ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម​យុទ្ធ​ទ័ព​អាកាស​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជំរុញ​ឲ្យ​តៃវ៉ាន់​និង​អាមេរិក​ធ្វើ​ការ​ឆ្លើយ​តប


រូបឯកសារ៖ យន្តហោះ​ចម្បាំង​ J-31 ផលិតដោយ​ចិន ចុះចតបន្ទាប់ពី​ហោះ​បង្ហាញ​នៅ​ឯពិព័រណ៍អាកាសចរណ៍​និង អវកាសអន្តរជាតិចិន នៅ​ក្នុង​ទីក្រុង Zhuhai ខេត្ត Guangdong កាលពីខែវិច្ឆិកា ឆ្នាំ២០១៤។

សម​យុទ្ធ​របស់​កង​ទ័ព​អាកាស​ចិន​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រឆាំង​នឹង​ការ​ធ្វើ​នាវាចរណ៍​របស់​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​នៅ​ក្នុង​តំបន់​នា​ពេល​ថ្មីៗ​នេះ និង​កំណើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​តៃវ៉ាន់ ដែល​ជា​កោះ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ប្រទេស​ចិន​ប្រកាស​ថា​កោះ​នេះ​ជា​ដែន​ដី​របស់​ខ្លួន។ នេះ​បើ​តាមការ​លើក​ឡើង​របស់​ក្រុម​បញ្ញវន្ត​ក្នុង​ទ្វីប​អាស៊ី។

ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ក្នុងទ្វីប​អាស៊ី​ព្រមាន​ពី​កំណើន​នៃ​ការ​ធ្វើ​សម​យុទ្ធ​យោធា​កាន់​តែ​ច្រើន​ឡើង​ ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

កង​ទ័ព​អាកាស​ចិន​ បាន​ឲ្យ​ដឹង​តាម​រយៈ​គេហទំព័រ​របស់​ខ្លួន​ថា​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ខ្លួន​បាន​ធ្វើ​សម​យុទ្ធ​យោធា​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​នៅ​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាង​កើត​ ក្បែរ​ប្រជុំ​កោះ​ដាច់​ស្រយ៉ាល​របស់​ជប៉ុន​។ ប្រទេសចិន​ក៏​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​និង​យន្តហោះ​ចម្បាំង​ក្នុង​សមយុទ្ធ​យោធា​នោះដែរ។ ក្រសួង​ការពារ​ជាតិកោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា​ ក្រុម​នាវា​ដឹក​យន្តហោះ​ចម្បាំង​បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​កោះ​តៃវ៉ាន់​ កាល​ពី​ចុង​ខែ​មីនា។

លោក​ Collin Koh ជា​អ្នក​ស្រាវជ្រាវ​អំពី​សន្តិសុខ​ផ្លូវ​សមុទ្រ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ Nanyang ក្នុង​ប្រទេស​សិង្ហបុរី​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​កំពុង​ប្រើប្រាស់​ការ​ធ្វើ​សមយុទ្ធ​ដើម្បី​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដែល​ប្រឆាំង​នឹង​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​មូល​និង​កោះ​តៃវ៉ាន់​ផង​ដែរ។

លោក​ Andrew Yang ​អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​សិក្សា​គោល​នយោបាយ​ជាន់ខ្ពស់​របស់​ចិន​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវផ្តោត​ទៅ​លើកិច្ចការ​យោធា​មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​ទទូច​ឲ្យ​មាន​ការ​រួបរួម​ចុង​ក្រោយ​ជាមួយ​កោះ​តៃវ៉ាន់​ បើ​ទោះ​បី​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​គោល​បំណង​របស់​ចិន​ ទៅ​លើ​កោះ​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​នេះ​ក៏​ដោយ​។ ការ​ធ្វើ​សម​យុទ្ធ​នេះ​គឺ​ជា​ការ​បញ្ជូន​សារ​ព្រមាន​ទៅ​កាន់​កោះ​តៃវ៉ាន់​ផង​ដែរ។

លោក​ Koh បាន​ថ្លែង​ប្រាប់​ VOA ថា​ លោក​ប្រធានាធិបតី​ចិន​ Xi Jingping មាន​ «ទំនុក​ចិត្ត​កាន់​តែខ្លាំង​» ទៅ​លើ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​លើ​ដែន​សមុទ្រ​ ដែល​ហួស​ពី​ដែន​សមុទ្រ​នា​ពេល​បច្ចុប្បន្ន​របស់​ខ្លួន។

ប្រធានាធិបតី​ចិន​លោក​ Xi Jinping ថ្លែង​នៅ​ឯ​ពិធី​បិទ​មហាសន្និបាត​ប្រជាជន​ នៅ​ឯ​មហាសាល​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៨។
ប្រធានាធិបតី​ចិន​លោក​ Xi Jinping ថ្លែង​នៅ​ឯ​ពិធី​បិទ​មហាសន្និបាត​ប្រជាជន​ នៅ​ឯ​មហាសាល​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៨។

​លោក​ Koh និយាយ​ថា​៖

«វា​គឺ​ជា​ចំណុច​ប្រសព្វ​នៃ​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​មាន​ជុំវិញ​តំបន់​នេះ។ យើង​ក៏​មិន​អាច​បដិសេធ​បាន​ដែរ​ថា​ រាល់​សកម្មភាព​សមយុទ្ធ​យោធា​ទាំងឡាយ រួម​ទាំង​សកម្មភាព​របស់​ប្រទេស​ដទៃ​ទៀតក្តី​ អាច​នឹងក្លាយ​ជា​ហេតុផល​សម្រាប់​លោក​ Xi និង​គណបក្ស​របស់​លោក បង្ហាញ​ពី​តម្រូវ​ការ​ក្នុង​ការ​បង្កើន​សកម្មភាព​ក្រុម​កង​ទ័ព​រំដោះ​ប្រជាជន​ឲ្យ​កាន់​តែ​ខ្លាំង​ឡើងៗ»។

ជម្លោះ​ជាមួយ​អាមេរិក​និង​តៃ​វ៉ាន់​

សារព័ត៌មាន​ផ្លូវ​ការ​របស់​រដ្ឋ​ China Daily បាន​រាយការណ៍នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត​ថា​ មន្ត្រី​ចិន​បាន​ហៅ​ការ​ធ្វើ​សមយុទ្ធ​ដែលប្រៀប​ដូច​ជា​ការ​ពិត​ទាំង​នេះ​គឺ​ជា​«ទម្លាប់»មួយ​នៃ​ការ​ហ្វឹកហ្វឺន​ប្រចាំ​ឆ្នាំ​របស់​កងទ័ព​ជើង​ទឹក​។

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​ភ្ជាប់​សមយុទ្ធ​របស់​ចិន​នៅពេល​នោះ​ជាមួយ​នឹង​ការ​ធ្វើ​នាវា​ចរកង​នាវា​ជើង​ទឹក​អាមេរិក​កាលពី​ខែមករា​នៅ​ក្បែរ​ផ្ទៃ​ទឹក​ជម្លោះ​រវាង​ចិន​និង​ហ្វីលីពីន។ រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹង​ថា​ នាវា​កង​ទ័ព​ជើង​ទឹក​ស.រ.អា.​ បាន​ធ្វើ​ការ​ឈ្លាន​ពាន​ដែន​ដី​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​បាន​ថ្លែង​ថា​ ផ្ទៃ​សមុទ្រ​ទំហំ​ ៣,៥ លាន​គីឡូម៉ែត្រ​ការ៉េ​ គួរ​តែ​បើក​ចំហ​សម្រាប់​គ្រប់​គ្នា។ នាវា​ដឹក​យន្តហោះ​ចម្បាំង​ USS Carl Vinson របស់​អាមេរិក​ បាន​ចូល​ចត​នៅ​កំពង់ផែ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ​នេះ បន្ទាប់​ពី​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​នេះ​ ដែល​ធ្វើ​ឲ្យ​ចិន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ មិន​បាន​ទាមទារ​ផ្ទៃ​សមុទ្រ​ដែល​លាត​សន្ធឹង​ពី​ហុងកុង​ ដល់​ប្រជុំ​កោះ​ Burneo នោះ​ទេ។ ប៉ុន្តែ​ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​វៀតណាម​ សុទ្ធ​តែ​បាន​ទាមទារ​ចំណែក​របស់​ខ្លួន​នៅ​លើ​ផ្ទៃ​ទឹក​ដែល​ជាន់​គ្នា​ជាមួយ​នឹង​ចិន ដែល​ចិន​បាន​ទាមទារ​ដែន​សមុទ្រ៩០ភាគរយ​នៃ​ដែន​សមុទ្រ​ទាំង​មូល។ ប្រទេស​ទាំងអស់នេះ​ឲ្យ​តម្លៃ​ទៅ​លើ​ធនធាន​មច្ឆជាតិ ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្រោម​បាត​សមុទ្រ​នោះ។

កាល​ពី​ខែ​វិច្ឆិកា​ នាវា​របស់​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​បាន​ធ្វើ​សមយុទ្ធ​នៅ​ក្បែរ​កោះ​ Okinawa ដែល​ស្ថិត​នៅ​ជិត​ភាគ​ខាង​ជើង​នៃ​ទីតាំង​សមយុទ្ធ​កង​ទ័ព​អាកាស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ប្រទេស​ជប៉ុន​បាន​ធ្វើ​សមយុទ្ធ​នៅ​តំបន់​ក្បែរ​សមុទ្រ​ជាមួយ​ប្រទេស​ចិន​ ដែល​ជា​ប្រភព​បង្ក​ភាព​តានតឹង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​មក​។

ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា​ លើស​ពី​នេះ​ទៅ​ទៀត​ ច្បាប់​សិទ្ធិ​ធ្វើ​ដំណើរ​របស់​តៃវ៉ាន់​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​អាមេរិក​ រំខាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ច្បាប់​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​ ដែល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ធ្វើ​ទស្សនកិច្ច​ជាន់​ខ្ពស់​បន្ថែម​ទៀត​រវាង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ប្រទេស​ចិន​ជំទាស់​នឹង​ទស្សនកិច្ច​ទាំង​នោះ​ ដោយ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ មិន​មែន​ជា​ប្រទេស​មួយ​នោះ​ទេ។

លោក​ Yang បាន​ថ្លែង​ថា​ ចិន​នឹង​ព្យាយាម​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ «ឯកោ​» ហើយ​បង្កើន​ «វិធី​សាស្ត្រ​តឹងរ៉ឹង» របស់​ខ្លួន​ ដើម្បី​ព្រមាន​ប្រឆាំង​នឹង​តៃវ៉ាន់​ ដែល​បាន​ប្រកាស​ថា​ខ្លួនជា​រដ្ឋ​ឯករាជ្យ។ ​

រូបឯកសារ៖ នាវា​ល្បាត​សមុទ្រ​តៃវ៉ាន់​និង​កប៉ាល់​ដឹក​ទំនិញ​ រួម​គ្នា​ធ្វើ​សម​យុទ្ធ​ស្វែងរក​និង​ជួយ​សង្គ្រោះ​នៅ​កោះ​ Taiping ក្នុង​ សមុទ្រ​ចិន​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។
រូបឯកសារ៖ នាវា​ល្បាត​សមុទ្រ​តៃវ៉ាន់​និង​កប៉ាល់​ដឹក​ទំនិញ​ រួម​គ្នា​ធ្វើ​សម​យុទ្ធ​ស្វែងរក​និង​ជួយ​សង្គ្រោះ​នៅ​កោះ​ Taiping ក្នុង​ សមុទ្រ​ចិន​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។

ប្រតិកម្ម​នានា​ដូចជា​មាន​ភាព​ស្ងប់ស្ងាត់

កោះ​តៃវ៉ាន់​និង​ប្រទេស​ជប៉ុន​ បាន​បញ្ជូន​យន្តហោះ​យោធា​ ដើម្បី​តាម​ដាន​យន្តហោះ​ចម្បាំង​របស់​ចិន​ ប៉ុន្តែ​រដ្ឋាភិបាល​ផ្សេង​ទៀត​ដែល​ប្រជែង​ជាមួយ​នឹង​ចិន​ដើម្បី​ទាមទារអធិបតេយ្យភាព​ដែន​សមុទ្រ​ បាន​បញ្ចេញ​មតិ​ជា​សាធារណៈ​តិច​តួច​គិត​ត្រឹម​ចុង​ខែ​មីនា។

លោកស្រី​ Maria Ela Atienza​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ហ្វីលីពីន ​ Diliman ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ហ្វីលីពីន​និង​ចិន​ កំពុង​ទុក​បញ្ហា​អធិបតេយ្យភាព​ឲ្យ​នៅ​មួយ​ឡែក​សិន​ ហើយ​បង្វែរ​ចំណាប់​អារម្មណ៍​ទៅលើ​ការ​ពិភាក្សា​អំពី​ការ​រុក​រក​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​រួម​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​វិញ។ ប៉ុន្តែពលរដ្ឋហ្វីលីពីន​មួយ​ចំនួន​ក៏ចាប់​អារម្មណ៍​លើ​សម​យុទ្ធ​យោធា​ចិន​ផង​ដែរ។

លោក​ស្រី​ Atienza បាន​ថ្លែង​ថា៖

«ការណ៍​ដែល​គួរ​ឲ្យ​បារម្ភនោះ​គឺ​ការ​ផ្តល់​សេរីភាព​ដល់​ចិន​ច្រើន​ពេក នៅ​ក្នុង​តំបន់​ដែល​គួរ​តែ​ជា​របស់​ហ្វីលីពីន​ ឬ​យ៉ាង​ហោច​ណាស់​កំពុង​ត្រូវ​បាន​ទាមទារ​ដោយ​ហ្វីលីពីន។ ដូច្នេះ​មាន​ការ​កត់​សម្គាល់​កាន់​តែ​ច្រើន​ឡើង​ អំពី​កង្វះ​ជំហរ​រឹង​មាំ​ នៅ​ពេល​ដែល​ប្រឈម​ជាមួយ​នឹង​ចិន»។

លោក​ Koh បាន​ថ្លែង​ថា ការ​សាងសង់​កោះ​របស់​ចិន​ ចាប់​តាំង​ពី​ឆ្នាំ​២០១០​ បាន​ធ្វើ​ឲ្យ​ប្រទេស​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ដែល​ទាមទារ​ដែន​ទឹក​នេះ​ផង​ដែរ មិន​ពេញ​ចិត្ត​នឹង​សកម្មភាព​របស់​ចិន ហើយ​ធ្វើ​ឲ្យ​តុលាការ​អន្តរជាតិ​កាត់​ក្ដី​ជំទាស់​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ក្នុង​ឆ្នាំ​២០១៦។​ ចាប់​តាំង​ពី​ការ​កាត់​ក្តី​នោះ​មក ប្រទេស​ចិន​បាន​ពង្រឹង​ទំនាក់ទំនង​ ដោយ​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​និង​ការ​វិនិយោគ។ បណ្តា​ប្រទេសនៅ​អាស៊ី​អាគ្នេយ៍​ដែល​ទាមទារ​ដែន​សមុទ្រ​នោះ «មាន​បំណង​ជៀសវាង​សេចក្ដី​ថ្លែង​ការណ៍​ជា​សាធារណៈ​» ស្ដី​ពី​សកម្មភាព​យោធា​របស់​ចិន។

នឹង​មាន​សម​យុទ្ធ​យោធា​បន្ថែម​ទៀត?

ស្រមោល​នៃ​វត្តមាន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ គាំទ្រ​ដោយជប៉ុន​និង​ប្រហែល​ជា​អូស្ត្រាលី​ផង​ដែរ​នា​ពេល​អនាគត​នោះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​ឲ្យ​មាន​សម​យុទ្ធ​យោធា​របស់​ចិន​កាន់​តែ​ញឹកញាប់​ផង​ដែរ។ លោក​ Yang បាន​ថ្លែង​ថា ចិន​នឹង​«បង្ក​ឲ្យ​កើត​មាន​ជា​ប្រចាំ» នូវ​ការ​ឈរ​ជើង​របស់​យោធា​ទាំង​នៅ​លើ​សមុទ្រ​និង​អាកាស។

នៅ​ក្នុង​អំឡុង​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​ជា​ការ​កិច្ច​ប្រជុំ​អង្គ​នីតិបញ្ញត្តិ​របស់​ចិន​ ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ​នោះ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​ Xi Jinping​ បាន​ប្រកាស​បង្កើន​ថវិកា​លើ​វិស័យ​យោធា​ ៨,១​ %​ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចូល​គ្នារវាង​មន្ត្រី​ស៊ីវិល​និង​មន្ត្រី​យោធា​កាន់​តែ​ច្រើន​ឡើង​ ដើម្បី​ពង្រឹង​កង​កម្លាំង​ប្រដាប់​អាវុធ។

លោក​ បន្ថែម​ថា​៖

«លោក​ Xi Jinping បាន​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់​និង​តឹងរ៉ឹង នៅ​ក្នុង​ការ​ធ្វើ​សមាជ​បក្ស​ ដូច្នេះ​ខ្ញុំ​គិត​ថា​ ពួកគេ​ត្រូវ​តែ​បង្ហាញ​ពីភាព​មុត​មាំ​របស់​ពួកគេ។ ច្បាស់​ណាស់​ពួកគេ​បាន​បង្កើន​សន្ទុះ​នៃ​ការ​ធ្វើ​សម​យុទ្ធ​យោធា​នៅ​ក្នុង​តំបន់»៕​

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG