ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​តើ​កោះ​តៃវ៉ាន់​ទទួល​បាន​អត្ថ​ប្រយោជន៍​បែប​ណា ​ប្រសិន​បើ​ខ្លួន​ខកខាន​មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​អង្គការ​សុខភាព​ពិភពលោក


រូបឯកសារ៖ ក្រុម​បាតុករ​ចូលរួម​ក្នុង​ការ​ជួប​ជុំ​គ្នា​មួយ​​នៅ​ទីក្រុង​តៃ​ប៉ិ កោះ​តៃវ៉ាន់ ប្រឆាំង​នឹង​ការ​ដក​តៃ​វ៉ាន់​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​សុខភាព​ពិភពលោក កាល​ពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ ក្រុម​បាតុករ​ចូលរួម​ក្នុង​ការ​ជួប​ជុំ​គ្នា​មួយ​​នៅ​ទីក្រុង​តៃ​ប៉ិ កោះ​តៃវ៉ាន់ ប្រឆាំង​នឹង​ការ​ដក​តៃ​វ៉ាន់​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​សុខភាព​ពិភពលោក កាល​ពី​ឆ្នាំ​២០១៧។

កោះតៃវ៉ាន់​អាច​បង្វែភាព​បរាជ័យ​នៃ​ការ​ស្វះស្វែង​ដើម្បី​ចូលរួម​សម័យ​ប្រជុំ​ប្រ​ចាំ​ឆ្នាំ​របស់​អង្គការ​សុខភាព​ពិភព​លោក WHO ​នៅ​ឆ្នាំ​នេះ​ដោយ​បង្កើត​ការគាំទ្រ​ខាង​សីលធម៌នៅ​ក្នុងការ​តស៊ូ​របស់​ខ្លួន​ប្រឆាំងចិន​ដែល​ជាគូប្រ​កួត​ប្រជែង​ខាង​នយោបាយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ពួក​អ្នក​ជំនាញ។

​សម្ព័ន្ធ​មិត្ត​ខាង​ការទូត​របស់​កោះ​តៃ​វ៉ាន់​បាន​សុំ​អង្គការ​របស់​អង្គការ​សហប្រជា​ជាតិ​នៅ​ខែ​នេះ​អនុញ្ញាត​ឲ្យ​កោះ​តៃវ៉ាន់​ចូលរួម​កិច្ច​ប្រជុំ​សុខភាព​ពិភព​លោក​លើក​ទី៧១​ជា​អ្នក​សង្កេតការ​បន្ទាប់​ពី​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូលរួម​កាល​ពី​ឆ្នាំ​ទៅ។សមា​ជិកអង្គការ​សុខភាព ​WHO ​បាន​កំណត់​គោល​នយោបាយ​និង​អនុម័ត​ថវិកា​នៅ​ឯសម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។

ក៏ប៉ុន្តែ ​កោះ​តៃវ៉ាន់​ត្រូវ​គេ​រំពឹង​ជាទូទៅ​ថា​នឹង​ខក​ខាន​មិន​បាន​ស្វះស្វែងរក​ការ​ចូលរួម​នៅ​ឆ្នាំ​នេះ​សម្រាប់​ពិធីដែល​នឹង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី២៦ ​ខែ​ឧសភា ​ពី​ព្រោះ​តែ​សម្ព័ន្ធ​មិត្ត​ខាង​ការទូត​របស់​ចិន​ត្រួតត្រា​អង្គការ​សុខភាព​ពិ​ភព​លោក WHO។ ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន ​មិន​មែន​ជា​រដ្ឋ​មួយ​ដែល​មាន​សិទ្ធិ​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​ទេ។ កោះ​តៃ​វ៉ាន់​បាន​ចាក​ចេញ​ពី​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​១៩៧១​ នៅ​ពេល​ដែល​ចិន​ចូលជា​សមាជិក។

អ្នក​សង្កេត​ការណ៍​និយាយ​ថា ការ​ខំប្រឹង​ប្រែង​មិន​បាន​ជោគជ័យ​ដើម្បី​ធ្វើជាអ្នក​សង្កេតការ​របស់កិច្ចប្រជុំអង្គការ​សុខភាព​ពិភព​លោកWHO​ នឹង​ផ្តល់​ឲ្យ​កោះ​ តៃវ៉ាន់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ឯ​នាយ​សមុទ្រ​ចំពោះ​ការ​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ខាង​សប្បុរសធម៌​ខាង​វិស័យ​សុខាភិបាល​ដែល​មានប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​ខ្លួន ​ជា​ទឡី្ហករណ៍​មួយ​ដែល​រដ្ឋាភិបាល​កោះ​តៃប៉ិ​ប្រើ​ដើម្បី​ជំរុញ​ឲ្យ​ការស្វះ​ស្វែង​ធ្វើ​ជាអ្នក​សង្កេត​ការ​របស់​កិច្ច​ប្រជុំប្រចាំ​ឆ្នាំ​របស់​អង្គការ​សុខភាពនោះ។ ពួក​អ្នក​វិភាគ​ទាំង​នោះ​និយាយ​ទៀត​ថា ​ការ​ស្វះស្វែងបរាជ័យ​ក៏​នឹង​ធ្វើ​ឲ្យចិន​និង​អង្គការ​សុខភាព​ពិភពលោក ​WHO​ យក​ចិត្ត​ទុកដាក់​ខាង​នយោបាយ​ច្រើន​ជាង​ខាង​សុខាភិបាល​។

លោក​ Wang Bi-Sheng ​ជា​អគ្គលេខា​ធិការ​នៃ​សមាគម​ពេទ្យ​របស់​កោះតៃវ៉ាន់​នៅ​ក្នុង​ទីក្រុង​តៃប៉ិ​បាន​និយាយ​ថា៖ «អង្គការ​សុខភាព​ពិភពលោក​ WHO​ ជា​អង្គការសាកល​លោក​មួយ អង្គការ​នេះ​ជួន​កាល​មាន​សកម្មភាព​ខាង​នយោបាយ​ខ្លាំង​ពេក ​ហើយ​ខ្ញុំ​គិត​ថា ​ទោះ​បី​នៅ​ក្នុង​អឺរ៉ុបឬ​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ទោះបី​រដ្ឋាភិបាល​ឬសមាជិក​សភា ​ពួក​គេ​នឹង​ចាត់​ទុក​ថា ​អង្គការ​នេះ​មិន​ល្អ​ទេ។ ផ្ទុយទៅ​វិញ ​ពួក​គេ​នឹងយក​ចិត្ត​ទុក​ដាក់​លើ​យើង​ហើយ​នឹង​ឆ្ងល់​ថា​ ហេតុអ្វី​បាន​ជាអង្គការ​សុខភាព​ពិភពលោក ​WHO ​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ជាអ្នក​សង្កេត​ការ‍ ដូច្នេះ ពួក​គេ​មាន ​ឆន្ទៈ​និយាយ​គាំទ្រ​យើង»។

ឧទាហរណ៍​ ពួក​សមាជិក​សភា​មក​ពី​សហរដ្ឋ​អាមេរិក ពួក​អ្នកការទូត​អាល្លឺម៉ង់​នៅទីក្រុង​តៃប៉ិ​ និង​ពួក​មន្រ្តី​ក្នុង​ប្រទេស​តូចៗ​នៅ​ទ្វីប​អាហ្វ្រិក​ដូចជា​ប្រទេស Swaziland បាន​សម្តែង​ការគាំទ្រ​រួច​ហើយ។ លោក ​Coen Blaauw​ នាយក​ប្រតិ​បត្តិ​នៃ​ក្រុម​គាំទ្រកោះ​តៃវ៉ាន់​នៃ​សមាគម​សម្រាប់​កិច្ច​ការ​សាធារណៈ​កោះ​ Formosan បាន​និយាយ​ថា សភា​អាមេរិក ​បាន​គាំទ្រ​ជាឯក​ឆន្ទៈ​ដល់​ការ​ស្វះ​ស្វែង​របស់​កោះ​តៃវ៉ាន់​ដើម្បី​ចូល​ជា​សមាជិក​អង្គការ​សុខភាព​ពិភព​លោក។

