ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ចូលរួម​ការ​បោះឆ្នោត​ដោយ​សម្លឹង​ជ័យជម្នះ


សកម្មភាព​លោក​ យ៉េង វីរៈ ​និង​លោក ​យ៉ង ​សាំង​កុមារ ​សហ​ស្ថាបនិក ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក្នុង​យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​(រូបថត​ផ្ដល់​ឱ្យ)​
សកម្មភាព​លោក​ យ៉េង វីរៈ ​និង​លោក ​យ៉ង ​សាំង​កុមារ ​សហ​ស្ថាបនិក ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក្នុង​យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​(រូបថត​ផ្ដល់​ឱ្យ)​

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជាតិ​ខិត​ចូល​មក​ដល់​ក្នុង​ខែ​កក្កដា​ខាង​មុខ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែល​​មាន​សមាជិក​ជាន់​ខ្ពស់​សុទ្ធ​តែ​មាន​អតីតភាព​ការងារ​ពី​អង្គការ​សង្គម​ស៊ីវិល ​បាន​ធ្វើការ​សម្រេច​ចិត្ត​ចូល​រួម​ដោយ​ឥត​រា​ថយ​​ បើ​ទោះ​ជា​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ​ក៏​ដោយ។

នៅ​ពេល​ដែល​លោក​ យ៉ង ​សាំងកុមារ ​និង​សហការី​ជា​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ប៉ុន្មាន​រូប​ទៀត រួម​មាន​ទាំង​អ្នកអត្ថាធិប្បាយនយោបាយ​ដ៏​ល្បី​ឈ្មោះ​គឺ​លោក ​កែម ​ឡី ​ផង ​មូល​មតិ​គ្នា​ចូល​រួម​ស្ថាបនា​គណបក្ស ​និង​ហក់​ចូល​ឆាក​នយោបាយ កាល​ពី​ក្រោយ​ការបោះ​ឆ្នោត​ជាតិ​២០១៣ ​ពួក​លោក​បាន​ប្រមើល​មើល​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ទុក​ជា​ស្រេច​គឺ​ថា៖ ​គណបក្សសង្គ្រោះជាតិ ​មុខ​ជា​នឹង​ត្រូវ​រំលាយ​ជាក់​ជា​មិន​ខាន​ឡើយ។​

​នៅ​ឆ្នាំ​២០១៥ ​ពួក​លោក​ ក៏​បាន​បង្កើត ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក្នុង​អ្វី​ដែល​ពួក​លោក​ហៅ​ថា ដើម្បី​ត្រៀម​ចូល​រួមបំពេញ​ចន្លោះ​នៃ​កង្វះ​ចលនា​ប្រជាធិបតេយ្យ​សេរី ​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈាន​ចូលមកដល់​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​កាល​ពីការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៣ និង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​កន្លង​ទៅ ​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូលកាល​ពី​ខែ​វិច្ឆិកា ​ក្នុង​សំណុំ​រឿង​«ក្បត់​ជាតិ»​មាន​ការ​ឃុបឃិត​នឹង​បរទេស ​ដើម្បី​រៀប​គម្រោង​ការប៉ែង​ជើង​ផ្ដួល​រដ្ឋាភិបាល​គណបក្សប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ដែល​ស្ថិត​ក្នុង​អំណាច​ច្រើន​ជាង​បី​ទសវត្សរ៍។

លោក ​យ៉ង ​សាំងកុមារ ​ក្នុង​ការ​ប្រជុំ​ផ្ទៃក្នុង​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​កាល​ពីឆ្នាំ​២០១៧។ ​(រូបថត​ផ្ដល់​ឱ្យ)​
លោក ​យ៉ង ​សាំងកុមារ ​ក្នុង​ការ​ប្រជុំ​ផ្ទៃក្នុង​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​កាល​ពីឆ្នាំ​២០១៧។ ​(រូបថត​ផ្ដល់​ឱ្យ)​

​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗនេះ​ជាមួយ​នឹង VOA ​លោក ​យ៉ង ​សាំងកុមារ ​បាន​និយាយ​ថា ​ដំណើរការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ ​និង​ការ​បង្ក្រាប​ផ្នែក​នយោបាយ​ដ៏​ជ្រាល​ជ្រៅ​ ដែល​រាល​ដាល​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​បញ្ហា​រសើប ​និង​បណ្ដា​សារ​ព័ត៌មាន​ដែល​មិន​ចំណុះ​គណបក្ស​កាន់​អំណាច ​ជា​បច្ច័យ​មិន​ល្អ​នាំ​ដល់​ការ​រអិល​ថយក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កម្ពុជា​បាន​កសាង​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ក្នុង​នាម​ជា​សហ​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ ​លោក ​យ៉ង ​សាំងកុមារ ​បាន​និយាយ​ថា ​រូប​លោក ​និង​សហការី​នយោបាយ​ដទៃទៀតយល់​ឃើញ​ថា​មាន​តម្រូវ​ការ​ដែល​ត្រូវ​រក្សា​ជ្រោង​ទង់​ចលនា​ប្រជាធិបតេយ្យ​សេរី ​កុំ​ឱ្យ​រអិល​ថយ​ក្រោយ​បន្ថែម​ទៀត និងត្រូវ​មាន​ស្មារតី​ជា​អ្នក​លេង​កីឡា​រត់​បណ្ដាក់ ​ជួយ​រុញ​និង​រក្សាសមិទ្ធ​ផល​ប្រជាធិបតេយ្យ ​កុំ​ឱ្យ​ចូល​ទៅ​ក្នុង​សេណារីយោមួយ​ដែល​បក្ស​ប្រជាជន​កម្ពុជា​អាច​គ្រប់​គ្រង​អាសនៈ​ភាគ​ច្រើន​លើស​លប់​ក្នុង​រដ្ឋ​សភា​នៅ​ការ​បោះឆ្នោត​ខែ​កក្កដា​ខាងមុខ។

​«ដោយ​សារ​អ្នក​ហ្នឹង​បាន​រត់​ជា​ច្រើន ​ជា​ច្រើន​រយ​ម៉ែត្រ ​បាន​មក​ដល់​គោលដៅ​មួយ ​មក​ដល់​កន្លែង​មួយ។ ​អ៊ីចឹង ​ត្រូវ​មានអ្នកណា​រត់​បន្ត ​ដើម្បី​ទៅ​ដល់​គោល​ដៅ​ចុង​ក្រោយ។ ​ហើយ​បើ​យើង​ឃើញ​អ្នក​ហ្នឹង​រត់​មក​ហើយ ​អ្នក​ហ្នឹង​ដួល ត្រូវ​គេ​រារាំងលែង​ឱ្យ​ទៅ​មុខ​ទៀត ​ហើយ​យើង​មាន​ឱកាស​រត់​បន្ត​យើង​មិន​ព្រម​រត់​ មាន​ន័យ​ថា​ យើង​នឹង​បាត់​បង់​គោល​ដៅ​ចុង​ក្រោយ​របស់​យើង»។

​ការ​បង្ក្រាប​នយោបាយ​បូក​រួម​ទាំង​ការ​ឱ្យ​កាត​ក្រហម​សមាជិក​កំពូល១១៨រូប​នៃ​គណបក្សសង្គ្រោះ​ជាតិ ​ឱ្យ​នៅ​ក្រៅ​សង្វៀននយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ ​និង​ការ​ដាក់​លោក ​កឹម ​សុខា​ ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុងក្នុងខេត្ត​ត្បូង​ឃ្មុំ ​ក្រោម​ការ​យាម​កាម​សន្តិសុខ​ខ្ពស់ ក្រោម​បទ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​នោះ ធ្វើ​ឲ្យ​រំជើបរំជួល​ដល់​សហគមន៍​អន្តរជាតិ។

​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប ​បាន​ប្រកាស​ផ្អាក​ជំនួយដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.)​ និង​ដាក់​សញ្ញា​សួរ​នៅ​ពី​ក្រោយ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​រដ្ឋសភា​ខែ​កក្កដា​ខាង​មុខ​នេះ។ ​

តែ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាសថា ​ការ​ទទួល​ស្គាល់​ឬ​អត់​របស់​បណ្ដា​ប្រទេស​លោក​ខាងលិច ​នឹង​មិន​មាន​ទម្ងន់​អ្វី​ទៅ​បញ្ជាក់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ។

​យ៉ាង​ណា​ក្ដី ​ជំហរ​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ដែល​ច្បាស់លាស់​នោះគឺ​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ។ ​នេះ​បើ​យោង​តាម​សហ​ស្ថាបនិក​គណបក្ស​នេះ​គឺ​លោក យ៉ង ​សាំងកុមារ។ ​លោក​ថា​អ្នក​មាន​សមាន​ចិត្ត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិហើយ​ស្ថិត​នៅ​ក្រៅ​បម្រាម​ធ្វើ​នយោបាយ គួរ​តែ​បង្កើត​គណបក្ស​ថ្មី​ចូល​រួម​បោះ​ឆ្នោត​ផង​ដែរ។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ​កាល​ពី​ឆ្នាំ២០១៧។ ​(រូបថត​ផ្ដល់​ឱ្យ)​
សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ​កាល​ពី​ឆ្នាំ២០១៧។ ​(រូបថត​ផ្ដល់​ឱ្យ)​

​និយាយ​បណ្ដើរៗ ​យក​ដៃ​កូរ​កាហ្វេ​ខ្មៅ​ដែល​នៅ​ពេញ​ពែង​បណ្ដើរ ​លោក ​យ៉ង ​សាំងកុមារ​ បាន​និយាយ​ប្រាប់​ VOA អំឡុង​ពេល​នៃ​កិច្ច​សម្ភាសន៍​ នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​ខណ្ឌ​ទួលគោក​កាល​ពី​ពេល​ថ្មីៗ​នេះ យ៉ាង​ដូច្នេះ​ថា៖​

​«ត្រូវ​គិត​ទៅ​មុខ​ទៅ ​ព្រោះ​អា​ហ្នឹង​ធ្វើ​ម៉េច ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​សូម​សម្ដែង​ការ​សោក​ស្ដាយ​នូវ​អ្វី​ដែលកើត​មាន​ឡើង។​ ក៏​ប៉ុន្តែ ​យើង​អត់​អាច​ធ្វើ​អី​បាន​នោះ​ទេ។ អ្វី​ដែលយើង​អាច​ធ្វើ​បាន​ យើង​ជំរុញ​លើក​ទឹក​ចិត្តប្រជា​ពលរដ្ឋឱ្យទៅ​ចូល​រួម​ការ​បោះឆ្នោត​ឱ្យ​បាន​គគ្រឹក​គគ្រេង​ទៅ ​ជា​ពិសេស​យុវជន​យុវនារី​យើង​នេះ ព្រោះ​គាត់​ត្រូវ​ចូល​រួម​ចំណែកកំណត់​ជោគ​វាសនា​របស់​គាត់ ​ព្រោះ​គាត់​នៅ​ក្មេង​ គាត់​នៅ​រស់​បាន​យូរ​ទៀត​នៅ​ក្នុង​ប្រទេស​នេះ»។

​នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា​ តើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ មាន​ការ​ព្រួយ​បារម្ភ​ថា ​ខ្លួន​អាច​នឹង​ត្រូវ​រំលាយដូចគណបក្សសង្គ្រោះ​ជាតិ​ឬ​ទេ ​បុរសវ័យល្បាក់​៥០​ឆ្នាំ ​មាន​ស្កូវ​សក់​និង​ពុក​មាត់​ដោយ​កន្លែង ពាក់​វ៉ែន​តា​យ៉ាង​គត់​មត់​ ​ដែល​មាន​អតីត​ភាព​ការងារ​យូរ​ឆ្នាំជាមួយនឹងអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកកសិកម្មរូបនេះ​ បាននិយាយបន្តដែរថា៖​

«មិន​មែន​ថា​ងាក​រំលាយ ​ងាក​រំលាយ​នោះ​ទេ។ ​ការ​និយាយ​ដូច្នឹង ​យើង​កំពុង​រារាំង​ខ្លួន​យើង ​កុំ​ឱ្យ​ធ្វើ​អី​មួយ​ហើយ។​ យើង​ត្រូវ​តែ​ធ្វើ​អ្វី​មួយ ​យើង​ត្រូវ​តែ​ដឹង​ថា​មាន​រឿង​ច្រើន​ដែល​យើង​ត្រូវ​ប្រឈម ​ប៉ុន្តែ​យើង​ហ៊ាន​ប្រឈម​នឹង​អា​បញ្ហា​ទាំងអស់​ហ្នឹង។​ […] អ៊ីចឹង​គឺអ្វី​ដែល​សំខាន់​គឺ​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត ​ធ្វើ​ដូច​ម្ដេចឱ្យ​កម្លាំង​ចរន្ត​សំឡេងនៃ​ការ​ផ្លាស់​ប្ដូរហ្នឹង ទទួល​សំឡេង​គ្រប់​គ្រាន់ ​ដើម្បី​ដឹក​នាំ​ប្រទេស ដើម្បី​បន្ត​វេន​ដឹក​នាំ​ប្រទេស ​ឬ​ក៏​ក្លាយ​ជា​កម្លាំង​នយោបាយមួយដ៏សំខាន់ក្នុង​ការ​តម្រង់​ទិស​ដឹក​នាំ​ប្រទេស»។​

​បើ​យោង​តាម​លោក ​យ៉ង ​សាំងកុមារ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ រំពឹង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ បើ​ទោះ​ជា​មាន​ឬ​គ្មាន​វត្តមាន​គណបក្ស​ដែល​បង្កើត​ដោយ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ​ហើយ​ថា បើ​សិន​ជា​អតីត​សមាជិក​ក្រៅ​បញ្ជី​បម្រាម​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិចូល​រួម​ការ​បោះ​ឆ្នោត​ នោះ​ច្បាស់​ណាស់ ​ពុំ​មាន​គណបក្ស​ណា​មួយ​អាច​ទទួល​បាន​សំឡេង​«៥០%​បូក​១»​គ្រប់​គ្រាន់​សម្រាប់​បង្កើត​រដ្ឋាភិបាល​នោះ​ទេ។

​យ៉ាង​ណា​ក្ដី ​អ្នកស្រី ​មូរ ​សុខហួរ ​អនុ​ប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រៅ​ច្បាប់​ បាន​ទាត់​ចោលនូវ​សំណើ​យោបល់​ឱ្យ​មាន​ការ​បង្កើត​គណបក្ស​ថ្មី ​ទៅ​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​អ្នក​នយោបាយ​រូប​នេះយល់​ឃើញ​ថា ​រាល់​ការ​ចូល​រួម​របស់​បក្សណា​ក៏​ដោយ ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា ​ក្នុង​ស្ថានភាព​បែប​នេះ ​នឹង​ទៅ​បំពេញភាព​ស្រប​ច្បាប់ ​ដល់​ការ​ឈ្នះ​មិន​អាច​ចៀស​ផុត​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន។

​«អត់ទេ! ​អត់​មាន​បង្កើត​គណបក្ស​ថ្មី​ទេ។ ​ការ​បង្កើត​គណបក្ស​ថ្មី​ជា​ការ​ចាញ់​បោក​គណបក្ស​ប្រជាជន​[កម្ពុជា]ហើយ។​ ​អត់ទេ! ​អត់ទេ! ​យើង​[ចូល]​លុះ​ត្រា​ណា​តែ​មាន​ ការ​ដោះ​លែង​លោក​ប្រធាន ​កឹម ​សុខា ​ហើយ​មាន​ការ​វិលត្រឡប់​ទៅ​វិញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ សង្គម​ស៊ីវិល ​និង​[ស្ថាប័ន]​ព័ត៌មាន​ឯករាជ្យ ​ហើយ ​គ.ជ.ប.​ដែល​យើង​អាច​ទុក​ចិត្ត​បាន។ ​បើសិន​ជា​របៀប​នេះ​ទេ ​ការ​បោះ​ឆ្នោត​[រដ្ឋ​សភា]​ឆ្នាំ​២០១៨ ​ជា​ការ​បោះ​ឆ្នោត​ឡប់​ឡែ ​ហើយ​មិន​ការពារ ​និង​រំលេច​ឆន្ទៈប្រជាពលរដ្ឋ​ទេ ​យើង​ទទួល​មិន​បាន​ទេ។​ ហ្នឹង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​តែ​ម្ដង!»។

​អ្នកស្រី ​មូរ ​សុខហួរ ​ដែល​បាន​ភៀស​ខ្លួនចេញ​ពី​ប្រទេស​កម្ពុជា ​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៧ ​ដោយ​ភ័យ​ខ្លាច​ពី​ការ​តាម​ចាប់​ចង​របស់​អាជ្ញាធរ​ បាន​និយាយ​បន្ថែម​ទៀត​ប្រាប់​ VOA ​តាម​ការ​ឆ្លើយ​ឆ្លង​ទូរស័ព្ទ ​យ៉ាង​ដូច្នេះ​ថា៖

​«គណបក្ស​ប្រជាជន​[កម្ពុជា] ចង់​ជំរុញ​ទៅ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​២០១៨។ ​ពិត​ហើយ ​គេ​ចង់​ជំរុញ​ដូច្នឹង​ហើយ ​ព្រោះគេ​ចង់​ឈ្នះ! ​ចាស៎ ​តួឯក​តែ​ម្នាក់​ឯង! ​ប៉ុន្តែ​វា​ជា​ការ​រំលោភ​នូវ​ឆន្ទៈ​ប្រជា​ពលរដ្ឋ ​ខុស​នឹង​រដ្ឋ​ធម្មនុញ្ញ ​ហើយ​និង​វា​បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ»។

​ដោយ​ឡែក​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ក្នុង​ការ​ចូល​រួមប្រកួត​ប្រជែង​នឹង​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

​លោក ​សុខ ​ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បានប្រាប់ ​VOA ​ថា ​ទោះ​មាន​ដៃ​គូ​ប្រជែង​យ៉ាង​ណា​ក៏​ដោយ ​គណបក្ស​ប្រជាជន​កម្ពុជា​ មុខ​ជា​នឹង​ឈ្នះ​ឆ្នោត ​នៅខែកក្កដា​ជាក់​ជា​មិន​ខាន ​ដោយ​លើក​ពី​បទ​ពិសោធ​ដឹក​នាំ ​និង​មូល​ធន​នយោបាយ​ដែល​គណបក្ស​នេះ​បាន​សន្សំ​ទុក​ជា​យូរ​លង់​មក​ហើយ។

​«បង​ប្អូន​ដែល​ទើប​បង្កើត​ថ្មី ​ខ្ញុំ​យល់​ថា​វា​ថ្មី ​ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា​មិន​ខុស​ច្បាប់​ទេ ​វា​ត្រូវ​ច្បាប់ ​ស្រប​ច្បាប់ ​និង​ស្មើ​ភាព​គ្នាចំពោះមុខ​ច្បាប់។ ​ក៏​ប៉ុន្តែ​ វា​នៅ​ខ្វះ​បទ​ពិសោធន៍ ​នៅ​ខ្វះ​ធន​ធាន​មនុស្ស ​នៅ​ខ្វះ​ការ​យល់​ដឹង​អំពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋហើយ​ជា​ពិសេស​ហ្នឹង ​គឺ​ថា​វា​ខ្វះ​ស្នាដៃ​គុណ​សម្បត្តិ​របស់​ខ្លួន ក្នុងការកសាងប្រទេសជាតិ ក៏ដូច​ជា​ជីវភាព​រស់​នៅ​របស់ប្រជាជន»។

​លោក ​សុខ ​ឥសាន ​ក៏​បាន​បន្ថែម​ដែរ​ថា ​គណបក្ស​នយោបាយ​នានា ​សុទ្ធ​តែ​អាច​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ​ដោយ​ភាព​ស្មើ​សិទ្ធិ​ ឱ្យតែ​ពួកគេ​គោរពតាម​លក្ខន្តិកៈ​បទ​បញ្ជា​នៃ​ច្បាប់​ដែល​បាន​កំណត់ ​ខណៈ​ដែល​អ្នក​រិះគន់បាន​និយាយ​ថា​ នីតិរដ្ឋក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ការ​បង្កើត​ច្បាប់ ​និង​បក​ស្រាយ​ច្បាប់​ប្រកប​ដោយ​ភាព​លម្អៀង​ ទៅ​រក​ផល​ប្រយោជន៍របស់​ឥស្សរជន​នយោបាយ​ដែល​កាន់​អំណាច។ ​

