ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​កោះហៅ​អតីត​មេ​បក្សប្រឆាំងលោក​ ​សម រង្ស៊ី​ ​ឲ្យ​ចូល​ខ្លួន​រឿង​ប្រមាថ​ព្រះ​មហាក្សត្រ


រូប​ឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ភរិយា​គឺ​លោកស្រី ជូលជូឡុង ​សូមូរ៉ា​​ ចូល​រួម​នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​១០​នៃ​ការ​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី កាល​ពី​ថ្ង​ពុធ ទី​២៩ ខែ​តុលា ឆ្នាំ​២០១៤។

​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បន្ត​កោះហៅ​​លោក​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ឲ្យចូលខ្លួនបំភ្លឺ​ បទ​ចោទ​ប្រកាន់​ថា​ លោក​បាន​ប្រមាថចំពោះ​អង្គ​ព្រះ​មហាក្សត្រ។​ ​មន្ត្រីសិទ្ធិមនុស្ស​យល់ថា​ ពេល​នេះ​ ជា​វេលា​នៃ​ការ​រួបរួម​គ្នា​ ជាជាង​ការ​ប្តឹងផ្តល់​ ​ដែល​អាចនឹង​បង្អាក់​ដំណើរ​ការ​អភិវឌ្ឍប្រ​ទេស​ទាំងខាង​សេដ្ឋកិច្ច​ និងសង្គម។​

​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យអតីត​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ លោក​ ​សម រង្ស៊ី​ ​ចូលខ្លួន​នៅ​ខែ​កញ្ញា​ខាងមុខ​ ​ដើម្បី​បំភ្លឺ​ពីបទ​ ​«ប្រមាថ​ចំពោះ​អង្គព្រះ​មហា​ក្សត្រ»។​ ​នេះ​បើតាម​ដីកាបង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ ​VOAទទួល​បាន។​

​ការ​បង្គាប់​ឲ្យ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​រំលាយចោល​កាលពី​ឆ្នាំ​មុននោះ​ ​កើត​មាន​ឡើង​ ​ក្នុង​ពេល​មានការ​ដោះលែង​អ្នកវិភាគ​នយោ​បាយ​ ​សកម្ម​ជន​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​ ​និង​អ្នក​កាសែត​ជា​បន្តបន្ទាប់​នៅខែ​សីហា​នេះ។​

យោង​តាម​ដីកាបង្គាប់​ឲ្យចូលខ្លួន​របស់​ចៅក្រមស៊ើបសួរ​លោក​ ​ហម ម៉េងសែ​ ​ចុះថ្ងៃទី​១៦​ ​ខែ​សីហា​ ឆ្នាំ​២០១៨​បាន​សរសេរ​ក្នុង​ន័យដើម​ថា៖​

«​បង្គាប់មក​ឈ្មោះ​ ​សម រង្ស៊ី​ ​ភេទប្រុស​ កើត​នៅថ្ងៃ​ទី១០​ ខែមីនា​ ឆ្នាំ​១៩៤៩​ ​ជនជាតិ​ខ្មែរ​...ឲ្យ​ចូល​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ[...]​នៅថ្ងៃទី​១៣ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ៩ និង​០០នាទី​ព្រឹក​ ​ជា​កំណត់​ ដើម្បីសាកសួរ​ពីដំណើររឿង​ ​ប្រមាថ​ចំពោះ​អង្គព្រះ​មហាក្សត្រ​ ​ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ​ ​និង​ទីកន្លែង​ផ្សេង​ទៀត​ ​កាល​ពី​ថ្ងៃទី​៦ ៧​ ​និង​ទី​១០​ ​ខែ​មិថុនា​ ឆ្នាំ២០១៨។​

ការចោទប្រកាន់​របស់​តុលាការ​មកលើ​លោក​សម រង្ស៊ី​ ដែលពេលនេះ​ កំពុងរស់នៅដោយ​និរទេស​ខ្លួន​ នៅ​ឯប្រទេស​បារាំង​ បានធ្វើឡើង​ បន្ទាប់ពីអតីតមេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ បានអធិប្បាយ​ទៅ​លើ​រាជសារ​របស់​ព្រះ​មហាក្សត្រខ្មែរ​ ព្រះបាទ​នរោត្តម​ សីហមុនី​ ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​ព្រះអង្គទៅបោះឆ្នោត​កាល​ពីចុង​ខែ​កក្កដាថា​ ​ជា​ «រាជសារក្លែងក្លាយ»។​

បទចោទប្រកាន់​នេះ​ ត្រូវបាន​ធ្វើឡើង​ ដោយមានបញ្ជា​ពីរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោកអង្គ វង្សវឌ្ឍនា​ ដែលបាន​ស្នើ​ឲ្យស្ថាប័ន​យុត្តិធម៌​ ពិនិត្យ​ភាពស្របច្បាប់​នៃការ​អធិប្បាយរបស់​លោក ​សម រង្ស៊ី។​

​ក្នុង​បទ​ចោទ​ប្រមាថ​ចំពោះ​អង្គព្រះ​មហាក្សត្រ​នេះ​ ​លោក​ ​សម រង្ស៊ី​ ​ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​ចលនា​សង្គ្រោះជាតិ​ ត្រូវបាន​លោក​ ​សៀង សុខ​ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកាកោះ​ហៅ​ម្តង​រួច​មក​ហើយ​កាល​ពីខែមិថុនា។​

ក្រោយ​ការ​កោះហៅ​នោះ​ ​លោក​ ​សម រង្ស៊ី​ ​បាន​ប្រើប្រាស់​ទំព័រហ្វេសប៊ុក​របស់​លោក​ វាយបក​មក​ស្ថាប័ន​តុលាការ​វិញ​ ​ដោយ​លោក​លើក​ឡើង​ថា​ ​លោក​នៅ​តែ​ជឿ​ជាក់​ថា​ ​លិខិត​ដែល​ព្រះ​មហា​ក្សត្រ​ ចុះថ្ងៃ​ទី១៨​ ​ឧសភា​ ​ឆ្នាំ២០១៨​ ​ដែល​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃទី​២៩ខែ​កក្កដាឆ្នាំ​២០១៨​នោះ​ ​គឺជា​លិខិត​ក្លែង​ក្លាយ​ដដែល។​ ​លោក​អះអាងថា ​លិខិត​នោះ​ គឺ​ជា​លិខិត​គ្មានតម្លៃ​ និងមិន​អាច​យក​ជាការ​បានទេ។​

រូបឯកសារ៖ លោក សម រង្ស៊ី ជួបព្រះមហាក្សត្រ នរោត្តម សីហមុនី លើកដំបូងបន្ទាប់ពីការបោះឆ្នោតជាតិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤។​ (ថតយកពី ទទក)
រូបឯកសារ៖ លោក សម រង្ស៊ី ជួបព្រះមហាក្សត្រ នរោត្តម សីហមុនី លើកដំបូងបន្ទាប់ពីការបោះឆ្នោតជាតិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤។​ (ថតយកពី ទទក)

VOA ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ ​សម រង្ស៊ី ​ចំពោះ​ការណ៍​ដែល​តុលាការ​បង្គាប់​ឲ្យលោក​ចូល​ខ្លួន​នៅ​ខែកញ្ញា​ តាម​សារ​អេឡិច​ត្រូនិច(​Email) តែ​លោក​មិនទាន់​ឆ្លើយ​តប​នៅ​ឡើយ​មក​ទល់នឹង​រសៀល​ថ្ងៃ​ពុធ​នេះ។​ ​VOA​ ​ក៏​មិនអាច​សុំការអធិប្បាយ​ពីលោក​ ​ហម ម៉េងសែ​ ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បានដែរនៅថ្ងៃ​ពុធដដែលនេះ។

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេសស៊ើប​អង្កេត​នៃអង្គការ​សិទ្ធិមនុស្សលីកាដូ​ បាន​ប្រាប់VOAនៅ​ថ្ងៃពុធ​នេះ​ថា​ ​អ្នក​នយោបាយ​មួយចំនួន​ ​នៅមិនទាន់​ចែក​ឲ្យដាច់​បាន​នូវ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និងការប្រព្រឹត្តបទ​ល្មើស​នៅ​ឡើយ​ទេ។​ ​លោកមិនធ្វើការ​អធិប្បាយ​លើ​ការប្តឹង​ផ្តល់​ លោក​ ​សម រង្ស៊ី​ ​នោះទេ​ តែថា​ អ្នកនយោបាយ​ខ្មែរ​ដល់​ពេល​ត្រូវ​រួប​រួមគ្នា​ហើយ។​

«យើង​ចង់​ឲ្យមានការ​ចរចា​គ្នា​រវាង​ ខ្មែរ​ និង​ខ្មែរ​ធ្វើ​ម៉េច​ឲ្យមាន​ ការ​រួមគ្នា​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ ប្រទេស​យើង​ទាំង​អស់​គ្នា​ ហើយ​យើង​ជៀស​ជាង​ យើង​លាបពណ៌​ដាក់​គ្នា​ទៅវិញ​ទៅមក​ អាហ្នឹង​វា​ធ្វើ​ឲ្យ​ វាមិន​ល្អ​ទេ​ អ៊ីចឹង​គឺ​ ចង់​ធ្វើ​យ៉ាង​ណា គឺ​ឲ្យខ្មែរ​ទំាង​អស់​ យើង​រួបរួមគ្នា​ ហើយ​នាំ​គ្នា​ធ្វើការ​អភិវឌ្ឍទៅបាទ»។​

រូបឯកសារ៖ លោក អំ សំអាត ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ផ្តល់​បទ​សម្ភាសន៍​ដល់ VOA នៅ​ការិយាល័យ​អង្គការ​អាដហុក នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក អំ សំអាត ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ផ្តល់​បទ​សម្ភាសន៍​ដល់ VOA នៅ​ការិយាល័យ​អង្គការ​អាដហុក នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

លោក អំ សំអាត ​ថ្លែងបន្ត​ទៀត​ថា​ បើ​អ្នក​នយោបាយ​យក​ការ​រួបរួម​ ​ជាង​ការ​ឈ្លោះ​ប្រកែក​គ្នា​នោះ​ ​ប្រទេស​នឹង​រីក​ចម្រើន​បាន​លឿន​ទាំងខាង​សេដ្ឋកិច្ច​ ខាង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​ ​និង​ការ​ជឿនលឿន​នៃ​ដំណើរ​ការ​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស។​

«ខ្ញុំយល់​ថា បើគ្រប់​ភាគី​ទាំងអស់​របស់​ខ្មែរ​យើង​ មាន​ការ​រួបរួម​គ្នា​ យើង​ចំណេញ​ច្រើន​ណាស់​បាទ។ ទីមួយគឺ​យើង​អាច​អភិវឌ្ឍប្រទេសយើង​បាន​ជឿន​លឿន​ ហើយមានការ​គាំទ្រ​ពី​សហ​គមន៍​អន្តរជាតិ​នែ! អីចឹងគ្រប់​វិស័យ​ទាំង​អស់​ វាអាចនឹង​រីកចម្រើន​។ បញ្ហា​ទីពីរ​ ទាក់​ទង​បញ្ហា​សិទ្ធិមនុស្ស​ បើ​យើង​មានការ​រួប​រួម​គ្នា ​អីចឹង​ អាបញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក៏វា​ មាន​សន្ទុះ​កើនឡើង​ខ្លាំង ហើយការ​គោរពសិទ្ធិមនុស្ស​ក៏វាអាច​វិវត្តជឿនលឿន​ ធានានូវ​ការ​គោរព​សិទ្ធិ​មនុស្ស​បានដែ​របាទ»។​

សម្រាប់​លោក​ ​ជួង ជូងី​ ​មេធាវី​ ​ដែលរមែងការពារ​ក្តីអ្នកនយោ​បាយ​មាននិន្នាការ​ជំទាស់​នឹង​រដ្ឋា​ភិ​បាល​យល់ថា​ ​ការ​ប្តឹងផ្តល់​ប្រឆាំង​លោក​ ​សម រង្ស៊ី​ ​គឺ​គ្មាន​អ្វី​ ​ក្រៅ​តែ​ពីរឿង​នយោបាយ​នោះ​ទេ។​

«​មិនមាន​អ្វី​បកស្រាយ​ទេ​ គ្រាន់​តែ​ថា​ សកម្មភាព​របស់​លោក ​សម រង្ស៊ី​ គាត់​ជាសកម្មភាពនយោបាយ​ ហើយ​គាត់​ជា​អ្នកនយោបាយ។​ ​អីចឹង​ បញ្ហា​ទាំងឡាយ​ ដែល​កើត​មានចំពោះ​គាត់​ ពាក់​ព័ន្ធ​រឿង​នយោបាយ​ទាំង​អស់​ហ្នឹង»។​

ចាប់​តាំង​ពី​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ ​ដោយ​ចែងពី​ការ​ដាក់​ទោស​អ្នក​ដែល​ប្រមាថ​ព្រះ​មហា​ក្សត្រ​ តាំងពី​ខែ​កុម្ភៈមកនោះ​ ​លោក​ ​សម រង្ស៊ី​ គឺជា​ជនទី​បួនហើយ ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​កោះ​ហៅ​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ ​បន្ទាប់​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ចំនួន​បីរូប​ត្រូវ​បាន​ចោទ​ប្រកាន់​កន្លង​ទៅ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG