ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋសភា​អាមេរិក​ជំរុញ​ឲ្យ​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Trump ពី​តំណែង


សេតវិមាន​ត្រូវ​បាន​គេ​ឃើញ​នៅ​ពី​ក្រោយ​ស្លាក​សញ្ញា​ឈប់​មួយ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ឡោមព័ទ្ធ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។
សេតវិមាន​ត្រូវ​បាន​គេ​ឃើញ​នៅ​ពី​ក្រោយ​ស្លាក​សញ្ញា​ឈប់​មួយ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ឡោមព័ទ្ធ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

ក្រុមគណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក បាន​ជំរុញ​កាលពី​ថ្ងៃ​អាទិត្យ​ឲ្យ​ប្តឹង​ទម្លាក់លោក​ប្រធានាធិបតី Donald Trump ចេញ​ពី​តំណែង ​ដែល​លោកនៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​តែ​ប៉ុន្មាន​ថ្ងៃ​ទៀតប៉ុណ្ណោះ។ ពួកគេ​បាន​អះអាង​ថា លោក​ Trump ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ភាព​ច្របូក​ច្របល់​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​៥នាក់​ស្លាប់​នៅ​វិមាន​សភា ​នៅ​ពេល​ដែល​ពួក​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី ដែល​ឥត​សណ្តាប់​ធ្នាប់ ​បាន​រុញ​ច្រាន​ប៉ូលិស​ដើម្បី​ចូល​ក្នុង​អគារ​សភា។

ការ​សម្រេច​ចុង​ក្រោយ​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ ទី​ភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា លោក​ស្រី Nancy Pelosi ប្រធាន​រដ្ឋសភា គ្រោង​នឹងដាក់​ស្នើ​សេចក្តី​សម្រេច​នៃ​ការប្តឹង​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី Trump ពី​ការ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នៅ​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​មិន​បាន​ជោគជ័យ ដើម្បី​រារាំង​សភា​មិន​ឲ្យ​ប្រកាសលទ្ធផល​ការ​បោះឆ្នោតនៃ​អង្គបោះឆ្នោត​ដែល​ផ្តល់​ជ័យ​ជម្នះដល់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden។

លោក Biden មិន​បាន​ពាក់ព័ន្ធ​នឹង​ចំណាត់​ការ​នៃ​ការប្តឹង​ទម្លាក់​ចេញ​ពី​តំណែងប្រឆាំង​នឹង​ប្រធានាធិបតី ដែល​មិន​ទាន់​បាន​ប្រកាស​ចាញ់ការបោះឆ្នោត​ទេ។ ក៏ប៉ុន្តែ​លោក Trump បាន​ទទួល​ស្គាល់​ថា នឹង​មាន​រដ្ឋបាល​ថ្មី​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី២០ ខែ​មករាខាង​មុខ។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ក្នុង​រយៈពេល​១០​ថ្ងៃ​ទៀត យើង​នឹង​ស្ថាបនា​ប្រទេស​ឡើង​វិញ​ជាមួយ​គ្នា»៕

XS
SM
MD
LG