លោក ​សុខ ​ឥសាន ​បាន​បន្ថែម​ថា៖​

«មិន​អាច​និយាយដូច​មន្ត្រី​របស់​អតីត​បក្ស​ប្រឆាំង​មួយចំនួន​ទៅ ​ថា​អត់​ពី​ខ្លួន​ទៅ ​គេ​ធ្វើ​អ្វី​មិន​កើត ​មិន​អ៊ីចឹង​ទេ! ​បាទ!​ កុំ​ឱ្យ​ចាត់​ទុក​ពិភព​លោក​ទាំង​មូល​មាន​តែ​អញ​មួយ។ ​អា​ហ្នឹង​និយាយ​អ៊ីចឹង ​ទៅ​យ៉ាង​ម្ដេច​រួច? ​អា​ហ្នឹង​គេ​ហៅ​ថា​មោទនភាព​បុគ្គល!»។

​អ្នកស្រី ​Astrid ​Norén-Nilsson ​អ្នក​ជំនាញ​ខាង​កិច្ច​ការ​នយោបាយកម្ពុជា ​នៅ​សាកលវិទ្យាល័យ​ LUND ​ប្រទេសស៊ុយអែត ​បាន​និយាយ​ថា ​បើ​ទោះ​ជា​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​នៅ​ខែ​កក្កដា​ បាន​ហូរច្រោះ​ទៅ​បាត់​ទៅ​តាម​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ហើយ​យ៉ាង​ណា​ក្ដី​ អ្នក​ស្រី​ជឿ​ជាក់​ថាការ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​របស់​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ទំនង​ជា​ការ​សម្រេច​ដែល​ត្រឹម​ត្រូវ។

​អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​ប្រាប់ ​VOA ​តាម​សារ​អេឡិច​ត្រូនិក ​ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖

​«វា​មិន​មាន​អ្វី​គួរ​ឱ្យ​ឆ្ងល់​នោះ​ទេ ​ក្នុង​ការ​លើក​ឡើង​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អំពី​បំណង​ប្រាថ្នាជាតួអង្គបន្ត​នៃ​កីឡា​រត់​បណ្ដាក់​កាន់​ភ្លើង​គប់​នៃ​ចលនា​ប្រជា​ធិបតេយ្យ​ឆ្ពោះ​ទៅ​មុខ ​ប៉ុន្តែ​ថា​តើ​ការណ៍​នេះអាច​ទៅ​រួច​ប៉ុណ្ណា​នោះ ​ វា​ជា​រឿង​ដែល​ពិបាក​ស្រមៃ​ថា​កើត​ឡើង​ឬ​អត់​ណាស់។​ […] ​ពិត​ណាស់​ បើ​សិន​ជា​មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ​អាច​រៀប​ក្បួន ​ក្នុង​ការ​សាប​ព្រោះ​នូវ​សុទិដ្ឋិនិយម​របស់​ខ្លួន ​និង​បញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ ឱ្យ​ឆ្លាស់គំនូស​ឆ្នោតរបស់ពួក​គេ​ពី​បក្ស​សង្គ្រោះ​ជាតិ​មក​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ​នោះ ​វា​នឹង​មាន​លទ្ធផល​ដ៏​ធំ​ធេង​មួយ​កើត​ឡើង»។

​បើ​ទោះ​មាន​ក្ដី​សង្ឃឹម​មុត​មាំ​អំពី​ជ័យ​ជម្នះ​ និង​ការ​រត់​បណ្ដាក់​បន្ត​ជ្រោង​ទង់​ចលនា​ប្រជាធិបតេយ្យ​សេរី​ក៏​ដោយ ក៏​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ នៅ​មាន​បញ្ហា​ប្រឈម​ចំពោះ​មុខ​មួយ​ចំនួន​ដូច​ដែល​អ្នកស្រី ​Astrid ​Norén-Nilsson ​លើក​ឡើង​ដែរគឺ​ការ​បញ្ចុះ​បញ្ចូល​ម្ចាស់​ឆ្នោត ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​កសាង​មូល​ធន​មនុស្ស ​និង​បញ្ញា​ក្នុង​បក្ស ​ដើម្បី​ស្វែង​រកបេក្ខជន​ឆ្នើម​ទៅ​ឈរ​ឈ្មោះ​ និង​ភាព​មាន​កម្រិត​នៃ​ទ្រព្យ​ធន​ផង​ដែរ។ ​នេះ​បើ​យោង​តាម​លោក ​យ៉ង ​សាំងកុមារ។​

