នៅថ្ងៃអង្គារនេះ ក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះករណីរបស់មន្រ្តីអាដហុក និងអតីតមន្រ្តីអាដហុកសរុប៥រូប ដែលគេស្គាល់ថា «អាដហុក៥»ក្នុងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
កាលពីដើមឆ្នាំ២០១៦ ការចោទរឿងអាស្រូវស្នេហារវាងលោក កឹម សុខា ប្រធានគណបក្សប្រឆាំងជាមួយនារីកាត់សក់វ័យក្មេងម្នាក់ដែលត្រូវបានគេស្គាល់ថា ឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដ៏គួរឲ្យមន្ទិល បាននាំដល់ការចោទជាផ្លូវការពីតុលាការរាជធានីភ្នំពេញ និងចាប់ឃុំខ្លួន មន្ត្រីនិងអតីតមន្ត្រីអាដហុកសរុប៥រូប អស់ជាង១ឆ្នាំ ក្នុងពន្ធនាគារ។
មន្ត្រីទាំង៥រូប រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុនី ជាមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក និងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងជាអតីតមន្រ្តីការពារសិទ្ធិមនុស្សអាដហុក។
បន្ទាប់ពីបើកសវនាការជំនុំជម្រះអស់រយៈពេលជិត១០ម៉ោង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃអង្គារនេះ សម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿងមន្រ្តី និងអតីតមន្រ្តីអាដហុកទាំង៥រូប ទៅចុងខែកញ្ញា។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តីឲ្យមន្រ្តីទាំង៥។
លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមប្រាំរូបដែលការពារក្តីឲ្យមន្រ្តីអាដហុកចំនួន៥រូប ប្រាប់ VOA នាល្ងាចថ្ងៃអង្គារ ក្រោយបញ្ចប់សវនាការដែលមានរយៈពេលលជិត១០ម៉ោងថា ចៅក្រមជម្រះ លោក ឌុច សារិន បានសម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។ លោកបន្ថែមថា ក្នុងសវនាការនោះមានសាក្សីមួយចំនួនមកពីសមាគមអាដហុក និងអង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែលោកថា មិនមានវត្តមានរបស់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលជាសាក្សីសំខាន់នោះទេ។
លោកបញ្ជាក់ថា៖
«តុលាការគេបានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយ គេមិនទាន់ប្រកាសថ្ងៃនេះទេ ដោយសារពេលវេលា យើងឃើញថាសវនាការនេះគេធ្វើតាំងពីព្រលឹមរហូតដល់ពេលយប់ ម៉ោងប្រាំមួយ ដប់ប្រាំនាទីបានចប់»។
លោក សំ សុគង់ ថ្លែងបន្ថែមដោយរំពឹងថា កូនក្តីរបស់លោកនឹងត្រូវបានលើកលែងការចោទប្រកាន់ទាំងស្រុង ពាក់ព័ន្ធនឹងសំណុំរឿងនេះ។
លោកបញ្ជាក់ថា៖
«ក្រោយពីមានការសួរដេញដោលសវនាការនេះ ក៏ដូចជាបង្ហាញភស្តុតាងរហូតដល់ចប់សវនាការនេះ បើយើងពិនិត្យទៅលើអង្គហេតុ ក៏ដូចជាភស្តុតាង ហើយបើយើងប្រៀបផ្ទឹមទៅនឹងច្បាប់ ឃើញថាកូនក្តីយើងទាំងអស់គ្នាហ្នឹងមិនបានប្រព្រឹត្តដូចការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីទេ។ មេធាវីយើងទាំងអស់សង្ឃឹមថា កូនក្តីនឹងរួចផុតពីការចោទប្រកាន់នៅថ្ងៃប្រកាសសាលក្រមនាពេលខាងមុខ»។
មន្រ្តីអាដហុកទាំង៥រូប ដែលជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរបស់អ្នកនយោបាយគណបក្សប្រឆាំងនេះ ត្រូវបានចាប់ខ្លួនយកទៅឃុំក្នុងពន្ធនាគារកាលពីខែមេសា ឆ្នាំ២០១៦។ ពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីឆ្នាំចុងខែមិថុនា ឆ្នាំ២០១៧កន្លងទៅ បន្ទាប់ពីតុលាការឃុំខ្លួនពួកគេក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ។
ការចាប់ខ្លួនមន្ត្រីអាដហុកទាំង៥ឃុំខ្លួននាពេលកន្លងទៅត្រូវបានសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិបានចាត់ទុកថា វាគ្រាន់តែជាលេសដើម្បីគាបសង្កត់ និងរារាំងការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការសម្ដែងមតិ និងដើម្បីបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្ស។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងច្រានចោលការលើកឡើងទាំងនេះ ដោយអះអាងថា វាជាការអនុវត្តច្បាប់របស់តុលាការ៕