ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អន្តរជាតិ​ធំៗ​៥ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ទម្លាក់​បទ​ចោទ​ប្រឆាំង​មន្ត្រី​អាដហុក​៥​នាក់ ​ជា​បន្ទាន់


អ្នកការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក ​និង​អតីត​បុគ្គលិក​មួយរូប​ទទួល​បាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ Martin Ennals Prize ​នៅថ្ងៃ​អង្គារ​ ទី១០ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថតដកស្រង់ពី Twitter របស់បេសកកម្ម Finland នៃអង្គការសហប្រជាជាតិ)
អ្នកការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក ​និង​អតីត​បុគ្គលិក​មួយរូប​ទទួល​បាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ Martin Ennals Prize ​នៅថ្ងៃ​អង្គារ​ ទី១០ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថតដកស្រង់ពី Twitter របស់បេសកកម្ម Finland នៃអង្គការសហប្រជាជាតិ)

​ការ​អំពាវ​នាវ​របស់​អង្គការ​អន្តរជាតិ​ធំៗ​ទាំង​៥ នេះ ធ្វើ​ឡើង តែ​មួយ​ថ្ងៃ​មុន​ពេល​មន្ត្រី​៣​រូប​ក្នុង​ចំណោម​អ្នក​ទាំង​៥ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​ឱ្យ​ចូល​ខ្លួន ដើម្បី​ចាប់ផ្ដើម​សវនាការ​លើ​សំណុំរឿង​ក្ដី​របស់​ពួកគេ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​សីហា​នេះ។

អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​៥​ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់​ចោល​ជា​បន្ទាន់​នូវ​បទ​ចោទប្រកាន់​ ប្រឆាំង​មន្ត្រីបច្ចុប្បន្ន​និង​អតីត​មន្ត្រី​នៃ​សមាគម​អាដហុក​ចំនួន​៥​នាក់ ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី កាល​ពី​ជាង​មួយ​ឆ្នាំ​មុន ដោយ​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ ថា​មាន​ចរិត​នយោបាយ។

​មន្ត្រី​ទាំង​៥រូប​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ រួម​មាន​ លោក ណៃ​ វង់ដា លោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ដែល​អ្នក​ទាំង​៤ គឺ​ជា​បុគ្គលិក​បច្ចុប្បន្ន​នៃ​សមាគម​អាដហុក និង​លោក នី ចរិយា ​ជា​អតីត​បុគ្គលិក​នៃ​សមាគម​នេះ​ដែរ ហើយ​ដែល​បច្ចុប្បន្ន​គឺ​ជា​អគ្គលេខាធិការ​រង​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

ការ​អំពាវ​នាវ​របស់​អង្គការ​អន្តរជាតិ​ធំៗ​ទាំង​៥ នេះ ធ្វើ​ឡើង តែ​មួយ​ថ្ងៃ​មុន​ពេល​មន្ត្រី​៣​រូប​ក្នុង​ចំណោម​អ្នក​ទាំង​៥ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​ឱ្យ​ចូល​ខ្លួន ដើម្បី​ចាប់ផ្ដើម​សវនាការ​លើ​សំណុំរឿង​ក្ដី​របស់​ពួកគេ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​សីហា​នេះ។

​អង្គការ​អន្តរជាតិ​ធំៗ​ទាំង​៥​នេះ​ រួម​មាន អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស Human Rights Watch ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ (Southeast Asia Press Alliance) បណ្តាញ​អាស៊ាន សម្រាប់​ការបោះឆ្នោត​ដោយ​សេរី (Asian Network for Free Elections) និង​អង្គការ CIVICUS។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​គ្នា​របស់​អង្គការ​ទាំង​៥​នេះ​ថា «‍សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​មន្ត្រី​អាហុក​ទាំង​៥​នាក់​នេះ គឺ​ជា​សញ្ញា​សម្គាល់​នៃ​ការ​យាយី​ខាង​ផ្លូវ​ច្បាប់​ដ៏​មិន​សម​ហេតុ​ផល ដែល​សកម្មជន​និង​អ្នក​ការពារ​សិទ្ធិមនុស្ស ត្រូវ​ប្រឈម​មុខ នៅ​ពេល​ដែល​ពួកគេ​តស៊ូ​ដើម្បី​យុត្តិធម៌​និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា»។

​មន្ត្រី​នៃ​អង្គការ Human Rights Watch រូប​នេះ​ បន្ត​ថា «‍រដ្ឋាភិបាល​កម្ពុជា ដែល​ឥឡូវ​បាន​ប្រែក្លាយ​ប្រទេស​នេះ ឱ្យ​ទៅ​ជា​រដ្ឋ​ឯកបក្ស​នោះ ​ហាក់​ដូច​ជា​មាន​បំណង​បំផ្លាញ​សង្គម​ស៊ីវិល​ចោល»។

សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​អ្នក​ទាំង​៥​នាក់​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​និង​ការ​ថ្កោលទោស​ពី​អន្តរជាតិ ហើយ​ពួកគេ​ទាំង​៥​នាក់ ថែម​ទាំង​ត្រូវ​បាន​ជ្រើសតាំង សម្រាប់​ជ័យលាភី​ពាន​រង្វាន់​ Martin Ennals Award ដែល​គេ​ស្គាល់​ថា​ ជា​រង្វាន់​សន្តិភាព​សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ថែម​ទៀត​ផង។

លោក Charles Santiago ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​នេះ​ថា «‍ករណី​នេះ គឺ​គ្រាន់តែ​ប៉ុន​ចំណិត​ត្រសក់​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា ដែល​នៅ​ទីនោះ ការងារ​ធ្វើ​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស ត្រូវ​ប្រឈម​មុខ​នឹង​ហានិភ័យ​ដ៏​ខ្ពស់»។

លោក Santiagoដែល​ជា​សមាជិក​សភា​ម៉ាឡេស៊ី​ម្នាក់​ផង​ដែរ​នោះ បាន​បន្ត​ថា «‍អាជ្ញាធរ​ គួរតែ​បញ្ចប់​ការ​ប៉ុនប៉ង​ជា​ប្រព័ន្ធ​របស់​ខ្លួន ក្នុង​ការ​បំបិទ​មាត់​សកម្មជន​និង​អង្គការ​សង្គម​ស៊ីវិល​ជា​បន្ទាន់»៕

XS
SM
MD
LG