ក្នុងសារបុណ្យចូលឆ្នាំថ្មី កាលពីថ្ងៃចន្ទ លោកកឹម សុខាមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារបានអំពាវនាវឲ្យមានការបោះឆ្នោតសេរី និងយុត្តិធម៌នៅប្រទេសកម្ពុជា។
លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដែលត្រូវរំលាយត្រូវបានចាប់ខ្លួនកាលពីខែកញ្ញានៅពេលរំលងអធ្រាត្រ។ លោកត្រូវចោទប្រកាន់អំពីបទព្យាយាមរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយចោទថាមានការជួយជ្រោមជ្រែងអាមេរិកាំង និងបទចារកម្ម។ ទោះជាយ៉ាងណាក្តីលោកបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ការចោទនេះមានគំនិតនយោបាយ។
លិខិតរបស់លោកប្រវែងពីរទំព័រ ដែលនាងកឹម មនោវិទ្យា កូនស្រីរបស់លោកអាន ហើយបង្ហោះនៅតាមបណ្តាញសង្គម Facebook កាលពីថ្ងៃចន្ទ សរសេរថា ប្រទេសកម្ពុជាប្រឈមនឹងការបាត់បង់ជំនួយ និងទីផ្សារនាំចេញទៅក្រៅប្រទេស ព្រមទាំងប្រឈមនឹងការថ្កោលទោសពីសហគមន៍អន្តរជាតិ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ។ លោកកឹម សុខាសរសេរថា សូមទុកឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតសេរីនិងយុត្តិធម៌។
លោកអំពាវនាវឲ្យមានការឯកភាពជាតិ និងដោះស្រាយវិបត្តិនយោបាយដោយគ្មានអំពើហិង្សា។សាររបស់លោកធ្វើឡើងនៅពេលមានការបង្ក្រាបជាបន្តបន្ទាប់ដោយរដ្ឋាភិបាលកម្ពុជាប្រឆាំងអ្នករិះគន់ប្រឆាំងអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលក្រុមសិទ្ធិមនុស្សនិយាយថា ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ គណបក្សសង្គ្រោះជាតិរបស់លោកកឹម សុខាត្រូវរំលាយដោយតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧ តាមសំណើរបស់រដ្ឋាភិបាល។ ការសម្រេចនេះក៏បានហាមប្រាមអ្នកតំណាងរាស្ត្រ និងមន្ត្រីគណបក្សប្រឆាំងជាង១០០នាក់មិនឲ្យធ្វើនយោបាយដែរ។
បំរាមនេះបាននាំឲ្យសហភាពអឺរ៉ុបនិងស.រ.អា.ដកការគាំទ្រសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨។ កម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៨។ លោកហ៊ុន សែនដែលបានកាន់អំណាចជាង៣០ឆ្នាំមកនេះ បានប្រកាសថា លោកនឹងបន្តកាន់អំណាចយ៉ាងតិចមួយទសវត្សរ៍ទៀត។ លោកកឹម សុខានិយាយថា ការបោះឆ្នោតឆ្នាំ២០១៧មានវិបត្តិនយោបាយធំៗ ដែលនាំឲ្យមានការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចរបស់លោកហ៊ុន សែននិយាយថា សារចូលឆ្នាំថ្មីរបស់លោកកឹម សុខាមានចំណាប់អារម្មណ៍តិចតួច។ លោកបន្ថែមថា អ្នកនយោបាយប្រឆាំងអាចបង្កើតគណបក្សថ្មីបាន។ លោកនិយាយថា ក្នុងនាមជាពលរដ្ឋ ពួកគេមានសិទ្ធិធ្វើនយោបាយ បង្កើតគណបក្សថ្មីដើម្បីប្រកួតប្រជែង៕