អាជ្ញាធរពង្រឹងច្បាប់សហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌលើហេតុការណ៍វាយប្រហាររបស់ក្រុមកុបករគាំទ្រលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធលើវិមានសភា។ អាជ្ញាធរបានចាត់តាំងអ្នកស៊ើបអង្កេតរាប់រយនាក់ ដើម្បីកំណត់អត្តសញ្ញាណនិងចាប់ខ្លួនជនដៃដល់។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក Michael Sherwin រដ្ឋអាជ្ញាស្តីទីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា មនុស្ស ១៥ នាក់ ត្រូវបានចោទប្រកាន់នៅតុលាការសហព័ន្ធក្នុងរដ្ឋធានីវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងកុបកម្មនេះ ហើយមនុស្ស ៤០ នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់នៅតុលាការជាន់ខ្ពស់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការនាំឲ្យមានកុបកម្មនេះកើតឡើង ដែលភាគច្រើននៃអ្នកទាំងនោះបានចូលក្នុងវិមានសភាដោយខុសច្បាប់។
លោក Sherwin បានបញ្ជាក់ថា បទចោទប្រកាន់កម្រិតសហព័ន្ធនេះរួមមាន ការលួចទ្រព្យសម្បត្តិរដ្ឋាភិបាល និងការរំលោភបំពានលើច្បាប់កាន់កាប់កាំភ្លើង។ បុរសម្នាក់ត្រូវបានចាប់ខ្លួននៅជិតវិមានសភា ក្រោមបទចោទប្រកាន់ថាមានអាវុធពាក់កណ្តាលស្វ័យប្រវត្តិ និងគ្រាប់បែកដបសាំងចំនួន ១១ គ្រាប់ ដែលអាច «វាយប្រហារពេលណាក៏បាន»។
ហេតុការណ៍វាយប្រហារលើវិមានសភានេះបានធ្វើឲ្យមនុស្ស ៤ នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស។
លោក Sherwin បានលើកឡើងថា ការចាប់ខ្លួននេះគឺជាការចាប់ផ្តើមនៃកិច្ចប្រឹងប្រែងដែលអាចចំណាយពេលរាប់ខែដើម្បីនាំជនដៃដល់ឡើងតុលាការ៕