ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​សម រង្ស៊ី​ ​រិះគន់​មេដឹក​នាំ​កម្ពុជា​ខ្លាំងៗ​រឿង​ពុករលួយ​


រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)
រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)

​អតីត​ប្រធាន​គណបក្ស​គណបក្ស​ប្រឆាំង​លោកសម រង្ស៊ី​ ​ក្នុង​សប្តាហ៍​នេះ​ ​បាន​រិះគន់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​យ៉ាង​ចាស់​ដៃ​ ចំ​ពោះ​ការ​ប្រ​ព្រឹត្តអំពើ​ពុករលួយដែល​អាច​នឹង​ធ្វើ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​ជួប​ជោគ​វាសនា​ចុង​ក្រោយ​ដូច​អតីត​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ដែល​ក្នុង​នោះ​មាន​អតីត​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លោក​ Najib Razak​ ​ជាដើម។

ការ​រិះគន់​របស់​អតីត​មេដឹកនាំ​គណបក្សប្រឆាំងកើត​មាន​ឡើង ស្រប​ពេល​លោកហ៊ុន សែន​ កំពុង​បំពេញ​ទស្សន​កិច្ច​នៅប្រទេស​ឥណ្ឌូនេស៊ី​ ​ជាទីដែល​លោក​ ​ហ៊ុន សែន​ ​និង​ក្រុមមេដឹក​នាំប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅកាត់​ថា​ អាស៊ាន ​(ASEAN)​ ​ជួបប្រជុំជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ និង​ធនាគារ​ពិភព​លោក​រយៈ​ពេល​ពីរថ្ងៃ​ គិត​ចាប់​តាំង​ពីថ្ងៃ​ទី​១១​ ​ដល់​ថ្ងៃទី១២​ ​ខែតុលា​ ឆ្នាំ​២០១៨​នេះ។

លោក​ សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែលត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​ ​ទៅតាម​សំណើរ​របស់​រដ្ឋាភិបាលនៃប្រ​ទេស​នេះ​ បាន​ពណ៌នា​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាល​ពីថ្ងៃ​ពុធ ​អំពី​ចំណាត់​ការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​បី​រូប​របស់​ប្រទេស​កូរ៉េខាង​ត្បូង​ និង​អតីត​មេដឹក​នាំ​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​ទើប​ចាញ់​ការបោះឆ្នោត​ កាលពី​ខែឧសភា​ ​ឆ្នាំ​២០១៨។

លោក​ ​សម រង្ស៊ី​ ​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួនឯងនៅឯ​ប្រទេស​បារំាង​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖

«លោក ​ហ៊ុន សែន​ កំពុងតែ​ភ័យ​ស្លន់ស្លោ​ ពីព្រោះ​ខ្លាចជួប​ប្រទះ​វាសនា​ចូលគុក​ ដូច​អតីត​ប្រធានា​ធិបតី​ ​កូរ៉េ​ខាងត្បូង៣​រូប​ ដែល​២​នាក់​ត្រូវ​គេ​ចាប់​ដាក់​គុក​ និងម្នាក់​ទៀត បានសម្លាប់​ខ្លួន ​ដោយ​សារតែ​តុលាការ​តាម​ចាប់ខ្លួន​ ពី​ព្រោះបាន​ប្រព្រឹត្ត​អំពើពុក​រលួយ​លួច​ជាតិ​ នៅពេល​ខ្លួន​កាន់​តំណែង​ជា​ថ្នាក់​ដឹកនាំ​កំពូល»។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​លោក ​សម រង្ស៊ី​ បាន​សរសេរ​បន្ថែម​ថា៖​

«ករណី​មួយ​ទៀត​ ដែល​ធ្វើ​ឲ្យ​លោក ​ហ៊ុន សែន ​ដេក​មិនលក់​គឺ​ករណីអតីត​នាយក មន្ត្រី​ប្រទេស​ម៉ាឡេស៊ី​ លោក​ ណាជីប រ៉ាហ្សាក់ ​(Najib Razak)​ ដែល​ទើបតែ​ចាញ់​ឆ្នោត​កាលពី​ខែឧសភា ​ឆ្នាំ​ ២០១៨​នេះ​ ហើយ​ដែល​កំពុង​តែ​ប្រឈម​តុលាការ​ឯករាជ្យ​ នៃ​ប្រទេស​ម៉ាឡេស៊ី​សព្វថ្ងៃ​។ ​សូមរំឮក​ថា ​តុលាការ​ចោទ​ប្រកាន់​លោក​ ណាជីប រ៉ាហ្សាក់​ (Najib Razak) ​ថា​បាន​លួចជាតិ​ រាប់រយ​លាន​ដុល្លារ​ ដូច​លោក​ ​ហ៊ុន​ សែន​ និង​ក្រុម​គ្រួសារ​គាត់​ អញ្ចឹងដែរ»។

កាលពីខែ​កក្កដា​ ឆ្នាំ​២០១៨​ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ ​Najib Razak​ ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ទាក់ទិន​នឹង​ថវិកា​វិនិយោគ​របស់​ក្រុមហ៊ុន​ ​1MDB​ របស់​រដ្ឋ។​ ​លោក Najib គឺ​ជា​ចំណុច​ស្នូល​នៃ​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ថា​បាន​លួច​ប្រាក់​ពី​ក្រុមហ៊ុន ​1MDB​ របស់​រដ្ឋ ​ដែល​ជា​ក្រុមហ៊ុន​មួយ​ដែល​លោក​បាន​បង្កើត​ឡើង​នៅ​ពេល​ដែល​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ ​ទឹក​ប្រាក់​សរុប​ចំនួន​៤​ពាន់៥​រយ​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​គេ​លួច​ពី​ថវិកា​ក្រុមហ៊ុន ​1MDB ​ដែល​ទឹក​ប្រាក់​មួយ​ចំនួន​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​របស់​លោក​ Najib។

​នៅ​ឯប្រទេស​កូរ៉េខាងត្បូង​ឯណោះ​ តុលាការ​ប្រទេស​នេះ​ ​បាន​កាត់​ទោស​លោក​ស្រី ​Park Geun-hye ​អតីត​ប្រធានាធិបតី​ ឱ្យ​ជាប់​ពន្ធនាគារ​២៤​ឆ្នាំ​ បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ លោក​ស្រី​មាន​ពិរុទ្ធ​ពីបទ​រំលោភ​អំណាច​និង​អំពើ​ពុករលួយ​។ ការកាត់​ទោស​អតីត​ប្រធានាធិបតី​រូបនេះ​ បានធ្វើឡើង​កាលពី​ខែ​មេសា​ឆ្នាំ​២០១៨ ​គឺមួយឆ្នាំ​ក្រោយ​ បន្ទាប់​ពីអ្នកស្រី​ត្រូវបាន​ដកចេញពី​តំណែង​។ ​ហើយ​កាល​ពីដើម​ខែតុលា​ ឆ្នាំ​២០១៨​នេះ​ លោក ​Lee Myung-bak ​អតីត​ប្រធានា​ធិបតី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ត្រូវ​តុលា​ការ​កាត់​ទោស​ឲ្យ​ជាប់​គុក​១៥​ឆ្នាំ។​

​លោក ​Lee Myung-bak​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ទទួល​ប្រាក់​សំណូក​ពីក្រុម​ហ៊ុន​ ​Samsung ​ហើយ​នឹង​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ខណៈ​ដែលនៅ​កាន់​អំណាច ​ហើយ​នឹង​លួច​បន្លំ​ប្រាក់​ជិត​៣៥​លាន​ដុល្លារ​មកក្រុម​ហ៊ុនចំនួន​៣​ដែល​លោក​បាន​ពាក់​ព័ន្ធ។ លោក ​Lee​ បាន​បដិសេធ​ថា ​លោក​ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ​ហើយ​បាន​ហៅ​ការ​កាត់​ទោស​លោក​ថា​ «ជា​ការ​សង​សឹក​ខាង​នយោបាយ»។

VOA​ មិនទាន់​អាច​ទាក់​ទង​លោក ​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​បាន​ទេ​នៅថ្ងៃ​សុក្រ​នេះ។​ ​យ៉ាងណាក៏ដោយ ​លោក ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ប្រាប់​ ​VOA​ថា ការនិយាយ​របស់​លោក​ សម រង្ស៊ី​ ​គឺជាទស្សនៈ​របស់​ជនមានបញ្ហា​ប្រព័ន្ធ​ប្រសាទ​តែប៉ុណ្ណោះ។

​លោក​ ​ផៃ ស៊ីផាន​ ​ថ្លែង​ថា៖​

«ជាការលើក​ឡើង​ ដោយគ្មាន​មូលដ្ឋាន​គ្រឹះពិតប្រាកដ​ តាមវិកលចរឹត​ភាព​ វិកលចរឹត​របស់​គាត់​ ដែល​ចាញ់​ផ្គាប់​មុខ​ ងើបមុខ​មិន​រួចនេះ​ឯងបាទ»។

អ្នកនាំពាក្យ​រូបនេះ​ អះអាង​ថា​ តាមការ​ស្រាវជ្រាវ​របស់​ឯកជន​មួយបានរក​ឃើញថា​ ពលរដ្ឋ​ខ្មែរ​ជាង​៩០​ភាគរយ​ បានគាំទ្រ​ដល់​ការដឹកនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន។

នៅពេល VOA សួរ​លោក​ថា​ តើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ពិត​ជា​បម្រើ​ប្រទេស​ប្រកប​ដោយ​ភាព​ស្មោះត្រង់​មែន​ឬ​យ៉ាង​ណា​នោះ​ ​លោក​ ​ផៃ ស៊ីផាន​ ​ថ្លែងថា៖​

​«អាហ្នឹង​៩០​ប្លាយ​ភាគរយ​ គឺយើងយល់​ឃើញ​អ៊ីចឹង។​ ​អ្នកបោះឆ្នោត​៨០បា្លយ​ភាគរយ​ ក្នុងចំណោម​៧០​ភាគរយ​ជាង​ នៃចំណោម​៨០​ភាគរយ​សមាមាត្រ​នោះ​ គេទទួល​ស្គាល់​សម្តេច​ គេប្រគល់​សេចក្តី​ទុកចិត្ត​។ ខ្ញុំមិនបក​ស្រាយ​អ្វី​ផ្សេង​ពីហ្នឹង​ទេ​ គ្រាន់តែ​ប្រជាពលរដ្ឋ​ភាគច្រើន​ភ្លូកទឹក​ ភ្លូកដី​ វាយតម្លៃ​ខ្ពស់​ និងគោរព​នូវស្នាដៃ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន សែន​ ក្នុងការ​ដឹកនាំ​ ក៏ដូច​ជាការ​ ដែល​ផ្តល់​នូវទំនុក​ចិត្ត​ដើម្បី​ឲ្យសម្តេច​លោកបន្តការ​ដឹកនាំ​បន្ត​តទៅមុខ​ទៀត»។

​លោក​ ​សម រង្ស៊ី​ ​មិន​បាន​ផ្តល់​ភស្តុតាង​ដើម្បីគាំទ្រ​ដល់​ការអធិប្បាយ​របស់លោកដែល​ចោទថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និង​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​មាន​ជាប់​ពាក់ព័ន្ធ​នឹងការ​លួច​លុយ​ជាតិ​ ដូចការ​ប្រព្រឹត្ត​របស់​លោក Najib Razak​ ​នោះទេ​ ​នៅពេល​លោក​ផ្តល់ការ​អធិប្បាយ​តាម​ទំព័រ​ហ្វេស​ប៊ុក​កាល​ពីថ្ងៃ​ទី​១១​ ខែ​តុលា។

ក៏ប៉ុន្តែ​ កាលពីខែ​កក្កដា​ ឆ្នាំ​២០១៦​ អង្គការ​ Global Witness ​បានចេញ​របាយការណ៍​មួយមាន​ចំណង​ជើងថា​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ ដែល​របាយការណ៍​នេះ​ បាន​លាត​ត្រដាង​ឲ្យដឹង​ពីការ គ្រប់​គ្រងទ្រព្យ​សម្បតិ្ត​ដ៏សម្បើម​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។

​របាយការណ៍​នេះ​ ​បាន​រក​ឃើញ​បណ្តាញ​ដ៏​ស្មុគស្មាញ​មួយ​នៃ​បណ្តា​ក្រុមហ៊ុន​នៅ​កម្ពុជា​ ​ដែល​បាន​ដាក់​បង្ហាញ​ទឹក​ប្រាក់​ប្រហែល​២០០​លាន​ដុល្លារ​ ហើយ​ដែល​សុទ្ធ​តែ​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម គ្រួសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដែល​រង​ការចោទ​ប្រកាន់​ថា​ជា​មេដឹកនាំ​ផ្តាច់ការ​នៅ​ក្នុង​ប្រទេស។

របាយការណ៍​ដដែល​នោះ​មិន​បាន​រួម​បញ្ចូល​អចលនទ្រព្យ​របស់​ក្រុម​គ្រួសារ​នេះ​ ​ដែល​មាន​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ ​ប៉ុន្តែ​របាយការណ៍​នោះ​បាន​ដកស្រង់​សម្តី​របស់​អ្នក​ជំនាញការ​នានា​ដែល​ថា ទ្រព្យសម្បត្តិ​របស់​ក្រុមគ្រួសារ​នេះ​អាច​មាន​តម្លៃ​ពី​៥០០​លាន​ដុល្លារ​ ទៅ​១​ពាន់​លាន​ដុល្លារ។

នេះ​គឺ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ​បើ​ក្រឡេក​មើល​ទៅ​លើ​ការ​ត្អូញត្អែរ​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​ថា​ ​លោក​រក​ចំណូល​បាន​ត្រឹមតែ​ប្រមាណ​១៣.៨០០​ដុល្លារ​តែ​ប៉ុណ្ណោះ​ ​ក្នុង​មួយ​ឆ្នាំ​ ​ក្នុង​នាម​លោក​ជា​នាយក​រដ្ឋ​មន្ត្រី​ ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ៕

XS
SM
MD
LG