ចិន​អនុញ្ញាត​ឲ្យ​កោះតៃវ៉ាន់​ធ្វើ​ជា​អ្នក​សង្កេតការ​ពី​ឆ្នាំ​២០០៩ ​ដល់​ឆ្នាំ​២០១៦ ​នៅ ពេល​ដែល​ប្រធានា​ធិបតី​របស់​កោះ​តៃ​វ៉ាន់​នៅ​ពេល​នោះ​សុខ​ចិត្ត​ទទួល​យក​គំនិត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងថា​ ភាគី​ទាំង​សងខាង​ជា​របស់ចិន​តែមួយ។ ប្រធា​នា​ធិបតី​កោះ​តៃវ៉ាន់​សព្វថ្ងៃ​នេះ​គឺ​លោក​ស្រី ​Tsai Ing-wen ច្រាន​ចោល​គំនិត​នេះ។

កោះ​តៃវ៉ាន់ ​ជា​ធម្មតា​អួត​អះអាង​អំពី​សមិទ្ធិ​ផល​ខាង​សុខភាព​នៅ​ពេល​ដែល​ខ្លួន​ដាក់​ពាក្យ​សុំ​ចូល​រួម​កិច្ច​ប្រជុំ ដែល​រំឭក​ប្រទេស​ផ្សេង​ៗ​ទៀត​ពី​ប្រសិទ្ធិ​ភាព​នៃ​សមត្ថភាព​របស់​ខ្លួន​ក្នុងការជួយ។ តៃ​វ៉ាន់​បាន​ផ្តល់​ជំនួយ​ខាង​សុខាភិបាល​ដល់ប្រទេស​ហៃទី​ បន្ទាប់​ពីការ​រំជួយ​ផែនដី​នៅ​ឆ្នាំ​២០១០ ​និងផ្តល់​ជំនួយ​សុខាភិបាល​ដល់​ប្រ​ទេស​នីហ្សេរីយ៉ា​នៅ​ឆ្នាំ​២០១៤​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អ៊ីបូឡា។

សមាគម​វេជ្ជសាស្រ្ត​តៃវ៉ាន់​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី១៨ ​ខែ​មេសា​ថា តៃវ៉ាន់​បាន​ចំណាយ​ប្រាក់​៦​ពាន់​លាន​ដុល្លារ​លើ​សកម្មភាព​និង​ជំនួយ​សុខាភិបាល​អន្តរ​ជាតិ​ដើម្បី​ជួយ​ប្រ​ជាពលរដ្ឋ​ក្នុង​ប្រទេស​ចំនួន៨០។

លោក​ Raymond Wu​ នាយក​ចាត់​ចែង​អង្គការ​ពិគ្រោះ​ពី​ភាព​គ្រោះ​ថ្នាក់​ខាង​នយោ​បាយ ​e—telligence ​ដែល​មាន​ទីតាំង​នៅ​ក្រុង​តៃប៉ិ​និយាយ​ថា សមិទ្ធិផល​នៃ​កម្មវិធី​សុខាភិបាល​នេះ​ជាមួយ​នឹង​ការ​ស្វះស្វែង​ចូល​រួម​កិច្ចប្រជុំ​សុខភាព​ពិភព លោក​បាន​ទាក់​ទាញ​ការ​គាំទ្រ​ពី​«​មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​រង្វង់​គោល​នយោបាយ»។ លោក​និយាយ​ទៀត​ថា អ្នក​តាក់​តែ​ង​គោល​នយោបាយ​ជឿ​ជាក់​ថា ​ការ​ជំទាស់​ប្រ​ឆាំង​របស់​ចិន​ដល់​កោះ​តៃវ៉ាន់​អំពី​លក្ខខណ្ឌ​នៃ​ការ​សន្ទនា​មិន​ត្រូវ​រារាំង​ដល់​សិទ្ធិ​របស់​កោះតៃវ៉ាន់​ដើម្បី​ចូលរួម​កិច្ចប្រជុំ​នោះ​ទេ។

លោក ​Wu ​និយាយ​ទៀត​ថា​ នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ចិន​ហាក់​ដូចជា​មាន​ភាព​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ​ចំពោះ​ការ​រារាំង​កោះ​តៃវ៉ាន់​លើ​ហេតុ​ផល​នយោបាយ​នោះ។

លោក ​Wu ​បាន​ចោទ​សួរ​ថា៖ «ប្រសិន​បើ​យើង​គិត​ថា ​ចិន​និង​កោះ​តៃវ៉ាន់​ជា​បង​ប្អូន​គ្នា ដូច្នេះ តើ​ពួក​បង​ធំ​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សុខភាព​ទាំង​នេះ​នៅ​កោះ​តៃវ៉ាន់​ដែ​ឬ?‍»។​

លោក​ស្រី Joanna Lei​ ប្រធាន​ការិយាល័យ​ប្រតិបត្តិ​អង្គការ​ស្រាវជ្រាវ​ Chunghua សតវត្សរ៍​ទី២១​នៅ​កោះ​តៃវ៉ាន់​និយាយ​ថា ​តៃវ៉ាន់​ត្រូវ​តែ​បន្ត​ព្យាយាម​ចូលរួម​កិច្ច​ប្រជុំ​សុខភាព​ពិភព​លោក​និង​ទីភ្នាក់​ងារ​ផ្សេង​ៗ​ទៀត​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​សាក​ល្បង​ព្រំដែន​របស់​អង្គការ​ទាំង​នោះ។

ទំនាក់​ទំនង​ជាមួយ​ចិន​បាន​ធ្លាក់​ចុះ​ពី​ភាព​រាក់​ទាក់​មក​ដល់​ការតាន​តឹង​ចាប់​តាំង​ពី​លោក​ស្រី ​Tsai ​បាន​ចូលកាន់​អំណាច​មក ក៏ប៉ុន្តែ ​ពួក​អ្នក​សិក្សា​ស្រាវ​ជ្រាវនិយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តែ​សង្ឃឹម​ថា ​នឹង​មាន​ការ​សន្ទនា​គ្នា​នៅ​ទី​បញ្ចប់។

​លោក ​Wangនិយាយ​ទៀត​ថា ​ពលរដ្ឋ​តៃវ៉ាន់​ក៏​យក​ចិត្ត​ទុកដាក់​ដល់​ការ​ខំ​ប្រឹង​ប្រែង​ខាង​សុខា​ភិបាល​របស់​រដ្ឋាភិបាល​ខ្លួន​ដែរ​ និង​ជំហរ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​បន្ទាប់​ពី​ការ​បរាជ័យ​នៃការ​ខំ​ប្រឹង​ប្រែង​នៅ​កិច្ច​ប្រជុំ​សុខភាព​សាកល​លោក​មក។​ ពួកគេ​ដឹង​ថា ​ចិន​និង​កោះ​តៃវ៉ាន់​កំពុង​ខិតខំឲ្យ​បាន​ចុះ​សម្រុង​គ្នា។លោក​និយាយ​ទៀត​ថា ក៏ប៉ុន្តែ ​ប្រសិនបើ​កោះ​តៃវ៉ាន់​ចូល​ក្នុង​កិច្ច​ប្រជុំ​សុខភាព​សាកល​លោក ​សាធារណជន​ប្រហែល​យល់​ថា​ វាជា​«ការ​ចូលរួម​ជា​ប្រចាំ‍»។

លោក​បាន​និយាយ​ថា ​«ពីព្រោះ​តែ​យើង​ត្រូវ​គេ​ធ្វើ​មិន​ឲ្យ​តមាត់​បាន តើ​យើង​ធ្វើ​ឲ្យ​មាន​ការ​ឆ្លាត​វៃ​ខាង​សុខភាព​យ៉ាង​ដូច​ម្តេច? មនុស្ស​កំពុង​សួរ​សំណួរ​នេះ‍»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទទូចថា នៅ​ទី​បញ្ចប់ ចិន​និង​កោះ​តៃវ៉ាន់នឹង​បង្រួប​បង្រួម​គ្នា ​ក៏ប៉ុន្តែ ​ការ​ស្ទង់​មតិ​នៅ​កោះ​តៃវ៉ាន់​រក​ឃើញ​ថា ​ពលរដ្ឋ​ភាគ​ច្រើន​ប្រឆាំង​នឹង​ការ​បង្រួប​បង្រួម​នេះ។

ពួកមេដឹកនាំ​តៃវ៉ាន់​ជាធម្មតា​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​ដើម្បី​គាំទ្រការ​ស្វះ​ស្វែង​របស់​ខ្លួន​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​របស់​ទីភ្នាក់​ងារ​អន្តរជាតិ។ ​កាល​ពី​ឆ្នាំ​ទៅ ​ក្រុម​មួយ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​តៃវ៉ាន់ ​បាន​ធ្វើ​ពិធី​នៅ​ខាង​ក្រៅ​ទី​កន្លែង​ប្រជុំ​ក្នុង​ទីក្រុង​ហ្សឺណែវ។ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​កោះ​តៃវ៉ាន់ បាន​និយាយកាល​ពី​ខែ​មិនា​ថា ​រដ្ឋាភិបាល​របស់​លោក​នឹង​តវ៉ា​ប្រឆាំង​អង្គការ​ដែលធ្វើសកម្មភាព​គាប​សង្កត់​កោះ​តៃវ៉ាន់។

លោកស្រី Leiនិយាយថា នៅ​ទី​បំផុត ជនជាតិ​តៃវ៉ាន់​ខ្លះ ​នឹង​ព្រួយ​បារម្ភ​អំពីការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​និង​ប្រាក់ ​ប្រសិនបើ​ការ​ស្វះ​ស្វែង​ចូលរួម​នោះ​បរាជ័យ​ជា​ច្រើន​ដង។ លោកស្រី​និយាយទៀត​ថា ​ពួក​គេ​អាច​សួរថា ​តើរដ្ឋាភិបាល​របស់​លោក​ស្រី ​Tsai​ គួរតែ​យល់​ព្រម​ឲ្យ​បាន​ច្រើន​ជាមួយ​ចិន។

លោក ​Jason Hsu ​ជា​សមាជិក​សភា​គណបក្ស​តូច​នៅ​ទីក្រុង​តៃប៉ិ​បាន​ហៅ​យុទ្ធ​នាការ​ប្រចាំ​ឆ្នាំ​ថា ​«ឥត​បាន​ការ»។

លោក ​Hsuបាន​និយាយ​ថា៖ «យើង​បាន​ធ្វើការ​តវ៉ាប្រឆាំង ​យើង​មាន​សម្ព័ន្ធ​មិត្ត​របស់​យើងនិយាយ​ឲ្យ​យើង​នៅក្នុង​កិច្ច​ប្រជុំ​នោះ ​ក៏ប៉ុន្តែ ​ដើម្បី​ធ្វើ​ឲ្យ​កិត្យានុភាព​របស់​កោះ​តៃវ៉ាន់​កាន់​តែ​ប្រសើរ​ឡើង ខ្ញុំ​គិត​ថា នេះ​មិន​មែន​ជា​បណ្តាញ​តែ​មួយ​ទេ។ បើ​លោក​ អ្នក​និយាយ​អំពី​ការរួម​វិភាគ​ទាន​ខាង​សុខាភិបាល​របស់​យើង​ឬ​ក្រុម​ស្ម័គ្រ​ចិត្ត​ខាង​សុខាភិបាល​របស់​យើង​នៅ​ជុំ​វិញ​ពិភពលោក​នោះ ​យើង​អាច​បំពេញ​កិច្ច​ការ​ច្រើន​ថែម​ទៀត»៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG