ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​និង​លោក​ ​សម រង្ស៊ី​ ​បើក​សង្គ្រាម​ពាក្យ​សម្ដី​​ចំពោះ​​ការ​ស្មោះស្ម័គ្រ​លើ​រាជានិយម


រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

មេដឹកនាំ​កម្ពុជា​លោក​ ​ហ៊ុន សែន និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ​នៅ​បន្ត​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅមក​ ដោយ​លើក​នេះ លើក​យក​បញ្ហា​ភក្ដីភាព​ចំពោះ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះបាទ​នរោត្តម សីហនុ មក​ធ្វើ​ប្រធាន​បទ។​

​សង្គ្រាម​ពាក្យ​សម្ដី​រវាង​មេដឹកនាំ​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​និងអតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ ​សម រង្ស៊ី​ ​បាន​ផ្ទុះឡើង​សាជាថ្មី​ ​នៅ​ពេលលោក​ ​ហ៊ុន សែន​ ​បាន​ចោទ​ប្រកាន់​កូន​អ្នក​នយោបាយ​ជំនាន់​មុន​មួយ​រូប​ថា​មិន​ស្មោះ​នឹង​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ ព្រះបាទ ​នរោត្តម​ សីហនុ។​ ​

លោក​ ​ហ៊ុន សែន​ ​បាន​ថ្លែង​បញ្ជាក់​ថា​ លោក​ជា​អ្នក​ការពារ​ព្រះរាជ​បល្ល័ង្ក។​ ​នេះ​បើ​តាម​ការ​អធិប្បាយ​របស់​លោក ហ៊ុន សែន​ ​ដែល​ត្រូវ​បាន​ផ្សាយ​បន្តផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​និង​តាម​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​កម្ពុជា។

ការ​លើកឡើង​របស់​លោក​ ​ហ៊ុន សែន​ ​អំពី​ភក្ដីភាព​របស់​លោក​ចំពោះ​រាជានិយម​នេះ ​កើតមាន​ឡើង​នៅ​ពេល​លោកជួប​សំណេះសំណាល​ជាមួយ​ប្រជារាស្ត្រ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​តំបន់​អឺរ៉ុប។ ជំនួប​នោះ​ ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០១៨​ នៅទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ ទី​ដែល​លោក ហ៊ុន​ សែន បាន​ចូលរួម​វេទិកា​វិនិយោគ​ពិភពលោក​ជាមួយ​មេដឹកនាំ​មក​ពី​បណ្ដា​ប្រទេស​ចំនួន​ ​១៦០​ ​និង​អ្នក​វិនិយោគ​ ឬ ​ដៃ​គូ​សំខាន់ៗ​ជា​ច្រើន​ផ្សេងទៀត។

លោក​ ​ហ៊ុន សែន​ ​បាន​ថ្លែង​បញ្ជាក់​ពី​គោលជំហរ​ស្មោះស្ម័គ្រ​របស់​លោក​ចំពោះ​ ព្រះរាជបល័្លង្ក​ ​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប៉ែក​អឺរ៉ុប​យ៉ាង​ដូច្នេះ៖​

«គេ​ជា​អ្នក​ដេញ​ ដេញ​ បណ្ដេញ​សេ្តច​យើង​ចេញ​ ឯខ្ញុំ​ជា​អ្នក​យាង​ចូល​ត្រឡប់​មក​វិញ»។

មេ​ដឹក​នាំ​កម្ពុជា​ ​ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ ​និង​ដែល​បាន​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​នោះ​ ​បាន​អះអាង​ទៀត​ថា​ លោក​ជា​អ្នកគាំទ្រ​ឲ្យ​អតីត​ព្រះ​មហាក្សត្រ​ ឱ្យ​បាន​ឡើង​គ្រងរាជ្យ​សាជាថ្មី​ ហើយ​ថា​ ​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​នេះ​ ​គឺ​ព្រះ​បាទ ​នរោត្ត​ សីហមុនី​ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​លោក​ផងដែរ។

«អ៊ីចឹង!​ ​ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ឋានៈ​ជា​កូន​ខ្មែរ​ មិនមែន​ជា​កូន​អ្នកក្បត់​ស្ដេច​ទេ។ ដឹង​ហើយ​ពួក​អា​អ្នក​ កូន​អា​ក្បត់​ស្ដេច​នោះ​ អា​មួយ​ណា»។​

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​មិនបាន​ថ្លែង​ចំៗ​ ​អំពី​បុគ្គល​ដែល​ជា​កូន​របស់​អ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​មិន​ស្មោះត្រង់​នឹង​ព្រះរាជា​នោះ​ទេ​ តែ​បុគ្គល​នោះ​ ត្រូវ​គេ​ជឿ​ថា​ ទំនង​ជា​លោក ​សម រង្ស៊ី​ ដែល​ជា​កូន​ប្រុសរបស់​លោក​ ​សម សារី​ ​អតីត​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស​ ក្នុង​របប​ដឹកនាំ​ដោយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ ​នរោត្តម​ សីហនុ។

​ក្រោយ​ការ​អធិប្បាយ​របស់​លោក​ ហ៊ុន សែន​ អំពី​រឿង​អ្នក​ក្បត់​ស្ដេច​នោះ​ លោក​ ​សម រង្ស៊ី​ ​បាន​ផ្តល់​ការ​អធិប្បាយ​លើទំព័រ​ហ្វេសប៊ុករបស់​លោក​ ដោយ​បានចោទប្រកាន់​លោក​ ហ៊ុន​ សែន​ ថា​ ជា​ជន​ក្បត់​ជាតិទៅវិញ។ លោក ​សម រង្ស៊ី​ បាន​យក​ដំណើរ​ការ​ចរចា​ស្វែងរក​សន្តិភាព​ដល់​កម្ពុជា​នៅទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​មក​ភ្ជាប់​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​នេះ។

លោក​ សម រង្ស៊ី ​ ដែល​ពេល​នេះ​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួនឯង​នា​ប្រទេសបារាំង​ បាន​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាលពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០១៨​ ​ក្នុង​ន័យ​ដើម​ថា៖​

«មុននឹង​បាន​ចុះ​ហត្ថលេខា​ ​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ មានការ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តានតឹង​ ​រវាង​ភាគី​ខ្មែរ​ទាំង​៤​ដឹកនាំ​ដោយ​សម្ដេច​ព្រះ​នរោត្តម សីហនុ, សឺន សាន, ខៀវ សំផន និង​ ​ហ៊ុន សែន»។

លោក​ សម រង្ស៊ី​ បាន​អធិប្បាយ​បន្ថែម​ថា៖

«ពេល​នោះ អ្នកកាសែត​អន្តរជាតិ​មួយ​រូប បាន​សួរ​ទៅ​សម្ដេច​ព្រះ​នរោត្តម សីហនុ ថា៖ «ហេតុអ្វី​បាន​ជា​ព្រះអង្គ​សហការ​ជាមួយ​លោក​ ខៀវ សំផន​ ដែល​ជា​មេ​ខ្មែរ​ក្រហម​ ហើយ​ជា​ឃាតករ? ហេតុអ្វី​ព្រះអង្គ​មិន​សហការ​ជាមួយ​លោក ហ៊ុន សែន វិញ ​ដែល​មាន​កងទ័ព​វៀតណាម​នៅ​ពី​ក្រោយ​ ដើម្បី​ប្រឆាំង​ពួក​ខ្មែរ​ក្រហម?»។ សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​ឆ្លើយ​ទៅ​អ្នកកាសែត​នោះ​ថា៖ «ខៀវ សំផន ជា​ឃាតករ​មែន តែ​មិនមែន​ជា​ជន​ក្បត់​ជាតិ​ទេ។ ឯ​ហ៊ុន សែន វិញ ជា​ឃាតករ​ផង ហើយ​ជា​ជន​ក្បត់ជាតិ​ផង»។

គ្រា​ដែល​អ្នកនយោបាយ​ខ្មែរ​ទាំងពីរ​រូប​នេះ កំពុង​បន្ត​វាយប្រហារ​គ្នា​ដោយ​ពាក្យ​សម្ដី​ជា​បន្តបន្ទាប់នោះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​អ្នកវិភាគ​ និង​អ្នក​តាម​ដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ទស្សន៍ទាយ​ថា​ អាច​នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច ប្រសិន​បើ​ប្រទេស​ដែល​នៅ​ពឹង​ផ្អែក​លើ​ជំនួយបរទេស​មួយ​នេះ​ បាត់​បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ គឺ​នៅពេល​ដែល​សហគមន៍​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​នេះ​ ដកហូត​ពន្ធ​អនុគ្រោះ​លើ​ការ​នាំ​ចូល​ទំនិញ​របស់​ប្រទេស​កម្ពុជា​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប។ ការ​បាត់​បង់​ពន្ធ​អនុគ្រោះរបស់​សហភាព​អឺរ៉ុប​ អាច​នឹង​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ឧស្សាហកម្ម​កាត់​ដេរ​ដែល​បាន​ផ្តល់​ការងារ​ដល់កម្មករ​រាប់​សិប​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​នេះ​ និង​ផលិត​កម្ម​អង្ករ​ដែល​មាន​ទីផ្សារ​សំខាន់​នៅ​សហភាពអឺរ៉ុប។

ជាង​នេះ​ទៅទៀត​ បើ​តាម​ការ​លើកឡើង​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា GMAC​នោះ​ ពល​រដ្ឋ​ខ្មែរ​ពីរ​លាន​នាក់​អាច​នឹង​ប្រឈម​ផលវិបាក​ជាច្រើន​ ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ ព្រោះ​ពលរដ្ឋ​ទាំង​អស់​នេះ​ បាន​ពឹងផ្អែក​លើ​កម្មករ​ដែល​កំពុង​ធ្វើការ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ។

​GMAC ​អះអាង​ថា​ ការនាំចេញ​របស់​ខ្លួន​ជាង​៤៦​ភាគរយ​ទៅ​ទី​ផ្សារ​សហភាព​អឺរ៉ុបក៏​នឹង​ជួប​ហានិភ័យ​ទៀត​ផង ក្នុង​ករណី​កម្ពុជា​បាត់​បង់​គំនិត​ផ្ដួចផ្ដើម​ពាណិជ្ជកម្ម​របស់​សហគមន៍​ប្រជាធិបតេយ្យ​មួយ​នេះ ដែល​គេ​ស្គាល់​ថា​«គ្រប់មុខ​ទំនិញ​ទាំងអស់​លើក​លែង​តែ​សព្វាវុធ»​ ហៅ​កាត់​ថា​ EBAs នោះ។

លោក សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​នោះ​ បាន​ប្រាប់​ VOA ​ថា​ ជម្លោះ​នយោបាយ​សព្វថ្ងៃ​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​ គឺជា​បញ្ហា​រវាង​ខ្មែរ​ និង​ខ្មែរ។

លោក​មានប្រសាសន៍​បន្ថែម​ថា​ សហភាព​អឺរ៉ុប​មិន​អាចធ្វើ​ការ​សម្រេចចិត្ត​ដោយ​លម្អៀង​ខាង​នយោបាយ​ទៅ​រក​ក្រុម​គណបក្ស​ជំទាស់​ដែល​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ឆ្នាំ​មុន​នោះ​ឡើយ។ ​

«នយោបាយ​ស្រុក​ខ្មែរ​ វា​ជា​រឿង​ខ្មែរ​ ហើយ​រឿង​បរទេស​បិទ​អា​ EBAs ​នៅ​ EU​នោះ​ អា​ហ្នឹង​ជា​រឿង​សេដ្ឋកិច្ច​ រឿង​ដោយ​ឡែក។ ហើយ​បើ​ EU ​យក​បញ្ហា​នយោបាយ​ ដោយសារ​កាន់​ជើង​អតីត​បក្ស​ប្រឆាំង​ ហើយ​មក​ធ្វើ​ជា​រឿង​គាបសង្កត់មក​លើ​រាជរដ្ឋាភិបាល​ ខ្ញុំ​យល់​ថា​ វា​ជា​ការ​រំលោភ​ លទ្ធិប្រជាធិបតេយ្យ។ ហើយ​ថ្មីៗនេះ​ វា​ជា​ការ​រំលោភ​ លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ដែល​ក្នុង​ចំណោម​២៨​ប្រទេស​ជា​សមាជិក​ EU​ ហ្នឹង​ ប្រទេស​ជាច្រើន​ណាស់​ដែល​បាន​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ថា​ ជួយ​ស្តា​ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​បាទ»។

ពាក់ព័ន្ធ​នឹង​ការ​ផ្ចាញ់ផ្ចាល​របស់​លោក​ សម រង្ស៊ី​ មក​លើ​នាយក​រដ្ឋ​ខ្មែរ​លោក ហ៊ុន សែន ​នោះ លោក​ សុខ ឥសាន​ បាន​កត់សម្គាល់​ថា​ ការ​អធិប្បាយ​ណាមួយ​របស់​លោក​ សម រង្ស៊ី​ លែង​មាន​សុពលភាព​ទៀត​ហើយ​នៅ​កម្ពុជា​ ហើយ​លោក​អះអាងថា​ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ នឹង​ជួប​វាសនា​ចុងក្រោយ​ដូច​ឪពុក​របស់​លោក​ ដែល​នៅ​នាទី​ចុងក្រោយ​នៃ​ជីវិត​លែង​បាន​ចូល​មក​ទឹកដី​កម្ពុជា។

«នយោបាយ​របស់​គាត់​ហ្នុង​ វា​នឹង​ហុច​លទ្ធផល​ឲ្យ​គាត់​អ៊ីចឹង​ហើយ​ ឥឡូវ​ទី​មួយ​រឿង​ចូល​ស្រុក​ វា​អត់​មាន​ទេ​ ដល់​អ៊ីចឹង​ ឥឡូវ​គាត់​អាយុ​ប៉ុន្មាន​ហើយ​ ៧០​ហើយ នែ៎ កើត​ឆ្នាំ​១៩៤៩​ ឥឡូវ​វា​ដល់​៧០​ហើយ​ អ៊ីចឹង​ទេ​ តើ​សួរ​ថា ​សម រង្ស៊ី​ ហ្នឹង​ រស់​ដល់​ពេលណា​ មិនមែន​១០០​ឆ្នាំ​ទេ»!​

អ្នក​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា​ លោក សម សារី ដែល​ជា​ឪពុកបង្កើត​របស់លោក សម រង្ស៊ី​ គឺ​ជា​អ្នក​ការពារ​អធិបតេយ្យ​ភាព​ជាតិ​កម្ពុជា​យ៉ាង​ស្វិតស្វាញ​ និង​ធ្លាប់​ជា​អ្នក​នយោបាយ​ខ្មែរ​មួយ​រូបដែល​ធ្លាប់​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាទ ​នរោត្តម ​សីហនុ។ ​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា​ លោក សម សារី​ ក្រោយ​មក​រ​ង​ការ​ចោទ​ប្រ​កាន់​ថា​ ​បាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នកបម្រើ​របស់​លោក​នៅ​ទីក្រុង​ឡុងដ៍​ ក្នុង​ពេល​លោក​បំពេញ​តួ​នាទី​ជា​ឯកអគ្គរាជទូត​នៅ​ទីនោះ។​ ​លោក​ សម សារី ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ​ក្នុង​ការ​រៀបចំ​គម្រោង​ផ្ដួល​រំលំ​ ព្រះបាទ ​នរោត្តម ​សីហនុ ផង​ដែរ៕​

XS
SM
MD
LG