ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង មើល​អំពើ​ហិង្សា​នៅ​វិមាន​សភា​ស.រ.អា.​ដោយ​រន្ធត់


កាសែត​បារាំង Le Monde ដែល​នៅ​លើ​ទំព័រមុខ​មានសេចក្តី​រាយការណ៍​ដែល​មាន​ចំណងជើង​ដែល​បកប្រែ​ជា​ភាសាខ្មែរ​ថា «លោក Trump បង្ក​ចលាចល​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន» ត្រូវបាន​គេ​មើលឃើញ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​កាសែត Le Monde នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

ដោយ​មិន​ធ្វើ​ដូច​មេដឹកនាំ​ពិភពលោក​ច្រើន​នាក់​ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​ដើម្បី​បរិហារ​រិះគន់​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​វិមាន​សភា​ស.រ.អា.​ លោក​ប្រធានាធិបតី​បារាំង​ Emmanuel Macron ​បាន​ថ្លែង​តាម​វីដេអូ​បង្ហោះ​តាម​គណនី​ Twitter ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៧ ខែ​មករា។​

ជា​មួយ​ hashtag ​គឺ​អក្សរ​សញ្ញា​តំណ​ #WeareOne ​និង​មាន​ទង់ជាតិ​បារាំង​ និង​ស.រ.អា.​នៅពី​ក្រោយ​លោក ​លោក​ Macron ​បានរិះគន់ តាម​ប្រសាសន៍​ផ្ទាល់​របស់​លោក​ថា​ «ពួក​អ្នក​គាំទ្រ​ប្រធានាធិបតី​ចេញពី​តំណែង​ម្នាក់​ ​ប្រើ​អាវុធ​ប្រឆាំង​នឹង​លទ្ធផល​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ការ​បោះឆ្នោត»។​

លោក ​Macron ​បាន​និយាយ​ជា​ភាសា​បារាំង​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រជារាស្ត្រ​អាមេរិកាំង​ជា​ភាសា​អង់គ្លេស។​

«ខ្ញុំ​គ្រាន់​តែ​ចង់​សម្តែង​មិត្តភាព​និង​ជំនឿ​របស់​យើង​លើ​ស.រ.អា.។​ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ​ក្នុង​ក្រុង​រដ្ឋធានី​វ៉ាស៊ីនតោន​មិន​មែន​ជា​ប្រទេស​អាមេរិក​ជា​ដាច់​ខាត។ ​ យើង​មាន​ជំនឿ​លើ​កម្លាំង​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​យើង។ ​យើង​មាន​ជំនឿ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​អាមេរិកាំង»។​


ជា​ច្រើន​ម៉ោង​ក្នុង​ពេល​យប់​ជ្រៅ ​ ​បណ្តាញ​ទូរទស្សន៍​ព័ត៌មាន​បារាំង​បាន​រាយ​ការណ៍​អំពី​ស្ថាន​ការណ៍​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ពេល​ប្រជារាស្ត្រ​បារាំង​ បាន​មើល​រូបភាព​ដោយ​មាន​ការ​ទង្គុក​ចិត្ត។​

សម្រាប់​មនុស្ស​ខ្លះ​ ​ ព្រឹត្តិ​ការណ៍​ទាំង​នេះ ​ជា​ការ​បញ្ចេញ​ជា​ថ្មី​នូវ​អ្វី​ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​បារាំង​ ពេល​ចលនា​អាវ​កាក់​ព៌ណ​លឿង​ធ្វើ​កុបកម្ម​អំពី​បញ្ហា​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​២០១៨​ និង​២០១៩។​

អ្នក​នយោបាយ​បារាំង​ច្រើន​នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​លោកស្រី​ Marine Le Pen ​មេដឹកនាំ​នយោបាយ​ស្តាំ​ជ្រុល ​និង​លោក​អតីត​ប្រធានាធិបតី ​ Francois Hollande ​ផង​ដែរ​ បាន​និយាយ​ជា​សាធារណៈ​អំពី​ការ​ប៉ះទង្គិច​ទាំង​នេះ។​ អ្នក​ស្រី​ Agnes Firmin Le Bodo ​ជា​សមាជិកា​មា្នក់​នៃ​ក្រុម​មិត្តភាព​បារាំង-អាមេរិកាំង។​

អ្នក​ស្រី​ Agnes Firmin Le Bodo ​ដែល​ជា​តំណាង​រាស្ត្រ​ បាន​និយាយ​ថា​ ​រូបភាព​ពី​វិមាន​សភា​ស.រ.អា.​នាំ​ឱ្យ​មាន​ការ​ទង្គុក​ចិត្ត​ពីព្រោះ​អ្នកស្រី​បាន​ថ្លែង​ថា ​វិមាន​នេះ​ជា​និមិត្តរូប​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។ អ្នកស្រី​បាន​ពោល​ថា ​នៅ​ពេល​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រូវ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​មួយ​ ​ការណ៍​នេះ​បង្ហាញ​ថា​ ពួក​ប្រទេស​ប្រជា​ធិបតេយ្យ​នៅ​គ្រប់​កន្លែង​គួរ​បារម្ភ​ដែរ។​

អាជ្ញាធរ​បារាំង​បាន​និយាយ​ថា​ ពួក​គេ​រង់​ចាំ​ធ្វើការ​ជាមួយ​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ Joe Biden ​និង​រដ្ឋបាល​ថ្មី​របស់​លោក៕​

ប្រែ​សម្រួល​ដោយ​លោក​ ឈឹម សុមេធ

អត្ថបទ​ទាក់ទង

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG