ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter ស្លាប់​នៅអាយុ​១០០ឆ្នាំ


រូបឯកសារ៖ អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter ត្រូវបានឃើញ​នៅ​លើ​អេក្រង់​ទូរទស្សន៍​ពេល​លោក​ថ្លែង​ពី​ការ​រំដោះ​ចំណាប់ខ្មាំង​អាមេរិក​ពីអ៊ីរ៉ង់កាលពីថ្ងៃទី​២៥ មេសា ឆ្នាំ១៩៨០។
រូបឯកសារ៖ អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter ត្រូវបានឃើញ​នៅ​លើ​អេក្រង់​ទូរទស្សន៍​ពេល​លោក​ថ្លែង​ពី​ការ​រំដោះ​ចំណាប់ខ្មាំង​អាមេរិក​ពីអ៊ីរ៉ង់កាលពីថ្ងៃទី​២៥ មេសា ឆ្នាំ១៩៨០។

អតីតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter ដែលធ្លាប់​ជាកសិករ​ដាំ​សណ្តែកដី​និង​អភិបាលរដ្ឋ Georgia ​មុន​នឹង​លោកបានក្លាយជាប្រធានាធិបតី​បាន​ស្លាប់​នៅ​អាយុ​១០០ឆ្នាំ។​

នៅពេល​ដែល​លោក Carter ​បាន​ស្បថចូល​កាន់តំណែង​ប្រធានាធិបតី​នៃសហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី​២០មករា​ឆ្នាំ១៩៧៧​លោក​បាន​សន្យា​បង្កើត​«រដ្ឋាភិបាល​មួយ​ដែល​ល្អ​ដូចជាពលរដ្ឋ​ខ្លួន»។​

លោក​បាន​កាន់តំណែង​អំឡុង​ពេល​៤ឆ្នាំ​ដ៏ច្របូក​ច្របល់។ ការ​ឡើង​អតិផរណា និងកំណើន​ភាព​គ្មានការងារ​ធ្វើគឺ​ជា​អាទិភាព​ចម្បង​នៃ​រដ្ឋបាល​របស់​លោក។ ​ក្នុង​គោល​នយោបាយ​ការបរទេស​អាមេរិក លោក​បានសម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អេហ្ស៊ីប​និង​អ៊ីស្រាអែល និងសន្ធិសញ្ញាព្រែកជីកប៉ាណាម៉ា។ ប៉ុន្តែវិបត្តិចំណាប់ខ្មាំង​នៅ​អ៊ីរ៉ង់​បាន​ប៉ះពាល់​ឆ្នាំ​ចុងក្រោយ​នៃ​ការ​កាន់អំណាច​របស់​លោក​និង​បាន​រួម​ចំណែក​ក្នុង​ការបរាជ័យ​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ១៩៨០។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប៉ុន្តែ​លោក Carter តែងតែនិយាយ​ថាទីបញ្ចប់​នៃ​ការកាន់តំណែង​ជាប្រធានាធិបតី​របស់​លោក​នៅ​ឆ្នាំ​១៩៨១​ជា​ការចាប់​ផ្តើម​នៃ​ជីវិត​របស់​លោក ដោយ​លោក​បាន​ធ្វើ​ដំណើរ​ជំវិញ​ពិភពលោក«​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង កសាង​ក្តីសង្ឃឹម និងសន្តិភាព»។

លោកJimmy Carter ​បាន​លេច​មុខ​ជាសាធារណៈ​ចុងក្រោយ​អំឡុង​ពិធី​បុណ្យ​សព​របស់​ភរិយា​របស់លោក​គឺ​អ្នកស្រី Rosalynn ​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៣។ ​នៅ​ក្នុង​ការបង្ហាញខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ចុងក្រោយ​មួយ ​លោក Carter ​បាន​ចែក​រំលែក​ក្តីសង្ឃឹម​របស់​លោក​ជាមួយ​វីអូអេអំពី​អនាគត​របស់​មជ្ឈមណ្ឌល Carter។​

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ឃើញ​សហរដ្ឋ​អាមេរិកព្យាយាម​ក្លាយជា​ជើងឯក​លេខមួយ​ក្នុង​ពិភពលោក​ដែលមានសន្តិភាព​ សិទ្ធិ​មនុស្ស​និង​គុណភាព​បរិស្ថាន និង​ចាត់ទុកមនុស្សគ្រប់គ្នាស្មើៗគ្នា។ បើសិន​ជាយើង​ធ្វើ​វា​បាន យើង​នឹងមានមហាអំណាចពិតប្រាកដ​នៅ​ក្នុង​ប្រទេស​ដែល​ខ្ញុំ​ស្រឡាញ់​យ៉ាងខ្លាំង​នេះ»។​

លោកJimmy Carter ​មាន​អាយុ​វែងបំផុត​ក្នុង​ចំណោម​ប្រធានាធិបតី​ផ្សេងៗហើយ​អាពាហ៍​ពិពាហ៍​ជាមួយ​ភរិយា​លោក​គឺអ្នក​ស្រី​ Rosalynn ដែល​មាន​រយៈពេល​៧៦​ឆ្នាំគឺ​វែង​ជាង​ប្រធានាធិបតី​និង​ស្ត្រី​ ទី​១ ផ្សេងៗទៀត។

ទោះ​បី​ជា​កន្លែង​ដែ​លលោក​សម្រាក​ចុងក្រោយ​គឺ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​នៅទីក្រុង Plains រដ្ឋ​ Georgia ​ការងារ​និងសម្តី​របស់​លោកស្ថិត​នៅ​ក្នុង​ទំព័រ​សៀវភៅជាច្រើន​ក្បាល​ដែល​លោក​បាន​និពន្ធរួម​មាន​ដូចជាកំណត់ប្រវត្តិ ប្រលោមលោក សៀវភៅអង្កេត​ដ៏ចម្រូងចម្រាស​នៃមជ្ឈិមបូព៌ា និងសៀវភៅ​ប្រមូល​ផ្តុំ​កំណាព្យដែលលោក​ចូលចិត្ត៕

ប្រែសម្រួល​ដោយ​ ទុំ ម្លិះ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG