វ៉ាស៊ីនតោន - [កំណត់និពន្ធ៖ តទៅនេះគឺជាដំណើរជីវិតរបស់លោក កឹម សុខា ដែលលោកបានរៀបរាប់ដោយផ្ទាល់។ លោក កឹម សុខា គឺប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។ ជីវិតនយោបាយរបស់លោក កឹម សុខា គឺជាជំពូកមួយនៃសៀវភៅ ដែលមានចំណងជើងថា «ការស្វែងរកយុត្តិធម៌នៅកម្ពុជា៖ អ្នកការពារសិទ្ធិមនុស្សបកស្រាយ» (Seeking Justice in Cambodia: Human Rights Defenders Speak Up) ដែលនិពន្ធដោយអ្នកស្រី Sue Coffey ដែលនឹងត្រូវបោះពុម្ពផ្សាយនាពេលឆាប់ៗនេះ។ សៀវភៅនេះរៀបរាប់អំពីដំណើរជីវិតរបស់អ្នកការពារសិទ្ធិមនុស្សដ៏ឆ្នើមនៅកម្ពុជាចំនួន១៥នាក់។ ពីអ្នកការពារសិទ្ធិមនុស្សទៅជាអ្នកនយោបាយ និងចុងក្រោយជាមេដឹកនាំគណបក្សប្រឆាំងម្នាក់ លោក កឹម សុខា បានដើរតួនាទីដ៏សំខាន់ក្នុងការកំណត់វប្បធម៌ និងបរិបទនយោបាយនៅកម្ពុជា។ លោក កឹម សុខា បានសន្ទនាជាមួយអ្នកស្រី Coffey ប្រហែលជាមួយសប្តាហ៍មុនពេលលោកត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាតចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទ«ក្បត់ជាតិ» ដែលអ្នកតាមដានស្ថានភាពនយោបាយនិងសង្គមកម្ពុជា យល់ថា ជារឿងនយោបាយ។ លោក កឹម សុខា ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាងមួយឆ្នាំ។ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំកាលពីព្រឹកថ្ងៃច័ន្ទ ទី១០ ខែកញ្ញានេះ។ សូមអានខ្លឹមសារនៃជីវិតនយោបាយរបស់លោក កឹម សុខា ដូចតទៅ។]
Read life story of Kem Sokha in English
ខ្ញុំកើតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ១៩៥៣ នៅស្រុក ត្រាំកក់ ខេត្ត តាកែវ ភាគខាងត្បូងនៃរាជធានី ភ្នំពេញ។ គ្រួសារខ្ញុំជាកសិករ ប៉ុន្តែ ជីតាខ្ញុំជាមេឃុំ។ ពួកគាត់មកពីភូមិផ្សេងគ្នា ប៉ុន្តែជីតាខ្ញុំក៏ជាមេឃុំមួយរូបផងដែរ។ នៅពេលដែលខ្មែរក្រហមបានចូលដល់ភ្នំពេញ ខ្ញុំមានអាយុប្រហែល២២ឆ្នាំ។ ខ្ញុំត្រូវត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញនៅខេត្ត តាកែវ។ ប្រហែលពីរសប្តាហ៍បន្ទាប់ពីខ្ញុំបានទៅដល់ទីនោះ ខ្មែរក្រហមបានចាប់ឪពុកខ្ញុំយកទៅ និងបានសម្លាប់គាត់។ វាជារឿងគួរឱ្យខ្លាចបំផុតសម្រាប់គ្រួសាររបស់យើង។ តាំងពីពេលនោះមក ខ្ញុំត្រូវសម្របខ្លួនធ្វើការជាកសិករនៅក្នុងកងយុវជនមួយនៃរបបខ្មែរក្រហម។
នៅក្នុងកងយុវជន យើងត្រូវខិតខំធ្វើការខ្លាំងណាស់ ត្រូវខិតខំធ្វើការជាងមនុស្សចាស់ទៀត។ នៅពេលនោះ យើងមិនត្រូវបានអនុញ្ញាតឱ្យរស់នៅជួបជុំក្រុមគ្រួសារនោះទេ។ ខ្ញុំត្រូវបានតម្រូវឲ្យនៅជាមួយកងយុវជន។ យើងអស់កម្លាំងខ្លាំងណាស់ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ទន្ទឹមនឹងនេះ យើងស្ថិតនៅក្រោមការគំរាមកំហែងដែលពួកខ្មែរក្រហមអាចសម្លាប់យើងបានគ្រប់ពេលវេលា។ វាជាពេលវេលាដ៏លំបាកនិងគួរឱ្យភ័យខ្លាច។
មុនពេលវៀតណាមមកដល់ ខ្ញុំមិនអាចរស់នៅក្នុងខេត្ដរបស់ខ្ញុំបានទេ ពីព្រោះខ្មែរក្រហមបានជម្លៀសគ្រួសារខ្ញុំ និងខ្ញុំនៅឆ្នាំ១៩៧៨ ទៅនៅខេត្ត កណ្តាល។ បន្ទាប់មកនៅពេលដែលវៀតណាមបានមកដល់កម្ពុជា យើងបានចេញពីស្រុកកៀនស្វាយ ខេត្ត កណ្តាល ទៅរាជធានី ភ្នំពេញ។
ខ្ញុំបានចាប់ផ្តើមរស់នៅរាជធានី ភ្នំពេញ ចាប់តាំងពីគ្រាដំបូង ហើយបើប្រៀបធៀបទៅនឹងរបបខ្មែរក្រហម អ្វីៗគឺមានលក្ខណៈប្រសើរជាង។ ខ្ញុំមិនខ្វះខាតសម្ភារៈដើម្បីរស់នៅ ក្នុងជីវភាពសាមញ្ញទេ។ អ្វីៗពិតជាល្អប្រសើរជាងកាលពីបួនឆ្នាំមុន។ ប៉ុន្តែវាមានការលំបាកផ្សេងទៀត ពីព្រោះវៀតណាមបានដឹងថា ខ្ញុំមានទំនាក់ទំនងជាមួយចលនាតស៊ូនៅព្រំដែន។
ពួកគេគឺជាយុទ្ធជនដើម្បីសេរីភាព មានឈ្មោះថា រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (KPNLF) ដែលដឹកនាំដោយ លោក សឺន សាន ហើយខ្ញុំបានទាក់ទងដោយសម្ងាត់ជាមួយពួកគេ។ ហេតុអ្វី? ពីព្រោះក្នុងនាមជាយុវជន យើងមិនចង់ឲ្យមានការឈ្លានពានពីបរទេសឡើយ។ ដូច្នេះ ខ្ញុំចង់តស៊ូដើម្បីសេរីភាព។ វាមិនមែនសម្រាប់តែខ្ញុំទេ តែសម្រាប់ប្រទេសរបស់យើង។ ប្រទេសរបស់យើងបានឆ្លងកាត់រឿងរ៉ាវច្រើនណាស់ ហើយយើងចង់បានសេរីភាពសម្រាប់ថ្ងៃអនាគត។ ដូច្ នេះខ្ញុំបានរក្សាទំនាក់ទំនងជាមួយក្រុមនេះ ហើយយើងបានធ្វើកិច្ចប្រជុំសម្ងាត់នៅកន្លែងផ្សេងៗក្នុងរាជធានី ភ្នំពេញ។ ប៉ុន្តែវៀតណាមបានដឹងអំពីរឿងនេះ ហើយពួកគេមិនសប្បាយចិត្តយ៉ាងខ្លាំង។
នៅខេត្ត ព្រះសីហនុ ខ្ញុំត្រូវធ្វើការនៅក្នុងរោងចក្រផលិតស្រាបៀរ ដែលជាកន្លែងគ្មានការងារធ្វើឲ្យពិតប្រាកដទេ។ ពួកគេមានបំណងច្បាស់មួយ គឺបញ្ជូនខ្ញុំឲ្យនៅឆ្ងាយពីប្រជាជននិងសាធារណជន។ ដូច្នេះខ្ញុំបានប្តេជ្ញាថា ខ្ញុំត្រូវធ្វើអ្វីមួយព្រោះតួនាទីខ្ញុំនៅក្នុងរោងចក្រមិនសូវមានប្រយោជន៍ទេ។
ពួកគេបានតាមដានយើង ហើយពួកគេបានចាប់ខ្លួនមនុស្សជាច្រើន។ បន្ទាប់មកពួកគេបានដកហូតតួនាទីរបស់ខ្ញុំជាមន្រ្តីធ្វើការនៅក្នុងសង្កាត់មួយនៅរាជធានី ភ្នំពេញ។ នៅឆ្នាំ១៩៧៩ នៅពេលវៀតណាមចូលមកដល់ ខ្ញុំត្រូវបានចាត់តាំងជាចៅសង្កាត់រងនៅ ភ្នំពេញ។ ដំបូងខ្ញុំបានបម្រើការងារនៅសាលាក្រុងភ្នំពេញ ហើយបន្ទាប់មក ខ្ញុំបានធ្វើការនៅសង្កាត់មួយក្នុងខណ្ឌទួលគោក។ ប៉ុន្តែបន្ទាប់ពីពួកគេបានដឹងអំពីទំនាក់ទំនងរបស់ខ្ញុំជាមួយពួកអ្នកប្រយុទ្ធដើម្បីសេរីភាព ខ្ញុំត្រូវបានគេកោះឱ្យចូលខ្លួនទៅបំភ្លឺនៅស្នងការនគរបាលរាជធានី ភ្នំពេញ។ លោកស្នងការបានសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយមនុស្សទាំងនេះ ហើយខ្ញុំមានទំនាក់ទំនងជាមួយនរណាខ្លះ។ ខ្ញុំបានឆ្លើយតបថា ខ្ញុំគ្រាន់តែចង់ស្វែងរកមធ្យោបាយដើម្បីចង់ដឹងនរណាល្អ នរណាមិនល្អ នរណានឹងបម្រើប្រទេសរបស់យើង។ ហើយស្នងការបានប្រាប់ឲ្យខ្ញុំផ្លាស់ប្តូរចិត្តនិងសកម្មភាពរបស់ខ្ញុំ បើមិនដូច្នោះទេ ខ្ញុំនឹងមានបញ្ហា។
ប៉ុន្តែ ខ្ញុំបានរក្សាទំនាក់ទំនងជាមួយក្រុមនេះ ហើយនៅពេលដែលរដ្ឋាភិបាលបានដឹងពីរឿងនេះ ពួកគេបានដកខ្ញុំចេញពីមុខតំណែង ហើយខ្ញុំត្រូវបានគេតាមដានជាប់ជានិច្ច។ នៅឆ្នាំ ១៩៨១ ខ្ញុំដឹងថា ខ្ញុំមិនអាចនៅបានទៀតទេ ព្រោះវាមានគ្រោះថ្នាក់ណាស់។ ខ្ញុំចង់ទៅឆ្ងាយ ប៉ុន្តែខ្ញុំមិនចង់ធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ព្រំដែនឡើយ។ នៅគ្រានោះ រដ្ឋាភិបាលកំពុងជ្រើសរើសនិស្សិតល្អៗឱ្យទៅប្រទេសសង្គមនិយម ដើម្បីសិក្សាបន្ត។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តដាក់ពាក្យប្រឡង។ ខ្ញុំបានប្រឡងជាប់ បន្ទាប់មកខ្ញុំត្រូវបានបញ្ជូនទៅប្រទេសឆេកូស្លូវ៉ាគី (Czechoslovakia) ដែលជាប្រទេសកាន់របបសង្គមនិយម។
ខ្ញុំបានពិភាក្សាជាមួយមិត្តភក្តិរបស់ខ្ញុំអំពីមុខវិជ្ជាដែលខ្ញុំគួររៀន ហើយមិត្តរបស់ខ្ញុំបានផ្តល់យោបល់ខ្ញុំឱ្យរៀនយកសញ្ញាបត្របច្ចេកទេស។ មុនពេលខ្មែរក្រហមបានកាន់កាប់អំណាច ខ្ញុំជានិស្សិតកំពុងសិក្សាឆ្នាំទីពីរ ផ្នែកនីតិសាស្រ្តនៅមហាវិទ្យាល័យនីតិសាស្រ្ត ក្នុងរាជធានី ភ្នំពេញ។ ប៉ុន្ដែខ្ញុំមិនបានបញ្ចប់ការសិក្សានេះទេ។ ដំបូន្មានដែលខ្ញុំទទួលបាន គឺថារបបកុម្មុយនីស្តមិនត្រូវការមេធាវីឡើយ ប៉ុន្តែពួកគេត្រូវការអ្នកបច្ចេកទេស។ ប្រសិនជាខ្ញុំរៀនផ្នែកច្បាប់ឬនយោបាយ ខ្ញុំនឹងពិបាករកការងារធ្វើមិនខានឡើយ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តរៀនផ្នែកគីមីសាស្ត្រ។ ខ្ញុំបានសិក្សាផ្នែកគីមីសាស្ត្រអស់រយៈពេលប្រាំឆ្នាំនៅទីក្រុង ប្រាហ្គ (Prague) ហើយបន្ទាប់មក ខ្ញុំបានត្រឡប់មកមាតុប្រទេសវិញនៅឆ្នាំ ១៩៨៦។
ប៉ុន្តែ ក្រោយពីខ្ញុំបានត្រឡប់មកមាតុប្រទេសវិញ ពួកគេនៅតែបន្តតាមដានខ្ញុំ។ ខ្ញុំបានធ្វើការនៅក្រសួងឧស្សាហកម្ម ហើយរដ្ឋមន្រ្តីមានទំនាក់ទំនងល្អធម្មតាជាមួយខ្ញុំ ប៉ុន្តែអនុរដ្ឋមន្រ្តីមិនធ្វើល្អចំពោះខ្ញុំទេ។ អនុរដ្ឋមន្រ្តីនោះ គឺជាប្រធានបក្សកុម្មុយនីស្តនៅក្នុងក្រសួង គឺលោក សុខ ឥសាន ដែលបច្ចុប្បន្ននេះជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា។ គាត់បានបញ្ជាឱ្យគេតាមដានខ្ញុំ ហើយពួកគេមិនបានផ្តល់មុខតំណែងល្អដល់ខ្ញុំឡើយ ទោះបីជាខ្ញុំបានបញ្ចប់ការសិក្សាសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក៏ដោយ។ ខ្ញុំមានសញ្ញាបត្រវិស្វកម្មគីមីសាស្ត្រ ប៉ុន្តែពួកគេមិនផ្តល់មុខតំណែងជាន់ខ្ពស់ឲ្យខ្ញុំឡើយ។ ផ្ទុយទៅវិញ ពួកគេបានបញ្ជូនខ្ញុំទៅធ្វើការនៅខេត្តព្រះសីហនុ ដែលឆ្ងាយពីក្រសួងនៅរាជធានី ភ្នំពេញ។
នៅខេត្ត ព្រះសីហនុ ខ្ញុំត្រូវធ្វើការនៅក្នុងរោងចក្រផលិតស្រាបៀរ ដែលជាកន្លែងគ្មានការងារធ្វើឲ្យពិតប្រាកដទេ។ ពួកគេមានបំណងច្បាស់មួយ គឺបញ្ជូនខ្ញុំឲ្យនៅឆ្ងាយពីប្រជាជននិងសាធារណជន។ ដូច្នេះ ខ្ញុំបានប្តេជ្ញាថា ខ្ញុំត្រូវធ្វើអ្វីមួយព្រោះតួនាទីខ្ញុំនៅក្នុងរោងចក្រមិនសូវមានប្រយោជន៍ទេ។ ដូច្នេះ ខ្ញុំបានស្ម័គ្រចិត្តបង្រៀនសិស្ស។ នៅពេលនោះ ខេត្តព្រះសីហនុមានតែសាលាបឋមសិក្សាមួយប៉ុណ្ណោះ គ្មានវិទ្យាល័យឡើយ។ ដូច្នេះ យុវជនមិនអាចឈោងចាប់ការសិក្សានៅកម្រិតខ្ពស់ជាងនេះ ដើម្បីទទួលបានសញ្ញាបត្របាក់ឌុបបានឡើយ ពីព្រោះពុំមានគ្រូបង្រៀន។
ខ្ញុំបានសម្រេចចិត្តបង្រៀនមុខវិជ្ជារូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យា។ បន្ទាប់មកពួកគេបានបើកសាលារៀនសម្រាប់ឱ្យសិស្សសិក្សាថ្នាក់វិទ្យាល័យ ដូច្នេះខ្ញុំចាប់ផ្តើមបង្រៀនសិស្សលើមុខវិជ្ជាទាំងអស់នេះ។ អភិបាលខេត្តបានដឹងថា ខ្ញុំស្ម័គ្រចិត្តផ្តល់សេវាបង្រៀន ដូច្នេះហើយពួកគេបានផ្តល់ដីខ្លះឱ្យមកខ្ញុំ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ខ្ញុំបានដាំម្រេច និងចាប់ផ្ដើមធ្វើការជាមួយកសិករក្នុងស្រុក ព្រមទាំងបង្រៀនសិស្ស។ ខ្ញុំបានខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងលើវិស័យទាំងពីរ។
ខ្ញុំគិតថាបញ្ហាសិទ្ធិមនុស្សគឺជាបញ្ហាធំជាងគេបង្អស់សម្រាប់ប្រទេសកម្ពុជា។ ប្រសិនជាយើងចង់អភិវឌ្ឍប្រទេស អ្វីដែលយើងត្រូវការដំបូងនិងចម្បងបំផុតគឺគួរតែជាការគោរពសិទិ្ធមនុស្ស។
នៅឆ្នាំ ១៩៨៩ ខ្ញុំបានដឹងពីការចរចាសន្តិភាពកំពុងដំណើរការ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ខ្ញុំបានជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ហើយបានស្នើសុំត្រឡប់មកធ្វើការនៅភ្នំពេញវិញ ព្រោះខ្ញុំបានឮអំពីការចរចា។ ខ្ញុំរំភើបចំពោះលទ្ធភាពនៅពេលខាងមុខ។ ដូច្នេះ ខ្ញុំបានត្រឡប់មកភ្នំពេញវិញ ហើយពួកគេបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅក្នុងរោងចក្រឧស្សាហកម្មស្រានៅភ្នំពេញ។ ការងាររបស់ខ្ញុំនាគ្រានោះ គឺខ្ញុំបានបង្កើតស្រាមួយប្រភេទឈ្មោះថា«ស្រាមេគង្គ»។ វាជារូបមន្តដែលខ្ញុំបានបង្កើត។
បន្ទាប់ពីខ្ញុំបានត្រឡប់មកភ្នំពេញវិញនៅឆ្នាំ ១៩៨៩ មនុស្សមួយចំនួនមកពីចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់ លោក សឺន សាន បានមកស្នាក់នៅផ្ទះរបស់ខ្ញុំនៅអំឡុងឆ្នាំ ១៩៩០។ បន្ទាប់មក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា ហើយមន្រ្តីអង្គការសហប្រជាជាតិបានចាប់ផ្ដើមបញ្ជូនមកកម្ពុជា។ ខ្ញុំមិនទាន់ចូលរួមជាមួយគណបក្សនយោបាយណាមួយនៅឡើយទេពេលនោះ។ ប៉ុន្តែនៅឆ្នាំ ១៩៩១ ខ្ញុំបានបង្កើតអង្គការសិទិ្ធមនុស្សមួយឈ្មោះថា អង្គការការពារសិទិ្ធមនុស្សកម្ពុជា (Human Rights Vigilance of Cambodia)។ ខ្ញុំបានសម្រេចបង្កើតអង្គការនេះ ដោយសារតែខ្ញុំជឿថា បញ្ហាធំជាងគេសម្រាប់ប្រទេស គឺបញ្ហាសិទ្ធិមនុស្ស។ ការរំលោភបំពានសិទិ្ធមនុស្សមាននៅគ្រប់ទីកន្លែង ហើយខ្ញុំគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចាប់ផ្តើមដោះស្រាយបញ្ហានេះ។ ខ្ញុំដឹងថា ខ្ញុំពិតជាយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស។
ឆ្លងតាមប្រវត្តិសាស្ត្រកម្ពុជា ខ្ញុំដឹងបានថា ក្រោមរបបខ្មែរក្រហមនិងវៀតណាម ប្រជាជនរងទុក្ខលំបាកវេទនាយ៉ាងខ្លាំង។ រដ្ឋាភិបាលបានចោទប្រកាន់ ចាប់ខ្លួន និងសម្លាប់ប្រជាជន ដូច្នេះមានការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងមកលើជនទាំងឡាយណាដែលរិះគន់រដ្ឋាភិបាល។
ខ្ញុំគិតថា បញ្ហាសិទ្ធិមនុស្សគឺជាបញ្ហាធំជាងគេបង្អស់សម្រាប់ប្រទេសកម្ពុជា។ ប្រសិនជាយើងចង់អភិវឌ្ឍប្រទេស អ្វីដែលយើងត្រូវការដំបូងនិងចម្បងបំផុត គឺគួរតែជាការគោរពសិទិ្ធមនុស្ស។ សិទ្ធិមនុស្សបានធ្លាក់ក្នុងស្ថានភាពដ៏អាក្រក់បំផុតនៅក្រោមរបប ប៉ុល ពត ហើយក៏មានការរំលោភបំពានសិទ្ធិមនុស្សក្រោមរដ្ឋាភិបាលមុនៗដែរ។ ខ្ញុំមិនចង់ឱ្យស្ថានការណ៍នេះកើតឡើងម្តងទៀតនៅប្រទេសកម្ពុជាឡើយ។ ប្រជាជនមិនមានអំណាចអ្វីទេ។
ដូច្នេះ នៅពេលខ្ញុំបង្កើតអង្គការសិទិ្ធមនុស្សនេះ ខ្ញុំចង់រៀនសូត្រអំពីប្រធានបទនេះហើយបេសកកម្មឈានមុខរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNAMIC) បានបញ្ជូនខ្ញុំទៅសិក្សានៅទីក្រុង ហ្សឺណែវ។ នៅពេលនោះ បេសកកម្មឈានមុខរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNAMIC) បានមកដល់ ដើម្បីរៀបចំបេសកកម្មពេញលេញរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់)។ លោក ដេនីស ម៉ាកណាម៉ារ៉ា (Denis McNamara) គឺជាប្រធានអង្គភាពសិទ្ធិមនុស្សនៃបេសកកម្មឈានមុខរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ ខ្ញុំបានធ្វើការជាមួយលោកនិងជាមួយ លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando) ផងដែរ ដែលលោកគឺជាអនុប្រធានអង្គភាពនេះ ហើយបច្ចុប្បន្ននេះលោកគឺជាប្រធានគណៈកម្មការសិទ្ធិមនុស្សអាស៊ាននៅទីក្រុង ហុងកុង។ តាមរយៈការធ្វើការជាមួយមន្រ្តីទាំងពីរនាក់ ខ្ញុំបានរៀនសូត្រយ៉ាងច្រើនអំពីអត្ថន័យនៃសិទ្ធិមនុស្ស។
នៅពេលដែលខ្ញុំទៅដល់ទីក្រុង ហ្សឺណែវ មានសន្និសីទធំមួយ។ ខ្ញុំបានបញ្ចុះបញ្ចូលអ្នកតំណាងប្រទេសជាច្រើន ដូចជាប្រទេសជប៉ុននិងប្រទេសដទៃទៀត ដោយស្នើសុំឱ្យបញ្ជូនតំណាងមកកាន់ប្រទេសកម្ពុជា ដើម្បីតាមដានស្ថានការណ៍សិទ្ធិមនុស្ស។ ខ្ញុំបានជួបមនុស្សជាច្រើន ហើយខ្ញុំបានលើកឡើងពីបញ្ហានិងសារៈសំខាន់សិទិ្ធមនុស្សនៅកម្ពុជា។ នៅទីបំផុត អង្គការសហប្រជាជាតិបានសម្រេចបញ្ជូនតំណាងពិសេសមួយរូបមកកម្ពុជា ហើយប្រទេសផ្សេងទៀតក៏បានធ្វើដូចគ្នាដែរ។ បន្ទាប់មក ខ្ញុំបានធ្វើដំណើរលើកទីមួយទៅសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៩២។ ខ្ញុំបានជួបមនុស្សជាច្រើនមកពីអង្គការដែលធ្វើការលើវិស័យសិទ្ធិមនុស្ស ដូចជាអង្គការ Amnesty International អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជាដើម។ នៅពេលដែលខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំមានការគាំទ្រជាច្រើនពីអ្នកដែលធ្វើការងារលើសិទ្ធិមនុស្ស។
ប៉ុន្តែ ខ្ញុំបានចាប់ផ្ដើមគិតថា ប្រសិនបើខ្ញុំនៅធ្វើការនៅក្នុងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងស្ថានការណ៍របស់កម្ពុជាបែបនេះ ខ្ញុំនឹងមិនមានអំណាចក្នុងការដោះស្រាយបញ្ហាឡើយ។ ពេលនោះហើយ ដែលខ្ញុំបានសម្រេចចិត្តចូលរួមក្នុងគណបក្សនយោបាយមួយ។ គោលបំណងរបស់ខ្ញុំ គឺត្រូវតែលើកស្ទួយសិទ្ធិមនុស្ស ហើយខ្ញុំក៏មានឱកាសចូលរួមជាមួយគណបក្សរបស់លោកតា សឺន សាន នៅឆ្នាំ ១៩៩២។
នៅមហាសន្និបាតបក្សលើកដំបូង និងដោយសារតែខ្ញុំធ្លាប់គាំទ្រគណបក្សនេះពីមុន គណបក្សនេះបានបោះឆ្នោតឲ្យខ្ញុំធ្វើជាសមាជិកនៃគណៈកម្មាធិការអនុវត្តន៍របស់គណបក្សរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ។
ដូច្នេះ ខ្ញុំបានចូលរួមក្នុងគណបក្ស ហើយនៅពេលការបោះឆ្នោតសភាធម្មនុញ្ញត្រូវបានរៀបចំឡើងនៅឆ្នាំ ១៩៩៣ ខ្ញុំបានឈរឈ្មោះជាបេក្ខជនសម្រាប់មណ្ឌលខេត្ត តាកែវ ដែលជាស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំបានជាប់ឆ្នោតនិងបានក្លាយជាសមាជិកសភាធម្មនុញ្ញ ពីព្រោះពេលនោះ យើងមិនទាន់មានរដ្ឋសភាជាតិនៅឡើយទេ។ យើងបានជួយព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា ហើយជំពូកទី៣ ពីមាត្រាទី៣១ដល់មាត្រាទី៥០ គឺចែងអំពីសិទ្ធិមនុស្ស។ ខ្លឹមសារភាគច្រើននៃជំពូកនេះគឺបានឆ្លុះបញ្ចាំងពីគំនិតរបស់ខ្ញុំ។
រដ្ឋធម្មនុញ្ញថ្មីត្រូវបានព្រាងឡើងក្នុងឆ្នាំ ១៩៩៣ បន្ទាប់ពីការបោះឆ្នោត ហើយក្នុងនាមជាសមាជិកមួយរូបនៃគណៈកម្មការព្រាងរដ្ឋធម្មនុញ្ញ ខ្ញុំបានពិភាក្សាបញ្ហាជាច្រើនជាមួយ លោក ម៉ាកណាម៉ារ៉ា (McNamara) និង លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando)។ ពួកគាត់បានផ្តល់ឲ្យខ្ញុំនូវគំនិតជាច្រើន ហើយខ្ញុំបាន លើកបញ្ហាទាំងនេះ និងបញ្ហាជាច្រើនទៀតនៅក្នុងគណៈកម្មការព្រាងរដ្ឋធម្មនុញ្ញ។ ជារឿយៗ នៅក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាង សមាជិកផ្សេងទៀតពិតជាមិនដឹងច្រើនអំពីបញ្ហាទាំងនោះឡើយ ប៉ុន្តែពួកគាត់បានទទួលយកគំនិតដែលខ្ញុំបានលើកឡើង លើកលែងតែនៅក្នុងវិស័យសំខាន់ៗ។ ខ្ញុំចង់បង្កើតស្ថាប័នសិទ្ធិមនុស្សមួយនៅក្នុងរដ្ឋធម្មនុញ្ញ ឈ្មោះថា «គណៈកម្មាធិការជាតិឯករាជ្យស្តីពីសិទ្ធិមនុស្ស»។
ខ្ញុំបានលើកឡើងនូវគំនិតនេះ ប៉ុន្តែពួកគេមិនបានយល់ស្របជាមួយខ្ញុំឡើយ ហើយគំនិតនេះត្រូវបានគេដាក់ឲ្យបោះឆ្នោត។ ក្នុងចំណោមមនុស្ស១២០នាក់ មានតែមនុស្សប្រហែលជា២០នាក់ប៉ុណ្ណោះបានគាំទ្រខ្ញុំ។ ពួកគេមិនយល់ថា ហេតុអ្វីបានជារឿងនេះសំខាន់ឡើយ ប៉ុន្តែខ្ញុំបានបន្តលើកឡើងពីគំនិតនេះ ដោយមានការពិភាក្សាលើគ្រប់មាត្រា។ នៅទីបំផុត រដ្ឋសភាមិនអាចធ្វើការបានដោយរលូនឡើយ ពីព្រោះខ្ញុំនៅតែបន្តលើកឡើងនូវការទាមទារនេះ ដូច្នេះអ្នកនយោបាយបានធ្វើការរួមគ្នាដើម្បីរកវិធីមួយឆ្ពោះទៅមុខ។
ពួកគេបានហៅ «គណៈកម្មការទី១» ថា ជាគណៈកម្មាធិការសិទិ្ធមនុស្ស នៅក្នុងរដ្ឋសភាជាតិ ហើយពួកគេបានយល់ព្រមបោះឆ្នោតឱ្យខ្ញុំធ្វើជាប្រធាន ពីព្រោះពួកគេបានដឹងថា ខ្ញុំនឹងពុះពារយ៉ាងខ្លាំងក្លាការពារប្រជាពលរដ្ឋដែលមិនយល់អំពីសិទ្ធិមនុស្សឬស្ថាប័ននេះ។
មេដឹកនាំនៃគណបក្សទាំងបី គឺគណបក្សប្រជាជនកម្ពុជា គណបក្សរណសិរ្សសាមគ្គីជាតិដើម្បីឯករាជ្យ អព្យាក្រឹត សន្តិភាពនិងសហប្រតិបត្តិការកម្ពុជា (ហ៊្វុនស៊ិនប៉ិច) និងគណបក្សរបស់លោកតា សឺន សាន ដែលមានឈ្មោះថា «គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា» (BLDP) បានពិភាក្សាអំពីបញ្ហានេះ ហើយបានចរចាអំពីវិធីឆ្ពោះទៅមុខ ខណៈដែលខ្ញុំបន្តលើកពីបញ្ហានេះជាប្រចាំ។
នៅទីបំផុត ពួកគេបានយល់ព្រមបញ្ចូល «គណៈកម្មាធិការសិទិ្ធមនុស្ស» ទៅក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែវាមិនមែនជាស្ថាប័នឯករាជ្យមួយទេ។ ពួកគេបានហៅ «គណៈកម្មការទី១» ថា ជាគណៈកម្មាធិការសិទិ្ធមនុស្ស នៅក្នុងរដ្ឋសភាជាតិ ហើយពួកគេបានយល់ព្រមបោះឆ្នោតឱ្យខ្ញុំធ្វើជាប្រធាន ពីព្រោះពួកគេបានដឹងថា ខ្ញុំនឹងពុះពារយ៉ាងខ្លាំងក្លាការពារប្រជាពលរដ្ឋ ដែលមិនយល់អំពីសិទ្ធិមនុស្សឬស្ថាប័ននេះ។ មនុស្សជាច្រើនដែលមកពីគណបក្សរបស់ខ្ញុំផ្ទាល់ និងអ្នកដទៃទៀត ក៏មិនយល់អំពីផលប្រយោជន៍របស់គណៈកម្មាធិការនេះដែរ។ ខ្ញុំបានក្លាយជាប្រធានគណៈកម្មាធិការនេះរយៈពេលប្រាំឆ្នាំ ហើយខ្ញុំបានខិតខំប្រឹងប្រែងធ្វើកិច្ចការនេះយ៉ាងសកម្ម។
ខ្ញុំត្រូវការទីប្រឹក្សាម្នាក់ ហើយនៅពេលនោះមូលនិធិអាស៊ី (TAF) និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) បានគាំទ្រគណៈកម្មាធិការរបស់ខ្ញុំ។ ពួកគេបានផ្តល់មូលនិធិ ហើយក៏បានផ្តល់ឱ្យខ្ញុំនូវទីប្រឹក្សាសិទិ្ធមនុស្សមួយរូបផងដែរគឺលោក ប្រេដ អាដាម (Brad Adams) ដែលបច្ចុប្បន្នកំពុងធ្វើការជាមួយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)។ លោកបានធ្វើការជាមួយខ្ញុំ ហើយខ្ញុំបានរៀនសូត្រយ៉ាងច្រើនពីលោក។ កាលនោះ ខ្ញុំមិនអាចនិយាយភាសាអង់គ្លេសបានទេ ប៉ុន្តែមូលនិធិអាស៊ីបានផ្តល់ការបណ្តុះបណ្តាល និងអ្នកបកប្រែភាសាម្នាក់ឲ្យខ្ញុំ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏បានផ្តល់ឱ្យខ្ញុំនូវទីប្រឹក្សាផ្នែកច្បាប់មួយរូបផងដែរ។
នៅក្នុងតួនាទីនេះដំបូង ខ្ញុំបានរៀបចំវេទិកាសាធារណៈនានា ព្រោះខ្ញុំយល់ថាវាជាមធ្យោបាយដ៏សំខាន់មួយដើម្បីបង្រៀនសាធារណជន និងសិក្សារៀនសូត្រអំពីបញ្ហាសិទ្ធិមនុស្ស។ នេះជាវេទិកាដំបូងគេដែលត្រូវបានរៀបចំនៅប្រទេសកម្ពុជា។ ខ្ញុំបានធ្វើដំណើរទៅតាមបណ្តាខេត្តជាច្រើន និងបានរៀបចំវេទិកានៅទីនោះ ហើយបានលើកទឹកចិត្តប្រជាជនឱ្យលើកឡើងអំពីបញ្ហារបស់ពួកគេ។ បញ្ហាទីមួយគឺជម្លោះដីធ្លី ការបណ្តេញចេញពីដីធ្លី និងការដណ្តើមយកដីធ្លី។ កាលគ្រានោះ ប្រជាពលរដ្ឋមានបញ្ហាដីធ្លីជាច្រើន ហើយខ្ញុំបានស្នើសុំសមាជិកសភានៃគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា និងហ៊្វុនស៊ិនប៉ិចឱ្យជួយគាំទ្រ។
ខ្ញុំបានទូរស័ព្ទទៅលោករដ្ឋមន្រ្តី ស ខេង និងអភិបាលខេត្តជាច្រើននាក់ ឱ្យជួយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។ ខ្ញុំបានចុះទៅខេត្ត កំពង់ចាម ដើម្បីរៀបចំវេទិកាសាធារណៈ ពីព្រោះមានពាក្យបណ្តឹងជាច្រើននៅទីនោះ ដែលថាអាជ្ញាធរបានយកដីពីប្រជាពលរដ្ឋ។ ខ្ញុំបានទូរស័ព្ទទៅបងប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ណេង ហើយគាត់និងលោក ស ខេង បានជួយខ្ញុំរៀបចំវេទិកាសាធារណៈ។ ដំណោះស្រាយគឺត្រូវប្រគល់ដីទៅឱ្យប្រជាពលរដ្ឋវិញ ហើយបន្ទាប់មកទៀត ខ្ញុំបានចុះទៅខេត្ត ព្រៃវែង និងបានបន្តធ្វើកិច្ចការដូចគ្នា។ ពេលខ្លះមានការប្រឈមមុខជាមួយយោធាដែលបានយកដីពីប្រជាពលរដ្ឋ ដូច្នេះខ្ញុំបានទៅបន្ទាយយោធា។ ខ្ញុំចង់ពិភាក្សាជាមួយមន្រ្តីយោធាអំពីបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ប៉ុន្តែដំណោះស្រាយមិនងាយស្រួលឡើយ។
ដំបូងពួកគេមិនអនុញ្ញាតឱ្យខ្ញុំចូលទៅក្នុងបន្ទាយយោធាឡើយ ប៉ុន្តែខ្ញុំបានពន្យល់ថា ខ្ញុំគ្រាន់តែចង់ដោះស្រាយបញ្ហា ដូច្នេះយើងបានចរចាគ្នា។ ខ្ញុំបានទូរស័ព្ទទៅអភិបាលខេត្ត និងរដ្ឋមន្ត្រី។ នៅទីបំផុតប្រជាពលរដ្ឋទទួលបានជ័យជម្នះ។ នៅពេលនោះដែរ យើងបានរកឃើញកន្លែងឃុំឃាំងអ្នកទោសខុសច្បាប់នៅខេត្ត បាត់ដំបង ដែលយើងបានស្គាល់ទីតាំងនោះជា «កន្លែងឃុំឃាំងឈើខ្មៅ»។ អតីតរដ្ឋាភិបាលវៀតណាមបានបង្កើតពន្ធនាគារសម្ងាត់ ដើម្បីឃុំឃាំងមនុស្សនៅព្រំដែនដែលលួចចូលក្នុងប្រទេស និងបានធ្វើទារុណកម្មពួកគេ។ មនុស្សទាំងនោះត្រូវបានឃុំខ្លួននៅក្នុងរថក្រោះដែលក្តៅខ្លាំង ហើយពួកគេជាច្រើននាក់បានស្លាប់។
នៅពេលខ្ញុំបានចុះទៅខេត្ត បាត់ដំបង នៅក្នុងតំបន់មួយដែលគេហៅថា «អាងកំពីងពួយ» ខ្ញុំបានជួបទាហានមួយចំនួន ហើយនៅពេលខ្ញុំសួរកន្លែងដែលពួកគេធ្វើការ ពួកគេបានប្រាប់ខ្ញុំអំពីពន្ធនាគារសម្ងាត់។ ខ្ញុំបានសួរពួកគេអំពីរឿងរ៉ាវនៅទីនោះ ហើយពួកគេបានប្រាប់ខ្ញុំទាំងអស់អំពីអ្នកទោសក្នុងពន្ធនាគារសម្ងាត់ និងអំពីការធ្វើទារុណកម្ម ដែលមានមនុស្ស១៦នាក់នៅទីនោះ ហើយមនុស្សជាច្រើនបានស្លាប់។
នៅពេលដែលខ្ញុំត្រឡប់មកភ្នំពេញវិញ ខ្ញុំបានពិភាក្សាបញ្ហាពន្ធនាគារនេះជាមួយទីប្រឹក្សាអង្គការសហប្រជាជាតិរបស់ខ្ញុំ និងរិះរកវិធីបញ្ឈប់ពន្ធនាគារនោះ។ បញ្ហានេះកើតឡើងនៅឆ្នាំ១៩៩៤ ហើយខ្ញុំគិតថា តើខ្ញុំអាចដោះស្រាយបញ្ហានេះដោយរបៀបណា? ប្រសិនបើខ្ញុំជជែកជាមួយរដ្ឋាភិបាល ខ្ញុំមិនគិតថា រដ្ឋាភិបាលអាចនឹងចង់ដឹងអំពីរឿងនេះទេ។
ដូច្នេះ ខ្ញុំបានសរសេរលិខិតថ្វាយព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ដើម្បីទូលថ្វាយព្រះអង្គអំពីបញ្ហានេះ ហើយព្រះអង្គបានបញ្ជូនលិខិតរបស់ខ្ញុំទៅនាយករដ្ឋមន្រ្តី។ ដូច្នេះ នាយករដ្ឋមន្ត្រីទាំងពីរគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានជ្រាបថា ខ្ញុំបានដឹងអំពីរឿងនេះ។ បន្ទាប់មក សហការីអង្គការសហប្រជាជាតិបានផ្តល់ដំបូន្មានថា ឥឡូវនេះលោក ហ៊ុន សែន ដឹងថាខ្ញុំបានដឹងពីស្ថានការណ៍នេះ ដូច្នេះវាមានគ្រោះថ្នាក់ណាស់សម្រាប់ខ្ញុំក្នុងការបន្តរស់នៅក្នុងប្រទេស។ សហការីខ្ញុំបាននិយាយថា ពួកគេមានគម្រោងធ្វើអ្វីមួយមកលើរូបខ្ញុំ ហើយអាចសម្លាប់ខ្ញុំនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅឆ្នាំ១៩៩៥ ដោយការវាយប្រហារដោយគ្រាប់បែក ឬក៏តាមវិធីផ្សេងស្រដៀងគ្នានេះ។ ខ្ញុំត្រូវបានគេផ្តល់យោបល់ឱ្យចាកចេញពីប្រទេសកម្ពុជា ហេតុនេះខ្ញុំបានចាកចេញទៅសហរដ្ឋអាមេរិកមួយរយៈ រហូតដល់មានសុវត្ថិភាពទើបវិលត្រឡប់មកកម្ពុជាវិញ។
ខ្ញុំកាន់តួនាទីដដែលដល់ឆ្នាំ១៩៩៨ ដែលជាឆ្នាំខ្ញុំបានបញ្ចប់អាណត្តិនោះ ហើយបន្ទាប់មកមានការបោះឆ្នោតជាតិអាណត្តិទីពីរនៅឆ្នាំ ១៩៩៨។ គណបក្សរបស់ខ្ញុំ គឺគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (BLDP) បានចាញ់នៅក្នុងការបោះឆ្នោត ហើយទោះបីជាមានបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតក៏ដោយ ក៏គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនានៅតែចាញ់ដដែល។ នៅចុងបញ្ចប់ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសម រង្ស៊ី បានចរចាលើលទ្ធផលបោះឆ្នោត និងបានយល់ព្រមចូលរួមនៅក្នុងរដ្ឋសភា។ ប៉ុន្តែខ្ញុំបានបាត់បង់អភ័យឯកសិទ្ធិសភា។ ពេលនោះនាយករដ្ឋមន្ត្រីបានប្រកាសតាមទូរទស្សន៍ជាសាធារណៈថា ខ្ញុំនឹងត្រូវគេចាប់ខ្លួននៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៨។ នៅពេលខ្ញុំបានស្តាប់ឮរឿងនេះ ខ្ញុំបានសុំការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ហើយពួកគេបានផ្តល់ទីជម្រកឲ្យខ្ញុំនៅក្នុងស្ថានទូតអាមេរិកនៅរាជធានី ភ្នំពេញ អស់រយៈពេល៥០ថ្ងៃ។
ទីបំផុតស្ថានការណ៍ត្រូវបានដោះស្រាយដោយមានការចូលរួមពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការចរចាជាមួយរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ ខ្ញុំមានសេរីភាពឡើងវិញ បន្ទាប់ពីលោក ហ៊ុន សែន និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានយល់ព្រមដោះលែងខ្ញុំក្រោមលក្ខខណ្ឌមួយដែលខ្ញុំមិនត្រូវធ្វើសកម្មភាពណាមួយពាក់ព័ន្ធនឹងសកម្មភាពនយោបាយទេ។
ខ្ញុំបានបដិសេធចំពោះលក្ខខណ្ឌនេះ ហើយថា ខ្ញុំត្រូវតែបន្តសកម្មភាពរបស់ខ្ញុំ។ ប៉ុន្តែគេតម្រូវឲ្យខ្ញុំជ្រើសយកជម្រើសទីពីរ។ ប្រសិនបើខ្ញុំចង់ធ្វើសកម្មភាពនយោបាយ នោះខ្ញុំត្រូវចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ នៅឆ្នាំ១៩៩៩ ខ្ញុំបានទទួលតួនាទីជាអគ្គលេខាធិការរងនៃគណបក្សនេះ។ ខ្ញុំបានស្នើសុំគណបក្សឲ្យតែងតាំងខ្ញុំជាសមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការសិទិ្ធមនុស្សផងដែរ។ ខ្ញុំបានបញ្ជាក់ថា ខ្ញុំត្រូវតែចូលរួមក្នុងកិច្ចការសិទ្ធិមនុស្ស។
មេដឹកនាំកម្ពុជាមិនអាចធ្វើកិច្ចការរបស់ខ្លួនឲ្យបានប្រសើរនោះទេ លុះត្រាតែពួកគេធ្វើតាមការចង់បានរបស់ប្រជាជននៅមូលដ្ឋាន។ សម្រាប់ខ្ញុំ អ្វីៗគ្រប់យ៉ាងចាប់ផ្តើមពីកម្រិតមូលដ្ឋាន ហើយពេលនោះប្រជាពលរដ្ឋអាចមានឥទ្ធិពលលើអ្នកនយោបាយ។
នៅពេលខ្ញុំចូលរួមជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ខ្ញុំបានក្លាយជាសមាជិកព្រឹទ្ធសភា និងទទួលបានតំណែងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០២។ អាណត្តិរបស់ខ្ញុំបានបញ្ចប់នៅឆ្នាំ២០០៣។ នៅពេលនោះ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនអាចនៅជាមួយគណបក្សហ៊្វុនស៊ិនប៉ិចទៀតបានទេ ពីព្រោះគណបក្សនេះមិនអនុញ្ញាតឱ្យខ្ញុំតស៊ូមតិដើម្បីបន្តធ្វើកិច្ចការក្នុងវិស័យសិទិ្ធមនុស្សឡើយ។ ថ្នាក់ដឹកនាំគណបក្សនេះបាននិយាយថា ប្រសិនបើខ្ញុំធ្វើកិច្ចការនេះ ពួកគេនឹងមានបញ្ហាធំជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាដៃគូក្នុងរដ្ឋាភិបាលចម្រុះ។ ដូច្នេះខ្ញុំក៏បានសម្រេចចិត្តមិនបន្តនៅជាមួយគណបក្សនេះតទៅទៀតឡើយ ហើយខ្ញុំបានលាលែងពីតំណែង។ នៅឆ្នាំ ២០០២ ខ្ញុំបានលាលែងពីតំណែងជាសមាជិកព្រឹទ្ធសភា ប្រធានគណៈកម្មាធិការសិទិ្ធមនុស្ស និងពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយខ្ញុំបានសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Human Rights Center)។
គោលដៅរបស់ខ្ញុំក្នុងការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅឆ្នាំ២០០២ គឺថា ខ្ញុំមានបំណងឱ្យប្រជាពលរដ្ឋយល់ដឹង និងរៀនសូត្រអំពីសិទ្ធិមនុស្ស និងតម្លៃរបស់មនុស្សដែលនេះជាទិសដៅសំខាន់របស់ខ្ញុំ។ ខ្ញុំជឿថា ប្រសិនជាប្រជាពលរដ្ឋមិនយល់ពីតម្លៃសិទ្ធិមនុស្ស និងតម្លៃរបស់មនុស្សទេ ខ្ញុំគិតថា យើងមិនអាចសម្រេចបាននូវការផ្លាស់ប្តូរនៅក្នុងសង្គមឡើយ។ អ្នកមានអំណាចដែលមានលុយ និងឥទ្ធិពល គឺពួកគេមានអំណាចទាំងអស់។ ប្រជាពលរដ្ឋគ្មានអ្វីទាំងអស់ ហេតុនេះពួកគេត្រូវរៀនសិទ្ធិមនុស្ស។
ដូច្នេះ ខ្ញុំបានចាប់ផ្តើមរៀបចំវេទិកាសាធារណៈជាថ្មីទៀត ដែលខ្ញុំធ្លាប់បានធ្វើពីមុនមក ប៉ុន្តែខ្ញុំមិនអាចធ្វើកិច្ចការនេះបានគ្រប់គ្រាន់ឡើយ ប្រសិនបើខ្ញុំស្ថិតនៅក្នុងនយោបាយ។ ដូច្នេះខ្ញុំបានបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងបានបញ្ជូនគម្រោងការស្នើមូលនិធិទៅទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID)។ គម្រោងការរបស់ខ្ញុំពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លី និងភាពចាំបាច់ក្នុងការផ្តល់ព័ត៌មានដល់សាធារណៈ ហើយពួកគេក៏បានផ្តល់ថវិកាឲ្យ។
មានបញ្ហាធំៗជាច្រើនសម្រាប់ប្រទេសកម្ពុជា ហើយបញ្ហាទាំងនោះត្រូវតែចាប់ផ្តើមជាមួយប្រជាពលរដ្ឋ។ វាសំខាន់ណាស់ ដែលយើងចាប់ផ្តើមធ្វើការជាមួយប្រជាពលរដ្ឋនៅកម្រិតមូលដ្ឋាន។ មេដឹកនាំកម្ពុជាមិនអាចធ្វើកិច្ចការរបស់ខ្លួនឲ្យបានប្រសើរនោះទេ លុះត្រាតែពួកគេធ្វើតាមការចង់បានរបស់ប្រជាជននៅមូលដ្ឋាន។ សម្រាប់ខ្ញុំ អ្វីៗគ្រប់យ៉ាងចាប់ផ្តើមពីកម្រិតមូលដ្ឋាន ហើយពេលនោះប្រជាពលរដ្ឋអាចមានឥទ្ធិពលលើអ្នកនយោបាយ។
ខ្ញុំបានធ្វើដំណើរទៅកាន់ខេត្តជាច្រើននៅទូទាំងប្រទេស ដោយរៀបចំវេទិកាសាធារណៈដើម្បីអប់រំប្រជាពលរដ្ឋអំពីសិទ្ធិមនុស្ស ហើយប្រជាពលរដ្ឋចាប់ផ្តើមភ្ញាក់ខ្លួន។ ស្ថានីយ៍វិទ្យុរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់យើងដើរតួនាទីដ៏សំខាន់នៅក្នុងដំណើរការអប់រំនេះ។ ប្រជាពលរដ្ឋមិនដែលមានឱកាសបញ្ចេញមតិយោបល់របស់ពួកគេពីមុនមកទេ។ ហើយភ្លាមៗនោះ យើងអាចឲ្យពួកគេបញ្ចេញមតិតាមវិទ្យុបាន។ ជារៀងរាល់ថ្ងៃ ខ្ញុំបាននិយាយតាមវិទ្យុរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយការបញ្ចេញមតិនេះពិតជារឿងថ្មីសម្រាប់ប្រជាពលរដ្ឋ។ កាលពីមុន ពួកគេបានតែស្តាប់ឮព្រះសង្ឃទេសនាអំពីទ្រឹស្ដីព្រះពុទ្ធសាសនាតែប៉ណ្ណោះ ប៉ុន្តែនៅពេលពួកគេបានឮខ្ញុំនិយាយអំពីសិទ្ធិមនុស្ស ពួកគេបានចាប់ផ្តើមស្តាប់ស្ថានីយ៍ផ្សាយវិទ្យុរបស់យើងកាន់តែច្រើន ដើម្បីរៀនសូត្រអំពីប្រធានបទសិទ្ធិមនុស្សនេះ។
រដ្ឋាភិបាលបានចាប់ខ្លួនខ្ញុំនៅឆ្នាំ២០០៥ នៅពេលខ្ញុំបានរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។ យើងបានរៀបចំព្រឹត្តិការណ៍នេះជាមួយអង្គការមិនមែនរដ្ឋាភិបាលដទៃទៀតនៅក្នុងពហុកីឡាដ្ឋានជាតិ។ នៅក្នុងការិយាល័យរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យើងបានរៀបចំឲ្យមានបដាជាច្រើន ដែលយើងបានហៅថា «បដាពណ៌លឿង» ហើយយើងបានអំពាវនាវតាមវិទ្យុឲ្យសាធារណជន ដែលចង់បញ្ចេញយោបល់របស់ពួកគេមកកាន់ការិយាល័យរបស់យើង និងសរសេរពីទស្សនៈរបស់ពួកគេ នៅលើបដាទាំងនោះ។ ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋរាប់ពាន់នាក់បានមក ហើយពួកគេភាគច្រើនបានរិះគន់រដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី។
នៅពេលដែលថ្ងៃទី១០ ខែធ្នូ បានឈានមកដល់ យើងបានប្រមូលបដាទាំងនោះ ប៉ុន្តែរដ្ឋាភិបាលបានដឹងអំពីរឿងនេះ ពួកគេបានថតរូប និងណែនាំទៅប៉ូលិស និងបានជូនដំណឹងទៅលោក ហ៊ុន សែន ហើយខ្ញុំត្រូវបានគេចាប់ខ្លួនក្រោមហេតុផលនៃបទញុះញង់ឱ្យមានចលាចល ហើយត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារ។
ខ្ញុំបានជាប់ក្នុងពន្ធនាគារប្រមាណជា ១៧ថ្ងៃ ហើយវាមិនមែនជាបទពិសោធន៍មួយល្អទេ ប៉ុន្តែបងប្អូនដែលជាប់ឃុំនៅទីនោះ សូម្បីតែឆ្មាំពន្ធនាគារ នគរបាល និងទណ្ឌិតដទៃទៀត ផ្តល់ការគោរពចំពោះខ្ញុំ។ ខ្ញុំគិតថា រដ្ឋាភិបាលក៏បានដឹងដែរថា សហគមន៍អន្តរជាតិកំពុងតាមដានស្ថានភាពរបស់ខ្ញុំ ហើយគេក៏បានប្រុងប្រយ័ត្នអំពីការប្រព្រឹត្តមកលើរូបខ្ញុំ។ មានមនុស្សជាច្រើនបានមកសួរសុខទុក្ខខ្ញុំនៅក្នុងពន្ធនាគារ រួមទាំងតំណាងអន្តរជាតិ ដូចជារដ្ឋមន្រ្តីស៊ុយអែតជាដើម។ ហើយពួកគេបានសម្តែងការព្រួយបារម្ភអំពីអ្វីដែលបានកើតឡើង។
សហការីរបស់ខ្ញុំ គឺលោក អ៊ូ វីរៈ បានរៀបចំញត្តិទាមទារឲ្យដោះលែងខ្ញុំ ហើយសហការីរបស់ខ្ញុំ គឺលោក ប៉ា ងួនទៀង ក៏ត្រូវបានចាប់ខ្លួនជាមួយខ្ញុំដែរ។ នៅទីបំផុតបន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងគាំទ្រទាំងអស់នេះ ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក គ្រីស្តូហ្វ័រ ហ៊ីល (Christopher Hill) បានធ្វើដំណើរមកប្រទេសកម្ពុជា និងបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបានពិភាក្សាអំពីស្ថានភាពរបស់ខ្ញុំ។ បន្ទាប់ពីជំនួបនោះ ខ្ញុំត្រូវបានគេដោះលែង។
នៅក្រោយការដោះលែងរបស់ខ្ញុំនៅឆ្នាំ២០០៦ ខ្ញុំបានគិតម្តងទៀតថា ប្រសិនជាខ្ញុំនៅតែបន្តធ្វើការនៅក្នុងអង្គការមិនមែនរដ្ឋាភិបាល ខ្ញុំមិនអាចនាំមកនូវការផ្លាស់ប្តូរពិតប្រាកដនៅក្នុងប្រទេសបានឡើយ។ ខ្ញុំគិតថា ប្រជាពលរដ្ឋមិនអាចសម្រេចបាននូវការផ្លាស់ប្តូរ និងទទួលបានអំណាចរបស់ពួកគាត់ ដោយគ្មានការគាំទ្រផ្នែកនយោបាយបានឡើយ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តចូលប្រឡូកក្នុងឆាកនយោបាយម្តងទៀត និងបានបង្កើតគណបក្សនយោបាយថ្មីមួយ គឺ «គណបក្សសិទ្ធិមនុស្ស»។
ខ្ញុំយល់ថា ត្រូវបន្ថែមការអប់រំ និងការលើកកម្ពស់ការយល់ដឹងឲ្យច្រើនថែមទៀត ហើយខ្ញុំអាចធ្វើបានល្អប្រសើរជាងនេះ ប្រសិនជាខ្ញុំបានចូលប្រឡូកក្នុងឆាកនយោបាយម្តងទៀត។ ខ្ញុំបានពិចារណាចូលរួមជាមួយគណបក្សសម រង្ស៊ី ប៉ុន្តែនៅគ្រានោះ ទស្សនៈរបស់ពួកគេមិនស្របជាមួយនឹងគំនិតរបស់ខ្ញុំ ដូច្នេះខ្ញុំបានសម្រេចចិត្តបង្កើតគណបក្សនយោបាយថ្មីមួយ។
ខ្ញុំបានគិតថា ខ្ញុំបានស្លាប់ច្រើនដងមកហើយ ប៉ុន្តែស្មារតីរបស់ខ្ញុំ ការតស៊ូរបស់ខ្ញុំដើម្បីសិទ្ធិមនុស្សនៅតែមាន។ ដូច្នេះ ខ្ញុំនៅមានជីវិតនៅឡើយ ហើយនេះជាអ្វីដែលធ្វើឱ្យខ្ញុំបន្តដំណើរទៅមុខទៀត។
ខ្ញុំបានបង្កើតគណបក្សថ្មី គឺ «គណបក្សសិទ្ធិមនុស្ស» នៅឆ្នាំ ២០០៧។ យើងបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ២០០៨ ហើយយើងបានឈ្នះបីអាសនៈនៅក្នុងសភា។ ប៉ុន្តែ វាពិបាកធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀត ហើយចុងក្រោយនៅឆ្នាំ២០១២ ខ្ញុំបានសម្រេចចិត្តថា យើងអាចនឹងប្រសើរជាងនេះ បើសិនជាយើងចូលរួមជាមួយគណបក្សសម រង្ស៊ី។ ដូច្នេះ នៅដំណាក់កាលនោះ យើងបានរួបរួមជាមួយគ្នា ដើម្បីបង្កើតគណបក្សដ៏ខ្លាំងមួយគឺ «គណបក្សសង្គ្រោះជាតិ»។
ចាប់តាំងពីឆ្នាំ១៩៩៣ គណបក្សហ៊្វុនស៊ិនប៉ិច បានបាត់បង់អំណាច និងកិត្យានុភាពរបស់ខ្លួនបន្តិចម្តងៗ។ បើតាមទស្សនៈរបស់ប្រជាពលរដ្ឋ គណបក្សនេះមិនបានបង្ហាញនូវភាពជាអ្នកដឹកនាំ ហើយគណបក្សប្រឆាំងបានក្លាយជាបំណែកតូចៗជាច្រើន។ គណបក្សប្រឆាំងបានបែងចែកជាក្រុមតូចៗ និងគណបក្សនយោបាយជាច្រើន ដូច្នេះលុះត្រាតែយើងរួបរួមគ្នា ទើបយើងអាចឈ្នះបាន។ នេះជាមូលហេតុដែលខ្ញុំបានសម្រេចចិត្តចូលរួមជាមួយគណបក្សសម រង្ស៊ី ពីព្រោះប្រជាពលរដ្ឋចង់ឃើញគណបក្សប្រឆាំងដែលមានឯកភាពមួយ ហើយប្រជាពលរដ្ឋ ជាពិសេសយុវជនរំភើប ដោយសារអ្វីដែលយើងអាចធ្វើបាន។ វាច្បាស់ណាស់ថា ប្រជាពលរដ្ឋចង់ឱ្យយើងរួបរួមគ្នា។
តាមការយល់ឃើញរបស់ខ្ញុំ ការបោះឆ្នោតឆ្នាំ២០១៣ គឺមិនសេរីនិងយុត្តិធម៌ឡើយ ប៉ុន្តែប្រសិនវាសេរី និងត្រឹមត្រូវ យើងប្រាដកជាឈ្នះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសនូវអ្វីដែលគេចង់ប្រកាស ដូច្នេះយើងមិនបានឈ្នះទេ។
ខ្ញុំយល់ថា នៅក្រោយឆ្នាំ១៩៩៣ មានវឌ្ឍនភាពខ្លះខាងសិទ្ធិមនុស្ស។ ប៉ុន្តែពេលនេះ ខ្ញុំគិតថា យើងកំពុងដើរថយក្រោយ។ ឥឡូវនេះគណបក្សសង្គ្រោះជាតិមានលំហរតិចតួចណាស់ដើម្បីប្រតិបត្តិការ ហើយអង្គការមិនមែនរដ្ឋាភិបាលក៏ប្រឈមដូចគ្នាដែរ។ រដ្ឋាភិបាលប្រើប្រាស់តុលាការដើម្បីកាត់ទោសប្រជាពលរដ្ឋ ហើយតុលាការមិនឯករាជ្យឡើយ។ ដូច្នេះ នេះជាស្ថានការណ៍ដ៏អាក្រក់បំផុតសម្រាប់សង្គមស៊ីវិល។ គ្មានយុត្តិធម៌ គ្មានសិទ្ធិមនុស្សទេ!
យើងនៅតែមានបញ្ហាជាច្រើនក្នុងវិស័យ ដូចជាជម្លោះដីធ្លី ដែលករណីជាច្រើនមិនត្រូវបានដោះស្រាយឡើយ។ យើងមានការតាមដានល្អប្រសើរជាងមុន ដោយសារតែបណ្តាញទំនាក់ទំនងសង្គម ដែលមានការប្រើប្រាស់យ៉ាងសកម្មខ្លាំងណាស់នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ប៉ុន្តែ ចំពោះសិទ្ធិនយោបាយវិញ គឺអាក្រក់ខ្លាំងណាស់។
បញ្ហាធំបំផុតដែលយើងមាន គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែមានបំណងកាន់កាប់អំណាចរហូត។ លោកត្រូវការអំណាចគ្មានដែនកំណត់ ពីព្រោះសម្រាប់លោក ទោះបីជាឈ្នះឬចាញ់ការបោះឆ្នោត ក៏លោកបានប្តេជ្ញាចិត្តនៅតែបន្តកាន់កាប់អំណាច។ ឥឡូវនេះ វោហាសាស្រ្តរបស់លោក គឺនិយាយតែពីការមានសង្រ្គាម ការប្រើប្រាស់យោធា។ វាធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ រដ្ឋាភិបាលប្រើប្រាស់ច្បាប់ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ ដែលវាពិតជាអាក្រក់ណាស់។
អស់រយៈពេលជាងម្ភៃឆ្នាំ ជីវិតសាធារណៈរបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ រងផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើន។ ជួនកាលយើងត្រូវបង្ខំចាកចេញពីមាតុប្រទេស ហើយក្រុមគ្រួសាររបស់ខ្ញុំត្រូវបានគេគំរាមកំហែងជាច្រើនលើក។ ភរិយាខ្ញុំនៅក្នុងផ្ទះតែម្នាក់ឯង ខណៈដែលមានមនុស្ស ២០០នាក់ រួមទាំងនគរបាលបានឡោមព័ទ្ធពីខាងក្រៅ ដែលនេះជាស្ថានភាពដ៏គួរឱ្យភ័យខ្លាចបំផុត។ រថយន្តរបស់ភរិយាខ្ញុំត្រូវបានគេបាញ់។ ក្នុងអំឡុងពេលបោះឆ្នោតនាឆ្នាំ២០១៣ យោធាបានបញ្ឈប់ឡានរបស់ខ្ញុំ ហើយយើងត្រូវបានគេតាមដានជាប់ជាប្រចាំ។
ខ្ញុំបានគិតថា ខ្ញុំបានស្លាប់ច្រើនដងមកហើយ ប៉ុន្តែស្មារតីរបស់ខ្ញុំ ការតស៊ូរបស់ខ្ញុំដើម្បីសិទ្ធិមនុស្សនៅតែមាន។ ដូច្នេះ ខ្ញុំនៅមានជីវិតនៅឡើយ ហើយនេះជាអ្វីដែលធ្វើឱ្យខ្ញុំបន្តដំណើរទៅមុខទៀត។
ប្រសិនជាគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត យើងនឹងខិតខំបង្កើតឲ្យមានប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយសម្រាប់ប្រទេសកម្ពុជា។ ប្រសិនជាប្រទេសនេះគ្មានប្រព័ន្ធប្រជាធិបតេយ្យទេ យើងគ្មានមធ្យោបាយណាអាចធ្វើដំណើរទៅមុខបានឡើយ។ នេះមានន័យថា យើងត្រូវតែបង្កើតឲ្យមានស្ថាប័នប្រជាធិបតេយ្យពិតប្រាកដ ដោយមានការត្រួតពិនិត្យ និងតុល្យភាពរវាងអង្គនីតិប្រតិបត្តិ និងប្រព័ន្ធតុលាការដែលត្រូវតែឯករាជ្យ។ ប្រសិនជាយើងមិនធ្វើកំណែទម្រង់នេះទេ យើងមិនអាចបោះជំហានទៅមុខបានឡើយ។ ហើយជាផ្នែកមួយនៃកំណែទម្រង់នេះ យើងចាំបាច់ធ្វើឱ្យកងទ័ព និងមន្រ្តីរាជការស៊ីវិលឯករាជ្យ។ បច្ចុប្បន្នពួកគេលម្អៀង មិនឯករាជ្យ។ តាមពិតពួកគេត្រូវតែអព្យាក្រឹត្យ។
វាជាកិច្ចការដ៏ធំបំផុតមួយ។ ទោះជាយ៉ាងណា ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋក្នុងជួររាជការស៊ីវិល យោធា និងប្រព័ន្ធតុលាការ ក៏ចង់បានឲ្យមានកំណែទម្រង់ស្ថាប័នទាំងនេះដែរ។ នៅពេលបច្ចុប្បន្ននេះ ពួកគេត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ប៉ុន្តែខ្ញុំគិតថា ពួកគេចង់ផ្លាស់ប្តូរ ហើយយើងនឹងព្យាយាមធ្វើកំណែទម្រង់នេះដំបូងគេបង្អស់។
តើអ្វីទៅជាក្តីសង្ឃឹមរបស់ខ្ញុំ ពីអនាគតរបស់ប្រទេសកម្ពុជា? ខ្ញុំគិតថា ប្រទេសកម្ពុជាមានធនធានដ៏អស្ចារ្យ រួមមានធនធានធម្មជាតិ និងធនធានមនុស្ស។ ...ប្រសិនជាយើងគ្រប់គ្រងធនធានរបស់យើងបានល្អ ប្រទេសកម្ពុជានឹងមានអនាគតដ៏ភ្លឺស្វាង។
យើងនឹងត្រូវធ្វើកំណែទម្រង់មួយជំហានម្តងៗ។ យើងមិនអាចសម្រេចកិច្ចការនេះបានលឿននោះទេ ប៉ុន្ដែយើងអាចចាប់ផ្តើមបាន។ ទីមួយ យើងត្រូវការស្ថិរភាព។ បើគ្មានស្ថិរភាពទេ យើងមិនអាចធ្វើកំណែទម្រង់ណាមួយបានឡើយ។ អ្វីដែលសំខាន់បំផុតនោះ យើងត្រូវធ្វើយ៉ាងណាឱ្យគណបក្សកាន់អំណាចយល់ព្រមផ្ទេរអំណាច។
វាក៏មានសារៈសំខាន់ផងដែរ ដែលយើងខិតខំធ្វើការកាត់បន្ថយភាពក្រីក្រ។ ប្រជាពលរដ្ឋកម្ពុជាចំនួន ៨០% គឺជាកសិករ។ ដូច្នេះពួកគេកំពុងរស់នៅតាមរបៀប ដែលពួកគេធ្លាប់រស់នៅកាលពី ១០០ឆ្នាំមុន។ ពួកគេក្រីក្រខ្លាំង ដោយការកាន់កាប់ដីទំហំតូច និងមានកូនច្រើន។ ដូច្នេះយើងត្រូវតែរកវិធីផ្តល់ឱ្យពួកគេនូវជម្រើសផ្សេងទៀត ដូចជាបង្កើតការងារថ្មី។
យើងអាចជួយពួកគេនៅថ្នាក់មូលដ្ឋាន នៅកម្រិតឃុំ។ យើងត្រូវកំណត់អំពីចំនួនមនុស្សដែលក្រីក្រខ្លាំង និងរិះរកវិធីជួយពួកគេ។ យើងអាចលើកទឹកចិត្ត សហការជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលនឹងផ្តល់ការគាំទ្រ និងជំនួយប្រាក់កម្ចី ដូច្នេះពួកគេអាចធានាឲ្យមាននិរន្តរភាពដោយខ្លួនឯងបាន។
យើងអាចចុះកិច្ចសន្យាជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបង្កើតឲ្យមានផែនការសម្រាប់ការបង្កើនទ្រព្យធនរបស់កសិករម្នាក់ៗ ដែលពាក់ព័ន្ធនឹងការបង្កើនទិន្នផលកសិកម្មរបស់ពួកគេ ការធ្វើពិពិធកម្មនៅក្នុងវិស័យផ្សេងទៀត ដូចជាជលផល និងការស្វែងរកការបង្កើតការងារថ្មីសម្រាប់យុវជន។ យើងក៏អាចលើកទឹកចិត្តឲ្យមានការវិនិយោគទុនពីក្រុមហ៊ុនធំៗ ហើយប្រសិនជាយើងធ្វើកិច្ចការនេះប្រកបដោយតម្លាភាព និងនីតិរដ្ឋ វិនិយោគិននឹងមកវិនិយោគ។
វិនិយោគទុនចិនមានទំហំធំនៅកម្ពុជា។ វិនិយោគិនចិនធំៗជាច្រើនចាប់អារម្មណ៍ខ្លាំងចង់ចូលរួមបណ្តាក់ទុននៅប្រទេសនេះ ប៉ុន្តែយើងត្រូវការតម្លាភាព ហើយយើងត្រូវពិភាក្សាជាមួយវិនិយោគិនទាំងនោះ ដោយធ្វើយ៉ាងណាឲ្យវិនិយោគទុនទាំងនោះផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ វាមានសារៈសំខាន់ណាស់ ដែលយើងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយទាក់ទងទៅនឹងការវិនិយោគរបស់ចិន។ ខ្ញុំធ្លាប់បានពិភាក្សាបញ្ហានេះជាមួយឯកអគ្គរដ្ឋទូតចិនរួចហើយ។ ប្រសិនជាប្រជាពលរដ្ឋយើងមានអារម្មណ៍ថា ចិនកំពុងព្យាយាមកេងចំណេញអ្វីមួយពីពួកគេ នោះពួកគេនឹងមិនចូលចិត្តវិយោគិនចិនឡើយ។ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលយើងត្រូវមានតម្លាភាពក្នុងការធ្វើកិច្ចការទាំងនេះជាមួយវិនិយោគិនចិន។
តើអ្វីទៅជាក្តីសង្ឃឹមរបស់ខ្ញុំពីអនាគតរបស់ប្រទេសកម្ពុជា? ខ្ញុំគិតថា ប្រទេសកម្ពុជាមានធនធានដ៏អស្ចារ្យ រួមមានធនធានធម្មជាតិ និងធនធានមនុស្ស។ យុវជនគឺជាក្តីសង្ឃឹមចម្បងរបស់យើងនាពេលអនាគត ហើយយើងចាំបាច់ណែនាំ និងលើកទឹកចិត្តពួកគេ។ ប្រសិនជាយើងគ្រប់គ្រងធនធានរបស់យើងបានល្អ ប្រទេសកម្ពុជានឹងមានអនាគតដ៏ភ្លឺស្វាង៕
ដោយ កឹម សុខា, ខែសីហា ឆ្នាំ២០១៧
[កំណត់សម្គាល់៖ ខាងលើនេះគឺជាជីវិតនយោបាយរបស់លោក កឹម សុខា ដែលត្រូវបានកែសម្រួល និងដកស្រង់ចេញពីសៀវភៅ «ការស្វែងរកយុត្តិធម៌នៅកម្ពុជា៖ អ្នកការពារសិទ្ធិមនុស្សបកស្រាយ» (Seeking Justice in Cambodia: Human Rights Defenders Speak Up) ដែលចងក្រងដោយអ្នកស្រី Sue Coffey ដែលនឹងត្រូវបោះពុម្ពផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ដោយការិយាល័យបោះពុម្ពរបស់ Melbourne University Press (MUP)។]