ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាន់អំណាច​រយៈ​ពេលយូរ​របស់​ប្រធានា​ធិបតី​ចិននឹង​ផ្តល់​ឲ្យ​លោក​និង​កោះ​តៃវ៉ាន់​មាន​ពេល​វេលា​កាន់​តែ​ច្រើ​នឡើង


ប្រធានាធិបតី​ចិន​ ស៊ី ជិនពីង​ ទះដៃនៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គនៅឯសាល​ប្រជុំ​ប្រជាជន​ប៉េកាំង។
ប្រធានាធិបតី​ចិន​ ស៊ី ជិនពីង​ ទះដៃនៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គនៅឯសាល​ប្រជុំ​ប្រជាជន​ប៉េកាំង។

ប្រធានា​ធិបតី​ចិន លោក ស៊ី ជីនពីង​នឹង​មិន​ចាំបាច់​ត្រូវ​ចុះចេញ​ពី​ដំណែង​ទេ។​​ ការ​កាន់​ដំណែង​គ្មាន​ការ​កម្រិត​អាណត្តិ​នេះ ​អាច​បន្ធូរ​បន្ថយ​ការ​ដាក់​គំនាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​បង្ខំឲ្យ​មាន​ដំណោះស្រាយ​ដល់​បញ្ហា​អធិប​តេយ្យ​ភាពកោះ​តៃវ៉ាន់។​

ការកាន់​ដំណែងគ្មាន​កំណត់​ពេល​សម្រាប់​ប្រធានា​ធិបតីចិន ​លោកស៊ី ​ជីង​ពីង​នឹង​ផ្តល់ឲ្យ​ប្រទេស​ចិននូវ​ពេល​វេលា​កាន់​តែ​ច្រើន​ឡើង​ដើម្បី​ព្យាយាមស្វះស្វែង​រក​មធ្យោបាយ​ថ្មី​បង្រួប​បង្រួម​ជាមួយ​កោះ​តៃ​វ៉ាន់​ដែល​គ្រប់​គ្រង​ដោយ​ខ្លួនឯង​ដែល​នៅ​ទី​នោះ​មនុស្ស​ជា​ច្រើន​ចូលចិត្ត​ស្វ័យ​ភាព​ជាង ​នេះ​តាម​ការ​បញ្ជាក់​របស់​ពួក​អ្នកជំនាញ។

សាខានីតិ​ប្រតិបត្តិ​របស់​ចិន​ដែល​ហៅ​ថា សមាជជាតិរបស់​ប្រ​ជាជន​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ថា ប្រធានាធិបតី​អាច​កាន់​អំណាច​ដែល​មាន​អាណត្តិរយៈ​ពេល​៥​ឆ្នាំ​គ្មាន​ពេល​កំណត់​ដែល​ខុស​កាល​ពី​ពេល​មុន​មាន​តែ២​អាណត្តិ​តែ​ប៉ុណ្ណោះ។​ លទ្ធផល​នេះ​មាន​ន័យថា ​លោក ​ស៊ី​ ដែល​ឥឡូវ​នេះ​មាន​អាយុ​៦៤​ឆ្នាំ ​អាច​រក្សា​ការងារ​កំពូលស្រប​ច្បាប់​អស់មួយ​ជី​វិត។

​អ្នក​វិភាគ​និយាយ​ថា មេដឹកនាំ​រូប​នេះ​ដែលបានបន្តសន្យា​កាល​ពីខែ​តុលា​ថា​ស្វះស្វែងរក​បង្រួប​បង្រួម​ជាមួយ​កោះ​តៃវ៉ាន់​នឹង​មាន​ពេល​វេលា​កាន់​តែ​ច្រើន​ឡើង​ដើម្បី​ធ្វើ​ការ​ពិសោធន៍​មធ្យាបាយ​ខាង​យោធា​និង​ការទូតដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោល​ដៅ​របស់លោក។ប្រធានា​ធិបតី​ស៊ី​បាន​និយាយ​ថា បញ្ហាការ​បង្រួប​បង្រួម​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​អនាគត​ជាមួយ​ចិន​ដីគោក ​មិន​អាចបន្ត​ទៅ​ឲ្យ​ពួក​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ជំនាន់​ក្រោយនៅ​ក្នុង​ទីក្រុង​ប៉េកាំ​ង​ទេ។

លោក Huang Kwei-bo ព្រឹទ្ធបុរស​រង​នៃ​មហា​វិទ្យាល័យ​កិច្ច​ការ​អន្តរជាតិ​នៅឯ​សាកល​វិទ្យាល័យ​ជាតិ Chengchi ក្នុង​ទីក្រុង​តៃប៉ឹ​បាន​និយាយ​ថា៖ «ប្រធានាធិបតី​ស៊ី​អាច​នឹង​មិន​ជំរុញ​កោះ​តៃវ៉ាន់​ឲ្យ​ចូល​តុ​ចរចា​ទេ ​ពី​ព្រោះ​លោក​មាន​ពេល​វេលា​កាន់​តែ​ច្រើន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កោះ​តៃវ៉ាន់ ​ប្រសិនបើ ​លោកមិន​ជួប​ប្រទះ​ឥទ្ធិ​ពល​ពី​ខាង​ក្រៅ​ទេ​នោះ‍»។

កោះ​តៃវ៉ាន់​និង​ចិន​បាន​គ្រប់​គ្រ​ង​ដាច់​ដោយ​ឡែក​ពី​គ្នា​ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្សរ៍​១៩៤០ ​នៅពេល​ដែល​ពួក​ជាតិ​និយម​របស់​លោក​ជាង កៃ​ជៀក​ បាន​ចាញ់​សង្គ្រាមពួក​កុម្មុយនិស្ត​ហើយបាន​បោះ​ទីតាំង​ថ្មី​នៅ​លើ​កោះ​ក្បែរ​តៃវ៉ាន់​នោះ។ កោះ​តៃវ៉ាន់​មានលទ្ធិប្រជាធិបតេយ្យក្នុង​ទសវត្សរ៍​១៩៨០ ហើយ​ការ​ស្ទង់​មតិ រដ្ឋាភិបាល​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ​មក​បាន​ប្រាប់​ឲ្យ​ដឹងថា ពល​រដ្ឋ​ភាគ​ច្រើន​បាន​ជំទាស់​ប្រ​ឆាំង​ការ​បង្រួប​បង្រួម​ជាមួយចិន​ដីគោក​ដែល​កាន់​អំណាច​ផ្តាច់​ការ​នៅ​ពេល​សព្វថ្ងៃ​នេះ។

ចិន​បាន​ទាមទារ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​ហើយ​បាន​សន្យា​បង្រួប​បង្រួម​ជាមួយ​កោះ​នេះ ​ដោយ​ប្រើ​កម្លាំង ​ប្រសិន​បើ​ចាំ​បាច់។ ប្រធានា​ធិបតី​ស៊ី​បាន​និយាយកាល​ពី​ខែតុលា​ថា លោក​នឹងបន្ត​ស្វែងរក​ការ​បង្រួប​បង្រួម​ដោយ​សន្តិវិធី​ជាមួយ​កោះ​តៃវ៉ាន់​តាម​គំរូ​ប្រទេស​មួយ ប្រព័ន្ធ​២​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុវត្ត​ចំពោះ​ទីក្រុង​ហុងកុង​ចាប់​តាំងពីចក្រ​ភព​អង់គ្លេស​បាន​ប្រគល់​ទៅ​ឲ្យ​ចិន​នៅ​ឆ្នាំ​១៩៩៧​មក។

​លោក Lee Chun-yi ​សមា​ជិក​សភា​ខាង​គណបក្ស​កាន់​អំណាច​និយាយ​ថា បើ ប្រធានា​ធិបតី​ស៊ី​កាន់កាប់​ការងារ​កំពូល​រយៈ​ពេល​យូរ ​វិធី​ដោះស្រាយ​កោះ​តៃវ៉ាន់​របស់​លោក ​ប្រហែល​នឹង​ពង្រីក​កាន់តែ​ធំ​ឡើង ​ក៏ប៉ុន្តែ​មិន​មាន​ការផ្លាស់​ប្តូរ​ដុំ​កំភួន​ទេ។

លោក Lee និយាយ​ទៀត​ថា ​ក្នុងករណី​នេះ ការដាក់​គំ​នាប​ខាង​យោធានិង​ការទូត​ត្រូវ​គេ​រំពឹងកាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​មេដឹកនាំរបស់​កោះ​តៃ​វ៉ាន់​រួម​ជាមួយ​វិធានការ​ទន់ភ្លន់​ដើម្បី​ទាក់​ទាញ​សាធារណ​ជន។ ​នៅ​ដើម​ខែ​នេះ ​ចិន​បាន​ប្រកាស​វិធានការ​ចំនួន៣១​ដែល​ធ្វើ​ឲ្យ​មាន​ភាពងាយ​ស្រួលកាន់​តែ​ខ្លាំង​ឡើង​សម្រាប់​ជនជាតិ​តៃវ៉ាន់​ធ្វើ​ការ​ងារ ​សិក្សា​និង​វិនិយោគ​ទុនក្នុង​ប្រទេស​ចិន។

​លោក​បាន​និយាយថា៖ «​ខ្ញុំ​ប្រាកដ​ជាគិតថា ​យើង​នឹង​មិន​ឃើញ​ការផ្លាស់​ប្តូរ​ច្រើន​ទេ។ គោល​នយោបាយ​ចាស់​ជាវិធីមួយ​នៅ​ដដែល ​ហើយ​វិធានការ​ទន់​ភ្លន់កាន់​តែ​ទន់​ឡើង ​ហើយ​វិធានការ​រឹង​នឹង​កាន់​តែរឹងខ្លាំង​ឡើង‍»។

មេដឹកនាំ​ចិន​មុនៗ​រួមមាន​លោកហ៊ូ ជីនតាវ ប្រធានាធិបតី​កាន់​ដំណែង​មុន​លោក​ស៊ី ក៏​បាន​ធ្វើ​ការ​គំរាម​កំហែង​ខាង​យោ​ធា​ដែរ​ហើយ​បាន​ល្បួង​ចិត្ត​ពួក​អ្នក​វិនិ យោគ​ជាតិ​តៃវ៉ាន់ឲ្យបាន​ទទួល​ចំណែក​ការរីកលូត​លាស់​ដ៏​ឆាប់​រហ័ស​នៃសេដ្ឋ​កិច្ច​របស់​ចិន​ដែល​ឥឡូវ​នេះ​មាន​តម្លៃ​១២លាន​លាន​ដុល្លារ។

លោកស្រី Joanna Leiប្រធាន​ការិយាល័យ​ប្រតិបត្តិ​នៃ​អង្គការ​ស្រាវ​ជ្រាវ Chunghua ​សតវត្សរ៍​ទី២១កោះ​តៃវ៉ាន់​និយាយ​ថា មនុស្ស​ខ្លះ​នៅ​កោះ​តៃវ៉ាន់​បាន​ហៅ​ការ​បញ្ចប់​នៃ​ការ​កម្រិត​ការកាន់​អំណាច​របស់​ចិន​ជា​ការ​ដើរ​ថយក្រោយ​នៅ​ពេល​ដែល​ការ​ផ្ទេរ​អំណាច​នឹង​អនុញ្ញាតិ​ឲ្យ​មនុស្ស​ថ្មី​និងមតិ​ថ្មី​លេចចេញ​ឡើង​នៅ​ក្រុង​ប៉េកាំង។

លោកស្រី​បាន​និយាយ​ទៀត​ថា ក៏ប៉ុន្តែ ​ការ​កាន់​អំណាច​រយ:ពេល​យូរ​សម្រាប់​ប្រធានា​ធិបតី​ស៊ី ​អាច​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ពន្យឺត​ជំហាន​នៃ​ការ​ដាក់​គំនាបលើកោះ​តៃវ៉ាន់។

លោកស្រី Lei និយាយ​ថា៖ «ប្រសិន​បើ​ប្រធានា​ធិបតី​ស៊ី ​ត្រូវ​ចុះចេញ​ពីដំណែង​នៅ​ឆ្នាំ​២០២៣ ​ដូច្នេះ​ លោក​ប្រាកដជា​មិនមាន​ពេលវេលានៅ​សល់​ច្រើនទេ ​ហើយ​នឹង​មាន​ការ​ដាក់​គំ​នាប កាន់​តែ​ខ្លាំង​ឡើងទៅ​លើបញ្ហាកោះ​តៃវ៉ាន់​ហើយ​នឹង​ដំណោះ​ស្រាយ​របស់​កោះ​នោះ។ ​ប្រសិនបើ ​លោក​មិនចាំបាច់​ចុះ​ចេញ​ពី​ដំណែង​នៅ​ឆ្នាំ​២០២៣​ទេ លោក​នៅ​មាន​ពេល​វេលា​ច្រើន​ទៀត ​ដូច្នេះ​ ​ការណ៍​នេះ​ប្រហែល​ប្រាប់​ឲ្យ​ដឹងថា​ មានការ​បន្ធូ​បន្ថយការ​ដាក់​គំនាប​ដោយ​ផ្ទាល់​លើការ​បង្រួប​បង្រួម​កោះ​តៃវ៉ាន់តាម​រយៈ​មធ្យោបាយ​កាន់តែ​គគ្លើនឡើង​ឬ​តាម​កម្លាំង​យោ​ធា‍»។

ប្រធានា​ធិបតី​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen ដែល​គាំទ្រ​ដោយ​គណបក្ស​ដែលគាំទ្រភាព​មិន​ជិត​ស្និទ្ធ​គ្នា​កាន់​តែ​ខ្លាំង​រវាង​ភាគី​ទាំង​២ ​បាន​ជំទាស់​ប្រឆាំងទស្សនៈ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ​ភាគី​ទាំង​២​ជា​របស់​ចិន​តែ​មួយ។​ ភាគី​ទាំង​២​មិន​បាន​និយាយ​គ្នា​ជា​ផ្លូវការ​ចាប់​តាំង​ពី​លោក​ស្រី​បាន​ចូលកាន់​ដំណែង​នៅ​ឆ្នាំ​២០១៦​មក។

ជា​ការតប​ត​វិញ ចិន​បាន​កាត់​បន្ថយ​ចំនួន​ទេសចរណ៍​ទៅកាន់​កោះ​តៃវ៉ាន់ ​បញ្ជូន​យន្តហោះ​យោធា​ចូល​ក្នុង​ដែនអាកាស​នៅ​ក្បែ​នោះ ​ហើយ​បាន​រារាំង​កោះ​តៃវ៉ាន់​មិន​ឲ្យ​ចូល​រួមក្នុង​អង្គការ​សហ​ប្រជាជាតិ​។​

លោក Shan Lee ជា​អ្នក​វិទ្យា​សាស្រ្ត​នយោបាយ​នៅឯ​សាកល​វិទ្យា​ល័យ Chang Jung Christian University នៅ​កោះ​តៃ​វ៉ាន់​បាន​និយាយ​ថា ប្រធានា​ធិបតី​ស៊ី ​ប្រហែលងាក​ទៅរក​ដំណោះ​ស្រាយ​ខាង​ការទូតអំពី​បញ្ហាកោះ​តៃវ៉ាន់ ​បើ​លោក​មាន​ពេល​វេលា​ច្រើនឡើង។

លោក​បាន​និយាយ​ទៀត​ថា៖ «​ការណ៍​នេះ​មិន​ល្អ​សម្រាប់​កោះ​តៃវ៉ាន់​ទេ ពី​ព្រោះ ​វា​ប្រាកដ​នឹង​ទាក់ទាញ​មនុស្ស​យ៉ាង​ច្រើន​ពីកោះ​តៃវ៉ាន់ ​ធនធាន​មនុស្ស​និង​ប្រភព​ហិរញ្ញវត្ថុ‍។ មនុស្ស​ជា​ច្រើ​ន​នឹង​រើ​ទៅកាន់ប្រទេស​ចិន»។

លោក Bonnie Glaser នាយក​គម្រោង​ឋាម​ពល​ចិន​នៅឯ​អង្គការ​ស្រាវជ្រាវ​សម្រាប់​មជ្ឈមណ្ឌលការ​សិក្សា​អន្តរជាតិ​និងយុទ្ធសាស្រ្ត​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោននិយាយថា ​រយៈ​ពេល​ជាង​៣-៤​ឆ្នាំ​ខាងមុខ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រ​ហែល​នឹង​បន្ត​ដាក់​គំនាប​ខាង​នយោបាយ​និង​យោធា​លើ​កោះ​តៃវ៉ាន់។ លោក Glaser បាន​និយាយ​ទៀត​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏នឹង​ស្នើ​ផ្តល់​ការ​លើក​ទឹក ចិត្ត​ដើម្បី​ជ្រើសរើស​ក្រុម​ជនជាតិ​តៃវ៉ាន់នានា​ដូចជាពលរដ្ឋ​ក្មេង​ៗ​និង​មេដឹកនាំ​ពាណិជ្ជកម្ម ​ក៏ប៉ុន្តែ ​នឹង​អនុវត្ត​វិធី​ដោះ​ស្រាយ​កាន់តែ​តឹងតែង​ឡើង ប្រសិន​បើ​ ការលើក​ទឹក​ចិត្ត​នេះ​បរាជ័យ។

អ្នក​វិភាគជឿថា រដ្ឋាភិបាល​និង​ពលរដ្ឋ​កោះ​តៃវ៉ាន់នឹងរក​មធ្យោបាយ​ដោះស្រាយ​ដើម្បី​សម្រួល​ការកាន់​អំណាច​ដ៏យូរ​របស់​ប្រធានា​ធិបតី​ស៊ី ជីងពីង។ លោក Shan Lee បាន​និយាយ​ទៀត​ថា៖ «មិនមែន​តែ​រដ្ឋាភិបាល​របស់​លោកស្រី Tsai Ing-wen ​ទេ ក៏ប៉ុន្តែ ​មនុស្ស​គ្រប់​គ្នា​ដែល​ខ្ញុំស្គាល់ ​មិនដឹង​ថា​តើ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ាង​ដូចម្តេចទេ‍»។

ក្រុម​ប្រឹក្សា​កិច្ច​ការ​ចិនដីគោក​របស់​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​បាន​និយាយកាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លុប​ចោល​អាណត្តិ​កាន់​អំណាច​នៅ​ក្នុង​ប្រទេសចិននោះ​ថា ​ខ្លួន​នឹង​ឃ្លាំមើល​ចំណាត់​បន្ទាប់​ទៀត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ក្រុម​ប្រឹក្សាកិច្ចការ​ចិន​ដីគោករបស់​កោះ​តៃវ៉ាន់​នោះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​សំដៅ​ដល់​ទំនាក់​ទំនង​រវាង​ចិន​ដីគោក​និង​កោះ​តៃវ៉ាន់​ថា «ចំ​ណង​ទាក់ទង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ​ត្រូវការ​ការ​សង្កេត​រយៈ​ពេល​យូរ​អង្វែង​និង​ទូលំទូលាយ។​រដ្ឋាភិ បាល​នឹង​បន្ត​យក​ចិត្ត​ទុកដាក់​យ៉ាង​ជិត​ដិត​បំផុត​ដល់​ការអភិវឌ្ឍ​នៃ​ការ​ផ្លាស់​ប្តូរដែលកើត​មាន​ឡើង​បន្ទាប់​របស់​ភាគី​ម្ខាង​ទៀត​ហើយ​នឹងធ្វើ​ការវាយ​តម្លៃ​និង​ឆ្លើយ​តប​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត‍្ន»។

សមាជិក​សភា​កោះ​តៃវ៉ាន់ Lee Chun-yi បាន​និយាយ​ទៀត​ថា ​ការ​បញ្ចប់​ការ​កម្រិត​អាណត្តិ​នៃ​ការកាន់​ដំណែង​របស់​ប្រធានា​ធិបតីក្នុង​ប្រទេស​ចិន ​ក៏​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​តៃវ៉ាន់​ដែល​មានការ​មន្ទិល​សង្ស័យ​រួច​ហើយ​នឹកឃើញពី​គម្លាតរវាង​ប្រព័ន្ធ​នយោបាយ​នេះ។​

កោះ​តៃវ៉ាន់​បាន​ក្លាយ​ជា​ប្រទេសមាន​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ទសវត្សរ៍​១៩៨០ ​ហើយ​ពលរដ្ឋ​បានបោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ដោយ​ផ្ទាល់ដែល​អាចកាន់​អំណាច​ត្រឹមតែ​៨​ឆ្នាំ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG