ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន រំឭក​ការ​លួច​ធ្វើ​ឃាត​លោក​ ​កាលពី​២០​ឆ្នាំ​មុន​ និង​ព្រមាន​មិន​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង​របស់​សមាជិករដ្ឋសភាថ្មីក្នុងអាណត្តិទី៦ នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង​របស់​សមាជិករដ្ឋសភាថ្មីក្នុងអាណត្តិទី៦ នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

នៅ​ថ្ងៃទី​២៤​ ​ខែ​កញ្ញា​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​បង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ដោយ​លើក​ឡើង​ថា មាន​ករណី​ប៉ុនប៉ង​​ធ្វើ​ឃាត​លោក​ដោយ​ការ​បាញ់រ៉ុក្កែត​បេ៤០​ ​លើ​រថយន្ត​របស់​​លោក​ ​កាលពី​២០​ឆ្នាំ​មុន​ ​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​​ក្នុង​ឆ្នាំ​១៩៩៨​ ​បញ្ចប់​ទៅ​ដោយ​ភាព​ចម្រូង​ចម្រាស។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​បាន​រំឮក​ពីការប៉ុនប៉ង​ធ្វើ​ឃាតលើ​រូប​លោក​កាលពី​២០​ឆ្នាំ​មុន​ ​និង​បាន​ប្រកាស​ថា​ ​ក្នុងតំណែង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​លោក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារឬ​ធ្វើ​បដិវត្តន៍​ពណ៌​ណាមួយ​ ដើម្បី​បំផ្លាញ​សុខ​សន្តិភាព​ក្នុង​ប្រទេស​នេះ​បាន​ឡើយ។​

លោក​នាយក​រដ្ឋមន្រ្តី​បាន​បង្ហោះ​សារលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា​ ​ឆ្នាំ​១៩៩៨​ ​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក​ ​ដោយ​បាញ់​គ្រាប់រ៉ុក្កែត ​បេ៤០​ ​មួយ​គ្រាប់​ក្នុង​ចំណោម​៤​គ្រាប់​សំដៅ​លើ​រថយន្ត​របស់​លោក​ ​ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​ខេត្ត​សៀម​រាប​ ​ប៉ុន្តែ​លោក​ថា​ ​គ្រាប់រ៉ុក្កែតនោះ​ ​បាន​ហោះ​ទៅ​បុក​ផ្ទះ​ប្រជាជន​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​ ​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់។​ ​លោក​បន្ថែម​ថា​ ​ការ​បាញ់​គ្រាប់​រ៉ុកក្កែត​សំដៅ​លើ​រថយន្ត​របស់​លោក​នា​ពេល​នោះ​ ​គឺ​ធ្វើ​ឡើង​ស្របពេល​នៃ​ការប្រជុំ​សភា​នីតិកាល​ទី២​ដែល​ត្រូវ​ប្រជុំ​ ​នៅ​ព្រះរាជ​ដំណាក់​ក្រុង​សៀមរាប​ក្រោម​ព្រះ​រាជ​អធិបតី​ភាព​ ​សម្តេច​ព្រះបាទ​ ​នរោត្តម សីហនុ។​

លោក​នាយក​រដ្ឋមន្រ្តីបន្ថែមថា​សង្គ្រាម​ដែល​បញ្ចប់​ដោយ​នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក​នឹង​ត្រូវ​បន្ត​ប្រសិន​បើ​លោកបាត់​បង់​ជីវិត​នាពេល​នោះ។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ប្រសិនបើ​ខ្ញុំ​ស្លាប់​នា​ពេល​នោះ​ ​តើ​នឹង​មាន​រឿង​អ្វី​កើតឡើង​ក្រោយ​ពេល​ខ្ញុំ​ស្លាប់​នៅ​ក្នុង​ក្រុង​សៀមរាប?​ ​បន្ទាប់​មក​ ​តើ​សង្រ្គាម​អាច​បញ្ចប់​បាន​តាមរយៈ​នយោ​បាយ​ ​ឈ្នះ-ឈ្នះ​ ​ដូច​ពេល​ ​ហ៊ុន សែន​ ​នៅ​រស់ ​ឬ​ទេ?​ ​នេះ​ជា​ចម្លើយ​ដែល​ត្រូវ​ឆ្លើយ​សម្រាប់​សំណួរ​ទាំងពីរ​ខាងលើ​នេះ»។​

លោក​បាន​សរសេរ​បន្ថែម​ថា៖​

«ខ្ញុំ​បាន​អហោសិកម្ម​ឲ្យ​អ្នក​ដែល​ចង់​សម្លាប់​ខ្ញុំ​នៅ​ខេត្ត​សៀមរាប​រួច​ហើយ​ ​បើទោះជា​ខ្ញុំ​មាន​ពន្លឺ​ក្នុង​ការ​ស្រាវជ្រាវ​ក៏​ដោយ​ ​តែ​អ្នក​ត្រូវ​ដឹង​ថា​ពេលណា​ខ្ញុំ​នៅ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ខ្ញុំ​មិន​ឲ្យ​ពួក​អ្នក​សម្លាប់​ខ្ញុំ​បាន​ទេ​ ​មិនឲ្យ​ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ ឬ​ធ្វើ​បដិវត្ត​ពណ៌​បាន​ទេ។​ ​ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ​ ​ខ្ញុំ​ត្រូវ​ការពារ​សន្តិភាព​ ​និង​ការពារ​ជីវិត​ប្រជាជន​កម្ពុជា​ឲ្យ​ខាន​តែ​បាន»។​

​លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ប្រាប់​ ​VOA​ ​ថា​ករណី​នៃ​ការ​បាញ់​លើរថយន្ត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​កាលពី​ខែ​កញ្ញា​ ​ឆ្នាំ​១៩៩៨​ ​គឺធ្វើ​ឡើង​ដោយ​ឈ្មោះ​ សុខ យឿង​ ​ដែល​លោក​អះអាង​ថា​ជា​សកម្មជនរបស់គណបក្ស ​សម​ ​រង្ស៊ី។ ​លោកបន្ថែម​ថា​ ​សុខ យឿងបាន​ភៀស​ខ្លួន​ទៅរស់នៅ​ប្រទេស​ហ្វាំងឡង់​ ​បន្ទាប់ពី​តុលាការ​រក​ឃើញ​ថា​ឈ្មោះ​នោះ​ជា​អ្នក​ប្រព្រឹត្ត​ ​ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា​ ​ការ​ប៉ុនប៉ង​នេះមាន​ជាប់​ពាក់ព័ន្ធ​នឹង​នរណា​ផ្សេង​ទៀត​ក្រៅ​តែពី​ឈ្មោះ​ ​សុខ យឿង​ ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«ទី​១​តុលាការ​រក​ឃើញ​ថា​ សុខ យឿង​ ហ្នឹង។ ហើយ​ទី​២គឺ​ ​សុខ យឿង​ ​ហ្នឹង​ដឹងថា​ខ្លួន​ឯង​មានខ្លួន ​ក៏​រត់​ទៅ។​ ​បើ​សិនណាជា​យើង​អត់​មាន​ខ្លួនទេអាហ្នឹង​អត់​មាន​ត្រូវ​រត់​ទៅ​ណា​ ​សុំ​សិទ្ធិ​ជ្រក​កោន​ទៅ​ណា​ទេ។​ ​អាហ្នឹង​វាមាន​លក្ខណៈ​អញ្ចឹង​យើង​ពិនិត្យ​មើល​ ​ព្រោះ​យើង​ទាំងអស់​គ្នា​ក៏​មិន​ឃើញ​ហេតុ​ការណ៍​ហ្នឹង​ផ្ទាល់​ភ្នែក​ដែរ ហើយ​ក៏​មិន​ដែល​ស្គាល់​ឈ្មោះ ​សុខ យឿង ​ហ្នឹង។​ ​ហើយ​ឥលូវហ្នឹង​ ​សុខ យឿង​ ​ហ្នឹង​ស្វិត​ឡើង​ដូច​ងៀត​គោ​ទៅ​ហើយ ឥលូវ​ហ្នឹង​»។​

លោក​ ​សុខ ឥសាន​ ​សុំ​មិនធ្វើ​អត្ថាធិប្បាយ​លើ​ការលើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដែល​ថា​អហោ​សកម្ម​លើ​អ្នកដែល​ចង់​សម្លាប់​លោក ប៉ុន្តែ​លោក​ ​សុខ ឥសាន​ ​បញ្ជាក់​ថា​ ​ករណី​បទល្មើស​ឧក្រិដ្ឋ​ ​តុលាការ​នៅ​តែ​អាច​បន្ត​ចំណាត់​ការ​បាន។

​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​ ​សម រង្ស៊ី​ ​និងជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​ស្ថិត​នៅ​បរទេស ប្រាប់ VOA ថា ករណី​បាញ់​រថយន្ត​របស់​លោក ហ៊ុន សែន កាល​ពី​ខែកញ្ញា ឆ្នាំ​១៩៩៨ គឺជា​ការ​រៀបចំ​របស់​លោក​ ហ៊ុន សែន ខ្លួន​ឯង ដើម្បី​កម្ចាត់​សកម្មជន​គណបក្ស សម រង្ស៊ី និង​ដើម្បីទម្លាក់​កំហុស​លើ​លោក​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម លោក សុខ យឿង គឺ​ជាជន​សកម្ម​របស់​គណបក្ស សម រង្ស៊ី និង​ថា លោក សុខ យឿង ​គឺជា​មនុស្ស​ចាស់ និង​ងាយ​ចំណាំ ដូច្នេះមិនមាន​មូលហេតុ​ណា​មួយ​អាច​ក្លាយជា​អ្នក​ធ្វើឃាត​មនុស្ស​នោះ​ទេ។

លោក​បញ្ជាក់​ពី​ការ​អះអាង​របស់​លោក​ថា៖ «គាត់​អះអាង​ថា​គេ​ប៉ុនប៉ង​ធ្វើ​ឃាត​គាត់ ប៉ុន្តែ​សុទ្ធ​តែ​ជា​ឆាក​ល្ខោន​ដែល​គាត់​រៀបចំ​ទាំងអស់​ ដើម្បី​ទម្លាក់​ទោស ទម្លាក់​កំហុស​មក​លើ​សកម្មជន​គណបក្ស សម រង្ស៊ី ហើយ​ពី​មុន​មក​ទៀត គណបក្ស​ជាតិ​ខ្មែរ​ដែល​ខ្ញុំ​បាន​បង្កើត។ អញ្ចឹង​បំណង​របស់​គាត់​ហ្នឹង​គឺ​មែនទែន​គាត់ចង់​សំដៅ​មកខ្ញុំ​ទេ។ គាត់ទៅ​រក​រឿង ទៅ​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​ដែល​ខ្ញុំ​ដឹកនាំ ដូច​ជា​គណបក្សសម រង្ស៊ី ហើយ​បើ​គាត់​ចាប់​បាន​ទៅ គាត់​បង្ខំ​សួរ​ចម្លើយ​ទៅអ្នក​ដែល​គាត់​ចាប់​បាន​ហ្នឹង​ឆ្លើយ​ដាក់​ខ្ញុំ»។

លោក សម រង្ស៊ី ពន្យល់​ពី​មូលហេតុ​ដែលលោក សុខ យឿង ទទួល​បាន​សិទ្ធិ​ជ្រក​កោន​ពី​រដ្ឋាភិបាល​ប្រទេស​ហ្វាំងឡង់​យ៉ាង​ដូច្នេះ៖«លោក សុខ យឿង បាន​ប្រទេស​ហ្វាំងឡង់​ទទួល​ទៅ​រស់​នៅ​ជា​ជន​ភៀស​ខ្លួន។ ហើយ​ប្រទេស​ហ្វាំងឡង់​ដែល​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យក្នុង​ទ្វីបអឺរ៉ុប​នេះ គេ​មិនមែន​ទទួល​អ្នក​ដែល​មាន​ទោស​មាន​កំហុស​ទេ គេដឹង​ថា​អ្នក​នោះត្រូវទទួល​ការ​ចោទ​ប្រកាន់ដោយ​អយុត្តិធម៌​ពី​របប​លោក ហ៊ុន​ សែន បាន​គេ​ទទួល»។​

ការ​បង្ហោះ​សារ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​ ​បន្ទាប់ពី​លោក​ ​សម រង្ស៊ី​ ​បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​របស់​លោកថា ខែ​កញ្ញា ឆ្នាំ​១៩៩៨ គឺជា​ខួប២០​ឆ្នាំ​នៃ​ការ​បង្ក្រាប​យ៉ាង​សាហាវ​លើ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​មិន​សុខ​ចិត្ត​នឹង​លទ្ធផល​បោះឆ្នោត។​

លោក​សរសេរ​ក្នុងន័យ​ដើម​ថា៖​

​«រំលឹក​ខួប​ទី២០​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ ​ក្នុង​ខែ​កញ្ញា ឆ្នាំ ១៩៩៨ គឺ​ការបង្ក្រាប​យ៉ាង​សាហាវ​មក​លើ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ ដែល​តវ៉ា​មិន​សុខចិត្ត​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ ​ថ្ងៃ២៦ កក្កដា​ ​១៩៩៨​ ​ហើយ​នៅ​ទី​បញ្ចប់ ក៏​មាន​ជំនួប​កំពូល​នៅ​ទីក្រុង​សៀមរាប ក្នុង​ថ្ងៃ២២ កញ្ញា ១៩៩៨»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ឈ្នះ​ការ​បោះឆ្នោត​ ​ជ្រើសរើស​តំណាង​រាស្ត្រ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​១៩៩៨។​ ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​កាល​ពី​ឆ្នាំ​១៩៩៨​ ​ត្រូវ​បាន​ប្រកាស​ថា​ ​គណ​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ទទួល​បាន​អាសនៈចំនួន៦៤​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​ទទួល​បាន​អាសនៈ​ចំនួន​៤៣ ចំណែកគណបក្ស​ ​សម រង្ស៊ី​ ​ទទួល​បាន​អាសនៈចំនួន​១៥។​

គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ដឹកនាំ​ដោយ​សម្ដេច​ក្រុមព្រះ​ ​នរោត្ដម រណឫទ្ធិ​ ​និង​គណបក្ស​ ​សម រង្ស៊ី​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​សម រង្ស៊ី​ ​បាន​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​នោះ​ ​ដោយ​ចោទ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន​ ​ថា​បានបន្លំ​លទ្ធផលឆ្នោត។​ ​យ៉ាងណា​ក្តី​ ​ក្រោយ​ការ​ជួប​ប្រជុំ​នៅខេត្តសៀមរាប​ ​ជាមួយ​ព្រះ​បាទ​ ​នរោត្តម សីហនុ​ ​នា​ថ្ងៃ​ទី​២២​ ​ខែ​កញ្ញា​ ​ឆ្នាំ​១៩៩៨ រដ្ឋា​ភិបាល​ថ្មី​របស់លោក​ ​ហ៊ុន សែន​ ​បាន​ចាប់​ផ្តើម​ដឹកនាំ​ប្រទេស​ជាផ្លូវការ៕

XS
SM
MD
LG