ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ទំនងជា​លើកឡើង​ពី​បទ​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Donald Trump ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Georgia ឲ្យ​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​​ពីរ​រូប​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ក្នុង​ក្រុង Dalton រដ្ឋ Georgiaថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Donald Trump ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Georgia ឲ្យ​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​​ពីរ​រូប​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ក្នុង​ក្រុង Dalton រដ្ឋ Georgiaថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

កាល​ពី​ថ្ងៃ​សៅរ៍ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ពួកគេ​នឹង​លើក​ឡើង​ពី​បទ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង លឿន​បំផុត​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក Trump នៅ​ក្នុង​ការ​ញុះញង់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ឲ្យ​តវ៉ា​នៅ​វិមាន​សភា​ដែល​ឈាន​ដល់​ការ​វាយ​ប្រហារ​លើ​វិមាន​សភា​កាល​ពី​ថ្ងៃ​ពុធ។

លោក Ted Lieu សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ California ដែល​បាន​ជួយ​ព្រាង​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ថា បទ​ចោទ​ប្រកាន់​ទាំង​នេះ​មាន​អ្នក​ជួយ​ជ្រោមជ្រែង ១៨០ នាក់ ទោះបីជា​ក្នុង​ចំណោម​នោះ គ្មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ណា​ម្នាក់​ក៏ដោយ។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi និង​សហការី​របស់​អ្នកស្រី អន្ទះសា​ចង់​ឃើញ​លោក Trump ត្រូវ​គេ​ទម្លាក់​ចេញ​ពី​តំណែង មុន​ពេល​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​ផុត​កំណត់​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ ទោះបីជា​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​ទំនងជា​មិន​ឯកភាព​តាម​ក៏ដោយ។

ប្រសិនបើ​រដ្ឋសភា​នឹង​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​មែន នោះ​នឹង​មាន​សវនាការ​កាត់​ក្ដី​លើ​រឿង​នេះ​នៅ​ក្នុង​ព្រឹទ្ធសភា។

មេដឹកនាំ​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភា​ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​លោក​អនុ​ប្រធានាធិបតី Mike Pence ប្រើ​វិសោធនកម្ម​ទី ២៥ នៃ​រដ្ឋធម្មនុញ្ញ ដែល​នេះ​ប្រហែល​ជា​វិធី​លឿន​ជាង​នេះ​ដើម្បី​ដក​លោក Trump ចេញ​ពី​តំណែង។ លោក Pence មិន​ទាន់​បាន​ឆ្លើយតប​នៅ​ឡើយ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា លោក​បាន​ប្រាប់​សហការី​របស់​លោក​ថា​លោក​មិន​គាំទ្រ​វិធី​នេះ​ទេ៕

XS
SM
MD
LG