ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី៖ លោក ហ៊ុន សែន កំពុង​ព្យាយាម​កម្ចាត់​លោក កឹម សុខា តាម​ផ្លូវ​កាយ ផ្លូវចិត្ត និង​ផ្លូវ​ងងឹត


រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)
រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)

លោក​​ សម រង្ស៊ី​ ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ ​បាន​បង្ហោះ​លិខិត​បី​ច្បាប់​ដែល​មាន​ជា​ភាសា​ខ្មែរ​ ភាសា​អង់គ្លេស​ ​និង​ភាសា​បារាំង​ ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ​កាល​ថ្ងៃទី​២០​ខែ​​កញ្ញា​​ឆ្នាំ​២០១៨ ​នេះ​ថា​ ​លោក​កឹម សុខា​ ​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​កំពុង​ស្ថិត​នៅ​​ជា​ចំណាប់​ខ្មាំង​​របស់​លោក​នាយក​រដ្ឋមន្រ្ តី​​ហ៊ុន សែន។​

លោក សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ «លោកកឹម សុខា​ ​ប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត»​ ​ដោយ​សារ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ខណៈ​មេដឹក​នាំបក្ស​ជំទាស់​រូប​នេះ​កំពុង​ស្ថិតក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។

លោក សម រង្ស៊ី​ ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ ​បាន​បង្ហោះ​លិខិត​បី​ច្បាប់​ដែល​មាន​ជា​ភាសា​ខ្មែរ​ ភាសា​អង់គ្លេស​ ​និង​ភាសា​បារាំង​ ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ​កាល​ថ្ងៃទី​២០​ខែកញ្ញាឆ្នាំ​២០១៨ ​នេះ​ថា​ ​លោក​កឹម សុខា​ ​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​កំពុង​ស្ថិត​នៅជា​ចំណាប់​ខ្មាំងរបស់​លោក​នាយក​រដ្ឋមន្រ្ តីហ៊ុន សែន។​ ​លោក​បន្ថែម​ថា​ លោក​ហ៊ុន សែនកំពុង​រក​មធ្យោបាយ​ដើម្បី​កម្ចាត់​លោក​កឹម សុខា ​តាម​ផ្លូវ​កាយ​ ​ផ្លូវចិត្ត​ ​និង​ផ្លូវ​ងងឹត​ ​ដើម្បី​ការពារ​ ​និង​បន្ត​អំណាច​របស់​លោកហ៊ុន សែន។​

លោក ​សម រង្ស៊ី​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«លោក ហ៊ុន សែន​ នេះ​កំពុង​តែ​ប្រើ​មធ្យោបាយ​យ៉ាង​ព្រៃផ្សៃ​បំផុត​ ​ក្រោម​របប​ផ្តាច់​ការ​របស់​គាត់​ដើម្បី​ធ្វើ​បាប​រាងកាយ​ ​និង​បំបាក់​ទឹកចិត្ត​លោក​កឹម សុខា​ ​ហើយ​បង្ខំ​ឲ្យ​លោកកឹម សុខានេះបែក​ពី​លោកសម រង្ស៊ី។​ ​លោកហ៊ុន សែន ​ពេល​នេះ​មិន​យល់​ព្រមដោះ​លែង​លោក​កឹម សុខា​ទេ​ ពីព្រោះ​គាត់​ខ្លាច​លោក​កឹម សុខា​មក​ជួប​លោក​សម រង្ស៊ី​ ​នៅ​ឯ​បរទេស​ ​ហើយ​ខ្លាច​២​នាក់​នេះ​ចាប់​ដៃ​គ្នា​ឡើងវិញ​ ​ហើយ​ប្រកាស​ ​និង​បញ្ជាក់​ពី​ឯកភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិពី​ប្រទេស​សេរី​ណា​មួយ​ក្នុង​ពិភព​លោក»។​

លោក ​សម រង្ស៊ី បន្ថែម​ក្នុង​លិខិត​នោះ​ថា​ ​លោក​កឹម សុខា​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ និង​ថា​ ​គ្រោះ​ថ្នា​ក់​ណាមួយ​កើត​ឡើង​ចំពោះលោក​កឹម សុខា​គឺ​កើត​ចេញ​ពី​លោក​ហ៊ុន សែន។​

លោក​ សម រង្ស៊ី​ បញ្ជាក់​បន្ថែម​ថា៖​

«លោក​ ហ៊ុន សែន នៅ​តែ​ចង់​កម្ចាត់​លោក​កឹម សុខាតាម​របៀប​ណា​មួយ​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន។​ ​បើ​គាត់​មិន​អាច​ប្រើ​ប្រព័ន្ធ​តុលាការ​បាន​ទេ​ ​គាត់​ច្បាស់​ជា​មាន​គំនិត​ចង់​សម្លាប់​លោក​កឹម សុខា​តែម្តង​ ​ហើយ​លាប​ពណ៌​ឃាតកម្ម​ណា​មួយ​ថា ​ជា​គ្រោះ​ថ្នាក់។ ​ខ្ញុំ​ធ្វើ​ការ​វិភាគ​បែប​នេះ​គឺ​ដើម្បី​ព្រមាន​ទៅ​លោក​ហ៊ុន សែនហើយ​ប្រាប់​ពិភពលោក​ទាំងមូល​ថា​ ​ត្រូវ​ចាត់​ទុក​លោកហ៊ុន សែនជា​ឃាតករ​ ​បើ​មាន​គ្រោះថ្នាក់‍​ណាមួយកើតឡើង​ចំពោះ​លោកកឹម សុខា»។​

លោក ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំ​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១០ខែ​កញ្ញា​ឆ្នាំ​២០១៨ ​បន្ទាប់ពី​ជាប់​ឃុំ​អស់​រយៈ​ពេល​១​ឆ្នាំ​ ​និង​មួយ​សប្តាហ៍​ ​ដោយ​តុលាការ​ចោទ​លោក​ថា ​បាន​ឃុប​ឃិត​ជាមួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន។

ប្រធាន​គណ​បក្ស​ជំទាស់​រូប​នេះ​ត្រូវ​បាន​នាំ​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុងទាំង​ព្រឹក​ព្រលឹម​ បញ្ជូន​ទៅ​កាន់​ផ្ទះ​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក​ ​រាជធានី​ភ្នំពេញ​ ​ដោយ​មាន​ការ​យាមកាម​ ​និង​មិន​ត្រូវ​បានអនុញ្ញាត​ឲ្យ​លោក​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​គាំទ្រ​ ឬមិនអាចចេញ​ពី​បរិវេណ​ដែល​កំណត់​ជុំវិញ​ផ្ទះ​របស់​លោក​នោះ​ទេ។​

លោក ផែង ហេង​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​បួន​រូប​ដែល​ការពារក្តី​ឲ្យ​លោកកឹម សុខា​ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​ការ​ថ្លែង​របស់​លោកសម រង្ស៊ី​ទេ។​ ​យ៉ាង​ណាក្តី​ លោកផែង ហេងបាន​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា​ បើ​ប្រៀប​ធៀប​នឹង​ពេល​លោកជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ​សុខភាព​របស់​លោក​ ​កឹម សុខានៅ​ពេល​នេះ​មាន​ភាព​ប្រសើរ​ជាង​មុន​ ​បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ។​

លោក​បញ្ជាក់​ថា៖​

«គាត់អត់ទាន់​បាន​ទៅ​ព្យាបាល​នៅ​ឯ​ណា​ទេ​ ​គ្រាន់​តែ​គាត់​ហៅ​ពេទ្យ​មក​ពិនិក្យ​នៅ​ឯ​ផ្ទះ​គាត់។​ ​ខ្ញុំមិន​បាន​ដឹង​ថា​ គាត់​ត្រូវ​ទៅ​ពេល​ណាទេ។ ​ចាំមើលៗ​ ​បើ​សិន​គាត់​ត្រូវ​ការ​ព្យាបាល​ ​ ប្រហែល​ត្រូវ​ទាក់ទង​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​សុំ​ការ​អនុញ្ញាត»។​

លោក សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ីគឺជា​ការ​លាប​ពណ៌​ដើម្បី​ទម្លាក់​កំហុស​លើ​គណ​បក្ស​កាន់​អំណាច។​

លោក​បញ្ជាក់​ថា៖​

«បញ្ហា​ទាំង​ឡាយ​ដែល​ទណ្ឌិតសម រង្ស៊ី​និយាយ​ ​វាគ្រាន់​តែ​យក​វប្បធម៌​លាប​ពណ៌មក​លើក​ឡើង​ដើម្បី​គេ​ហៅ​ថា​ បញ្ជៀស​ខ្លួន​ឯង​ពី​ការ​ទទួល​ខុស​ត្រូវ​ ​ហើយ​ដាក់​បន្ទុក​មកលើ​រាជ​រដ្ឋាភិបាល​ ​និង​សមត្ថ​កិច្ច​តែ​ប៉ុណ្ណោះ​ទេ​ ហើយ​មិន​អាច​យក​ជា​ការ​បាន​ទេ ​ព្រោះ​ទណ្ឌិតសម រង្ស៊ី​យក​អាវប្បធម៌លាប​ពណ៌​ហ្នឹង​មក​អនុវត្ត​តាំងពី​ដើម​មក​ ​ដែល​គេ​ធ្វើ​នយោបាយ​ហ្នឹង។​ ដូច្នេះ​ហើយ​បាន​ជា​អាស្រ័យ​ដោយ​វប្បធម៌ធ្វើ​នយោបាយ​យក​វប្បធម៌​លាប​ពណ៌​មក​ធ្វើ​ហ្នឹង បាន​ជា​មិន​ទទួល​លទ្ធ​ផលជា​វិជ្ជមាន​ឲ្យ​គាត់​ហ្នឹង»។​

ក្រោយ​ពីមាន​ការ​ដោះ​លែង​លោក​ កឹម សុខា ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ​ ​តែ​សម្រេចឃុំលោក​ក្នុង​ផ្ទះ​ជំនួស​វិញ​នោះ​ ​គេ​ឃើញ​សហគមន៍​អន្តរជាតិ​ជាច្រើន​បាន​រិះគន់​ជា​បន្ត​បន្ទាប់​លើ​ចំណាត់​ការ​នេះ​ ​ព្រម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោកកឹម សុខា​ឲ្យមាន​សេរីភាព​ពេញ​លេញ។​

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់រដ្ឋាភិបាល​កម្ពុជា​ ​និង​ស្ថាប័ន​តុលាការ​បាន​ចេញមុខបក​ស្រាយ​ជា​បន្ត​បន្ទាប់​ដើម្បី​ការពារ​ចំណាត់​ការ​ឃុំ​ឃាំង​លោក​កឹម សុខាក្នុង​ផ្ទះ។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​កាលពីថ្ងៃ​ពុធ ​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ឃុំ​ខ្លួន​លោកកឹម សុខា​ក្នុង​ផ្ទះ​ ​ដោយ​សារ​លោក​បារម្ភ​ថា​ ​លោក​កឹម សុខា​អាច​បាត់​បង់​ជីវិត​ក្នុង​ពន្ធនាគារ​ ​ដោយ​សារ​ជំងឺ​ ​មិន​មែន​មាន​សម្ពាធ​ណា​មួយ​ពី​អន្តរជាតិ​នោះ​ទេ។​

តុលាការ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយបកស្រាយ​ថា​ ​ការ​ដែល​លោកកឹម សុខាត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នោះ​គឺ​ពុំ​មែន​ជា​ករណី​នៃ​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ទេ​តែ​ថា ​លោកកឹម សុខាមាន​សេរីភាព​ដើរ​ហើរ​ចេញពី​ក្នុង​ផ្ទះ​ ​តែ​មិន​ត្រូវ​ចេញ​ផុត​ពី​ព្រំដែន​កំណត់​នៅ​ក្រៅ​បរិវេណ​លំនៅ​ដ្ឋាន​ ​និង​មិន​ត្រូវ​ជួប​ជាមួយ​មន្ត្រី​នានាដែល​តុលាការ​បាន​ហាម​ឃាត់​ប៉ុណ្ណោះ៕

XS
SM
MD
LG