​យ៉ាងណា​ក្ដី​អតីត​ប្រធាន​អង្គការ​សង្គម​ស៊ីវិល ​ដែល​ហក់​មក​ចូល​សង្វៀន​នយោបាយ​ ព្រោះ​ចង់​ឃើញ​ទស្សនវិជ្ជា ​និងក្ដី​ស្រមៃរបស់​ខ្លួន​ក្លាយ​ជា​ការ​ពិត​រូប​នេះ​ បាន​និយាយ​ថា​លោក​ចង់​នាំ​របៀប​លេង​នយោបាយ​ថ្មីចូល​មក​ឆាក​នយោបាយកម្ពុជា ​លៃ​យ៉ាង​ណា​ចៀស​ឱ្យ​ផុត​ពី​ការ​ផ្ដោត​លើ​សក្ការ​បុគ្គល ​និង​ជម្លោះ​ផ្ទាល់​ខ្លួន។

​លោក ​យ៉ង សាំងកុមារ ​បាន​បន្ថែម​ថា ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ដែល​ទើប​បាន​ដាក់​ចេញ​គោល​នយោបាយធំៗ​បួន​ចំណុច ​លើ​វិស័យ​អាទិភាព​រួម​មាន ​សុខុមាលភាព​សង្គម ​អប់រំ​សិក្សាធិការ​ ជាដើម ​មាន​ទស្សនវិជ្ជា​ក្នុង​ការ​ផ្ដោតតែ​លើ​គោល​នយោបាយ ​និង​ការ​ដោះ​ស្រាយ​បញ្ហា​ចាក់​ស្រែះ​នៅ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ។

​ដោយ​បាន​ឯកភាព​ក្នុង​ការ​ហៅ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ថា​ជា​គណបក្ស​មាន​មនោគម​វិជ្ជា​នយោបាយ​បៃតង​ ចំពោះ​គោល​នយោបាយ​អភិវឌ្ឍ​ពី​មូលដ្ឋាន ​និង​ការ​ផ្ដោត​លើ​បញ្ហា​គោល​នយោបាយ​ជាង​បញ្ហា​បុគ្គល ​អ្នកស្រី ​Astrid​ Norén-Nilsson ​បាន​លើក​ឡើង​ថា ​ដំណើរ​របស់​គណបក្សមួយ​នេះ ​អាច​ស្ថិត​នៅ​ក្នុង​បរិបទ​ដ៏​លំបាក​លំបិន​ នា​ពេល​បច្ចុប្បន្ន ​ព្រោះ​ថា​ការ​បង្ក្រាបនយោបាយ​នា​ពេល​ថ្មីៗ​នេះ ​បាន​បង្ហាញ​ជា​សារ​ថា ​ការ​វិល​ត្រឡប់​ទៅ​រក​បញ្ហា​សក្ការ​បុគ្គល​នៅ​តែ​មាន​កម្រាស់​ក្រាស់​ឃ្មឹក ​ដែល​មិន​ងាយ​នឹង​ផ្លាស់​ប្ដូរ​ចេញ​ឡើយ។

​លោក ​កែម ឡី ​ដែល​ជា​សហ​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ ​បាន​បាត់បង់​ជីវិត​ក្នុង​អំពើ​ឃាតកម្ម​មួយ​កណ្ដាល​ទីក្រុង​ភ្នំពេញ ​កាលពី​កក្កដា​ឆ្នាំ​២០១៦ ​ហើយ​បច្ចុប្បន្ន ​តំណែង​ប្រធាន​គណបក្ស​នេះ ​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក ​យ៉េង ​វីរៈ ​អតីត​ប្រធានមជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។

​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា​ឆ្នាំ​២០១៧​កន្លង​ទៅ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ដែល​ប្រកួត​ប្រជែង​នៅ​ឃុំសង្កាត់​ដ៏​មាន​ចំនួន​តិចតួច ​បាន​ទទួល​អាសនៈ​សមាជិក​ឃុំ​សង្កាត់​ចំនួន​៥ ​និង​ទទួល​បាន​សំឡេង​គាំទ្រ​ជិត​៥​ពាន់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG