភាពស្ងៀមស្ងាត់ និងមិនបានបង្ហាញការអាក់អន់ស្រពន់ចិត្តនឹងរបៀបរបបដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន៕
ក្រសួងការពារជាតិបេ្តជ្ញាសារជាថ្មីត្រៀមកម្ទេចក្រុមបះបោរប្រឆាំងនឹងរដ្ឋាភិបាល
ភ្នំពេញ —