ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ រដ្ឋាភិបាល​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ការ​បោះឆ្នោត


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមព្រះរាជពិធីបុណ្យអ៊ុំទូក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមព្រះរាជពិធីបុណ្យអ៊ុំទូក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ដោយ​មិន​បាច់​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​នោះ​ទេ ហើយ​ការ​បោះឆ្នោត​ក៏​មិន​ចាំបាច់​មាន​ការ​ទទួល​ស្គាល់​ពី​បរទេស​ដែរ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ​រាប់​ពាន់​នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​សំណេះ​សំណាល​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោក ហ៊ុន សែន ទៅ​នឹង​សហភាព​អឺរ៉ុប ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​សម្រេច​ព្យួរ​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) ក្រោម​ហេតុផល​ថា តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

លោក ហ៊ុន សែន បាន​ថ្លែង​ថា ការ​បោះឆ្នោត​សាកល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បើ​ទោះ​ជា​មិន​មាន​គណបក្ស​សង្រ្គោះជាតិ​ចូលរួម​ក៏​ដោយ។ លោក​បន្ត​ថា រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ថវិកា​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ។

លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា៖

«ឥឡូវ​ប្រជាជន​បាន​ត្រៀម​រួច​រាល់​ហើយ​សម្រាប់​ការ​បោះឆ្នោត។ រាជ​រដ្ឋាភិបាល​ក៏​មាន​ទុន​គ្រប់គ្រាន់​ហើយ​ដែរ​សម្រាប់​ការ​បោះឆ្នោត»។

លោក​បាន​បញ្ជាក់​ថា លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស នឹង​មិន​ក្លាយ​ទៅ​ជា​«ចំណាត់​ខ្មាំង»​របស់​អ្នក​ណា​មួយ​នោះ​ទេ។ ដូច្នេះ​លោក​ថា ប្រជាជន​កម្ពុជា​ចូលរួម​បោះឆ្នោត​ជា​ការ​គ្រប់គ្រាន់ ដោយ​មិន​បាច់​តម្រូវ​ឲ្យ​ប្រទេស​ផ្សេង ឬ​អង្គការ​សហប្រជាជាតិ ទទួល​ស្គាល់​ថា​ ស្របច្បាប់​នោះ​ទេ។

លោក ហ៊ុន សែន បន្ត​ថា លោក​ក៏​មិន​បារម្ភ​អំពី​ការ​មិន​ទៅ​បោះឆ្នោត​របស់​ប្រជាជន​កម្ពុជា​ដែល​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«អញ្ចឹង​ទេ អ្នក​ដែល​មិន​ចូល​បោះ គឺ​រឿង​របស់​អ្នក​នោះ​វា​គឺ ​សិទ្ធិមួយ​ដែរ ក្នុង​ចំណោម​សិទ្ធិ។ ទៅ​បោះ​ឆ្នោត ក៏​ជា​សិទ្ធិ​ មិន​ទៅ​បោះឆ្នោត​វា​ក៏​សិទ្ធិ ​មិន​ចូល​រួម​បោះឆ្នោត​ វា​ក៏​សិទ្ធិ ចូលរួម​បោះឆ្នោត វា​ក៏​សិទ្ធិ។ នេះ​ហើយ​គឺ​ជា​ការ​អនុវត្ត​នូវ​សិទ្ធិ​ពិត​ប្រាកដ ដែល​បាន​និង​កំពុង​ធ្វើ​ និង​បន្ត​ធ្វើ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា»។

លោក សោម សូរីដា អគ្គលេខាធិការ​រង​នៃ​គ.ជ.ប​បាន​ថ្លែង​ប្រាប់​ VOA ​ថា គ.ជ.ប​បាន​ត្រៀម​ថវិកា​ប្រមាណ​៥២​លាន​ដុល្លារ​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ ដែល​ថវិកា​នេះ​នឹង​ផ្តល់​ដោយ​រដ្ឋាភិបាល។

បើ​តាម​ទិន្នន័យ​របស់​គ.ជ.ប ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០១៨ មាន​សរុប​ជិត​៨,៤​លាន​នាក់។ កាល​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែមិថុនា ឆ្នាំ​២០១៧ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ជាង៣,៥លាន​នាក់​ ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ជាង​៦,៧​លាន​នាក់ គឺ​ស្មើ​នឹង​ប្រមាណ​៥២​ភាគរយ។ ចំណែក​គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​ជិត​៤៤​ភាគរយ។

​អ្នក​តាមដាន​នៅ​កម្ពុជា​យល់​ថា ប្រសិន​បើ​បរិយាកាស​នយោបាយ​មិន​ល្អ ហើយ​មិន​មាន​គណបក្ស​សង្រ្គោះជាតិ​ចូលរួម​ការ​បោះឆ្នោត​នោះ​ទេ ប្រជាជន​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះជាតិ ក៏​នឹង​មិន​ទៅ​បោះឆ្នោត​ដែរ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ពុំ​អាច​ស្រប​ច្បាប់​នោះ​ទេ ប្រសិន​បើ​មិន​មាន​វត្តមាន​គណបក្ស​សង្រ្គោះជាតិ។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា៖

«ការ​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ក៏​មាន​ន័យ​ថា គណបក្ស​នេះ​នឹង​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​សភា​នៅ​ឆ្នាំ២០១៨​បាន​ទេ។ ដំណើរការ​បោះឆ្នោត​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​ត្រូវ​បាន​ដក​ចេញ​តាម​អំពើ​ចិត្ត មិន​អាច​ត្រូវ​គេ​មើល​ឃើញ​ថា ​ស្រប​ច្បាប់​នោះ​ទេ»៕

XS
SM
MD
LG