ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ ព្រមាន​ពី​ការ​រំលាយ​គណបក្ស​ដែល​ពាក់ព័ន្ធ​ជា​មួយ​នឹង​លោក ​សម រង្ស៊ី


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ព្រមាន​កម្ចាត់ ​ក៏​ដូច​ជា​រំលាយ​គណបក្ស​ក្រៅ​រដ្ឋា​ភិបាល​ណាមួយ ​ដែល​ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រក​ឃើញ​ថាមាន​សម្ព័ន្ធ​ភាព​ជាមួយ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ សម រង្ស៊ី​។

សារ​ព្រមាន​ធ្ងន់​ៗ​របស់​ លោក ​ហ៊ុន សែន ​បែបនេះ​ កើត​មានឡើង​នៅ​ក្រោយ​ពេល​លោក​ សម រង្ស៊ី​ ដែល​សព្វថ្ងៃ​រស់​នៅ​ដោយ​និរទេស​ខ្លួននៅប្រទេស​បារាំង​ បានចេញ​សេចក្តីថ្លែងការណ៍មួយ​កាលពី​ថ្ងៃអាទិត្យ​ ប្រកាស​ពីការ​ស្នើ​របស់​លោកសុំ​កុំឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ស្តាប់​បញ្ជា​ លោក​ ហ៊ុន សែន​ ក្នុងពេល​លោក​គ្រោងធ្វើដំណើរ​វិល​ត្រឡប់មក​កាន់ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០២៣​ ដែល​ជា​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជាតិ​។

ថ្លែង​នៅក្នុង​ពិធីប្រគល់​សញ្ញាបត្រជូន​ដល់និស្សិត​បញ្ចាប់ការសិក្សាកម្រិត​ឧត្តមសិក្សា​ កាល​ពីព្រឹក ថ្ងៃទី១៧ ខែ​តុលា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និង​ពិព័រណ៍​ជ្រោយ​ចង្វា រាជធានីភ្នំពេញ​ លោក​ហ៊ុន សែន​បក​ស្រាយ​ដោយ​យោង​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយថា​ គណបក្ស​នយោបាយ​ណា​ ដែល​មាន​ទំនាក់នឹងបុគ្គលមាន​ទោស​ ឬ​ទណ្ឌិតគឺ ​លោក​ សម រង្ស៊ី​ អាច​ប្រឈម​មុខនឹង​ការ​រំលាយ​សារ​ជាថ្មី​។

លោក​ ហ៊ុន សែន ​ថ្លែង​ថា​៖​ «ចាំឱ្យបាន គណបក្ស​ណាក៏​ដោយ​ដែលផ្សា​ភ្ជាប់ខ្លួន​ជាមួយ​ទណ្ឌិត​នេះ នឹង​ត្រូវ​ទទួល​បាន​នូវការប្តឹង​ផ្តល់​ទៅ​កាន់តុលាការ​។ អ្នកឯង​ត្រូវមើល​ព្រៃ​ទាំង​មូល​។ ឥឡូវ​អ្នកឯងចង់បង្កើតរឿង​ ច​ង់ឱ្យ​អ្នក​ក្នុង​ស្រុកជាប់​គុក? អ្នកឯង​កុំគិតថា នៅ​ខាង​ក្នុង​មិន​ហ៊ាន​ធ្វើអ្នក​ខាង​ក្នុង។ អ្នកឯង​អាច​មាន​សិទ្ធិ​និយាយ​នៅ​ខាង​ក្រៅ​រួច​ខ្លួន ប៉ុ​ន្តែអ្នក​នៅ​ខាងក្នុ​ង​ពាក់ព័ន្ធ​ គ្មាន​ទេ ងើបមួយវាយ​មួយ ងើប​ពីរ​ វាយ​ពីរ​»។

ក្រៅ​ពី​នេះ​ លោក​ហ៊ុន សែន​ បាន​ចោទ​លោក​ លោក​ សម រង្ស៊ី​ ថា​ ជា​ជន​ក្បត់​ជាតិ​ត​ជំនាន់​ ​រាប់ចាប់​តាំង​ពី​ជីតា​ដល់​ឪពុក។ នេះ​មាន​ន័យថា​ លោក​ សម រង្ស៊ី​ ជា«ជនក្បត់ជាតិ​បី​ជំនាន់​»។

លោក​ ហ៊ុន​ សែន ​ថ្លែង​ទៀតថា​ ប្រជាជន​កម្ពុជា​នឹងមិន ​«ងើប​ឡើង​ផ្តួល​រំ​លំរដ្ឋាភិបាល​» របស់​លោក​ ទៅ​តាម​សេចក្តី​អំពាវនាវ​របស់​ លោក សម រង្ស៊ី​ នោះឡើយ​។ ឆ្លើយ​តប​ទៅនឹង​ការ​ចោទរបស់​ លោក​ សម រង្ស៊ី ថា​លោក​ជា​ជន​ផ្តាច់​ការ​នោះ​ លោក​ ហ៊ុន សែន​ លើក​ឡើង​ថា​ បើ​សិន​ជា​លោក​កាន់​អំណាច​ផ្តាច់ការ​មែន នោះ​ លោក​នឹង​មិន​អាច​កាន់​អំណាច​បាន​យូរ​រហូត​មក​ដល់​ពេល​នេះ​ឡើយ​ ដោយ​លើក​ហេតុផល​ថា​ មេដឹកនាំ​ដែលផ្តាច់ការគឺ​មិន​អាច​ស្ថិត​ក្នុង​អំណាច​បាន​យូរ​ដូច​លោក​ឡើយ​ ដូចយ៉ាង​មេដឹកនាំ​ខ្មែរ​ក្រហម​ លោក ពល ពត ដែល​កាន់​អំណាច​បាន​ត្រឹម​តែ ៣​ឆ្នាំ​ ប៉ុណ្ណោះ​។

អ្នកវិភាគ​នយោបាយ​ លោក​ មាស នី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការរំ​លាយ​គណបក្ស​ប្រឆាំងម្តង​ទៀតជា​សេណារីយោ​ ឬក៏​ការ​រៀបចំ​ជាមុន ​ដែល​គណបក្សកា​ន់​អំណាច​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​នៅបន្ត​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​រួប​រួមគ្នា​នៃ​គណបក្ស​ជំទាស់​ ដែល​អាច​ធ្វើឱ្យ​ការ​រក្សា​អំណាចខ្លួន​មាន​ភាព​ប្រឈម។

លោក ​មាស នី​ បន្ថែមថា​ ការភ័យព្រួយ​របស់​គណបក្សកាន់អំណាច អាច​ជះឥទ្ធិពល​ដល់​ដំណើរ​ការរួបរួម​គ្នា​របស់​គណបក្ស​ជំទាស់​តូច​ៗ​ ដែល​ទើបកើត​ថ្មី​ ឬដែល​មានយូរ​ហើយ​នៅ​ក្នុងប្រទេស​។ ហេតុដូច្នេះលោក​ថា​ ក្រុម​មេដឹក​នាំ​គណបក្ស​ជំទាស់​ ត្រូវ​តែមានយុទ្ធសាស្ត្រច្បាស់​លាស់ ដើម្បីបញ្ចៀសបញ្ហាប្រឈម​នេះ​។

លោកថា៖ «បើសិនជាមានមនុស្សច្រើនឡើងជិះ ប៉ុន្តែតៃ​កុងទូក​ឬក៏កាពី​ទែន ដែល​កំពុង​តែ​បើកទូក​ហ្នឹងមិន​មានយុទ្ធសាស្ត្រ​អី​ច្បាស់​លាស់​ អាហ្នឹង​វានឹង​នាំឱ្យ​ទៅលិចនៅកណ្តាលសមុទ្រ​ជាមិនខាន។ ហើយនៅក្នុងប្រទេសយើងនេះ ដោយ​សារ​តែច្បាប់​ហើយ​និង​នយោ​បាយ វា​មាន​ភាព​មិន​ច្បាស់​លាស់ រឿង​អី​ក៏​អាច​កើត​មាន​បានដែរ»។

ទោះ​ជា​យ៉ាងណា​ លោក​ មាស នី ​ជឿថា​ កម្ពុជា​នឹង​រង​នូវ​សម្ពាធ​ពី​អន្តរ​ជាតិ​ច្រើន បើ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​សក្តានុពល​ដូច​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្តង​ទៀត​នោះ។

អ្នកវិភាគនយោបាយម្នាក់​ទៀត​គឺ​ លោក សេង សារី យល់​ថា ការថ្លែង​របស់​លោក ហ៊ុន សែន ទំនង​ជា​សំដៅទៅ​លើ​គណបក្ស​ជំទាស់​មួយ​ដែល​កំពុងរះ​ឡើង​គឺគណបក្ស​ភ្លើងទៀន ដែលកើត​ចេញ​ពីគំនិត​ផ្តួច​ផ្តើម​របស់​ លោក​ សម រង្ស៊ី​ ក្រោយ​ការ​បោះឆ្នោត​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៩៣។

លោក សេង សារី ថ្លែងថា៖ «បើសិនជាយើងយកសុន្ទរ​កថា​នេះ​យក​មក​វិភាគ​ ពិចារ​ណា យើង​ពិបាកសន្និ​ដ្ឋាន​ណាស់ ថា​តើការប្រើ​ប្រាស់ពាក្យ​ថាភ្ជាប់ខ្លួន​ ឬ​ក៏មានអ្នកនៅពី​ខាងក្រោយ សំដៅទៅលើ លោក សម រង្ស៊ី នៅពីខាងក្រោយ អីចឹង។ យើង​ត្រូវ​មើល​និយមន័យ​ហ្នឹងទៀត ហើយ​យើង​ត្រូវ​មើល​ច្បាប់ ដែល​មាន​ចែង​ថា​តើ​ការ​ភ្ជាប់​ខ្លួន​បែប​ណា​ដែល​អាច​ចាត់​ទុក​ថា​នៅ​ពី​ខាង​ក្រោយ​ជា Mastermind (មេគំនិត)?»។

បើតាម លោក សេង សារី សហគមន៍​អន្តជាតិ​ដើរតួនា​ទីសំខាន់​នៅក្នុង​ការ​សម្រប​សម្រួល​ជម្លោះ​រវាង​ភាគី​គណ​បក្ស​ដែលគ្មាន​អំណាច​ក្នុង​ដៃ និង​គណបក្ស​ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល​ ដើម្បី​ឱ្យ​ពួក​គេបញ្ចៀស​នូវ​សារ​នយោ​បាយ​ដែល​ធ្វើ​ឱ្យ​មើល​មុខ​គ្នា​មិន​ចំ​។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​អន្តរជាតិ​គួរតែពិចារណា​ទៅលើការ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​ឬ​ក៏មាន​សំណើ​សុំ​អ្នកនយោបាយ​ខ្មែរ​ឱ្យ​ផ្លាស់​ប្តូវិធីសាស្ត្រ នៅ​ក្នុង​ការ​ធ្វើន​យោបាយ​ដើម្បី​កំណត់​លទ្ធផល​នៃ​ការ​ធ្វើនយោបាយឱ្យវាចេញមក​។ វាចៀស​វាង​ជម្លោះ​បុគ្គល និង​គំនុំ​បុគ្គល​ដែល​កើត​ចេញ​ពីការ​ធ្វើនយោបាយ»។

គួរបញ្ជាក់ថា គណបក្ស​ភ្លើង​ទៀន​ បានផ្អាកដំណើរការ ពេលមានការ​បង្កើត​គណបក្សសង្គ្រោះជាតិ​នៅ​ឆ្នាំ ២០១២ ដែល​ក្រោយ​មកត្រូវបាន​រដ្ឋាភិបាលក​ម្ពុជា​ក្រោម​ការ​ដឹក​នាំរបស់គណបក្សប្រជាជនកម្ពុជា រំលាយ​ចោលនៅឆ្នាំ ២០១៧ ក្រោម​ការចោទប្រកាន់ថា គណបក្ស​ដែល​មាន​លោក​ សម រង្ស៊ី ​និងលោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ជា​សហស្ថាបនិក​នោះ ​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​ លោក​ ហ៊ុន សែន​ ដោយ​មាន​បរទេស​នៅ​ពី​ក្រោយ​។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជាង​បួន​ឆ្នាំ​ គណបក្ស​ភ្លើង​ទៀន​ ​បានវិ​លត្រឡប់​មកវិញ​ដើម្បី​ចូល​រួមក្នុងសង្វៀននយោបាយសារជាថ្មី​ ហើយ​ការ​វិលត្រឡប់​មក​វិញ​របស់​គណបក្ស​ជំទាស់​នេះ​ ដើម្បី​ប្រកួត​ប្រជែង​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ផ្សេងៗ​ទៀត​នៅ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែ​មិថុនា​នោះ​ គឺ​ជា​រឿងនឹកស្មាន​មិន​ដល់​។ នេះ​បើតាម​អ្នកតាម​ដាន​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​លើកឡើង​កន្លងមក។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា​ ប្រាប់វីអូអេ​ថា គណបក្ស​របស់​លោក​ធ្វើ​សម្ម​ភាព​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​ថា​មិនមាន​ឡើយ​ការ​លូក​ដៃ​ពី​អ្នក​ខាង​ក្រៅ​។

លោកថ្លែង​ថា៖ «ជាសរុប​ខ្លី មានន័យថាគណបក្ស​ភ្លើងទៀន​យើ​ងធ្វើ​សកម្ម​ភាព​ស្រប​ច្បាប់​ ហើយ​ដោយ​ខ្លួន​យើង​ផ្ទាល់​ ដោយ​មិន​មាន​នរណា​មក​លូក​លាន់​ឬចង្អុល​បង្ហាញ​អី​ទេ​។​ គឺយើ​ង​ធ្វើ​សម្មភាព​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ដែល​ស្រប​ទៅ​តាម​ច្បាប់ស្តី​ពី​គណបក្ស​ន​យោបាយ​ និង​រដ្ឋធម្មនុញ្ញកម្ពុជា»។

យ៉ាង​ណាក៏ដោយ​ មេដឹក​នាំនយោបាយ​ លោក​ សម រង្ស៊ី បានប្រាប់វិទ្យុ​អាស៊ី​សេរី​កាល​ពីខែមេសា​ថា​ ​សំឡេង​គាំទ្រ​របស់​គណបក្ស​ភ្លើងទៀន​ក្នុង​ការ​បោះ​ឆ្នោត​ថា្នក់​ក្រោម​ជាតិកាលពី​ខែមិថុនា​នោះ ​នឹង​អាច​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​ប្រែប្រួល​ ហើយអំណោយ​ផល​ឱ្យ​លោក​បាន​វិល​ត្រឡប់​ចូល​ប្រទេស​កំណើត​ដែល​លោក​បាន​ចាក​ចេញ​ទៅ​ប្រទេស​បារាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៥៕

XS
SM
MD
LG