ការព្រមានរបស់លោកប្រធានាធិបតី ស៊ី ជីនពីង កាលពីថ្ងៃទី២០ ខែមីនាទៅលើកោះតៃវ៉ាន់គឺជាការព្រមានខ្លាំងបំផុតក្នុងចំណោមការព្រមាននាពេលកន្លងមក និងត្រូវបានលើកឡើងនៅក្នុងការបិទសម័យប្រជុំរបស់សមាជប្រជាជនចិនដែលភាគច្រើនជាការប្រថាប់ត្រា។
នៅក្នុងសុន្ទរកថាមួយដែលគ្របដណ្តប់លើប្រធានបទជាច្រើន រាប់ចាប់ពីសេដ្ឋកិច្ច ដល់ការកាន់អំណាចផ្តាច់មុខរបស់គណបក្សកុម្មុយនិស្ត នៅក្នុងប្រទេសចិន លោកប្រធានាធិបតី ស៊ី បានប្រាប់ប្រតិភូប្រមាណ៣ពាន់នាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងចាត់វិធានការកាន់តែច្រើនដើម្បីធានាថា ពលរដ្ឋតៃវ៉ាន់រីករាយជាមួយនឹងឱកាសនៃការអភិវឌ្ឍរបស់ចិន និងជំរុញឲ្យមាន «ការបង្រួបបង្រួមមាតុភូមិឡើងវិញប្រកបដោយសន្តិភាព»។
ការព្រមានខ្លាំងៗរបស់លោកទទួលបានការទះដៃនៅក្នុងអង្គប្រជុំ។
លោកប្រធានាធិបតី Xi Jinping បានថ្លែងថា៖
«រាល់សកម្មភាពនិងឧបាយកលណាមួយដើម្បីបំបែកបំបាក់ប្រទេសចិននឹងត្រូវទទួលបរាជ័យ ហើយត្រូវរងការថ្កោលទោសពីប្រជាជននិងការដាក់ទណ្ឌកម្មជាប្រវត្តិសាស្ត្រ។ ប្រជាជនចិនមានជំនឿទូទៅរួមមួយដែលថា ការធ្វើបែបនេះមិនត្រូវបានអនុញ្ញាតឡើយ ហើយវាពិតជាមិនអាចទៅរួចនោះទេក្នុងការបំបែកដែនដីណាមួយចេញពីប្រទេសចិន»។
សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង តៃវ៉ាន់គឺជាបញ្ហារសើបនិងជាបញ្ហាយោធាដ៏សំខាន់មួយ។ លោកប្រធានាធិបតី ស៊ី បានបង្កើនសម្ពាធលើកោះនេះ ចាប់តាំងពីពេលដែលលោកស្រីប្រធានាធិបតី Tsai Ing-wen របស់តៃវ៉ាន់បានជាប់ឆ្នោតនៅក្នុងឆ្នាំ២០១៦។ លោកស្រី Tsai ជាសមាជិកមួយនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ប៉ុន្តែលោកស្រីនិយាយថា លោកស្រីចង់រក្សានូវឋានៈរបស់កោះតៃវ៉ាន់នាពេលបច្ចុប្បន្ននេះ។
លោកAndrew Lee អ្នកនាំពាក្យរបស់ក្រសួងការបរទេសតៃវ៉ាន់បានច្រានចោលការលើកឡើងរបស់លោកប្រធានាធិបតី ស៊ី និងបានជំរុញឲ្យប្រទេសដទៃទៀតគាំទ្រតួនាទីរបស់តៃវ៉ាន់ ក្នុងនាមជាកោះប្រជាធិបតេយ្យមួយនៅក្នុងតំបន់។
លោក Andrew Lee បានថ្លែងថា៖
«ខ្ញុំគិតថា យើងមិនខ្វល់ពីការយល់ឃើញរបស់ប្រទេសដទៃទៅលើកិច្ចការការបរទេសរបស់យើងនោះទេ។ កិច្ចប្រឹងប្រែងរបស់យើងនឹងមិនឈប់ ឬអន់ថយនោះទេ។ យើងសង្ឃឹមថា យើងអាចដើរតួនាទីសកម្មជាងនេះក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងភាពរុងរឿងក្នុងតំបន់»។
កាលពីពាក់កណ្តាលខែមីនា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ ច្បាប់ធ្វើដំណើរតៃវ៉ាន់ (Taiwan Travel Act) ដែលជាច្បាប់ជំរុញឲ្យមន្ត្រីអាមេរិកាំងធ្វើដំណើរទៅកោះនេះ និងជួបជាមួយនឹងសមភាគីរបស់ពួកគេ និងជំរុញឲ្យមន្ត្រីតៃវ៉ាន់ធ្វើដំណើរមកសហរដ្ឋអាមេរិកដូចគ្នា។ ចិនបានទាមទារឲ្យ សហរដ្ឋអាមេរិកបញ្ឈប់ការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីខ្លួន។
តៃវ៉ាន់និងចិនបានបែកចេញពីគ្នាក្នុងសង្គ្រាមស៊ីវិលនៅក្នុងឆ្នាំ១៩៤៩ ហើយចាប់តាំងពីទសវត្សរ៍១៩៨០ ប្រព័ន្ធគ្រប់គ្រងរបស់ពួកគេបានធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា។
ភាពផ្ទុយគ្នាស្រឡះនេះមានភាពកាន់តែច្បាស់ទៅៗ ក្នុងអំឡុងកិច្ចប្រជុំអង្គនីតិបញ្ញត្តិនៅក្នុងឆ្នាំនេះ ដែលក្រុមប្រតិភូបានបោះឆ្នោតឲ្យលោកប្រធានាធិបតី ស៊ី នូវសិទ្ធិធ្វើជាប្រធានាធិបតីអស់មួយជីវិត ប្រសិនបើលោកជ្រើសរើសផ្លូវនេះ ហើយចង់បន្តក្តោបក្តាប់គណបក្សលោក៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